ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោង​លំនៅ​ឋាន​តម្លៃ​មធ្យម​ ម៉ុង ឫ​ទ្ធី ខុស​ប្លែក​ពី​គម្រោង​ដទៃ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេដ្ឋី​កសិកម្ម​កម្ពុជា​លោក​ឧកញ៉ា ម៉ុង ឫ​ទ្ធី ដែល​ធ្លាប់តែ​ល្បីល្បាញ​ខាង​ជំនួញ​កសិកម្ម ពេល​នេះ​បាន​ប្រកាស​ចូលខ្លួន​មក​អភិវឌ្ឍន៍​វិស័យ​លំនៅ​ឋាន​តម្លៃ​សមរម្យ និង​កំពុង​ត្រូវ​បាន​មហាជន​ទាំង​ក្នុង និង​ក្រៅ​ស្រុក ពិសេស​អ្នកជំនួញ​អចលន​ទ្រព្យ​ចាប់អារម្មណ៍…

រាជធានី​ភ្នំពេញ ៖ សេដ្ឋី​កសិកម្ម​កម្ពុជា​លោក​ឧកញ៉ា ម៉ុង ឫ​ទ្ធី ដែល​ធ្លាប់តែ​ល្បីល្បាញ​ខាង​ជំនួញ​កសិកម្ម ពេល​នេះ​បាន​ប្រកាស​ចូលខ្លួន​មក​អភិវឌ្ឍន៍​វិស័យ​លំនៅ​ឋាន​តម្លៃ​សមរម្យ និង​កំពុង​ត្រូវ​បាន​មហាជន​ទាំង​ក្នុង និង​ក្រៅ​ស្រុក ពិសេស​អ្នកជំនួញ​អចលន​ទ្រព្យ​ចាប់អារម្មណ៍ ។

គម្រោង​លំនៅ​ឋាន​តម្លៃ​សមរម្យ​នេះ អាច​ចាត់​ទុក​ថា​ប្លែក​ពី​គម្រោង​ដទៃ ដោយសារ​តម្លៃ​លំនៅ​ឋាន​ក្នុង​គម្រោង​នេះ​ចាប់ពី​៧​ម៉ឺន​ដុល្លារ​ឡើង និង​មា​នទី​តាំងនៅ​តំបន់​ភ្នំ ខុស​ពី​គម្រោង​លំនៅ​ឋាន​តម្លៃ​សមរម្យ​របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​ដទៃ​ដែល​មាន​តម្លៃ​ត្រឹម​ក្រោម​៤​ម៉ឺន​ដុល្លារ និង​មា​នទី​តាំងនៅ​ទីប្រជុំជន ។

បើ​តាម​លោក​ឧកញ៉ា ម៉ុង ឫ​ទ្ធី ប្រធាន​ក្រុមហ៊ុន ម៉ុង ឫ​ទ្ធី គ្រុប បាន​ឲ្យ​ដឹង​ថា គម្រោង​មាន​ឈ្មោះ​ថា​«​ទីក្រុង​ភ្នំ​» សព្វថ្ងៃ​កំពុង​សម្រុក​កសាង​ហេដ្ឋារចនាសម្ព័ន្ធ នឹង​ត្រៀម​បើក​ការ​ដ្ឋាន​សាងសង់​ឆាប់​ៗ​ខាង​មុខ​នេះ​នៅ​លើ​ផ្ទៃដី​ប្រមាណ​៣០០​ហិ​កតា ស្ថិត​នៅ​តំបន់​ភ្នំ ក្នុងស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ដោយ​គ្រោង​សាងសង់​លំនៅ​ឋាន​ចំនួន​៣០០​ខ្នង មាន​តម្លៃ​យ៉ាងតិច​៧​ម៉ឺន​ដុល្លារ​ឡើង ។

លោក​ឧកញ៉ា​បន្ត​ថា ៖« គម្រោង​សាងសង់​ផ្ទះ​តម្លៃ​មធ្យម​មួយ​នេះ​សម្រាប់​អ្នក​រស់នៅ​ក្នុង​តំបន់​មាន​ចំណាប់អារម្មណ៍​តិចតួច តែ​អ្នក​នៅ​ក្រុងភ្នំពេញ និង​ក្រៅប្រទេស មាន​ចំណាប់​អារម្មណ៍​ច្រើន ជា​ពិសេស​ខ្មែរ​យើង​ទៅ​រស់នៅ​ក្រៅប្រទេស គឺ​បាន​ទាក់ទង​មក​ច្រើន ចង់​បាន​ម្នាក់​១​ខ្នង​ដើម្បី​ចាស់​ទៅ​មក​រស់នៅ​ស្រុក​វិញ »​។

គម្រោង​«​ទីក្រុង​ភ្នំ​»​នេះ មាន​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ​យ៉ាង​ប្រណីត ទីធ្លា​និង​ផ្ទះ​នីមួយ​ៗ​មាន​ទំហំ​ជាង​១​ពាន់​ម៉ែត្រការ៉េ នៅ​ដាច់​ពី​គ្នា​និង​មាន​របង​ព័ទ្ធ​ជុំវិញ មាន​សួន​ច្បារ ចំណតរថយន្ដ ។ ចំណែក​ទី​សាធារណៈ​មាន​ស្រះ​ទឹក​១៣​កន្លែង និង​ដើមឈើ​ជាង​១​លាន​ដើម ប្រកបដោយ​បរិយាកាស​បរិសុទ្ធ​គួរ​ជាទី​រស់នៅ ដែល​ក្រុមហ៊ុន​បាន​ចំណាយ​ពេល​រៀបចំ​អស់​រយៈពេល​១០​ឆ្នាំ​មក​ហើយ ។ ដូច្នេះ​តម្លៃ​នេះ​បើ​គិត​ពី​ការ​ទិញ​ដី បូក​នឹង​តម្លៃ​ផ្ទះ មិនជា​ថ្លៃ​ណាស់​នោះ​ទេ ។

លោក​ឧកញ៉ា​ថា ៖« បើ​គាត់​[​អតិថិជន​]​យក​លុយ​១០​ម៉ឺន​ដុល្លារ​មក​ទិញ​ដី​សង់ផ្ទះ ក៏​អត់​បាន​ដែរ ម្ល៉ោះហើយ​គាត់​ចង់​ជ្រើសរើស​ផ្ទះ​បែប​ហ្នឹង​ដែល​ទំហំ​១.២០០​ម៉ែត្រការ៉េ យើង​មាន​ដាំ​ដើមឈើ​ឱ្យ និង​ថែទាំ​ផ្ទះ​ឱ្យ​ទាំងអស់ ។ អីចឹង​វា​មាន​ភាព​ងាយស្រួល ហើយ​តម្លៃ​ផ្ទះ គិត​ទាំងអស់​យ៉ាងតិច​៧​ម៉ឺន​ដុល្លារ និង​មាន​មួយ​ប្រភេទ​ទៀត​លើស​ពី​៧​ម៉ឺន​ដុល្លារ»។

លោក​ឧកញ៉ា​លើក​ឡើង​ថា ៖« នៅ​ប្រទេស កូរ៉េ តៃវ៉ាន់ និង​ជប៉ុន គេ​មាន​ទីក្រុង​ឆ្នេរ​សមុទ្រ ទន្លេ និង​ទីក្រុង​ភ្នំ ។ ចំណែក​យើង​រាល់ថ្ងៃ​មាន​ទន្លេ សមុទ្រ និង​ភ្នំ អីចឹង​ខ្ញុំ​មាន​ចំណាប់អារម្មណ៍​មួយ​គឺ​ភ្នំ ។ ដូច្នេះ ខ្ញុំ​ធ្វើ​ជាទី​ក្រុង​ភ្នំ ហើយ​ឥឡូវនេះ នៅ​ចុង​ស​ប្តា​ហ៍ មាន​សិស្សសាលា​តែង​នាំ​គ្នា​ទៅ​លេង​កម្សាន្ដ​ស្រូប​យក​ខ្យល់អាកាស​បរិសុទ្ធ ដោយសារ​ដើមឈើ​ទាំងនោះ​ក៏​ចាប់​លូតលាស់​ធំ​ៗ​ខ្លះ​ហើយ​ដែរ »​។

អ្នកជំនាញ​អចលនទ្រព្យ​លំដាប់​អន្តរជាតិ លោក វ៉ា វី​រៈ នាយក​ក្រុមហ៊ុន Century 21 មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ទី​៩ មីនា ថា គម្រោង​ដែល​គ្រោង​អភិវឌ្ឍន៍​នេះ បើ​នៅ​ភ្នំពេញ​មិនជា​ធំ​នោះ​ទេ ប៉ុន្តែ​បើ​សាងសង់​នៅ​តាម​ខេត្ត គឺជា​គម្រោង​ដ៏​ធំ​មួយ ឬ​ធំ​ជាងគេ​នៅ​ក្នុង​ខេត្ត ហើយនឹង​ជួយ​ឲ្យ​តម្លៃ​ដីធ្លី និង​សកម្មភាព​ទិញ​លក់​កាន់តែ​មាន​សន្ទុះ​ថែម​មួយ​កម្រិត​ទៀត ។

លោក​បន្ត​ថា ៖« នៅ​ពេល​មានការ​អភិវឌ្ឍ​សាងសង់​ជា​បុរី និង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ហើយ​តម្លៃ​ផ្ទះ​លក់​ប៉ុណ្ណឹង ខ្ញុំ​គិត​ថា​តម្លៃ​ដី​នៅ​ក្នុង​តំបន់​ហ្នឹង នឹង​កើនឡើង​បន្ថែម​ទៀត ។ លើស​ពី​នេះ ក្រោយ​គម្រោង​នេះ​អភិវឌ្ឍន៍​រួច អាច​មាន​គម្រោង​ធំ​ៗ​របស់​អ្នក​ផ្សេង​ទៀត នឹង​ចូលខ្លួន​សាងសង់​ផ្ទះ​តម្លៃ​ទាប​ជាង​នេះ​នៅ​ក្បែ​ៗ​នោះ​ដែរ ព្រោះ​ដី​នៅ​តំបន់​នោះ​ធូរ​ថ្លៃ ដើម្បី​បង្កើត​ជា​ជម្រើស​បន្ថែម​ជូន​អតិថិជន ។ ជាង​នេះ​ទៅ​ទៀត នៅ​ថ្ងៃ​អនាគត អាច​ក្លាយជា​តំបន់​ដែល​មាន​សក្តានុពល​ថែម​ទៀត »​។

លោក​បន្ថែម​ថា ៖« ជា​ទូទៅ​នៅ​តំបន់​នោះ តម្លៃ​ដី​នៅ​ធូរ​ថ្លៃ មិន​ទាន់​ជា​ថ្លៃ​ណាស់ណា​ទេ ប៉ុន្តែ​បើ​មានការ​អភិវឌ្ឍ​គម្រោង​ដូច​ខាងលើ ខ្ញុំ​គិត​ថា​តម្លៃ​ដី​នឹង​កើនឡើង ។ ជា​ពិ​សេ​បើ​ដី​នៅ​តំបន់​ក្បែរផ្លូវ​ល្បឿន​លឿន ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះ​សីហ​នុ គឺ​កាន់តែ​មាន​សក្ដានុពល​ថែមទៀត » ។

ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​នៃ​ក្រុមហ៊ុន Emerging Markets Consulting មើលឃើញ​ថា មាន​មូលហេតុ​ធំ​ៗ​ពីរ​ដែល​ក្រុមហ៊ុន​លោក​ឧក​ញ៉ា ម៉ុង ឫ​ទ្ធី ទៅ​អភិវឌ្ឍន៍​នៅ​តំបន់​នោះ ។

លោក ង៉ែត ជូ បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​ទី​១៦ មីនា ម្សិលមិញ​ថា ៖« គម្រោង​អភិវឌ្ឍន៍​នេះ ក្រុមហ៊ុន​អាច​មាន​មូលហេតុ​ធំ​ពីរ គឺ​ដីធ្លី​នៅ​តំបន់​នោះ​នៅ​មាន​ថ្លៃ​ទាប និង​ទីតាំង​ស្ថិត​នៅ​មិន​ឆ្ងាយ​ពី​ទីក្រុង​ភ្នំពេញ ដែល​ផ្ដល់​ភាព​ងាយស្រួល​សម្រាប់​ប្រជាពលរដ្ឋ​ចេញចូល និង​ធ្វើការ​នៅ​ភ្នំពេញ ។ លើស​ពី​នេះ​ខេត្តកំពង់ស្ពឺ ក៏​ជា​ខេត្ត​មាន​សក្តានុពល​ច្រើន​ទាក់ទង​នឹង​ឧស្សាហកម្ម​នា​ពេល​អនាគត ហើយ​ក៏​ជា​ផ្នែក​មួយ​នៃ​ការ​ពង្រីក​ទីក្រុង​ភ្នំពេញ​ដែល​កំពុង​អភិវឌ្ឍន៍​ដ៏​ខ្លាំងក្លា​ផង​ដែរ »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ