ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ក៏​អាច​ក្លាយជា​ចំណែក​មួយ​ក្នុង​ការ ​«​ចែករំលែក​ស្នាមញញឹម​» ជាមួយ​កុមារ​កម្ពុជា​

6 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ​៖ សភា​យុវ​ពាណិជ្ជការ​អន្តរជាតិ​កម្ពុជា (​សាខា​ភ្នំពេញ​) នៅ​ព្រឹក​ថ្ងៃ​ទី ១៣ ខែ​កុ​ម្ភៈ ​ឆ្នាំ​២០១៨ បាន​ចុះហត្ថលេខា​លើ​អនុស្សា​រណៈ​យោគយល់​គ្នា​ជាមួយ​អង្គ​ការ​​មន្ទីរពេទ្យ​កុមារ​អង្គរ ខេត្តសៀមរាប…

​រាជធានី​ភ្នំពេញ ​៖ សភា​យុវ​ពាណិជ្ជការ​អន្តរជាតិ​កម្ពុជា (​សាខា​ភ្នំពេញ​) នៅ​ព្រឹក​ថ្ងៃ​ទី ១៣ ខែ​កុ​ម្ភៈ ​ឆ្នាំ​២០១៨ បាន​ចុះហត្ថលេខា​លើ​អនុស្សា​រណៈ​យោគយល់​គ្នា​ជាមួយ​អង្គ​ការ​​មន្ទីរពេទ្យ​កុមារ​អង្គរ ខេត្តសៀមរាប ស្តី​ពី​គម្រោង «​ចែករំលែក​ស្នាមញញឹម​» នៅ​សណ្ឋា​គារ​​សុខា​ភ្នំពេញ ​ក្នុង​គោលបំណង​ជួយ​ដល់​កុមារ​កំព្រារ​ និង​ក្រីក្រ ។​

​កញ្ញា ដែក ដា​រី ប្រធាន​សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ក្នុង​ការ​បំពេញបេ​សកកម្ម​នីមួយ​ៗ​របស់ JCI គឺ​តែងតែ​ប្រើប្រាស់​ទឹកប្រាក់​ប្រចាំឆ្នាំ​ដែល​សមា​ជិក​ភាព​បាន​បង់​ចូល​ក្នុង​ស្ថាប័ន​។ រាល់​គម្រោង​នីមួយ​ៗ សមាជិក​តែង​ប្រើប្រាស់​ថវិកា​ផ្ទាល់​​ខ្លូ​ន និង​ការ​សុំ​ការ​ឧបត្ថម្ភ​ពី​ដៃគូរ​សហការ​ដ៏​ទៃ​ទៀត (Sponsorship) ដោយសារ​តែ​កន្លង​មក JCI មិនមែន​ជា​ស្ថាប័ន​ដែល​ទទួល​បានការ​ទំនុកបំរុង​ពី​អង្គការ​ដទៃ​ទៀត ឬ​ក៏​ពី​រាជរ​ដ្ឋាភិបាល​ឡើយ​។ ហេតុនេះ​ហើយ ​ទើប​គោលបំណង​ធំ​លើក​នេះ គឺ​មិនមែន​ជា​អ្នក​ផ្តល់​​ជំនួយ​ដោយ​ផ្ទាល់ តែ JCI នឹង​សហការ​ជាមួយ​មន្ទីរពេទ្យ​កុមារ​អង្គរ​ ដើម្បី​លើក​ទឹក​ចិត្ត​​ដល់​សប្បុរសជន ផ្តល់​ជំនួយ​ដល់​មន្ទីរពេទ្យ​សម្រាប់​ជួយ​សង្គ្រោះ​កុមារ​ដែល​ទៅ​ទទួល​​ការ​ព្យាបាល​ដោយ​ឥត​គិតថ្លៃ ដែល​មាន​ចំនួន​ជិត ៥០០ នាក់​ក្នុង​មួយ​ថ្ងៃ​។​

​កញ្ញា ដែក ដា​រី​ លើក​ឡើង​ថា​៖ អ​ញ្ចឹ​ង​ គឺ​គោលបំណង​របស់ JCI គឺ​មិន​ផ្តល់​ជា​ថវិកា ឬ​ការ​បរិច្ចាគ​​នោះ​ទេ ប៉ុន្តែ​ហេតុផល​ដែល JCI ធ្វើការ ជាមួយ​មន្ទីរពេទ្យ​កុមារ​អង្គរ​នេះ គឺថា​គោល​បំណង​សំខាន់​ គឺ​លើកកម្ពស់​មន្ទីរពេទ្យ ដើម្បី​ឲ្យ​គេ​ដឹង​ថា ​នេះ​ជា​មន្ទីរពេទ្យ​មួយ​ដែល​​ត្រូវការ​ជំនួយ​ដែរ​។ អ​ញ្ចឹ​ង​នៅ​ពេល​ដែល​គេ​ដឹង​ថា មន្ទីរពេទ្យ​កុមារ​អង្គរ ក៏​ជា​កន្លែង​មួយ​​ដែល​គេ​អាច​ជួយ ក៏​ជា​កន្លែង​មួយ​ដែល​គេ​អាច​ទុកចិត្ត​បាន នោះ​សង្ឃឹមថានឹង​មាន​ការ​ចូលរួម​ជួយ​ដល់​មន្ទីរពេទ្យ​ឱ្យ​បាន​ខ្លាំងក្លា​។​

​សូម​បញ្ជាក់​ថា គម្រោង «​ចែករំលែក​ស្នាមញញឹម​» គឺជា​គម្រោង​មួយ​របស់​សភា​យុវ​ពាណិជ្ជ​ការ​អន្តរជាតិ​កម្ពុជា (​សាខា​ភ្នំពេញ​) ហៅ​កាត់ JCI សាខា​ភ្នំពេញ​។ គម្រោង​នេះ​បង្កើត​ឡើង​ដោយ​លោក ឈាង​ សុ​ភ័​ក្រ ប្រធាន​សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ​កម្ពុជា​ក្នុង​ឆ្នាំ​២០១១ ដែល​មាន​សកម្មភាព​ផ្តោត​លើ​ការ​ជួយ​កុមារ​កំព្រា កុមារ​ក្រីក្រ និង​កុមារ​ពិការ​ដើម្បី​ឲ្យ​ពួក​គេ​មានឱកាស​ក្នុង​ការ​ទទួល​បាន​នូវ​ការ​ថែទាំ​សុខភាព និង​បន្ត​ការ​សិក្សា​រៀនសូត្រ​ឲ្យ​បាន​ល្អ​ប្រសើរ​សម្រាប់​ជីវិត​របស់​ពួក​គេ​។​

​អ្វី​ដែល​ប្លែក​សម្រាប់​ឆ្នាំ​នេះ គម្រោង​ដែល​មានឈ្មោះ​ថា «​ចែករំលែក​ស្នាមញញឹម​» មាន​ផ្នត់​គំនិត​ថ្មី ដែល​មិន​ត្រឹមតែ​មាន​ទិស​ដៅ​ជួយ​ដល់​កុមារ​កម្ពុជា​ដូច​សព្វ​ដងនោះ​ទេ គម្រោង​​កំពុង​ព្យាយាម​បំ​លែង​ខ្លូ​ន​ទៅ​ជា​ចលនា​មួយ​ដែល​ចូលរួម​លើកកំពស់ និង​លើក​ទឹកចិត្ត​ប្រជាពលរដ្ឋ​កម្ពុជា​ឲ្យ​ងាក​ទៅ​ចាប់អារម្មណ៍​លើ​ការ​បរិច្ចាគ​ទឹកប្រាក់​ជូន​ដល់​កុមារ​កម្ពុជា​ដែល​ខ្វះខាត​។​

​គម្រោង «​ចែករំលែក​ស្នាមញញឹម​» ដំបូង​ឡើយ ​គឺ​បង្កើត​ឡើង​ដើម្បី​ជួយ​ដល់​កុមារ​នៅ​តាម​អង្គការ តាម​រយៈ​ការ​លើកទឹកចិត្ត​ពួក​គាត់ និង​ឲ្យ​គាត់​ចេះ​បង្កើត​ក្តី​ស្រមៃ​។ រហូត​ដល់​​ឆ្នាំ ២០១៨ នេះ គម្រោង​នៅ​តែ​មាន​ទិស​ដៅ​ក្នុង​ការ​ជួយ​កុមារ​កម្ពុជា​ដដែល ប៉ុន្តែ​គម្រោង​នឹង​ពង្រីក​ចក្ខុវិស័យ​ឲ្យ​កាន់តែ​ធំ​ជាង​មុន ព្រមទាំង​ស្វែងរក​ដៃគូ​សហការ​ផង​ដែរ។​

​ក្នុង​គោលបំណង​ផ្សា​ភ្ជាប់​នឹង​ទស្សនៈវិស័យ​ និង​បេសកកម្ម​របស់​មន្ទីរពេទ្យ កុមារ​អង្គរ ខេត្តសៀមរាប ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​កុមារ​កម្ពុជា​ទទួល​បាន​នូវ​ឱកាស​ថែទាំ​សុខភាព​ប្រកបដោយ​គុណភាព​ខ្ពស់ និង​សេចក្តី​មេត្តាករុណា ទោះបីជា​ពួក​គេ​មក​ពី​ម​ជ្ឍ​ដ្ឋា​ន​ណា​មួយ​ក៏​ដោយ សភា​យុវ​ពាណិជ្ជការ​អន្តរជាតិ​កម្ពុជា សាខា​ភ្នំពេញ និង​សណ្ឋាគារ​សុខា ភ្នំពេញ​ បាន​ព្រមព្រៀង​សហការ​គ្នា​រៀបចំ​កម្មវិធី​មួយ ហៅ​ថា «​រាត្រីសមោសរ​ក្រមា ឆ្នាំ​២០១៨ » ក្នុង​គោលបំណង​ផ្សព្វផ្សាយ​អំពី​គម្រោង​ចែករំលែក​ស្នាមញញឹម​កុមារ​កម្ពុជា និង​​រ៉ៃ​អង្គាស​ថវិកា ឧបត្ថម្ភ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ ខេត្តសៀមរាប ដែល​កំពុង​តែ​ជួប​ប្រទះ​​ការ​ខ្វះខាត​ថវិកា ដើម្បី​ផ្គត់ផ្គង់​ដល់​ដំណើរការ​ផ្តល់​សេវា​ពិនិត្យ​ព្យាបាល ថែទាំ​សុខ​ភាព​កុមារ​កម្ពុជា​រាប់​សែន​នាក់ និង​សកម្មភាព​បណ្តុះបណ្តាល​វេជ្ជសាស្ត្រ​ដល់​មន្ត្រី​សុខា​ភិបាល​រាប់រយ​នាក់ រួម​ទាំង​សកម្មភាព​ការពារ​សុខភាព​បឋម​ដល់​ប្រជាពលរដ្ឋ​រាប់​ពាន់​​នាក់​នៅ​តាម​សហគមន៍​ខេត្តសៀមរាប ក្នុង​មួយ​ឆ្នាំ​ៗ ។​

​សូម​បញ្ជាក់​ថា​ កម្មវិធី «​រាត្រីសមោសរ​ក្រមា ឆ្នាំ​២០១៨ » នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី ០៤ ខែ​មិ​នា ឆ្នាំ​២០១៨ ​ខាង​មុខ ​នៅ​សណ្ឋាគារ​សុខា ភ្នំពេញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ