ខេត្តបាត់ដំបង ៖ ហេតុការណ៍ផ្ទុះអាវុធ៤គ្រាប់ដែលសមត្ថកិច្ចអះអាងថា ជាការបាញ់ដោយក្រុមមន្ត្រីអង្គការបរិស្ថាន MJP នៅស្រុកសំឡូតគំរាមទៅលើគោយន្តដឹកអុសរបស់ប្រជាពលរដ្ឋនោះ ពេលនេះសមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស២នាក់ជាលើកដំបូង ដើម្បីនាំយកមកសួរនាំនៅស្នងការដ្ឋានខេត្ត ។ នេះបើតាមលោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងខេត្ត ដែលបានប្រាប់កោះសន្តិភាពនៅព្រឹកថ្ងៃទី១ មេសា
នេះ។

លោកស្នងការរង ជេត វណ្ណនី បានឲ្យដឹងថា កម្លាំងជំនាញពិតជាបានឃាត់ខ្លួនមនុស្ស២នាក់ ក្នុងចំណោម៤នាក់បណ្តោះអាសន្ន ដែលពាក់ព័ន្ធនឹងការផ្ទុះអាវុធនៅស្រុកសំឡូតនោះមែន តាមបទបញ្ជារបស់លោកស្នងការខេត្ត និងតំណាងអយ្យការ ដើម្បីយកមកសួរនាំនៅស្នងការដ្នានខេត្ត ។ លោកបានបញ្ជាក់ថា ជនសង្ស័យទាំង២នាក់នោះ ម្នាក់ឈ្មោះ ប៊ុន ថា ជាអ្នកកាន់កាំភ្លើងបាញ់ និងម្នាក់ទៀតឈ្មោះ សុយ ខឿត ជាមន្ត្រីអង្គការបរិស្ថានMJP និងជាម្ចាស់កាំភ្លើង ។
បើតាមរបាយការណ៍របស់សមត្ថកិច្ចស្រុកសំឡូតបានឲ្យដឹងថា ក្រុមមន្ត្រីអង្គការបរិស្ថានចំនួន៣នាក់ និងប្រជាពលរដ្ឋម្នាក់ ដែលមានឈ្មោះ សន វណ្ណាត, ឈ្មោះ សុយ ខឿត, ឈ្មោះម៉ែន សុឃឿន និងឈ្មោះប៊ុន ថា ដែលមានប្រើប្រាស់កាំភ្លើងវែងផង បានដេញតាមស្ទាក់ចាប់គោយន្តកន្ត្រៃមួយគ្រឿងរបស់ប្រជាពលរដ្ឋម្នាក់ឈ្មោះ ឌុច ធី ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ដែលដឹកអុស កាលពីវេលាម៉ោង១១និង៣០នាទីជិតថ្ងៃត្រង់ ថ្ងៃទី៣០ មីនា ។
លុះដល់ត្រង់ចំណុចក្បែរបន្ទាយយោធាវរសេនាតូចលេខ៥២២ ស្ថិតក្នុងភូមិកណ្ដាល ឃុំស៊ុង ស្រុកសំឡូត ស្រាប់តែក្រុមអង្គការបរិស្ថាន MJPនេះ បានទាញកាំភ្លើងអាកា៤៧ បាញ់រះចំនួន៤គ្រាប់បង្កឲ្យមានការភ្ញាក់ផ្អើលតែម្ដង។ បើតាមសមត្ថកិច្ចបានឲ្យដឹងថា អ្នកបាញ់នោះឈ្មោះ ប៊ុន ថា ជាប្រជាពលរដ្ឋ តែកាំភ្លើងជារបស់មន្ត្រីបរិស្ថានឈ្មោះ សុយ ខឿត ។ សមត្ថកិច្ចបានឲ្យដឹងទៀតថា ដំបូងខ្មាន់កាំភ្លើងបានបាញ់មេឃ១គ្រាប់ តែអ្នកបើកគោយន្តដឹកអុសមិនព្រមឈប់ក៏ត្រូវខ្មាន់កាំភ្លើងបាញ់៣គ្រាប់ទៀតទៅលើគោយន្តបណ្ដាលឲ្យបែកកង់រឺុម៉កគោយន្តទាំង២គ្រាប់តែម្ដង តែសំណាងល្អមិនត្រូវមនុស្ស ។
ជុំវិញការផ្ទុះអាវុធទៅលើគោយន្តរបស់ពលរដ្ឋដឹកអុសខាងលើនេះ លោក ប៊ូ ស៊ីណា ប្រធានអង្គការបរិស្ថានMJPនេះ បានបំភ្លឺតាមទូរស័ព្ទកាលពីថ្ងៃទី៣១ មីនាថា ពិតជាមានរឿងផ្ទុះអាវុធនេះមែន ។ លោកបានប្រាប់ថា តាមពិតកម្លាំងរបស់លោកមិនបានតាមស្ទាក់គោយន្តទេ តែពលរដ្ឋដែលការពារព្រៃសហគមន៍ទេ ដែលពឹងពាក់ឲ្យកម្លាំងរបស់លោកជួយអន្តរាគមន៍ស្ទាក់គោយន្តនោះ ។ លោក ប៊ូ ស៊ីណា បានពន្យល់ដូច្នេះថា ពលរដ្ឋបានរាយការណ៍ថា មានអ្នកចូលលួចអារឈើក្នុងព្រៃអភិរក្សរបស់សហគមន៍ ហើយពួកគេគ្មានលទ្ធភាពទប់ស្កាត់ទើបសុំឲ្យកម្លាំងរបស់លោកជួយ ។ ពេលនោះកម្លាំងរបស់លោកចំនួន៤នាក់បានចេញទៅជួយរួមទាំងពលរដ្ឋ២នាក់ផង ។
លោក ស៊ីណា បានប្រាប់ថា ពេលចុះដល់តំបន់ព្រៃនោះមានស្នាមកាប់រលំដើមឈើ តែមានការដឹកចេញខ្លះហើយ ទើបកម្លាំងបានចែកជា២ក្រុមដេញតាមគោយន្តនោះ ។ ប៉ុន្តែកម្លាំង១ក្រុមបានតាមទាន់គោយន្តនោះនៅក្បែរបន្ទាយយោធាខាងលើ ហើយបានស្ទាក់កាក់ឲ្យឈប់ តែដោយអ្នកបើកគោយន្តមិនព្រមឈប់ក៏មានការផ្ទុះអាវុធតែម្ដងទៅ។ ប៉ុន្តែលោកប៊ូ ស៊ីណា បានបញ្ជាក់ដែរថា ការបាញ់ដំបូងគឺបាញ់មេឃទេ តែដោយសារម្ចាស់គោយន្តមិនព្រមឈប់ទើបបាញ់បំបែកកង់ក្រោយតែម្ដង ។
កិច្ចប្រតិបត្តិការរបស់មន្ត្រីអង្គការបរិស្ថានMJP ដែលដេញបាញ់បង្ក្រាបគោយន្តដឹកអុសរបស់ពលរដ្ឋខាងលើនេះ បានធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំងពីមហាជន ។ ប្រជាពលរដ្ឋនិងមន្ត្រីមួយចំនួននៅស្រុកសំឡូតបានលើកឡើងថា បច្ចុប្បន្នបទល្មើសព្រៃឈើកំពុងត្រូវបានក្រុមឈ្មូញទុច្ចរិតដឹកជញ្ជូនយ៉ាងសកម្មស្ទើរទាំងយប់ទាំងថ្ងៃពាសពេញស្រុកសំឡូត តែគ្មានស្ថាប័នពាក់ព័ន្ធ ឬមន្ត្រីជំនាញក្នុងអង្គភាពណាមួយបង្ក្រាបបានឡើយ គឺមានតែការឃុបឃិតគ្នាប្រព្រឹត្តបទល្មើសទាំងនេះតែប៉ុណ្ណោះ ។ ផ្ទុយទៅវិញបើប្រជាពលរដ្ឋដឹកអុសឬដឹកកំណាត់ឈើបន្តិចបន្តូចយកធ្វើផ្ទះ ក្រុមមន្ត្រីស្ទើរគ្រប់ស្ថាប័នតាមស្ទាក់ចាប់ខ្វាត់ខ្វែងដើម្បីជំរិតយកលុយ ឬ ចាប់យកទាំងគោយន្តតែម្ដង ប្រសិនបើមិនព្រមបង់លុយឲ្យពួកគេ។ នេះជារឿងអយុត្តិធម៌បំផុតរវាងពលរដ្ឋស្លូតត្រង់ជាមួយនឹងក្រុមឈ្មួញទុច្ចរិតរត់ពន្ធបទល្មើសព្រៃឈើនៅក្នុងស្រុកសំឡូតនាពេលបច្ចុប្បន្ន ។ មិនខុសទេ ពាក្យស្លោកមួយចែងថា ខ្លាស៊ីគោ នាំគ្នាឈរមើល ក្រែងបានសាច់ខ្លះ ប៉ុន្តែបើឆ្មាស៊ីត្រីអាំង លើកគ្នាដេញវ៉ៃទាល់តែដង្ហើមចង្រិត…។
ទោះជាយ៉ាងណាទាក់ទិននឹងការឃាត់ខ្លួនក្រុមអ្នកបាញ់សេរីខាងលើនេះ បើតាមលោកជេត វណ្ណនី ស្នងការរងខេត្តបានថ្លែងថា នេះគ្រាន់តែជាការឃាត់ខ្លួនមកសួរនាំបណ្ដោះអាសន្នប៉ុណ្ណោះ ។ ប៉ុន្តែចំពោះម្ចាស់គោយន្តដែលគេអះអាងថា ដឹកអុសនោះក៏ត្រូវកោះហៅមកបំភ្លឺដែរពាក់ព័ន្ធនឹងការចូលកាប់ឈើក្នុងតំបន់ព្រៃអភិរក្ស ព្រោះបើតាមសេចក្ដីរាយការណ៍ថា ម្ចាស់គោយន្តមានប្រើប្រាស់ម៉ាស៊ីនកាត់ឈើដែលច្បាប់ហាមឃាត់ផង ។ លោកស្នងការរងបានបញ្ជាក់ថា ពេលនេះមន្ត្រីជំនាញកំពុងសួរនាំជនពាក់ព័ន្ធទាំងនោះហើយ ដែលទំនងអាចនឹងត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការទៀតផង ៕

ចែករំលែកព័តមាននេះ