ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកលក់​កាហ្វេ​ចល័ត​មិន​បារម្ភ​ ទោះបី​កាហ្វេ​ប្រេ​ន​ៗកើន​ឡើង​​ក្តី

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាហ្វេ​លក់​តាម​រទេះ​តូច​ៗ ឬ​រ៉ឺ​ម៉ក​ម៉ូតូ ដែល​កន្លង​មក​បងប្អូន​ប្រជា​ពល​រដ្ឋ​តែងតែ​សង្កេត​ឃើញ​ក្រុម​អ្នកលក់​ទាំងនោះ អូស​ឬ​ជិះ​ដើរ​លក់​ចល័ត​តាម​ដងផ្លូវ​សាធា​​រណៈ និង​មួយ​ចំនួន​ផ្សេង​ទៀត លក់​នៅ​តាម​ទីធ្លា​មុខ​សាលារៀន មន្ទីរពេទ្យ រោង​ច​ក្រ…

រាជធានី​ភ្នំពេញ ៖ កាហ្វេ​លក់​តាម​រទេះ​តូច​ៗ ឬ​រ៉ឺ​ម៉ក​ម៉ូតូ ដែល​កន្លង​មក​បងប្អូន​ប្រជា​ពល​រដ្ឋ​តែងតែ​សង្កេត​ឃើញ​ក្រុម​អ្នកលក់​ទាំងនោះ អូស​ឬ​ជិះ​ដើរ​លក់​ចល័ត​តាម​ដងផ្លូវ​សាធា​​រណៈ និង​មួយ​ចំនួន​ផ្សេង​ទៀត លក់​នៅ​តាម​ទីធ្លា​មុខ​សាលារៀន មន្ទីរពេទ្យ រោង​ច​ក្រ ឬ​ទី​វត្ត​អារាម​ជាដើម​នោះ បច្ចុប្បន្ន​នៅ​តែ​ជា​តម្រូវការ​របស់​បងប្អូន​ពលរដ្ឋ​ទូទៅ​ដដែល បើ​ទោះបី​មាន​កំណើន​នៃ​បើកហាង​កាហ្វេ​ល្បី​ៗ និង​ទំនើប​ៗ​ជា​ច្រើន​ក៏​ដោយ ។

កាហ្វេ​លក់​តាម​រទេះ ឬ​លក់​តាម​រ៉ឺ​ម៉ក​ម៉ូតូ​នេះ ជា​ទូទៅ​មាន​តម្លៃ​ត្រឹមតែ​១.៥០០​រៀល​ប៉ុណ្ណោះ ក្នុង​១​កែវ ឬ​១​កំប៉ុង ។ បើ​ធៀប​នឹង​កាហ្វេ​លក់​នៅ​ហាង និង​កាហ្វេ​ម៉ាក​យីហោ​ល្បី គឺ​ធូរ​ថ្លៃ​ជាង​ដល់​ទៅ​៤​ឬ​៥​ដង​ឯណោះ ។ យ៉ាងនេះ​ក្ដី សម្រាប់​កាហ្វេ​លក់​ចល័ត​ក៏​នៅ​មាន​អតិថិជន​គាំទ្រ​ខ្លាំងក្លា​ដដែល ជា​ពិសេស​បងប្អូន​ដែល​មាន​ជីវភាព​ធ​ម្យ​ម ។

លោក មា​ជ សុខ​ហាក់ វ័យ​ជាង​៤០​ឆ្នាំ ជា​អាជីវករ​លក់ដូរ​នៅ​ផ្សារ​ច្បារ​អំពៅ បាន​ឲ្យ​ដឹង​ថា លោក​តែង​ហូប​កាហ្វេ​លក់​តាម​រទេះ ជា​ប្រចាំ​ថ្ងៃ​ដោយ​ក្នុង​១​ថ្ងៃ​២​ពេល គឺ​ពេល​ព្រឹក និង​ល្ងាច ដោយ​ទាំង​២​លើក​នេះ​បាន​ចំណាយ​អស់​តែ​៣​ពាន់​រៀល​ប៉ុណ្ណោះ ខុស​ពី​ការ​ហូប​កាហ្វេ​នៅ​កន្លែង​ទំនើប​ៗ​ដែល​មាន​តម្លៃ​ថ្លៃ​ជាង​៣​ទៅ​៤​ដង​ឯណោះ ។

លោក​ថា ៖« ខ្ញុំ​ក៏​មាន​លទ្ធភាព​ទៅ​ហូប​កាហ្វេ​នៅ​កន្លែង​ទំនើប​ៗ​ដែរ តែ​យើង​ជា​អ្នក​រកស៊ី​ធម្មតា មិន​ចង់​ចំណាយ​ប្រាក់​កាស​ច្រើន​ទៅ​លើ​ការ​ហូប​កាហ្វេ​គ្រាន់​បំបាត់​ការ​ស្រេកទឹក​នោះ​ទេ ។ ម្យ៉ាងវិញទៀត កាហ្វេ​នៅ​កន្លែង​ល្អ​រសជាតិ​ក៏​មិន​ខុស​គ្នា​ប៉ុន្មាន​ពី​កាហ្វេ​តាម​រទេះ​ដែរ »​។

ស្ត្រី​អ្នកលក់​កាហ្វេ​តាម​រទេះ​ម្នាក់​ឈ្មោះ ស៊ុន សុ​ផុ​ន អាយុ​៤៥​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​ក្នុង​ភូមិ​ឫស្សី សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ បាន​ប្រាប់​កោះសន្តិភាព​ឲ្យ​ដឹង​ថា អ្នកស្រី​ប្រកប​របរ​លក់ដូរ​កាហ្វេ​តាម​រទេះ​នេះ​អស់​រយៈពេល​ជាង​៤​ឆ្នាំ​មក​ហើយ ដោយ​ក្នុង​១​ថ្ងៃ​អាច​រក​ប្រាក់​ចំណេញ​ពី​បាន​៣​ម៉ឺន​រៀល បើ​មិន​គិត​ពី​ថ្លៃដើម​ដែល​បាន​ចំណាយ ។

អ្នកស្រី​បន្ត​ថា កាលពីមុន​គាត់​លក់​តែ​កាហ្វេ​ទឹកកក និង​កាហ្វេ​ទឹកដោះគោ​ទឹកកក​ប៉ុណ្ណោះ ប៉ុន្តែ​ទើប​២​ឆ្នាំ​ចុង​ក្រោយ​នេះ ក៏​លក់​ភេសជ្ជៈ​មួយ​ចំនួន​ទៀត ដូច​ជា ទឹកក្រូច អូ​វ៉ា​ន់ទី​ន និង​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ជាដើម ។

អ្នកស្រី ស៊ុន សុ​ផុ​ន បាន​បង្ហាញ​អារម្មណ៍​ថា​៖ « ខ្ញុំ​មិន​ដែល​ព្រួយបារម្ភ​ចំពោះ​ការ​លក់​មិន​ដាច់​នោះ​ទេ បើ​ទោះបីជា​បច្ចុប្បន្ន​មាន​ហាង​កាហ្វេ និង​ភេសជ្ជៈ​ទំនើប​ៗ​ច្រើន​ក៏​ដោយ ព្រោះ​បច្ចុប្បន្ន​នៅ​មាន​ក្មេង​ៗ​សិស្សសាលា​ថ្នាក់បឋមសិក្សា រួម​ជាមួយ​បងប្អូន​កម្មករ​-​កម្ម​​ការ​នី​រោងចក្រ​កាត់ដេរ​ជា​ច្រើន​នៅ​តែ​បន្ត​ជួយ​ទិញ​កាហ្វេ​របស់ខ្ញុំ​ជា​រៀងរាល់ថ្ងៃ ព្រោះ​ពួក​គាត់​ទាំងនោះ​ពុំ​សូវ​មាន​លទ្ធភាព​ទិញ​កាហ្វេ ឬ​ភេសជ្ជៈ​នៅ​កន្លែង​ទំនើប​ៗ ហូប​រាល់ថ្ងៃ​នោះ​ទេ ។ ដូច្នេះ​គឺ​ខ្ញុំ​មាន​អតិថិជន​គោលដៅ​របស់ខ្ញុំ »​។

ជា​ការ​លើក​ឡើង​ស្រ​ដៀង​គ្នា​នេះ​ដែរ កញ្ញា​ទូច ស្រី​ធា អាយុ​៣១​ឆ្នាំ ដែល​លក់​កាហ្វេ និង​ភេសជ្ជៈ​តាម​រ៉ឺ​ម៉ក​ជា​ប្រចាំ​ថ្ងៃ​នៅ​ទល់មុខ​ខ្លោងទ្វារវត្ត​ន​ន្ទ​មុនី ស្ថិត​តាម​បណ្តោយ​ផ្លូវ​២១៧ ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ បាន​បញ្ជាក់​អារម្មណ៍​ថា កញ្ញា​មិន​ដែល​ភ័យ​ព្រួយ និង​ធ្លាប់​គិត​ថា គ្មាន​អ្នកទិញ​កាហ្វេ និង​ភេសជ្ជៈ​នោះ​ឡើយ ។

កញ្ញា​ស្រី​ធា ថា ៖« ព្រោះ​មាន​ពលរដ្ឋ​ច្រើន​ណាស់​ដែល​សុទ្ធ​សឹង​ជា​ពលរដ្ឋ​ធម្មតា​ដែល​មិន​ហ៊ាន​ចំណាយ​ប្រាក់​កាស​ច្រើន​ក្នុង​ការ​ទៅ​ទិញ​ភេសជ្ជៈ​ឬ​កាហ្វេ​នៅ​កន្លែង​ថ្លៃ​ឡើយ ពិសេស​ក្មេង​ៗ​តូច​ជា​សិស្សសាលា អ្នក​រត់​ម៉ូតូឌុប និង​កម្មករ​កម្មការិនី​រោងចក្រ​ជាដើម ព្រោះ​ពួក​គាត់​ហូប​កាហ្វេ​១​កែវ តម្លៃ​១.៥០០​រៀល អស់​៤​កែវ ទើប​ស្មើនឹង​កាហ្វេ​នៅ​កន្លែង​​ទំនើប​១​កែវ​។ ទោះបីជា​មាន​ហាង​ទំនើប​ច្រើន​យ៉ាងណា គឺ​មិន​ប៉ះពាល់​ដល់​អតិថិជន​របស់ខ្ញុំ​ដែរ »​។

បច្ចុប្បន្ន​នេះ ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ក្នុង​កម្រិត​មធ្យម​ច្រើន​ជាង​មុន ពួក​គេ​តែងតែ​ចូល​ចិត្ត​នាំ​គ្នា​ទៅ​ហូប​កាហ្វេ ឬ​ភេសជ្ជៈ​នៅ​ហាង​កាហ្វេ​ទំនើប​ៗ ហើយ​ក្រុម​យុវជន​និង​យុវ​វ័យ​ជា​ច្រើន​តែង​ណាត់គ្នា​ទៅ​អង្គុយ​ផឹក​កាហ្វេ​នៅ​ទីតាំង​ទំនើប​ៗ​ទាំងនោះ ដើម្បី​ជជែក​គ្នា​លេង ពិភាក្សា​ការងារ ឬ​ធ្វើ​លំ​ហាត់​មេរៀន​ជាដើម ព្រោះ​នៅ​ទីតាំង​ទាំងនោះ មាន​កន្លែង​អង្គុយ​ត្រជាក់​ល្អ មាន​ដើមឈើ​ហ៊ុម​ព័ទ្ធ​ជុំវិញ​បរិវេណ​ខាងក្រៅ ពិសេស​មាន​ការ​រៀបចំ​បាន​ស្អាត​ល្អ មាន​អនាម័យ រួម​ជាមួយ​ម៉ាស៊ីនត្រជាក់ ប្រកបដោយ​ផាសុក​ភាព។ ទោះជា​យ៉ាងនេះ​ក្ដី កាហ្វេ​ចល័ត​តាម​រ៉ឺ​ម៉ក​នៅ​តែ​ដើរតួ​នាទី​សំខាន់ និង​ស្រូប​បាន​ចំណែក​ទីផ្សារ​ខ្ពស់​ផង​ដែរ ព្រោះ​ចំនួន​ពលករ​ចំណាកស្រុក​កំពុងធ្វើការ​នៅ​វិស័យ​សំណង់ កម្មករ​សំណង់ បុគ្គលិក​ក្រុមហ៊ុន ឬ​អង្គការ​នានា ក៏​នៅ​គាំទ្រ​ច្រើន​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ