ខេត្តកំពង់ឆ្នាំង ៖ យន្តហោះខ្នាតតូចមួយគ្រឿងបានចុះចតទាំងបង្ខំ បន្ទាប់បុកជាមួយសត្វស្លាប បណ្ដាលឲ្យបែកកញ្ចក់ខាងមុខ មិនអាចហោះទៅមុខទៀតបាន ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ នៅចំណុចភូមិស្ទឹងជ្រៅ ឃុំកំពង់ព្រះគគី ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង ។
លោក ជាង សុវណ្ណារិទ្ឋ អធិការនគរបាលស្រុកបរិបូរណ៌ បានឲ្យដឹងថា ពិតជាមានយន្តហោះមួយគ្រឿង ពណ៌ក្រហម មានលេខសំគាល់ XU-២៨៨ ចុះចតដោយបង្ខំមែន ព្រោះតែបានហោះបុកនឹងសត្វស្លាប បណ្ដាលឲ្យបែកកញ្ចក់ខាងមុខ មិនអាចហោះបន្តទៅមុខទៀតបាន ហើយបានចុះចតដោយបង្ខំ លើដីចម្ការរបស់ប្រជាពលរដ្ឋ ជិតមាត់ទន្លេ នៅចំណុចភូមិស្ទឹងជ្រៅ ។ បន្ទាប់ពីបានចុះចត សមត្ថកិច្ចនគរបាលមូលដ្ឋាននៅទីនោះបានទៅដល់ និងបានជួយអន្តរាគមន៍ ការពារយន្តហោះខាងលើនោះ ។
លោកអធិការបានបន្តថា ក្រោយពេលចុះចត គេឃើញអ្នកជិះលើយន្តហោះខ្នាតតូចនោះ ចំនួន៣នាក់ មានបុរសពីរនាក់ជាជនជាតិបរទេស និងស្រី្តម្នាក់ជាជនជាតិខ្មែរ បានចុះមកពីលើយន្តហោះ ដោយពុំមានរងរបួសអ្វីទាំងអស់ ។ ជាមួយគ្នានោះ សមត្ថកិច្ចមូលដ្ឋានបានសួរនាំ ត្រូវបានស្ត្រីជិះក្នុងយន្តហោះខាងលើ ប្រាប់ថា ក្រុមរបស់ពួកគាត់ មានគោលបំណងទៅខេត្តសៀមរាប ដោយជិះតាមដងទន្លេ និងឆ្លងបឹងទន្លេសាបតែដោយចៃដន្យ បានបុកនឹងសត្វស្លាប បណ្ដាលឲ្យបែកកញ្ចក់មិនអាចហោះហើរបាន ទើបបង្ខំចិត្តចុះចត និងបានទូរស័ព្ទទៅខាងភ្នំពេញ យកគ្រឿងបន្លាស់មកជួសជុល ដើម្បីបន្តដំណើរទៅមុខទៀត ។ លោបានបន្តថា នៅម៉ោងប្រមាណ០១រសៀល មានយន្តហោះខ្នាតតូចមួយគ្រឿងមកពិនិត្យមើល រួចក៏ហោះត្រលប់ទៅវិញ ទំនងជាទៅយកគ្រឿងបន្លាស់មកជួសជុល ៕
ចែករំលែកព័តមាននេះ