ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តោះ​ដឹងពីជីវិតពិត​ លើអាជីវកម្ម​ចម្លាក់ថ្ម​អ្នក​ស្រុកសន្ទុក មាន​បែបណាខ្លះ​ទៅ…!

6 ឆ្នាំ មុន
  • កំពង់ធំ

ខេត្ត​កំពង់ធំ ៖ ប្រជាជន​ខេត្តកំពង់ធំ​ប្រមាណ​៨៥% ប្រកប​មុខរបរ​ធ្វើស្រែ និង​ចម្ការ ចំណែក​ប្រមាណ​១៥%​ទៀត​ប្រកប​មុខរបរ ផ្សេង​ៗ​គ្នា អ្នកខ្លះ​លក់ដូរ រីឯ​ខ្លះ​ទៀត​ធ្វើ​ជា​ជាងចម្លាក់​ថ្ម​គ្រប់​ប្រភេទ​ដើម្បី​បំពេញ​ទៅ​តាម​សេចក្តី​ត្រូវការ​របស់​អតិថិជន​ជិត​ឆ្ងាយ​ក្នុង​និង​ក្រៅ​ខេត្ត ។…

ខេត្ត​កំពង់ធំ ៖ ប្រជាជន​ខេត្តកំពង់ធំ​ប្រមាណ​៨៥% ប្រកប​មុខរបរ​ធ្វើស្រែ និង​ចម្ការ ចំណែក​ប្រមាណ​១៥%​ទៀត​ប្រកប​មុខរបរ ផ្សេង​ៗ​គ្នា អ្នកខ្លះ​លក់ដូរ រីឯ​ខ្លះ​ទៀត​ធ្វើ​ជា​ជាងចម្លាក់​ថ្ម​គ្រប់​ប្រភេទ​ដើម្បី​បំពេញ​ទៅ​តាម​សេចក្តី​ត្រូវការ​របស់​អតិថិជន​ជិត​ឆ្ងាយ​ក្នុង​និង​ក្រៅ​ខេត្ត ។ ធ្វើ​ដំណើរ​ពី​ភ្នំពេញ​តាម​បណ្តោយ​​ផ្លូវជាតិ​លេខ​៦​ចម្ងាយ​ប្រហែល​១៥៣​គីឡូម៉ែត្រ​ដល់​ភូមិ​សំណាក ឃុំ​កកោះ ស្រុក​ស​ន្ទុ​ក​ខេត្ត​កំពង់ធំ បើ​ក្រឡេក​មើល​នៅ​អម​សងខាង​ផ្លូវ​នឹង​ឃើញ​ជាង​កំពុង​តែ​ឆាប ឈូស ដាប់ និង​ឆ្លាក់​រូបចម្លាក់​គ្រប់​ប្រភេទ​ចេញ​កម្ទេច​ហុយ​ទ្រលោម​ធ្វើ​ឡើង​អំពី​ថ្មភក់ ថ្មកែវ ដើម្បី​បម្រើ​ទៅ​តាម​សេចក្តី​ត្រូវការ​របស់​អតិថិ​ជន មាន​ដូច​ជា​ឆ្លាក់​ទៅ​តាម​រូបថត រូបសំណាក​ព្រះសង្ឃ រូប​ទេវតា រូប​ព្រះ​ឥន្ទ រូប​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ ព្រះ​ពុទ្ធរូប​រូប​គោ រូប​សេះ រូប​តោ និង​រូប​ដំរី​ជាដើម ។

ពាក់ព័ន្ធ​មុខរបរ​ចម្លាក់​នេះ​ លោក​សុក ធន់​អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​សំណាក​ឱ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា លោក​ជា​មេជាង​ចម្លាក់​ទទួល​បាន​ប្រាក់ខែ​៤០០​ដុល្លារ ។ លោក​មើល​ការ​ខុស​ត្រូវ​គ្រប់គ្រង​កូនជាង​ឱ្យ​ឆ្លាក់​ថ្ម​គ្រប់​ប្រភេទ ដោយ​ពួក​គេ ម្នាក់​ៗ​ក្នុង​មួយ​ថ្ងៃ​ទទួល​បាន​កម្រៃ​៣៥០០០​រៀល ។ ចំណែក​រូប​លោក​ជួយ​ឆ្លាក់​ផង​ដែរ ។ លោក​ទទួល​បាន​ប្រាក់ខែ​៤០០​ដុល្លារ ត្រឹមតែ​គ្រប់គ្រាន់​ចំណាយ​នៅ​ក្នុង​បន្ទុកគ្រួសារ​ប៉ុណ្ណោះ បើ​ឱ្យ​សល់​យក​ទៅ​ធ្វើ​មានបាន​នឹង​គេ​នោះ​អត់​សល់​ទេ ។

លោក​ជីវ វី​ន អាយុ​៤៨​ឆ្នាំ រស់នៅ​ភូមិ​សំណាក​រៀបរាប់​ឱ្យ​ដឹង​ថា លោក​ប្រកប​មុខរបរ​ចម្លាក់​អស់​រយៈកាល​ជាង​១០​ឆ្នាំ​មក​ហើយ ដោយ​ពី​ដំបូង​ធ្វើ​តូចតាច​គ្រាន់តែ​ដោះស្រាយ​ជីវភាព​ប៉ុណ្ណោះ រហូត​មក​ដល់​ឥឡូវនេះ​ជីវភាព​គ្រួសារ​របស់​លោក​បាន​ធូរធារ​សមរម្យ ។ លោក​បាន​ចងការ​ប្រាក់​គេ​ទិញ​ឡានស្ទូច​មួយ​សម្រាប់​ដឹក​ថ្ម ដើម្បី​ឱ្យ​មុខរបរ​ប្រសើរ​ឡើង ។ មុខរបរ​ចម្លាក់​ចំណាយ​ដើមទុន​ច្រើន​ដែរ ហើយ​វា​មិន​ងាយស្រួល​ទេ ដោយសារ​ថ្ម​នៅ​ភ្នំ ជិត​ៗ​ក្នុងស្រុក​មាន​ដែរ តែ​ជា​ប្រភេទ​ថ្ម​មាន​លក្ខណៈ​ផុយ​ស្រួយ ងាយ​នឹង​របេះ​បែក​មិន​អាច​យក​ឆ្លាក់​បាន​ទេ ។ ហេតុ​ដូច្នេះ​ហើយ​មាន​តែ​រត់​ច្បាប់​ទៅ​ខេត្តព្រះវិហារ​ទិញ​ថ្ម ល្អ​ៗ ក្នុង​មួយ​ជើង​តម្លៃ​រត់​ច្បាប់​៤៥០​ដុល្លារ បង់​ក្បាល​ឡាន​មួយ​ឡាន​១៧​ម៉ឺន​រៀល និង​បង់​តាម​ផ្លូវ​ក្នុង មួយ​កន្លែង​ៗ​ខ្លះ​១​ម៉ឺន ខ្លះ​២​ម៉ឺន ៣​ម៉ឺន​រៀល កន្លែង​ខ្លះ​ទៀត​ទារ​ពី​១០​ទៅ​១៥​ដុល្លារ ។ ទម្រាំ​តែ​ដឹក​ដល់​កំពង់ធំ​ត្រូវ​ចំណាយ​អស់​ច្រើន។

លោក​ជីវ វី​ន មិនមែន​ជា​អ្នក​ឆ្លាក់​ដោយ​ខ្លួនឯង​ទេ គឺ​នៅ​ពេល​បាន​ថ្ម​ហើយ​ជួល​ជាង​ឱ្យ​ឆ្លាក់ ។ ជា​យកឈ្នួល​ទៅ​តាម​តម្លៃ​តូច ឬ​ធំ ខ្ពស់​ឬ​ទាប មិន​អាច​កំណត់​ថ្លៃ​បាន​ទេ ដូច​ជា​រូប​ព្រះ​អង្គ​ប្រក់​នាគ​មួយ​កម្ពស់​៣​ម៉ែត្រ ជាង​ឆ្លាក់​យក​ថ្លៃ​១៣០០​ដុល្លារ លក់​វិញ​បាន​តម្លៃ​ជាង​៣០០០​ដុល្លារ គិត​ទាំង​ការ​ដឹក​ជញ្ជូន​យក​ទៅ​ដាក់​រៀប​ឱ្យ​ដល់​កន្លែង​តាម​ជិត​តាម​ឆ្ងាយ ។ រូបចម្លាក់​ដែល​ដាក់​តាំង​លក់​មិន​អាច​កំណត់​ថ្លៃ​បាន​ទេ គឺ​លក់​ទៅ​តាម​តូច​ធំ និង​ទៅ​តាម​ប្រភេទ​ថ្ម ចាប់ពី​ជាង​១០​ដុល្លារ​ទៅ​៥០​ដុល្លារ និង​ដល់​រាប់រយ រាប់​ពាន់​ដុល្លារ​ក៏​មាន​។ រូបចម្លាក់ ធំ​ៗ ទាល់តែ​រយៈពេល​យូរ​ទើប​លក់​បាន​មួយ មិនមែន​លក់ដាច់​រាល់ថ្ងៃ​ទេ ។ ច្រើន​តែ​លក់ដាច់​ចម្លាក់ តូច​ៗ ដោយ​ក្នុង មួយ​ថ្ងៃ​ៗ​អាច​លក់​បាន​ប្រហែល​ពី​២០០​ទៅ​៣០០​រយ​ដុល្លារ​អាច​ចំណេញ​ប្រហែល​៥០​ដុល្លារ​ដែរ ផាត់​ថ្លៃ​ម្ហូប និង​ចំណាយ ផ្សេង​ៗ​ទៅ​នៅ​សល់​ប្រហែលជា​៥​ម៉ឺន​រៀល​ប៉ុណ្ណោះ ។លោក​ជីវ វី​ន បាន​សំណូមពរ​ដល់​អតិថិជន​ជិត​ឆ្ងាយ​ជួយ​ជាវ​រូបចម្លាក់​របស់​លោក ដែល​ជា​ស្នាដៃ​រចនា​របស់​ជាង​ខ្មែរ ប្រណីត​ៗ​តាម​សេចក្តី​ត្រូវការ ដោយ​ដាក់​តាំង​លម្អ​បាន​រាប់រយ​ឆ្នាំ​ឯណោះ​មិន​ងាយ​ខូច​ទេ ៕​

អត្ថបទសរសេរ ដោយ