ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​សម្រុក​ទៅ​ស្រុក​កំណើត និង​រីករាយ​ជាមួយនឹង​ការ​ជិះ​រថយន្តក្រុងអត់អស់ប្រាក់

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អនុវត្ត​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ចាប់ផ្តើម​បញ្ចេញ​រថយន្តក្រុង​ដឹក​ជញ្ជូន​អ្នកដំណើរ​ថ្ងៃ​ដំបូង ដើម្បី​ដឹក​ជញ្ជូន​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ចាក​ចេញពី​រាជធានី​ភ្នំពេញ​ឆ្ពោះទៅ​តាម​បណ្តា​ខេត្ត ក្រុង​នានា​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​នេះ ។ មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា រថយន្តក្រុង​ដឹក​ជញ្ជូន​អ្នកដំណើរ​ចំនួន​៦០​គ្រឿង…

រាជធានី​ភ្នំពេញ ៖ អនុវត្ត​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ចាប់ផ្តើម​បញ្ចេញ​រថយន្តក្រុង​ដឹក​ជញ្ជូន​អ្នកដំណើរ​ថ្ងៃ​ដំបូង ដើម្បី​ដឹក​ជញ្ជូន​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ចាក​ចេញពី​រាជធានី​ភ្នំពេញ​ឆ្ពោះទៅ​តាម​បណ្តា​ខេត្ត ក្រុង​នានា​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​នេះ ។

មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា រថយន្តក្រុង​ដឹក​ជញ្ជូន​អ្នកដំណើរ​ចំនួន​៦០​គ្រឿង ត្រូវ​ដាក់​ពង្រាយ​តាម​គោលដៅ​ច្រក​ចេញចូល​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ដំបូង​នេះ គេ​សង្កេត​ឃើញ​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​គ្រួសារ និង​មិត្តភក្តិ​របស់​ខ្លួន​ឡើង​ជិះ​រថយន្ត​ដោយ​ក្តី​សោមនស្ស​រីករាយ​តាម​ការ​រៀបចំ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ។

លោក​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ទី​១២ មេ​សា​នេះ បាន​អញ្ជើញ​ទៅ​ចំណតរថយន្ត​ប្រជាធិបតេយ្យ​នៅ​ខណ្ឌ​ឬ​ស្សី​កែវ ដើម្បី​ពិនិត្យ​មើល​ដំណើរការ​ដឹក​ជញ្ជូន​ប្រជាពលរដ្ឋ​ទៅ​ស្រុក​កំណើត​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​នេះ ដោយ​បាន​ចាត់​ទុក​ថា នេះ​ជា​កាដូ​ឆ្នាំ​ថ្មី​របស់​សម្តេច​តេ​ជោ ជូន​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត​ដោយ​មិន​បង់ប្រាក់​តាម​រយៈ​រថយន្តក្រុង​ដឹក​ជញ្ជូន​អ្នកដំណើរ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​បងប្អូន​ទទួល​បាន​ទាំង​សុវត្ថិភាព ផា​សុខភាព និង​ពុំ​ប្រឈម​មុខ​នឹង​គ្រោះថ្នាក់​ផ្សេង​ៗ ។

លោក​អ៊ា​ន សុ​ឃី​ម អភិបាល​រដ្ឋ​ករ​ស្វា​យ័​ត​ដឹក​ជញ្ជូន​សាធារណៈ​រថយន្តក្រុង​ឲ្យ​ដឹង​ថា ៖​ប្រជាពលរដ្ឋ​ចេញដំណើរ​ទៅ​តាម​បណ្តា​ខេត្ត​ក្រុង​នានា​ច្រើន​ជាងគេ​នៅ​ថ្ងៃ​ដំបូង​នេះ មាន​ខេត្តបាត់ដំបង ,​សៀមរាប​, បន្ទាយ​មាន​ជ័យ ។ លោក​ឃួ​ង ស្រេង បាន​ថ្លែង​ថា នេះ​បង្ហាញ​ពី​ការ​គិតគូ យកចិត្តទុកដាក់​របស់​សម្តេច​អគ្គមហាសេនា​តេ​ជោ​ហ៊ុន​សែន ក្នុង​ការ​ផ្តល់​ជូន​កញ្ចប់​កាដូរ​ឆ្នាំ​ថ្មី​ជូន​ប្រជាពលរដ្ឋ​យើង ។ លោក​បាន​បន្ត​ថា គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ​ក៏​បាន​ពង្រឹង​សន្តិសុខ​សណ្តាប់ធ្នាប់​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​នេះ ។ លោក​ឃួ​ង ស្រេង ក្នុង​ឱកាស​នោះ​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​នេះ មុន​ពេល​ដើរ​លែង​ចេញ​មក​ក្រៅ​ផ្ទះ​ត្រូវ​មើល​ទៀន ធូប និង​បិទ​កុងតាក់​ភ្លើង​ជាដើម ដើម្បី​បង្ការ​កុំ​ឲ្យ​អគ្គិភ័យ​កើតឡើង ។

បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​នឹង​កំពុង​ឡើង​ជិះ​រថយន្តក្រុង​ដោយ​មិន​បង់ប្រាក់​នេះ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ពួក​គាត់​ពិតជា​សប្បាយ​រីករាយ​ណាស់ ដែល​សម្តេច​តេ​ជោ​ផ្តល់​កាដូ​ជូន​ពួក​គាត់ លើ​ការ​រថយន្តក្រុង​ដោយ​មិន​បង់ប្រាក់ ទី​១- ពួក​គាត់​បាន​ជិះ​រថយន្ត​ដែល​មាន​ម៉ាស៊ីនត្រជាក់​ស្រួល មិន​ប​ញ្ជ្រៀ​ត​គ្នា ដល់​ម៉ោង​ដឹង​តែ​ចេញដំណើរ ។ ទី​២- មិន​បង់ប្រាក់​អាច​សល់​ប្រាក់​យ៉ាងតិច​២០​ដុល្លារ​ក្នុង​ម្នាក់​ៗ ហើយ​ពួក​គាត់​អាច​សល់​លុយ​នេះ​អាច​យក​ទៅ​ជូន​ម៉ែ ពុក ឬ​ចំណាយ​លើ​អ្វី​ផ្សេង​ទៀត​បាន ។

លោកយាយ​ក្នុង​វ័យ​៦៥​ឆ្នាំ​ម្នាក់ ដែល​កំពុង​ជិះ​រថយន្តក្រុង​នេះ​បាន​ឲ្យ​ដឹង​ដែរ​ថា មក​ដល់​អាយុ​ប៉ុ​ណ្ណេៈ​ហើយ លោកយាយ​មិន​ដែរ​បាន​ជួប​រឿង​ល្អ​បែប​នេះ​ទេ បាន​ជិះឡាន​ស្រួល​ទៅ​ស្រុក​កំណើត​ដោយ​មិន​អស់ប្រាក់ ។ លោកយាយ​សូម​ឲ្យ​សម្តេច​តេ​ជោ ហ៊ុន សែន បន្ត​ការ​ផ្តល់​កាដូ​នេះ​នៅ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​បន្ត​ទៀត ។

គួរ​បញ្ជាក់​ថា ទីតាំង​ដែល​បងប្អូន​ប្រជាពលរដ្ឋ​អាច​ឡើង​ជិះ​រថយន្ត​បាន​នោះ​រួម​មាន​៥​កន្លែង​ក្នុង​នោះ នៅ​ផ្លូវជាតិ​លេខ​១ ឡើង​រថយន្ត​នៅ​មហា​វី​សម្តេច​តេ​ជោ ហ៊ុន សែន (​ផ្លូវ​៦០​ម៉ែត្រ​) ទល់មុខ​ក្រុមហ៊ុន ម៉ែ​ក​ស៊ឺ​ដេ​ស​បី​ន សម្រាប់​បងប្អូន​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​១ ឆ្ពោះទៅ​ខេត្តកណ្តាល ព្រៃវែង និង​ខេត្តស្វាយរៀង ។ ផ្លូវជាតិ​លេខ​៣ ឡើង​រថយន្ត​នៅ​មុខ​ទីបញ្ជាការដ្ឋាន​កងពលតូច​ថ្មើរជើង​ង​៧០ ក្នុង​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ផ្លូវជាតិ​លេខ​៤ ឡើង​រថយន្ត​ចំណុចប្រសព្វ​រវាងផ្លូវ​ជាតិ​លេខ​៤ និង​មហាវិថី​ឈ្នះ​ឈ្នះ (​កប់​ស្រូវ​) សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ផ្លូវជាតិ​លេខ​៥ ឡើង​រថយន្ត​ចំណត​សួនច្បារ​ឬ​ស្សី​កែវ (​ទីលាន​ប្រជាធិបតេយ្យ​ថ្មី​) សម្រាប់​បងប្អូន​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៥ ឆ្ពោះទៅ​ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និង​បន្ទាយ​មាន​ជ័យ និង​ចំណុចប្រសព្វ​រវាងផ្លូវ​ជាតិ​លេខ​៤ និង​មហាវិថី​ឈ្នះ​ឈ្នះ (​កប់​ស្រូវ​) សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ផ្លូវជាតិ​លេខ​៦ ឡើង​រថយន្ត​នៅ​ម្តុំ​រង្វង់​ព្រំ​មុខ​បួន​គល់​ស្ពាន​ជ្រោយចង្វារ ក្នុង​តំបន់​អភិវឌ្ឍន៍​ក្រុង​រណប​ជ្រោយចង្វារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ