ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តាប់​ហើយ​ព្រឺរោម ​ខាត់ សុ​ឃី​ម​ ដាក់​មួយ​បទ​រំជួលចិត្ត​យុវវ័យ​បែក​ស្លុយ (មាន​វីដេអូ)

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ពេល​ដែល​យុវវ័យ​សម័យ​ហ្វេ​ស​ប៊ុក​ចូល​ចិត្ត​ណាស់​បទ​​បែប​ស្លុយៗ ​និង​តារា​បរទេស​មក​សម្តែង​ម្តង​ៗ​បាក់​ទឹកបាក់​ទំនប់​និយាយ​មិន​ចេញ​ ប៉ុន្តែ​ឱ្យ​តែ​សិល្បៈ​វប្បធម៌​ខ្មែរ​ចេញ​មក ​ខ្លះ​ធម្មតា​អត់​សូវ​ផុស​ឡើង​ដូច​បរទេស​ឡើយ​។ ក្នុង​រយៈពេល​នេះ គេ​ឃើញ​តារាចម្រៀង​យុវវ័យ​ស្ទើរ​ទាំង​អស់​នៅ​ក្នុង​ប្រទេស​កម្ពុជា  ប្រជែង​គ្នា​ចេញ​បទ​បែក​ស្លុយ​ប្លែក​ៗ​ជា​ច្រើន ដោយ​មិន​ខ្វល់​ថា​…

រាជធានី​ភ្នំពេញ ៖ ក្នុង​ពេល​ដែល​យុវវ័យ​សម័យ​ហ្វេ​ស​ប៊ុក​ចូល​ចិត្ត​ណាស់​បទ​​បែប​ស្លុយៗ ​និង​តារា​បរទេស​មក​សម្តែង​ម្តង​ៗ​បាក់​ទឹកបាក់​ទំនប់​និយាយ​មិន​ចេញ​ ប៉ុន្តែ​ឱ្យ​តែ​សិល្បៈ​វប្បធម៌​ខ្មែរ​ចេញ​មក ​ខ្លះ​ធម្មតា​អត់​សូវ​ផុស​ឡើង​ដូច​បរទេស​ឡើយ​។

ក្នុង​រយៈពេល​នេះ គេ​ឃើញ​តារាចម្រៀង​យុវវ័យ​ស្ទើរ​ទាំង​អស់​នៅ​ក្នុង​ប្រទេស​កម្ពុជា  ប្រជែង​គ្នា​ចេញ​បទ​បែក​ស្លុយ​ប្លែក​ៗ​ជា​ច្រើន ដោយ​មិន​ខ្វល់​ថា​ បទ​ចម្រៀង​ទាំងនោះ​ជា​កា​រ​ពង្វក់​ដល់​ក្រុម​យុវវ័យ​ឱ្យ​ឈ្លក់​វង្វេង និង​ជា​ការ​រួមចំណែក​បំបាត់​នូវ​អត្តសញ្ញាណ​ខ្មែរ ដែល​ធ្លាប់តែ​វាយលុក​ដោយ​បទ​ចម្រៀង​ប្រពៃណី​ខ្មែរ​ក្នុង​ពេល​ចូល​ឆ្នាំ​មក​ដល់​នោះ​ទេ​។

យ៉ាងណា​ក៏​ដោយ គេ​នៅ​តែ​ឃើញ​តារាចម្រៀង អ្នក​នាង​ខាត់ សុ​ឃី​ម ប្រឹង​ចេញ​បទ​ប្រពៃណី ដោយ​ក្រៅពី​ចេញ​បទ​ចម្រៀង​សម្រាប់​គ្រាន់តែ​រាំ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​នៅ​ក្នុង​ផលិតកម្ម​ហង្ស​មាស អ្នក​នាង​ក៏​ចេញ​ចម្រៀង​ឯកជន​មួយ​បទ ស្ដាប់​ហើយ​សង្វេគ​សិល្បៈ​​បុរាណ ដែល​មិន​ខុស​ពី​ខោក​ក្បាល​អ្នក​ពេញ​និយម​បទ​បែក​ស្លុយ ដោយ​មិន​ខ្វល់​ពី​ការ​ប៉ះពាល់​ចំពោះ​វប្បធម៌​របស់​ជាតិ​ខ្លួនឯង​នោះ​ដែរ​។

បទ​ចម្រៀង​ដែល​ធ្វើ​ឱ្យ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ចាប់អារម្មណ៍​ចំពោះ​អ្នក​នាង ហើយ​ទើបតែ​ចេញ​​ក្ដៅ​ៗ​នៅ​លើ​ប្រព័ន្ធ​អន​ឡាញ​នោះ មាន​ចំណងជើង​ថា​ បទ​ «​រងារ​» ​ដោយ​បទ​ចម្រៀង​​នេះ ក្រៅពី​មាន​សាច់ភ្លេង​ពោរពេញ​ដោយ​អត្តសញ្ញាណ​ពី​តន្ត្រី​របស់​ខ្មែរ ក៏​មាន​អត្ត​​ន័យ​ស្ដាប់​ហើយ​ឈឺចាប់ ​នឹង​ការ​ប្រែប្រួល​នៃ​សង្គម​យុវវ័យ​ចំពោះ​សិល្បៈ​បុរាណ​នា​ពេល​​នេះ​ផង​ដែរ​។ សាច់ភ្លេង​ក្នុង​បទ​ចម្រៀង​នេះ ត្រូវ​គេ​ដឹង​ថា​ មានការ​រួម​បញ្ចូល​ដោយ​ភ្លេង​ឆៃយ៉ាំ ភ្លេង​ពិ​ណ្យ​ពាទ្យ ស្ករ និង​ភ្លេងសម័យ ដែល​ធ្វើ​ឱ្យ​ប្លែក​ត្រចៀក ប៉ុន្តែ​គេ​នៅ​តែ​មើលឃើញ​ថា ​អត្ថន័យ​បទ​នេះ ពោរពេញ​ដោយ​ខ្លឹមសារ​ស៊ីជម្រៅ​ជាង ដែល​អ្នក​បាន​ស្ដាប់​​ហើយ ពិតជា​មើលឃើញ​ពី​ផល​ប៉ះពាល់​នៃ​ចង្វាក់​បែក​ស្លុយ និង​ការ​ពេញ​និយម​នូវ​បទ​ចម្រៀង​បែប​ចង្វាក់​បរទេស​ទាំងនោះ​។ ត្រង់​ចំ​ណុ​ដែល​អ្នក​នាង​ច្រៀង​ថា​ «​ល្ខោន យីកេ​ និង​បទ​ប្រពៃណី​នានា លែង​មាន​អ្នក​ចង់​ស្ដាប់​» ។

អ្នក​នាង​ខាត់ សុ​ឃី​ម បាន​អះអាង​បន្ថែម​ពីលើ​បទ​ចម្រៀង​ថា អ្វី​ដែល​បាន​ស្ដែង​ឡើង​នៅ​ក្នុង​​ប៉ា​រ៉ូ​ល​ចម្រៀង​នេះ គឺជា​រឿង​ដែល​មនុស្ស​ភាគច្រើន​មើលឃើញ ហើយ​ក៏​ជា​អ្វី​ដែល​អ្នក​នាង​ចង់​ផ្ញើ​សារ​ទៅ​កាន់​មហាជន​ផង​ដែរ​ថា​ ការ​ផ្លាស់​ប្ដូរ​ទម្លាប់​ដែល​បាន​ធ្វើ​ឡើង គឺ​ជា​​អ្វី​ដែល​រួមចំណែក​ឱ្យ​ខ្មែរ​បាត់បង់​អត្តសញ្ញាណ​វប្បធម៌​របស់​ខ្លួន​។ អ្នក​នាង​ថា ​ជា​ការ​សង្វេគ​ចិត្ត​ណាស់ ដែល​ពេល​បទ​ចម្រៀង​បែក​ស្លុយបង្ហាញខ្លួន​នៅ​លើ​វេទិកា គឺ​មាន​យុវ​វ័យ​ទះដៃ​ស្ទះ​តែ​បាក់ដៃ​ចោល ប៉ុន្តែ​ដល់​ពេល​ចម្រៀង​បុរាណ​ចេញ​មក គឺ​បាត់​អ្នកគាំទ្រ​អស់​រលីង ដែល​មិន​ខុស​ពី​ធ្វើ​ឱ្យ​ក្រុម​តន្ត្រីបុរាណ ឬ​អ្នកចម្រៀង​បុរាណ បាត់បង់​កម្លាំង​ចិត្ត​បន្តការងារ​។ ស្របគ្នា​ដែល​ឆាក​តន្ត្រី និង​កម្មវិធី​នានា​រំលេច​តែ​បទ​បែក​ស្លុយ និង​​​តម្រូវ​​ចិត្ត​តែ​យុវវ័យ​ទៀត ទើប​ធ្វើ​ឱ្យ​អ្នកសិល្បៈ​បុរាណ​ក្លាយជា​មនុស្ស​អស់​តម្លៃ​។

យ៉ាងណាមិញ អ្នក​នាង​ថា ​ខ្លួន​នឹង​បន្ត​ធ្វើ​ឱ្យ​សិល្បៈ​បែប​ចម្រៀង​ប្រពៃណី និង​ជា​លក្ខណៈ​​អត្តសញ្ញាណ​ជាតិ​អាច​ហើប​តិច​ៗ បើ​ទោះជា​ការ​ចេញ​បទ​របស់​ខ្លួន នៅ​មិន​ទាន់​​ដឹង​ថា ​នឹង​មាន​អ្នកគាំទ្រ​កម្រិត​ណា​នៅឡើយ​។ អ្នក​នាង​ខាត់ សុ​ឃី​ម និយាយ​ថា​បទ​​ចម្រៀង ​«​រងារ​» ​គឺ​សំដៅ​ពី​ភាព​បាត់បង់​ការ​គាំទ្រ​នូវ​សិល្បៈ​បុរាណ​ក្នុង​ស្រទាប់​មហា​ជន ដោយ​អ្នក​នាង​បញ្ជាក់​ថា ​នេះ​ជា​បទ​នៅ​ខាងក្រៅ​ផលិតកម្ម ដែល​អ្នក​នាង​ចេញ​ច្រៀង ​ដើម្បី​បង្វែរ​អារម្មណ៍​មហាជន​ឱ្យ​អាណិត​ចំពោះ​តារា​សិល្បៈ​ខាង​ផ្នែក​បុរាណ​វិញ​ផង​៕

ប្រភព​វីដេអូ​ពី​ហ្វេស​ប៊ុក ៖

https://www.facebook.com/BrandnameHD/videos/1348719355234610/

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ