ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្ងល់​ថា បើ​ដុត​ខ្លួន​ឆេះ​រោល​ខ្មៅ​ទៅ​ហើយ ចុះ​ពូក​នៅ​ក្បែរ​នោះ​ហេតុ​អ្វី​មិន​ឆេះ?

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៦ ​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​៩ ខែមេសា សមត្ថកិច្ច​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ទទួល​ព័ត៌មាន​តាម​ទូរស័ព្ទពី​អ្នកគ្រប់គ្រង​ផ្ទះសំណាក់​ហង្ស​មាស ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​ប៉ោយ​ប៉ែ​ត…

ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៦ ​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​៩ ខែមេសា សមត្ថកិច្ច​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ទទួល​ព័ត៌មាន​តាម​ទូរស័ព្ទពី​អ្នកគ្រប់គ្រង​ផ្ទះសំណាក់​ហង្ស​មាស ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​តថា​ មាន​ភ្ញៀវ​ជនបរទេស​ម្នាក់​ មក​ស្នាក់​នៅ ដេក​ស្លាប់​ក្នុង​បន្ទប់​ខាងលើ ។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​ចំណុច​កើតហេតុ ស្ថិត​នៅ​បន្ទប់​លេខ​១០៥ ជាន់​ទី​១​ផ្ទះសំណាក់​ហង្ស​មាស ឃើញទ្វារ​បន្ទប់​បិទ​ជិត​និង​ដាក់​គន្លឹះ​ពី​ខាងក្នុង ។ លុះមើល​តាម​បង្អួច​កញ្ចក់​ដែល​មាន​ចម្រឹង​ដែក ឃើញផ្សែងហុយ​ចេញពី​ក្នុង​បន្ទប់ និង​ឃើញ​បុរស​ម្នាក់​ដេក​ស្លាប់​លើ​ឥដ្ឋការ៉ូ ដោយ​ឆេះ​ខ្លួន​ខ្លោច​ខ្មៅ ។

តាម​អ្នក​មើល​ការ​ខុស​ត្រូវ​ផ្ទះសំណាក់​ខាងលើ​បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​៨ ខែមេសា វេលា​ម៉ោង​ប្រមាណ​១២​ថ្ងៃត្រង់ មាន​បុរស​បរទេស​ម្នាក់​ជា​ជនជាតិ​ម៉ា​ឡេ​សុ​ី បាន​ជួល​បន្ទប់​១​ក៏​បើក​បន្ទប់​លេខ​១០៥​ឱ្យ​ស្នាក់ ។ បុរស​ម៉ា​ឡេ​ស៊ី​នេះ​បានឱ្យ​យក​អាយ​ផេ​ត​ចាស់​១​គ្រឿង​ទៅ​លក់ តែ​អ្នកគ្រប់គ្រង​ផ្ទះសំណាក់​មិន​យក​ទៅ​លក់​ឱ្យ ក៏​ចេញ​ទៅ​វិញ​ដោយ​ជិះ​ម៉ូតូឌុប ។ លុះដល់​ម៉ោង​៨​យប់​ឃើញ​ត្រឡប់​មក​វិញ​ម្នាក់ និង​​ចូល​ដេក​ទៅ ស្រាប់តែ​ព្រឹក​ឡើង​ថ្ងៃ​ទី​៩ ខែមេសា ឃើញ​ផ្សែងហុយ​ក្នុង​បន្ទប់​ក៏​យក​ទឹក​ជះ​ពន្លត់ ។

មន្ត្រី​នគរបាល​ឱ្យ​ដឹង​ថា តាម​ការ​ពិនិត្យ​មើល​តាម​កាមេរ៉ា​សុវត្ថិភាព មុន​ពេល​កើតហេតុ​គ្មាន​ឃើញ​មនុស្ស​ណា​ឆ្លង​កាត់មុខ​បន្ទប់​ទេ ។ ម្យ៉ាងទៀត បើ​តាម​ការ​ត្រួតពិនិត្យ​បង្ហាញ​ថា បុរស​ម៉ា​ឡេ​ស៊ី​រូប​នេះ​បាន​យក​ប្រេងកាត​១​ដប​ចាក់​ស្រោច​ហើយ​ដុត​ខ្លួន​ធ្វើ​អត្តឃាត ។

ទោះបីជា​បែប​ណា មជ្ឈដ្ឋាន​ខ្លះ​ងឿងឆ្ងល់​ថា បើ​ដុត​ខ្លួន​ឆេះ​រោល​ខ្មៅ​ទៅ​ហើយ ចុះ​ពូក​នៅ​ក្បែរ​នោះ​ហេតុ​អ្វី​មិន​ឆេះ ? បន្ទប់​នោះ​តូច​ចង្អៀត គួរតែ​ឆេះ​អ្វី​ផ្សេង​ៗ​ទៀត ៕

អត្ថបទសរសេរ ដោយ