រាជធានីភ្នំពេញ ៖ បុរសជនជាតិអាមេរិកម្នាក់ ត្រូវបានគេដឹកតាមរថយន្តសាមុយបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត កាលពីវេលាម៉ោង១រសៀលថ្ងៃទី១ មករា ឆ្នាំ២០១៣ បន្ទាប់ពីបុរសនោះដេកសន្លប់នៅលើគ្រែក្នុងបន្ទប់លេខ៤០៤ ជាន់ទី៤នៃសណ្ឋាគារវ៉កអឺបាវ អាសយដ្ឋានលេខ១០៩ កែងផ្លូវលេខ៥១ និងលេខ១៧៤ភូមិទី១១ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ តែគ្រូពេទ្យបានអះអាងថា ជនជាតិអាមេរិកនេះបានស្លាប់តាំងពីមុនពេលមកដល់មន្ទីរពេទ្យម្ល៉េះ។
ជនជាតិអាមេរិកដែលស្លាប់នេះត្រូវគេស្គាល់ថាឈ្មោះSMALL RALPH JOSEPH អាយុ៦៥ឆ្នាំ មកកម្ពុជាជាអ្នកទេសចរ កាន់លិខិតឆ្លងដែនលេខ៤៨០៨៦៨០៩១ ។ យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌដូនពេញឱ្យដឹងថា ជនជាតិអាមេរិកឈ្មោះSMALL RALPH JOSEPH បានមកជួលបន្ទប់សណ្ឋាគារវ៉កអឺបាវ ស្នាក់នៅកាលពីវេលាម៉ោង១១និង២៥នាទីយប់ថ្ងៃទី២៥ ធ្នូ ឆ្នាំ២០១២ ហើយនៅថ្ងៃទី២៩ ធ្នូ ឆ្នាំ២០១២ បុរសនេះបានប្រាប់អ្នកគ្រប់គ្រងសណ្ឋាគារថា ខ្លួនមានបញ្ហាសុខភាពដោយសារជំងឺបេះដូង ។ លុះនៅថ្ងៃទី១ មករា ម្ចាស់សណ្ឋាគារខាងលើឃើញអាការបុរសជនជាតិអាេមរិកមិនស្រួល រហូតសន្លប់ក៏ទូរស័ព្ទហៅរថយន្តសាមុយដឹកទៅមន្ទីរពេទ្យកាល់ម៉ែត ក៏ប៉ុន្តែនៅពេលទៅដល់គ្រូពេទ្យប្រាប់ថា បុរសរូបនេះបានស្លាប់តាំងពីមុនពេលមកដល់មន្ទីរពេទ្យម្ល៉េះ ។
មន្ត្រីនគរបាលមូលដ្ឋានមួយរូបនិយាយសុំមិនបញ្ចេញឈ្មោះបានលួចបង្ហើបប្រាប់ថា បុរសជនជាតិអាមេរិកដែលគ្រូពេទ្យនៅមន្ទីរពេទ្យកាល់ម៉ែតអះអាងថា បានស្លាប់មុនពេលមកដល់មន្ទីរពេទ្យនោះធាតុពិតគឺស្លាប់តាំងពីនៅក្នុងបន្ទប់ ដេករបស់ខ្លួនម្លេ៉ះ ប៉ុន្តែការនិយាយរបស់ម្ចាស់សណ្ឋាគារបែបនេះ គឺជាលេសដើម្បីដឹកសពចេញពីសណ្ឋាគារផងដែរ ។ មូលហេតុដែលបណ្តាលឱ្យបុរសនេះស្លាប់ទំនងជាប្រើប្រាស់គ្រឿងញៀនហួសកម្រិត ប៉ុន្តែពេលនេះបន្ទប់ស្នាក់នៅរបស់ជនជាតិអាមេរិករូបនេះត្រូវគេរៀបចំឡើងវិញទៅហើយ ។
ទាក់ទិននឹងការស្លាប់បុរសជនជាតិអាមេរិកនោះដែរនគរបាលកោសល្យវិច្ឆ័យបានប្រាប់ថា រហូតមកដល់ថ្ងៃទី២ មករា មិនមានខាងស្ថានទូតអាមេរិកប្រាប់ឱ្យនគរបាលជំនាញទៅពិនិត្យសពនៅឡើយទេ ដូច្នេះមិនទាន់អាចសន្និដ្ឋានពីមូលហេតុនៃការស្លាប់នេះបានឡើយហើយសពបានតម្កល់ទុកនៅសាលតម្កល់សពនៃមន្ទីរពេទ្យកាល់ម៉ែត ៕
ចែករំលែកព័តមាននេះ