រាជធានីភ្នំពេញ ៖ នៅទីបំផុតអតីតតារាសម្តែងលោកស៊ុក សុភា បានទទួលសញ្ជាតិអូស្ត្រាលីជាផ្លូវកាលហើយ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ បន្ទាប់ពីចំណាយពេលស្នាក់នៅជាមួយភរិយារបស់លោកនៅទីនោះអស់រយៈពេលជិត៦ឆ្នាំ ។
ដំណឹងពីការទទួលបានសញ្ជាតិអូស្ត្រាលីនេះ ត្រូវលោកស៊ុក សុភា បង្ហោះតាមហ្វេសប៊ុកបញ្ជាក់ពីភាពសប្បាយរីករាយរបស់ខ្លួនប្រាប់ទស្សនិកជន បើទោះបីជាពេលនេះលោកបានឃ្លាតឆ្ងាយស្ទើរទាំងស្រុងពីវិថីសិល្បៈក៏ដោយ ។
តារាសម្តែងលោកស៊ុក សុភា មិនបានបញ្ជាក់អ្វីច្រើនពាក់ព័ន្ធពីការទទួលបានសញ្ជាតិអូស្ត្រាលីនេះទេ ក្រៅតែពីការបង្ហាញភាពសប្បាយរីករាយ ចំពោះអ្វីដែលលោកចង់បាននោះគឺធ្លាក់មកដល់ដៃហើយ ។
សញ្ជាតិអូស្ត្រាលីដែលលោកស៊ុក សុភា ទទួលបាននេះ គឺបង្ហាញពីភាពជោគជ័យរបស់លោកមួយទៀត បន្ទាប់ពីលោកកំពុងតែមានការកាប់កបខ្លាំងក្នុងមុខរបរលក់ត្រីងៀត ។
ជាការកត់សម្គាល់ បន្ទាប់ពីសម្រេចរៀបមង្គលការជាមួយភរិយាដែលជាអាណិកជនខ្មែរនៅប្រទេសអូស្ត្រាលីតាំងពីអំឡុងឆ្នាំ២០១២មក លោកស៊ុក សុភា បានដើរចេញពីវិថីសិល្បៈទាំងស្រុង ដោយបានចេញទៅសាងសុភមង្គលគ្រួសារនៅទឹកដីនោះរហូតមកដល់បច្ចុប្បន្ន ។ ចំណងអាពាហ៍ពិពាហ៍ជាប្តីប្រពន្ធរបស់លោកដែលមានរយៈពេលជិត១០ឆ្នាំនេះលោកមានកូន៣នាក់ ដោយបូករួមទាំងកូនប្តីមុនរបស់ភរិយាលោក២នាក់ទៀតសរុប៥នាក់ហើយ ។
លោកស៊ុក សុភា ធ្លាប់ជួបភាពបរាជ័យរឿងស្នេហាជាច្រើនលើកច្រើនសា ជាពិសេសជាមួយនាងខៀវ សុខារ៉ាវី បន្ទាប់ពីបានស្រឡាញ់គ្នាអស់រយៈពេលជាច្រើនឆ្នាំ និងគ្រោងរៀបអាពាហ៍ពិពាហ៍ទៅហើយ ស្រាប់តែលុបចោលទៅវិញយ៉ាងទាន់ហន់កាលអំឡុងឆ្នាំ២០០៨ ដែលរឿងរ៉ាវដ៏កក្រើកនេះ បានធ្វើឲ្យភាគីខាងស្រីត្រូវបង្ខំចិត្តដកថយពីពិភពសិល្បៈទាំងស្រុង ៕
ចែករំលែកព័តមាននេះ