ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខេត្ត​ព្រមាន​ពី​ការ​ពុះ​ដី​ឡូត៍​លក់​បែប​អនាធិបតេយ្យ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អភិបាល​ខេត្តកណ្តាល​កាលពី​ពេល​ថ្មី​ៗ​នេះ បាន​ជូនដំណឹង​ដល់​អាជ្ញាធរ​មូលដ្ឋាន​ស្ថិត​ក្នុង​ដែនដី​ខេត្តកណ្តាល ដើម្បី​ទប់ស្កាត់​ការ​ពុះ​ដី​ឡូត៍​លក់​បែប​អនាធិបតេយ្យ និង​សាងសង់​ពុំ​មានច្បាប់​ត្រឹមត្រូវ ។ យោង​តាម​លិខិត​របស់​អភិបាល​ខេត្តកណ្តាល ជម្រាប​ជូន​អភិបាលក្រុង ស្រុក…

រាជធានី​ភ្នំពេញ ៖ អភិបាល​ខេត្តកណ្តាល​កាលពី​ពេល​ថ្មី​ៗ​នេះ បាន​ជូនដំណឹង​ដល់​អាជ្ញាធរ​មូលដ្ឋាន​ស្ថិត​ក្នុង​ដែនដី​ខេត្តកណ្តាល ដើម្បី​ទប់ស្កាត់​ការ​ពុះ​ដី​ឡូត៍​លក់​បែប​អនាធិបតេយ្យ និង​សាងសង់​ពុំ​មានច្បាប់​ត្រឹមត្រូវ ។

យោង​តាម​លិខិត​របស់​អភិបាល​ខេត្តកណ្តាល ជម្រាប​ជូន​អភិបាលក្រុង ស្រុក ចៅ​សង្កាត់​​ក្នុង​ខេត្តកណ្តាល ចុះ​លេខ​៧៦០ ស​.​ជ​.​ណ បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន ខេត្តកណ្តាល​បាន​និង​កំពុង​មានការ​អភិវឌ្ឍ និង​រីក​ចម្រើន​ខ្លាំង​លើ​ផ្នែក​សេដ្ឋកិច្ច ពិសេស​វិស័យ​ដីធ្លី និង​សំណង់​។ ជាមួយ​គ្នា​នេះ ដំណើរការ​លូតលាស់​យ៉ាង​ប្រសើរ​នេះ ខេត្ត​ក៏​បាន​និង​កំពុង​ប្រឈម​បញ្ហា​យ៉ាងធ្ងន់ធ្ងរ​ជុំវិញ​ការ​ធ្វើ​អាជីវកម្ម​ដីធ្លី ដោយ​ពុះ​ដី​ឡូត៍​លក់ ឬ​សាង​សង់​ជា​ច្រើន​កន្លែង ដែល​មិន​មានច្បាប់​ត្រឹមត្រូវ ដូច​ជា ៖

ទី​១-​ពុះ​ដី​ឡូត៍​លក់​ដោយ​មិន​កាត់ឈ្មោះ និង​មិន​ធ្វើ​ប្លង់​បំបែក​ក្បាលដី ជូន​អ្នកទិញ​ឲ្យ​បាន​ស្របច្បាប់​។

ទី​២-​ការ​ពុះ​ដី​ឡូត៍​លក់​ដោយ​មិន​មាន​ប្លង់​កម្មសិទ្ធិ​ខ្លួនឯង​ត្រឹមត្រូវ និង​លក់​ដី​ឡូត៍​ដែល​មិន​ស្របច្បាប់​ទៅ​ឲ្យ​អ្នកទិញ ។

ទី​៣-​ការ​ពុះ​ដី​ឡូត៍​លក់ និង​សាងសង់​ដោយ​ពុំ​មានច្បាប់​អនុញ្ញាត​ពី​អាជ្ញាធរ និង​អង្គភាព​ពាក់ព័ន្ធ​ត្រឹមត្រូវ

និង​ទី​៤-​ការ​ពុះ​ដី​ឡូត៍​លក់ ឬ​សាងសង់​ដោយ​អនាធិបតេយ្យ ដែល​មិន​គោរព​តាម​ប្លង់​គោល ផែនការ​ប្រើប្រាស់​ដី និង​បទ​ប្បញ្ញត្តិ​នគរូបនីយកម្ម​ឲ្យ​បាន​ត្រឹមត្រូវ ជាដើម ។

លិខិត​ដដែល​បាន​បញ្ជាក់​ថា ៖« ដើម្បី​ពង្រឹងគុណភាព​នៃ​ការ​ប្រើប្រាស់​ដី និង​ការ​គ្រប់​គ្រង​ដីធ្លី និង​សំណង់​ប្រកបដោយ​ប្រសិទ្ធភាព និង​សុវត្ថិភាព​ខ្ពស់ សូម​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​ចាត់វិធានការ​ទប់ស្កាត់​ឲ្យ​បាន​ល្អ និង​រាយការណ៍​បទល្មើស​ជាក់ស្តែង​ឲ្យ​បាន​ទាន់​ពេលវេលា » ។

លិខិត​ដដែល​បាន​ណែនាំ​នូវ​៣​ចំណុច​សំខាន់​ៗ​ដូច​ជា ៖

ទី​១-​ត្រូវ​សុំ​ច្បាប់​អនុញ្ញាត​ជា​មុន​សិន មុន​នឹង​សាងសង់ ឬ​ពុះ​ដី​ឡូត៍​របស់​ខ្លួន​ដើម្បី​លក់​ឬ​ដោះ​ដូរ ។

ទី​២-​ដាច់ខាត​បិទ​ការ​ដាក់​តាំង​បង្ហាញ​ឲ្យ​បាន​ច្បាស់លាស់​ទៅ​នឹង​ទីតាំង​ដី ឬ​ទីតាំង​ផ្ទះ​ជាក់ស្តែង និង​នៅ​ការិយាល័យ​លក់​ដី ឬ​ការដ្ឋាន​នោះ​តែ​ម្តង នូវ​ឯកសារ​ស្របច្បាប់ ដែល​បាន​អនុញ្ញាត​ឲ្យ​ពុះ​ដី​ឡូត៍​លក់ ឬ​សាងសង់

និង​ទី​៣-​ត្រូវ​ប្រគល់​ជូន​អតិថិជន​នូវ​ឯកសារ​បញ្ជាក់​ចម្លង​ពី​ច្បាប់​ដើម នៃ​លិខិតអនុញ្ញាត​ស្របច្បាប់​ពី​អង្គភាព​ទទួលខុសត្រូវ​ឲ្យ​ពុះ​ដី​ឡូត៍​លក់ ឬ​ឲ្យ​សាងសង់​លើ​ដី ឬ​ដី​ផ្ទះ​នោះ ដូច​ជា អាជ្ញាប័ណ្ណ ឬ​លិខិតអនុញ្ញាត​ច្បាប់ និង​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី ព្រមទាំង​លិខិត​ស្នាម ឬ​ឯកសារ​ពាក់ព័ន្ធ​ចាំបាច់​ផ្សេង​ៗ ។

ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក​បណ្ឌិត គី​ម ហ៊ា​ង បាន​លើក​ឡើង​ថា ការ​ពុះ​ដី​ឡូត៍​លក់​បាន​ក្លាយជា​បញ្ហា​ប្រឈម​យូរ​មក​ហើយ ដោយ​សារ​អ្នក​អភិវឌ្ឍន៍​មួយ​ចំនួន​បាន​យក​ដី​គេ​ទៅ​លក់ បន្ទាប់​ពី​កក់​ប្រាក់​ទៅ​ម្ចាស់​ដី ដែល​នេះ​ជា​បញ្ហា​ប្រឈម​មួយ​សម្រាប់​អ្នកទិញ​ដី​ឡូត៍ ប៉ុន្តែ​ទោះជា​យ៉ាងណា ការ​ពុះ​ដី​ឡូត៍​លក់​ក៏​មានគុណ​សម្បត្តិ​ផង​ដែរ ប្រសិនជា​អ្នក​ពុះ​ដី​ឡូត៍​លក់​ធ្វើ​តាម​នីតិវិធី​ច្បាប់ ព្រោះ​ដី​ឡូត៍​បាន​ជួយ​ដល់​អ្នកមាន​ជីវភាព​ថ្នាក់ទាប​អាច​សន្សំ​លុយ​ទិញ​បាន និង​អាច​សាងសង់​ផ្ទះ​រស់នៅ​នា​ពេល​អនាគត ។

លោក​បន្ត​ថា ៖« ហេតុនេះ អ្នកទិញ​ដី​ឡូត៍​គួរ​ប្រយ័ត្ន​ទាក់ទង​នឹង​ប្លង់ ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា ដី​ឡូត៍​ដែល​ខ្លួន​បាន​ទិញ​ជា​ដី​ស្របច្បាប់ និង​គ្មាន​ហានិភ័យ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ