កម្មករខ្មែរម្នាក់ធ្វើឱ្យគេ​អាណិត​ និងមិនអាចឈរមើលតែ​នឹង​ភ្នែក​​​​បាន


ខេត្តបន្ទាយមានជ័យ ៖ ក្នុង​សភាព​ដូច​អស់សង្ឃឹម បុរស​ម្នាក់​អង្គុយ​ម្នាក់ឯង​ រហូត​ដល់​យប់​ក្នុង​បរិវេណ​វត្ត​បា​លិ​លេ​យ្យ ក្នុងភូមិ​ក្បាលស្ពាន​២ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។ លុះ​នៅពេល​សួរនាំ​ទើប​ដឹង​ការ​ពិត​និង​សែន​អាណិត​ជា​ពន់ពេក គឺ​គាត់​ជា​ពលករ​ ដែល​គេ​ទើប​បញ្ជូន​មក​ពី​ថៃ ហើយ​ពេល​នេះ​គ្មាន​ប្រាក់​សូ​ម្បី​តែ​១​រៀល​ដើម្បី​ធ្វើ​សា​ហ៊ុយ​ទៅ​ស្រុក​កំណើត​ទេ ។ ពលករ​រូប​នេះ​ឈ្មោះ វន រ​ដ្ឋា អាយុ​៣០​ឆ្នាំ ជា​កម្មករ​​សំណង់​​នៅ​ក្រុង​បាងកក ប្រទេស​ថៃ និង​មាន​ទីលំនៅ​ក្នុងភូមិ​ក្រាំង​ស្បូវ ឃុំ​ព្រះពុទ្ធ ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្តាល​។ ក្នុង​ភាព​អស់សង្ឃឹម​ពលករ​រូប​នេះ​អង្គុយ​នៅ​ក្នុង​បរិវេណ​វត្ត​ខាងលើ​រហូត​ដល់​យប់ ។

នៅ​ពេល​ភ្នាក់ងារ​កោះសន្តិភាព ​សាកសួរ​ត្រូវ​បាន​ប្រាប់​ថា រូប​គាត់​ទើបត្រូវ​បាន​គេ​បញ្ជូន​តាម​រថយន្ត​ទ្រុង​របស់​ថៃ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត កាលពី​យប់​ថ្ងៃ​ទី​១៨ ខែមីនា បន្ទាប់​ពី​ជាប់គុក​ធំ​(​ស៊ូ​ន​ប្លូ​)​របស់​ថៃ​អស់​រយៈពេល​ជាង​១០​ថ្ងៃ​ ។ ​គាត់​បាន​ឆ្លង​ព្រំដែន​ក្នុង​ខេត្តបន្ទាយមានជ័យ​ តាម​រយៈ​មេខ្យល់​អស់ប្រាក់​២.៧០០​បាត ដោយ​គេ​នាំ​ទៅ​ធ្វើការ​ជា​កម្មករ​សំណង់​នៅ​ក្រុង​បាងកក​បាន​ប្រហែល​១​ខែ​។ ប៉ុន្តែដោយ​សារ​ការងារ​សំណង់​នោះ​ខ្លួន​មិនសូវ​ចេះ​ក៏​ត្រូវ​ថៅកែ​ថៃ​បញ្ឈប់ ប៉ុន្តែ​មិន​បាន​ប្រាក់​សូ​ម្បី​១​បាត​ឡើយ ។ ពលករ​រូប​នេះ​និយាយ​ទៀត​ថា ខណៈ​កំពុងដើរទៅ​រក​រថយន្ត​ជិះ​ត្រឡប់​មក​ស្រុក​នៅ​ចំណតរថយន្ត​«​ម៉​ឈី​ត​» ស្រាប់តែ​តម្រួត​ថៃ​ចាប់​ដាក់គុក​ស៊ូ​ន​ប្លូ​អស់​ជាង​១០​ថ្ងៃ និង​ទើបតែ​បញ្ជូន​ត្រឡប់ មក​វិញ​នា​ពេល​នេះ ។

អ្វី​ដែល​គួរ​ឲ្យ​អាណិត​បំផុត​នោះ គឺ​ពលករ​រូប​នេះ​អះអាង​ថា នា​យប់​ថ្ងៃ​១៨ ខែមីនា នៅ​ពេល​សមត្ថកិច្ច​ថៃ​បញ្ជូន​ដល់ទី​តាំង​ទទួល​ពលករ​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត ខណៈ​ដើរ​ចេញពី​ទីនោះ គាត់​បាន​ទៅ​អង្គុយ​នៅ​ចំណុច​រង្វង់​មូល​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​មួយ​យប់​ទល់​ភ្លឺ ព្រោះតែ​គ្មាន​ប្រាក់​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ស្រុក​វិញ ពិសេស​ថ្លៃ​ផ្ទះសំណាក់ ។ បន្ទាប់​មក ក៏​បន្ត​មក​សម្រាក​នៅ​វត្ត​បា​លិ​លេ​យ្យ​មួយ​ថ្ងៃ​ទល់​យប់​ទៀត​នៅ​ថ្ងៃ​ទី​១៩ ខែមីនា ។

យ៉ាងណា​ក៏​ដោយ តាម​រយៈ​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព ពលករ​រូប​នេះ​ត្រូវ​បាន​សាខា​លក់​សំបុត្រ​រថយន្តក្រុង​យីហោ​«​អា​ជី​ហេង​»​ជួយ​សំបុត្រ​រថយន្តក្រុង​១​សន្លឹក ដើម្បី​បាន​បន្តដំណើរ​ទៅ​ជួប​ប្រពន្ធ​កូន​នៅ​ឯ​ស្រុក​កំណើត ។ ក្រៅពី​នេះ ដោយ​មើលឃើញ​ពី​ការ​ខ្វះខាត​នេះ ព្រះសង្ឃ​គង់នៅ​វត្ត​បា​លិ​លេ​យ្យ​នាម ម៉ា​ឡៃ និង​អ្នក​យក​ព័ត៌មាន​យើង ក៏​បាន​ជួយ​ឧបត្ថម្ភ​ជា​ប្រាក់​កាស​មួយ​ចំនួន​ដល់​ពលករ​រូប​នេះ​ដែរ ដើម្បី​បាន​ទិញ​នំចំណី​ហូប​តាម​ផ្លូវ ៕​

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ