រាជធានីភ្នំពេញ ៖ ពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ បាននឹងកំពុងដំណើរការ ក្រោយពីបានឃោសនាបអស់រយៈពេល២សប្តាហ៍កន្លងមកនេះ គឺធ្វើទៅតាមកាលបរិច្ឆេទដែលបានកំណត់ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ។
ពិធីនេះធ្វើឡើង នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ នៅទីលានប្រជាធិបតេយ្យថ្មី មុខឃ្លាំងសាំង សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ក្រោមអធិបតីភាព សម្តេចវិបុលសេនាភក្ដី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងមានការចូលរួមពីសមាជិក សមាជិការ គណបក្សប្រជាជនកម្ពុជា ចំនួន៦,០០០នាក់ ។ សម្រាប់រាជធានីភ្នំពេញ ការបើកយុទ្ធនាការឃោសនាគ្រប់ខណ្ឌទាំង១២ ដោយប្រមូលផ្តុំសមាជិកសមាជិការអង្គបោះឆ្នោតតាមទីតាំងដែលបានកំណត់ដោយប្រមូលផ្តុំ២ខណ្ឌ សម្រាប់១គោលដៅ ។ ប៉ុន្តែមិនមានការហែក្បួនឃោសនាតាមដងផ្លូវសាធារណៈនោះទេ។
នេះក៏ជាការការជួបជុំសមាជិក សមាជិកាអង្គបោះឆ្នោតមានក្រុមប្រឹក្សាសង្កាត់ក្នុងតំណែង តំណាងរាស្ត្រក្នុងតំណែងដើម្បីបង្ហាញពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងយុទ្ធសាស្ត្រដែលឈានទៅដណ្ដើមជោគជ័យក្នុងការបោះឆ្នោតថ្ងៃទី២៥ ខែកុម្ភៈ នេះ ។
យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ បានប្រព្រឹត្តទៅអស់រយៈពេល១៤ថ្ងៃមកហើយ ដោយចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី២៣ ខែកុម្ភៈ សម្រាប់ថ្ងៃទី២៤ ខែកុម្ភៈ ជាថ្ងៃស ហើយថ្ងៃទី២៥ ខែកុម្ភៈ ជាថ្ងៃបោះឆ្នោត ។
បើតាមការបែងចែករបស់ គ.ជ.ប មាន៨ភូមិភាគ រាជធានី-ខេត្ត ក្នុងនោះរាជធានីភ្នំពេញស្ថិតក្នុងភូមិភាគទី១ មានចំនួន៦អាសនៈ បេក្ខជនឈរឈ្មោះបោះឆ្នោតពេញសិទ្ធ៦រូប, បំរុង៦រូប ។ សម្រាប់លេខរៀងគណបក្សនយោបាយដែលបោះពុម្ពនៅលើសន្លឹកឆ្នោត ដែលចូលរួមបោះឆ្នោតអសាកលនេះមាន ៤គណបក្ស គឺ ៖ លេខរៀងទី១ គណបក្សប្រជាជនកម្ពុជា, គណបក្សយុវជនកម្ពុជា លេខរៀងទី២, គណបក្សខ្មែររួបរួមជាតិ លេខរៀងទី៣ និងគណបក្សហ្វ៊ុនសិនប៉ិច លេខរៀងទី៤ ។
ការបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភាទីតិកាលទី៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ ដែលមានការិយាល័យបោះឆ្នោតសរុបទូទាំងប្រទេសចំនួន៣៣ការិយាល័យ ។ ចំណែកអង្គបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងតំណែងចំនួន ១១,៦៩៥នាក់ ។ តំណាងរាស្ត្រក្នុងតំណែងចំនួន១២៣រូប ៕




ចែករំលែកព័តមាននេះ