ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាគម​ភាពយន្ត​កម្ពុជា​បោះ​ឆ្នោត​ជា​ថ្មី

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖​សមាគម​ភាពយន្ត​កម្ពុជា​បាន​សម្រេច​បោះ​ឆ្នោត​ជ្រើស​សមាសភាព​ដឹកនាំ​ជា​ថ្មី​ថ្មី ហើយ​មាន​ចាងហ្វាង​ផលិតកម្ម​មួយ​ចំនួន​ចូលរួម​ឈរឈ្មោះ ។ ជា​លទ្ធ​ផល​ជាប់​លោក​ឆាយ បូ​រ៉ា ជា​ប្រធាន និង​លោក​អ៊ិន សុ​ភិន​ជា​អនុប្រធាន ។…

រាជធានី​ភ្នំពេញ ៖​សមាគម​ភាពយន្ត​កម្ពុជា​បាន​សម្រេច​បោះ​ឆ្នោត​ជ្រើស​សមាសភាព​ដឹកនាំ​ជា​ថ្មី​ថ្មី ហើយ​មាន​ចាងហ្វាង​ផលិតកម្ម​មួយ​ចំនួន​ចូលរួម​ឈរឈ្មោះ ។ ជា​លទ្ធ​ផល​ជាប់​លោក​ឆាយ បូ​រ៉ា ជា​ប្រធាន និង​លោក​អ៊ិន សុ​ភិន​ជា​អនុប្រធាន ។

បើ​ទោះជា​សមាគម​ភាពយន្ត​កម្ពុជា បាន​បោះ​ឆ្នោត​រួច​ហើយ​ក្តី តែ​បាន​សម្រេច​បោះ​ឆ្នោត​​ជា​ថ្មី​កាលពី​ថ្ងៃ​ទី​២១ កុម្ភៈ ២០១៨ ។ ក្នុង​ពិធី​បោះ​ឆ្នោត​មានការ​ចូលរួម​ពី​មន្ត្រី​នាយក​ដ្ឋាន​ភាពយន្ត មន្ត្រី​ក្រសួង​វប្បធម៌ និង​ម្ចាស់​ផលិតកម្ម​តូច​ធំ​ជា​ច្រើន ។ ចាត់​ទុក​ថា​ ជា​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្បាលម៉ាស៊ីន​អាណត្តិ​ថ្មី ។

លោក​អ៊ិ​ន សុ​ភិន ម្ចាស់​ផលិតកម្ម​មហាហង្ស ត្រូវ​សមាជិក​បោះ​ឆ្នោត​ឱ្យធ្វើ​ជា​អនុប្រធាន ខណៈ​ប្រធាន​នៅ​តែ​បាន​ទៅ​លើ​លោក​ឆាយ បូ​រ៉ា ដដែល ។ សមាគម​នឹង​សម្រេច​រៀបចំ​កម្មវិធី​ធំ​មួយ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​ដើម្បី​ប្រកាស​ឱ្យ​ដឹង​ពី​សមាសភាព​ដែល​ទើប​ជាប់​ឆ្នោត​នោះ ។

យោង​តាម​ការ​ប្រកាស​របស់​សមាគម​ភាពយន្ត​កម្ពុជា​ថា ការ​បោះ​ឆ្នោត​ផ្លូវការ​ជា​ថ្មី​បាន​រក​​ឃើញ​ក្បាលម៉ាស៊ីន​៣​រូប​សម្រាប់​អាណត្តិ​ថ្មី ដោយ​លោក​ឆាយ បូ​រ៉ា ជាប់​ជា​ប្រធាន លោក​​អ៊ិ​ន សុ​ភិន ជាប់​ជា​អនុប្រធាន និង​លោក​សែ​ម វិសាល ម្ចាស់​ផលិតកម្ម Wonderfilm Cambodia ជា​អគ្គលេខាធិការ ។ នេះ​ជា​គឺ​តំណែង​មិន​ធ្លាប់​ទទួល​បាន​របស់​អ្នក​ទាំង​ពីរ​នៅ​ក្នុង​សមាគម​មួយ​នេះ ។

ក្រៅពី​ថ្នាក់ដឹកនាំ​ទាំង​៣ សមាសភាព​២​រូប​ទៀត​គឺ លោក Millan Lov និង​លោក​ព្រហ្ម សិលា ត្រូវ​បាន​បោះ​ឆ្នោត​តែងតាំង​ជា​សមាជិក​សកម្ម​របស់​សមាគម ។

លោក​ស៊ិ​ន ចន្ទ​សា​យ៉ា ទីប្រឹក្សា​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​សមាគម​ភាពយន្ត​កម្ពុជា បាន​ហៅ​ការ​បោះ​ឆ្នោត​នេះ​ថា ជា​ការ​ជ្រើសរើស​ថ្នាក់​នាំ​សមាគម​ប្រកបដោយ​ឆន្ទៈ​របស់​ផលិតករ ដោយ​លោក​រំពឹង​ថា​ក្បាលម៉ាស៊ីន​ដែល​​ទើប​ជាប់​ឆ្នោត ពិតជា​ធ្វើ​ឱ្យ​មាន​ផលប្រយោជន៍​ពេញទំហឹង សម្រាប់​វិស័យ​ផលិត​ភាព​យន្ត​ទាំងមូល ។

លោក​អ៊ិ​ន សុ​ភិន ដែល​បាន​ជាប់​ឆ្នោត​ជា​អនុប្រធាន​សមាគម អះអាង​ថា ក្រោម​ការ​បោះ​ឆ្នោត​ឱ្យ​លោក​ទទួល​បាន​តំណែង​នៅ​ក្នុង​សមាគម​មួយ​នេះ លោក​នឹង​រួមចំណែក​ដឹកនាំ​សមាគម​ឱ្យ​មានការ​រីក​ចម្រើន ជា​ពិសេស​គឺ​ការ​លើក​ស្ទួយ​វិស័យ​ភាពយន្ត​នៅ​កម្ពុជា ដើម្បី​​ឱ្យ​មានគុណ​ភាព និង​មានការ​រីក​ចម្រើន​។ ក្នុង​នោះ​លោក​ក៏​ត្រៀម​បណ្ដុះ​ឯកទេស​ដល់​ផលិតករ​ជំនាន់​ក្រោយ ដើម្បី​ផលិតករ​ដែល​ជ្រក​ក្រោម​សមាគម​ហើយ​ចង់​ផលិត​ភាព​យន្ត មាន​លទ្ធភាព និង​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ប្រកួតប្រជែង ។ ក្បាលម៉ាស៊ីន​ដែល​បាន​ជាប់​ឆ្នោត​ទាំងអស់​នឹង​រួមដៃគ្នា​ធ្វើ​ឱ្យ​ផលិតករ​នៅ​ក្នុង​ប្រទេស​កម្ពុជា កាន់តែ​ផ្ដល់​ប្រយោជន៍​ឲ្យ​គ្នា និង​ធ្វើ​ឱ្យ​វិស័យ​ភាពយន្ត​ទាំង​រឿង​សម្រាប់​រោងកុន និង​រឿង​ភាគ​ទូរទស្សន៍​មានការ​ឈាន​ឡើង ។

លោក​អ៊ិ​ន សុ​ភិន ឲ្យ​ដឹង​ថា សមាគម​មាន​គម្រោង​រៀបចំ​កម្មវិធី​សមោសរ​ធំ​មួយ ដើម្បី​ប្រកាស​ឱ្យ​តារា​សម្តែង និង​មហាជន​បានដឹង​ពី​សមាសភាព​ប្រធាន អនុប្រធាន និង​អគ្គ​លេខា​ក្នុង​អាណត្តិ​ថ្មី​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ ដើម្បី​ឲ្យ​ថ្នាក់ដឹកនាំ​ទើប​ជាប់​ឆ្នោត​ទាំងនោះ​បាន​បង្ហាញ​ពី​ការ​តាំងចិត្ត និង​យុទ្ធសាស្ត្រ​ដែល​កំណត់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ