ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ពិធី​«​លើករាសី​» មាន​អត្ថ​ន័យ​បែប​ណា រឿង​ព្រេង​​នេះ​នឹង​ប្រាប់​អ្នក​

6 ឆ្នាំ មុន
  • ភ្នំពេញ

ទាក់ទិន​ពិធី​លើករាសី តាម​សៀវភៅ «​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ​» មានរឿង​ព្រេង​តំណាល​​ថា កាលពី​ព្រេងព្រឹទ្ធ​កន្លង​យូរលង់​ទៅ​ហើយ មាន​មហាក្សត្រ​មួយ​ព្រះ​អង្គ គ្រប់គ្រង​ប្រជារាស្ត្រ ដោយ​ទសពិធរាជធម៌ ប្រកបដោយ​ព្រះ​ជន្មវស្សា​ច្រើន​ណាស់​ទៅ​ហើយ តែ​ទ្រង់​ពុំ​មាន​ព្រះរាជបុត្រ​នឹង​ត​ព្រះរាជ​វង្ស​សោះ…

ទាក់ទិន​ពិធី​លើករាសី តាម​សៀវភៅ «​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ​» មានរឿង​ព្រេង​តំណាល​​ថា កាលពី​ព្រេងព្រឹទ្ធ​កន្លង​យូរលង់​ទៅ​ហើយ មាន​មហាក្សត្រ​មួយ​ព្រះ​អង្គ គ្រប់គ្រង​ប្រជារាស្ត្រ ដោយ​ទសពិធរាជធម៌ ប្រកបដោយ​ព្រះ​ជន្មវស្សា​ច្រើន​ណាស់​ទៅ​ហើយ តែ​ទ្រង់​ពុំ​មាន​ព្រះរាជបុត្រ​នឹង​ត​ព្រះរាជ​វង្ស​សោះ ។ ប្រជារាស្ត្រ​ដែល​គោរព​ព្រះ​អង្គ​ស្មើដោយ​ទេពតា នាំ​គ្នា​ឡើង​សុំ​មកុដ​រាជកុមារ ដើម្បី​កុំឱ្យ​ផុត​រាជ តទៅ កុំឱ្យ​ប្រទេស​នៅ​តែលតោល ឥត​ពឹង​ពំនាក់​ដូច​មាន់​ព្រាត់​មេ ។ ព្រះរាជា ក៏​ព្រម​តាម​សេចក្តី​អង្វរ​សុំ ហើយ​ទ្រង់មាន​ព្រះ​បញ្ជា ឱ្យ​អគ្គមហេសី​រៀប​ពលិការ​ថ្វាយ​ទេពតា ប្រាថ្នា​ព្រះរាជបុត្រ​។

ព្រះរាជ​ទ្រព្យ ត្រូវ​បរិច្ចាគ​ចែកចាយ​ជា​ទាន​ដល់​ស្មូម​យាចក ។ វត្ត​អារាម ព្រមទាំង​ក្រោម​ដើម​ជ្រៃ​ទាំងឡាយ បរិបូរណ៍​ដោយ​គ្រឿង​តង្វាយ​ពោរ​ពាស មាន​ផ្សែង​ធូប​ហុយ​ទ្រលោម ។ ទេពតា​រំជួល​ខ្លាំង ក៏​បាន​ប្រសិទ្ធពរ តាម​សេចក្តី​បួងសួង ។ មិនយូរ​ប៉ុន្មាន​ព្រះរាជ​កុមារ ល្អ​ដូច​ព្រះ​ចន្ទ​ពេញបូណ៌មី បាន​ប្រសូត​កណ្តាល​សេចក្តី​រីករាយ និង​ស័ព្ទ​សាធុការពរ​កងរំពង ។ ព្រះរាជាណាចក្រ​ទាំងមូល​សប្បាយ​អ៊ឹកធឹក គ្រប់​ផ្លូវ គ្រប់​ស្រុក គ្រប់​ភូមិ គ្រប់​ជនបទ ។ អ្នក​សូមទាន អ្នក​ខ្វាក់​ខ្វិន ក៏​មាន​ចំណែក​ក្នុង​ការ​ត្រេក​អរសាទរ​ជាមួយ​គេ​ដែរ ។

ព្រះរាជ​កុមារ ទទួល​នូវ​សេចក្តី​ថ្នាក់ថ្នម​ដ៏​ត្រកាល មាន​ស្ត្រី​បម្រើ​ជា​ច្រើន​នាក់​នៅ​ប្រចាំ​ការ ច្រៀង​បំពេ​បី​-​ព រាល់​ទិវារាត្រី ។ ព្រះ​វរមាតា ប្រោះព្រំ​ព្រះរាជបុត្រ​ជា​បណ្តាច់​បណ្តូល​​ព្រះ​ហឫទ័យ ដោយ​សេចក្តី​ស្នេហា​ជាទី​បំផុត ។

លុះ​ព្រះរាជបុត្រ​បាន​ចម្រើន​វ័យ​ធំ​ហើយ ព្រះរាជា​បាន​ជ្រើសរើស​អា​មាត្រ​ចំនួន​៥០០​នាក់ មាន​អាយុ ស្រករ​ៗ​គ្នា​ក្នុង​ចំណោម​កូន​មន្ត្រី​ទាំងឡាយ​ឱ្យ​នៅ​បម្រើ​ជា​និច្ច ។ សូ​ម្បី​ប្រកបដោយ​សេចក្តីសុខ​ដ៏​ឆ្នើម​ដូច្នោះ ព្រះរាជ​កុមារ ក៏​ពុំ​មាន​ឈ្លក់​ក្នុង​សម្បត្តិ​ទាំងនោះ​ទេ ទ្រង់​ចូល​ចិត្ត​សិក្សា​វិជ្ជា ផ្សេង​ៗ បង្ហាញ​ឱ្យ​ឃើញ​ស្តែង​ថា ទ្រង់​ប្រកបដោយ​បញ្ញា​វាង​វៃ គួរ​ជាទី​ពឹង​ដ៏​ត្រជាក់​នៃ​ប្រជារាស្ត្រ​បាន​មែន ទ្រង់​ពុំដែល​ហ៊ាន​ប្រព្រឹត្ត​កន្លង​វិន័យ​ព្រះ​រាជ​​វង្ស​ទេ ។ តែ​ទោះបី​ទ្រង់​ប្រាថ្នា​យ៉ាងណា​បាន​យ៉ាងនោះ​ក៏​ដោយ​ព្រះរាជ​កុមារ​មិន​អាច​ចុះ​ទៅ​កាន់​មាត់​ស្ទឹង​ដែល​ហូរ​ទៀប​ព្រះរាជវាំង​បាន​ឡើយ ព្រោះ​ហោរា​បាន​ទំនាយ​ថ្វាយ​ថា «​បើ​ចង់ឱ្យ​ព្រះ​នគរ​ផុ​ុ​ត​មហន្តរាយ ព្រះរាជ​កុមារ មិន​ត្រូវ​យាង​ទៅ​ក្រសាល​នៅ​ទីនោះ​ទេ ទំនាយ​ថា ៖ ត្រូវ​គ្រោះកាច​ដល់​ទិវង្គត ដោយ​ក្រពើ​អ្នកតា​ស្ទឹង​នោះ​ខាំ ក្នុង​ព្រះ​ជន្មាយុ​១៥​ព្រះ​វស្សា ព្រះ​គ្រោះ​ត្រូវ​ព្រះ​អង្គារ​សោយ​ព្រះ​អង្គ​ចំនួន​៧​ខែ ៣​ថ្ងៃ ២០​នាទី​។

ក្នុង​ពេល​នោះ ថា​នឹង​កើត​ភ័យ​ជា​ច្រើន ក្រែង​ភ្លើង​ឆេះ​ផ្ទះ ឬ​បង់​បាត់​ទ្រព្យ​របស់ ពុំនោះ​ទេ ក្រែង​សត្រូវ​ចាស់​ប៉ង​ធ្វើ​ទោស ឱ្យ​ប្រយ័ត្ន​ពី​ខាង​ទិសអាគ្នេយ៍​ឱ្យ​ណាស់​មែនទែន ។

មួយទៀត ក្រែង​ចាក​ទីឋាន​លំនៅ ឬ​ព្រាត់ប្រាស​ប្រពន្ធ កូន ឬ​ក៏​មិត្រ​សម្លាញ់ នូវ​ខ្ញុំប្រុស​ស្រី ព្រាត់​ចេញ​ចាក​ទៅ​ឆ្ងាយ​ពី​ទីលំនៅ សឹង​បណ្តាល​ឱ្យ​កើតទុក្ខ​ច្រើន ព្រោះ​ត្រូវ​រឿង​កាល​​ទោ​ភី ដល់​នឹង​ទោ​ភា​ជា​បា​របស់​ឯង ។ ទោ​ភា​ជា​បា ដល់​ហើយ​បាក់​ក​ចាញ់​ស្លាប់​ខ្លួន បើ​ថ្កាត់ ឱ្យ​ប្រលែង​ឋាន​ទៅ​ទិសទក្សិណ ឱ្យ​បូជា​ព្រះ​អង្គារ ឱ្យ​និមន្ត​ព្រះសង្ឃ​៤​អង្គ ឬ​៧​អង្គ​សូត្រធម៌​ជីវ​ទាន​សូត្រ​លើករាសី​រំដោះគ្រោះ​» ។

រី​ព្រះ​មាតា និង​ព្រះ​បិតា កាលបើ​បានឮ​ហោរា​ថ្វាយ​ទំនាយ​ហើយ ទើប​ព្រះ​បិតា​បាន​ចាត់​ឱ្យ​ពល​១០០​នាក់​យាមល្បាត​ជា​និច្ច ។

ព្រះរាជ​កុមារ តែង​គង់​លំហើយ​ព្រះ​កាយ​នៅ​មាត់​ព្រះ​បញ្ជរ គយគន់​ពីលើ​មហា​ប្រាសាទ នូវ​ស្ទឹង​ស្រស់ញញឹម​ដែល​ហូរ រឹម​ៗ តាម​ចន្លោះ​ដើមឈើ​ខៀវបំព្រង ។ ស្ទឹង​ដ៏​សោភី​នោះ​​នៅ​ជិតបង្កើយ តែ​ហាក់ដូចជា​ស្ថិត​នៅ​ក្នុង​លោក​ដទៃ ព្រោះ​ព្រះ​អង្គ​ពុំដែល​បាន​ស្គាល់​​សោះ ។ សកុណជាតិ​ហើយ​ឆ្វៀលឆ្វាត់ ឆ្លង​ពី​ត្រើយ​ខាង​នោះ​កាត់​មក​កញ្ជ្រោក​កញ្ជ្រោល​លេង​សប្បាយ ក្នុង​សួន​ព្រះរាជវាំង រួច​នាំ​គ្នា​ហើរ​យំ​លេង​ប្រលែង​សប្បាយ ខ្លះ​នាំ​ពួក​ខាង​ណេះ​ទៅ​កាន់​ទី​រមណីយដ្ឋាន​ខាង​នោះ ។ មនោគតិ​នៃ​ព្រះរាជ​កុមារ​ភោរភាវ​ឡើង ពុំ​វែង​ជា​ប៉ុន្មាន​រយ​ដង​ទេ ដែល​ទ្រង់​ចង់​ស្ទុះ​ទៅ​រក​តំបន់​ពេញ​ប្រៀប​ដោយ​សម្រស់​ដ៏​ឆើតឆាយ​នោះ ។

ប្រសិនបើ​មាន​ស្លាប​ដូច​បក្សី​ទៅ​ហ្ន៎ ! តែ​ទ្រង់​មិន​អាច​គេច​ឱ្យ​ផុត​បាន​ឡើយ អំពី​ការ​រវាំង​រក្សា​របស់​ពួក​អា​មាត្រ ដែល​ទទួល​បង្គាប់​ជា​ដាច់ខាត ហើយ​ដែល​តាម​ឃ្លាំ​ទ្រង់​គ្រប់​កន្លែង បីដូច​ស្រមោល ។

លុះ​ជួប​ចូល​ក្នុង​ព្រះ​ជន្ម​១៥​ព្រះ​វស្សា ព្រះរាជ​កុមារ ទន្ទឹង​ចាំ​ឱ្យ​ផុត​មួយ​ឆ្នាំ ឱ្យ​ហួស​កន្លង​ទៅ​ដល់​រវាង​មួយ​ឆ្នាំ​ទៀត ដែល​ហាក់ដូច​មួយ​សតវត្សរ៍ ។ ថ្ងៃមួយ ពួក​មុខមន្ត្រី និង​ព្រះ​រាជ​វង្សានុវង្ស​ខ្នះខ្នែង​រៀបចំ​ពិធី​ចម្រើន​ព្រះ​ជន្មវស្សា​ព្រះមហាក្សត្រ មានការ​ចាត់ចែង​ធ្វើបុណ្យ​ជា​ឧឡា​រិ​ក​ក្នុង​ព្រះរាជវាំង ។ ពួក​អា​មាត្រ នាំ​គ្នា​ភ្លើតភ្លើន​សប្បាយ​អឺងកង ។ ឯ​អ្នក​ដទៃ​ទៀត ក៏​ខ្វល់​គ្រប់​គ្នា ទាំង​នាម៉ឺន​អា​មាត្រ មុខមន្ត្រី​ចតុរង្គ​តូច​ធំ ។

ឃើញ​បាន​ឱកាស​ដែល​ទ្រង់​រង់ចាំ​យូរ​ឆ្នាំ​មក​ហើយ​ដូច្នោះ ព្រះរាជ​កុមារ​លប​ថយ​ព្រះ​អង្គ​ចេញ​ទៅ​ក្រៅ គេច​ចុះ​គេច​ឡើង ទាល់តែ​ផុត​ពី​ការ​គយឃ្លាំ​នៃ​ពួក​ពល ដែល​រវល់​តែ​​ពិនិត្យ​​ការ​ខុស​ត្រូវ​ក្នុង​ពិធីបុណ្យ​ឱ្យ​បាន​រៀបរយ ។ ព្រះរាជ​កុមារ យាង​ទៅ​ជិត​ស្ទឹង​ដោយ​​ព្រឺព្រួច ស្រាយ​ទូក​ដែល​ចត​នៅ​ទីនោះ ស្តេច​ចុះ​ទៅ​ក្នុង​ទូក បណ្តោយ​ឱ្យ​អណ្តែត​ទៅ​តាម​ខ្សែទឹក ព្រោះ​ទ្រង់​ពុំ​ចេះ​ចែវ ។ កូន​ទូក​ក៏​លយ សន្សឹម​ៗ​ទៅ​តាម​ដងស្ទឹង​ដែល​ដេរដាស​ដោយ​ផ្កា​គ្រប់​ពណ៌ ក្រោម​ម្លប់​ត្រឈឹងត្រឈៃ ដែល​មាន​បក្សី តូច​ៗ​ល្អ​វិចិត្រ​ជជែក​គ្នា អែ​ៗ ។ តែ​ការ​បាត់​ព្រះរាជ​កុមារ​ពី​ព្រះរាជវាំង ស្ងាត់​មិន​បាន​ប៉ុន្មាន​ទេ គេ​ផ្អើល​រក​ឈូឆរ​មួយ​រំពេច ។ ពួក​អា​មាត្រ រត់​រក​ខ្វាត់ខ្វែង​សព្វ​ទីកន្លែង ។ ពួក​ពល​ឆ្លេឆ្លា​ចុះឡើង ប្រមូលគ្នា​នឹក​រអែង​ខ្លាចក្រែង​ព្រះរាជ​កុមារ​ស្តេច​ចេញ​ទៅ​លេង​មាត់​ស្ទឹង ទើប​នាំ​គ្នា​ស្ទុះ​ស្រ​ទៅ​កាន់​ទី​គួរ​ភ័យ​នោះ ។ កូន​ទូក ក៏​បង្ហាញ​រាង​ឱ្យ​ឃើញ​ក្នុង​ចន្លោះ​ដើមឈើ​ពីរ​ដើម នាំ​ឱ្យ​អ្នក​ទាំងឡាយ​រីករាយ​សប្បាយចិត្ត ដោយ​នឹក​ស្មានថា អស់​មាន​គ្រោះ​អ្វី​ហើយ ។

រំពេច​នោះ​ស្រាប់តែ​ក្រពើ​អ្នកតា​ស្ទឹង​ងើប​ធ្លោ​ឡើង នាំ​ឱ្យ​ពួក​អា​មាត្រ និង​ពួក​ពល​ភាន់​ភាំង​ស្មារតី គ្រប់​ៗ​គ្នា ខ្លះ​ប្រឹង​ស្រែក​ភ្លាត់​សំឡេង ខ្លះ​យក​ដុំ​ថ្ម​គប់ ខ្លះ​វាយ​គោះ​ឈើ​លាន់​ទ្រហឹង ដើម្បី​បន្លាច​សត្វ​កំណាច ឱ្យ​មុជ​ទៅ​ក្នុង​ទឹក​វិញ តែ​ការ​ខំ​ទាំង​ប៉ុន្មាន​នោះ​ឥត​បាន​ផល​សោះ ។ ក្រពើ​ហែល​ស្លោ​ទៅ​រក​ទូក កាន់តែ​ជិត​ណាស់​ទៅ​ហើយ ព្រះរាជ​កុមារ​ក្លាហាន​ណាស់​ដែរ ក្នុង​ការ​តស៊ូ​នឹង​សត្វ​ក្រពើ​នោះ ទ្រង់​កន្ត្រាក់​បាន​ច្រវា​ជា​គ្រឿង​អាវុធ រង់ចាំ​សត្រូវ​ដោយ​ឥត​តក់ស្លុត ។ មាត់​ស្ទឹង​ទាំង​សងខាង​ពាសពេញ​ទៅ​ដោយ​មនុស្ស​ម្នា​ខ្នាន់ខ្នាប់ ដែលរ​ត់ម​កដោយ​ការ​ចង់​ដឹង ចង់​ឃើញ ។ ក្រពើ​ចូល​ដល់​ទូក​ព្រះរាជ​កុមារ ។

ព្រះរាជ​កុមារ​សំពង​ក្បាល​នឹង​ច្រវា​អស់ទំហឹង​ដៃ ។ សត្វ​ចង្រៃ ឈឺ​ខ្លាំង​បម្រះ​រមួលខ្លួន​បែក​រលក​ខ្ចាយ ដោយ​អំណាច​ឃោរឃៅ វាយ​កន្ទុយ​បោក​ទូក​ធ្លាក់​ព្រះរាជ​កុមារ​ទៅ​ក្នុង​ទឹក ហើយ​វា​ហាមាត់​ធំ​ចង្គ្រាង ត្របាក់​ព្រះរាជ​កុមារ រួច​ក៏​មុជទឹក​បាត់​ទៅ ឯ​ទូក ក៏​លិច​ក្នុង​ពេល​នោះ​ទៅ​ដែរ ។

គេ​ឮ​សូរ​ស័ព្ទ​សំឡេង​យំសោក នៅ​តាម​ដងស្ទឹង គួរ​សង្វេគ​អនេកប្បការ ។ ពួក​ពល ពួក​អា​មាត្រ បណ្តារាស្ត្រ កកកុញ​ត្រៀបត្រា​នៅ​ទីនោះ តែ​គ្មាន​ឫទ្ធានុភាព នឹង​ជួយ​អនាគត​មហារាជ​ជាទី​សង្ឃឹម​មាំ​របស់​ខ្លួន ឱ្យ​រួច​ព្រះ​ជន្ម​បាន​ឡើយ ប្រុស​ៗ​តប់​ក្បាល ស្រី​ៗ​សម្រក់​​ទឹកភ្នែក​កន្ទក់កន្ទេញ​យំ​បម្រះននៀល ខ្លះ​ស្រែ​កថា «​ឱ​ហ្ន៎​! ព្រះ​ទំនាយ​គ្មាន​ខុស​ទេ !» ។

ដំណឹង​ឧឡា​រិ​ក​នេះ ជ្រែក​បុណ្យ​គគ្រឹកគគ្រេង ជ្រែក​សេចក្តី​រីករាយ​សប្បាយ​ផ្សាយ​ដល់​ព្រះរាជវាំង យ៉ាង​ឆាប់រហ័ស ។ ព្រះមហាក្សត្រ និង​ព្រះ​មហេសី ស្ទុះ​ទៅ​ទី​រង​គ្រោះ ទ្រង់​បួងសួង បន់ស្រន់​អស់​ពួក​ទេពនិករ​អមរ​មេឃ​ក្នុង​ចក្កវាឡ «​សូម​ឱ្យ​ជួយ​ស្រោចស្រង់​ព្រះ​រាជឱរស ជា​បណ្តូល​បណ្តាច់​ព្រះ​ទ័យ បើ​សម្រេច​ដូច​សេចក្តី​ប្រាថ្នា​ហើយ​យើងខ្ញុំ​នឹង​រៀប​​ពលីការ​បូជា ឱ្យ​សម្បើម​អស្ចារ្យ​ជាង​ដែល​ធ្លាប់​បាន​ធ្វើ ពី​មុន​ៗ​មក​» ។

តែ​ស្ទឹងតូច​នៅ​ទ្រមឹងទ្រមើយ ធ្វើ​ជា​ថ្លង់​មិន​ឮ​ពាក្យ​បូរបាច់​អង្វ​ករ​សោះឡើយ ។ ក្សត្រ​ទាំង​​ពីរ​អង្គ​អស់​ផ្លូវ​សង្ឃឹម ខំ​ស្ងួន​ព្រះ​ឥរិយា​នា​ពេល​ដែល​មានទុក្ខ​ដ៏​ធ្ងន់​បែប​នោះ ទប់​ព្រះ​ស្មារតី​ខ្ជាប់ខ្ជួន មិន​បញ្ចេញ​អាការ​រសាប់រសល់​កណ្តាល​ទីប្រជុំជន ស្តេច​យាង​ស្ងៀម​ត្រឡប់​ទៅ​ព្រះរាជ​និវេសន៍​វិញ ។ ពួក​ពល និង​ពួក​អា​មាត្រ ដើរ​ឱន​មុខ​សញ្ជប់សញ្ជឹង ហែហម​ព្រះ​អង្គ​ទៅ ។ ចំណែក​ខាង​ប្រជារាស្ត្រ មិន​ទៅ​ណា​ទេ នៅ​កើតទុក្ខ​ក្តុកក្តួល​រំជួល​ចិត្តជា​អនេក ។ ការ​កម្សាន្ត​ទាំងឡាយ​ឈប់​ស្ងាត់ឈឹង តូរ្យតន្ត្រី​បាត់​លាន់ឮ​ទៀត អាហារ​​ភោជន​ដ៏​ប្រណីត​ថ្លៃថ្លា ក៏​ត្រជាក់​អស់​នៅ​ក្នុង​ភាជន៍មាស ប្រាក់ ។ ព្រះរាជ​ធានី​ទាំងមូល ហាក់ដូច​ត្រូវ​សណ្តំ​មួយ​រំពេច ។

យាង​ទៅ​ដល់​ព្រះ​បរមរាជវាំង​កំបាំង​ពី​ភ្នែក​អ្នក​ដទៃ​ហើយ ព្រះមហាក្សត្រ និង​ព្រះ​អគ្គ​មហេសី​ក៏​បណ្តែតបណ្តោយ​ម្នោម្នេញ ឱ្យ​ធ្លាក់​ឱ្យ​ធ្លាយ​ចេញ​មក​តាម​សន្ទុះ​ហៀរហូរ​ព្រះ​ជលនេត្រ ស្រោចស្រព​ជោក​ព្រះ​ភក្ត្រា ទ្រង់​មិន​អស់​ព្រះ​ទ័យ និង​មិន​បាន​រៀប​សព​ព្រះរាជបុត្រ ឱ្យ​សមរម្យ​តាម​កិត្តិយស​សោះ ទើប​ទ្រង់មាន​ព្រះ​ឱង្ការ ឱ្យតម្រួត​ចាត់ការ​បាចទឹក​ស្ទឹង នឹង​យក​សព​ព្រះរាជ​កុមារ​មក​ធ្វើបុណ្យ​តាម​ព្រះរាជ​បវេណី ។ លុះ​បាន​ទទួល​ព្រះ​បង្គាប់​ហើយ ពួក​ពល​រាប់រយ​នាក់ ព្រមទាំង​បណ្តារាស្ត្រ​រាប់​ពាន់ នាក់​នាំ​គ្នា​ខ្វល់ខ្វាយ​លើក​ទំនប់​កាត់​ស្ទឹង សុទ្ធតែ​ដុំ​ដី និង​ដុំឥដ្ឋ ដុំ​ថ្ម ចាក់​គរ​លើ​គ្នា ទាំង​បង្គី​ៗ កិច្ច​ការ​ជឿនលឿន​យ៉ាង​រហ័ស ធ្វើ​តែ​មួយ​ថ្ងៃ ទំនប់​ក៏​ហើយ​ស្រេច នាំ​គ្នា​ដុត​ចន្លុះ​បាចទឹក​ឱ្យ​រីង​ទាំង​យប់ ។

ដល់​ពេល​អធ្រាត្រ ទំនប់​ធ្លាយ​ទៅ គេ​នាំ​គ្នា​ចាក់​ដី​ពេញ​ភ្លាម តែ​ជាប់​មិនយូរ ហើយ​ខ្សែ​ទឹក​ត្រង់នោះ​ហូរ​មិន​បាន​ខ្លាំង​ប៉ុន្មាន​ទេ តែ​សូ​ម្បី​ប្រឹងប្រែង​ទប់ទល់​យ៉ាងណា ក៏​ជា​ការ​ឥតអំពើ​។ ទាល់គំនិត មេ​ចាត់ការ​បានឱ្យ​ទូងស្គរ ប៉ាវគង គ្រប់​ស្រុក​គ្រប់​ភូមិ រក​ឆ្មាំ​ទំនប់ តែ​គ្មាន​អ្នក​ណា​ឆ្លើយ​សោះ ។​ល​។ ស្រាប់តែ​ជួប​ស្ត្រី​មេម៉ាយ​ក្មេង​ម្នាក់​មាន​ផ្ទៃពោះ​ចំនួន​៥​ខែ ។ នាង​ចូល​ទៅ​ជិត​អ្នក​ប៉ាវគង សាកសួរ​កិច្ច គេ​ៗ​ប្រាប់​តាម​សេចក្តី​សព្វគ្រប់ ។ ឯ​នាង​បាន​ព្រម​ចាំ​ទំនប់ ។ គេ​ឱ្យ​នាង​១០​បាត នាង​សុខចិត្ត​ចាំ គេ​កាត់​ក​នាង​ស្លាប់​។ ទំនប់​នោះ​បាច​រីង​លែង​ធ្លាយ ។ គេ​ចាប់​ក្រពើ​សម្លាប់ វះ​ពោះ យក​សព​ព្រះរាជ​កុមារ​មក​ធ្វើ​បុណ្យ​ជា​ឧឡា​រិ​កតាម​ព្រះរាជ​បវេណី បញ្ចុះធាតុ​សព​ស្រេច​ហោង ។

ដោយ​មានរឿង​យ៉ាង​នេះឯង​ហើយ ទើប​សព្វ​ថ្ងៃនេះ ជនជាតិ​ខ្មែរ​យើង តែ​កាលណា​មាន​គ្រូទាយ​ឱ្យ​ថា «​នឹង​មាន​គ្រោះ​» តែងតែ​និមន្ត​ព្រះសង្ឃ​ធ្វើ​ពិធី​កម្ចាត់​គ្រោះ និង​លើករាសី ព្រោះ​ខ្មែរ​យើង​តែងតែ​និយាយ​ថា «​រាសី​ដាក់ អារក្ស​ហ៊ាន​ធ្វើ​» ទើប​គេ​រក​ព្រះសង្ឃ​ឱ្យធ្វើ​ពិធី​លើករាសី​ឱ្យ​ខ្ពស់​ឡើង កុំឱ្យ​មាន​អ្វី​មក​បៀតបៀន​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ