ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ភ្នំពេញ​ត្រៀមកម្លាំង​ជាង​១​ពាន់​នាក់ ដើម្បី​រក្សា​សន្តិសុខ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​នេះ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​អះអាង​ថា ដើម្បី​រក្សា​សន្តិសុខ និង​សុវត្ថិភាព ជា​ពិសេស​បញ្ហា​ចរាចរណ៍​ឲ្យ​កាន់តែ​ប្រសើរ​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ត្រៀមកម្លាំង​ចម្រុះ​ជាង​១​ពាន់​នាក់ សម្រាប់​អន្តរាគមន៍…

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​អះអាង​ថា ដើម្បី​រក្សា​សន្តិសុខ និង​សុវត្ថិភាព ជា​ពិសេស​បញ្ហា​ចរាចរណ៍​ឲ្យ​កាន់តែ​ប្រសើរ​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ត្រៀមកម្លាំង​ចម្រុះ​ជាង​១​ពាន់​នាក់ សម្រាប់​អន្តរាគមន៍ និង​ការពារ​សុវត្ថិភាព​សន្តិសុខ​សណ្តាប់ធ្នាប់ នៅ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​នេះ​។ ក្នុង​កិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព នៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ ថ្ងៃ​ទី​០៩ មេ​សា ២០១៨​នេះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​លើក​ឡើង​ថា អាជ្ញាធរ​បាន​ត្រៀមកម្លាំង​ការពារ​ជូន​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ ជាង​១​ពាន់​នាក់ ប្រចាំការ​២៤​ម៉ោង​លើ​២៤​ម៉ោង ដើម្បី​ដាក់​ពង្រាយ​តាម​តំបន់​គោលដៅ និង​ទីតាំង​សំខាន់​ៗ សម្រាប់​ប្រារ​ព្វ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​។ លោក​បន្ត​ថា ក្នុង​ឱកាស​នោះ​ដែរ​ក៏​មានការ​ត្រៀម​មន្ត្រី​នគរបាល​ពន្លត់ និង​បង្ការ​អគ្គី​ភ័យ និង​រថយន្ត​ពន្លត់អគ្គីភ័យ កម្លាំងប្រដាប់អាវុធ ដើរ​ល្បាត និង​កម្លាំង​សណ្តាប់ធ្នាប់​ចរាចរណ៍ ដើម្បី​ជួយ​សម្រួល​នៅ​ច្រក​ចេញចូល​សំខាន់​ៗ​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​កាត់​បន្ថយ​ការ​កកស្ទះ និង​ធានា​បាន​សន្តិសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ និង​ភ្ញៀ​ង​ទេសចរណ៍​ផង​ដែរ​។

លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ក្រោយ​កិច្ចប្រជុំ​ខាងលើ​នេះ​ថា កិច្ចប្រជុំ​នោះ​ធ្វើ​ឡើង​ដោយ​ផ្តោត​សំខាន់​លើ​ការងារ​រក្សា​សន្តិសុខ សុវត្ថិភាព និង​បញ្ហា​ចរាចរណ៍​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ដែល​នឹង​ឈាន​ចូល​មក​ដល់​នា​ពេល​ឆាប់​ៗ​នេះ​។ លោក​បន្ត​ថា សម្រាប់​បុណ្យចូលឆ្នាំ​ខ្មែរ គឺ​ប្រជាពលរដ្ឋ ភាគច្រើន​បាន​ធ្វើ​ដំណើរ​ចាក​ចេញពី​រាជធានី​ភ្នំពេញ ទៅ​ស្រុក​កំណើត និង​ចាកចេញ​ធ្វើ​ដំណើរ​ទៅ​កម្សាន្ត​នៅ​តាម​រមណីយដ្ឋាន​នានា ប៉ុន្តែ​ការ​យកចិត្តទុកដាក់​លើ​ការងារ​សន្តិសុខ​សណ្តាប់ធ្នាប់​នេះ គឺជា​ការងារ​ដ៏​សំខាន់​បំផុត ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​ត្រូវ​យក​ទុកដាក់​ពីព្រោះ​ថា ក្រៅពី​បងប្អូន​ដែល​ចាក​ចេញពី​ភ្នំពេញ ក៏​នៅ​មាន​បងប្អូន​មួយ​ចំនួន​ទៀត រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ ដែល​ទាមទារ​ឲ្យ​មានការ​យកចិត្ត​ទុក​ការពារ​សន្តិសុខ​ផង​ដែរ​។ ម្យ៉ាងទៀត ប្រជាពលរដ្ឋ​ដែល​ចាកចេញ ទៅ​ស្រុក​កំណើត​នោះ បាន​បន្សល់​ទុក​នូវផ្ទះ​សម្បែង ដែល​ត្រូវ​តែ​មានការ​ការពារ លើ​បញ្ហា​ចោរកម្ម គាស់​លួច​អីវ៉ាន់​ក្នុងផ្ទះ និង​បញ្ហា​អគ្គិភ័យ​ដែល​ត្រូវ​ធ្វើការ​ត្រួតពិនិត្យ​តាមដាន​។

អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ទៀត​ថា ចំណែក​បញ្ហា​ចរាចរណ៍ នៅ​ទីតាំង​ដែល​មាន​មនុស្ស​ច្រើន នឹង​មានការ​កកស្ទះ​ច្រើន ជា​ពិសេស​នៅ​តាម​ច្រក​ចេញចូល​រាជធានី​ភ្នំពេញ​ចំនួន​៥​ដូច​ជា ផ្លូវជាតិ​លេខ​១ លេខ​២ លេខ​៣ លេខ​៤ និង​ផ្លូវជាតិ​លេខ​៥ ដែល​អភិបាល​រាជធានី បាន​ដាក់​បទបញ្ជា​ទៅ​ដល់​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ សមត្ថកិច្ច​ចរាចរណ៍​មូលដ្ឋាន​ផ្ទាល់​ត្រូវ​តែ​គិតគូរ​ឲ្យ​បាន​ហ្មត់ចត់ ដើម្បី​សម្រួល​ចរាចរណ៍​កុំ​ឲ្យ​មានការ​កកស្ទះ និង​កាត់​បន្ថយ​ជា​អតិបរិមា ដែល​បងប្អូន​ប្រជាពលរដ្ឋ បាន​សម្រុក​ចេញពី​រាជធានី​ភ្នំពេញ​។ ដោយឡែក​បញ្ហា​សំរាម​ក៏​ត្រូវ​តែ​មានការ​យកចិត្តទុកដាក់ និង​បាន​ណែនាំ​ទៅ​ក្រុមហ៊ុន​ស៊ី​ន​ទ្រី គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន ត្រូវ​ធ្វើការ​បែងចែក​វេន​ឲ្យ​បាន​ត្រឹមត្រូវ​។ ចំណែក​ឧត្តម​សេនី​យ៏​ទោ ភួង ម៉ា​ឡៃ ស្នងការ​រង ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ថា បុណ្យចូលឆ្នាំ​២០១៨​នេះ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ត្រៀប​រៀបចំ​ផែនការ​ការពារ​រួច​ជា​ស្រេច​អស់ហើយ នៅ​តាម​តំបន់​គោលដៅ​សំខាន់​ៗ​ជា​ច្រើន​កន្លែង គឺ​សំដៅ​ធានា ទប់ស្កាត់​ឲ្យ​បាន​នូវ​សកម្មភាព បទល្មើស​ព្រហ្មទណ្ឌ ករណី​លួច​ឆក់​ប្លន់​គាស់​ផ្ទះ អំពើ​ហិង្សា ក្មេង​ទំនើង​ជាដើម ជា​ពិសេស​នៅ​តាម​វត្ត​អារាម កន្លែង​សប្បាយភាព រមណីយដ្ឋាន សហគមន៍ ភូមិ សង្កាត់​ជូន​ប្រជាពលរដ្ឋ​ឲ្យ​មាន​ភាព​កក់ក្តៅ និង​ទទួល​បាន​នូវ​ភាព​សប្បាយ​រីករាយ​ផង​ដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ