រាជធានីភ្នំពេញ ៖ ស្រីស្រស់សោភាស្រវឹងស្រាធ្លាក់ភ្នែកបើកបររថយន្តបោះពួយយ៉ាងលឿនរេចង្កូតទៅបុកគូទរថយន្តប្រមូលស៊ីនទ្រីមួយគ្រឿង ដែលកំពុងឈប់ចតយកសំរាមបណ្ដាលឲ្យកម្មករម្នាក់រងរបួសបាក់ជើង ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ ត្រង់ចំណុចខាងត្បូងអង់តែនទួលគោក ប្រមាណ១០០ម៉ែត្រ តាមបណ្ដោយផ្លូវ២៨៩ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញស្ត្រីវ័យប្រមាណ៣០ឆ្នាំម្នាក់ស្រវឹងជោកជាំ បើកបររថយន្តមួយគ្រឿងម៉ាកហាយឡែនឌ័រ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ ២U-៨៣១៥ ធ្វើដំណើរតាមបណ្ដោយផ្លូវ២៨៩ ទិសដៅពីត្បូងទៅជើង និងក្នុងល្បឿនយ៉ាងលឿន ។ លុះមកដល់ចំណុចកើតហេតុ រថយន្តខាងលើក៏បានរេចង្កូតទៅខាងស្តាំទៅបុកបុរសម្នាក់ ដែលជាកម្មករប្រមូលសំរាមរបស់ក្រុមហ៊ុនស៊ីនទ្រី ដែលកំពុងឈរលើកសំរាមដាក់ចូលរថយន្ត បណ្ដាលឲ្យរងរបួសបាក់ជើងខាងឆ្វេង ហើយរថយន្តបង្កក៏បន្តទៅបុកគូទរថយន្តស៊ីនទ្រី ដែលកំពុងឈប់ចតយកសំរាមនៅលើចិញ្ចើមផ្លូវ ចំពីក្រោយពេញទំហឹង បណ្ដាលឲ្យរថយន្តស៊ីនទ្រី រងការខូចខាតវាចផ្នែកខាងក្រោយ ចំណែកឯរថយន្តបង្ករងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ។ ភ្លាមៗនេះអ្នកបើកបររថយន្តបង្កមិនចុះពីលើរថយន្តដើម្បីធ្វើការដោះស្រាយគ្នានោះទេគឺអង្គុយសង្ងំនៅតែក្នុងរថយន្តរបស់ខ្លួន បន្ទាប់មកក៌ឃើញមានរថយន្តមួយគ្រឿងទៀតម៉ាកឡិចស៊ីស RX៣៣០ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ ២AU-៣៣៨៩ បានបើកមកយកស្ត្រីដែលជាអ្នកបើកបររថយន្តបង្កគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល បន្សល់ទុកតែរថយន្តនៅនឹងកន្លែងកើតហេតុ ។
ក្រោយពេលកើតហេតុ បុរសរងគ្រោះត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ដោយឡែករថយន្តទាំងពីរត្រូវបានសមត្ថកិច្ចជំនាញធ្វើការវាស់វែងយកទៅរក្សាទុកការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ ៕|
ចែករំលែកព័តមាននេះ