ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​ត្រួតពិនិត្យ​សំណង់​អគារសិក្សា​នៅ​សាលា​បឋម​សិក្សា សំរោង​ខ្នារ​ពោធិ៍

6 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ លោកស្រី គួ​យ ណា​លី​ន ឃឹម ប៊ុ​ន​សុង អនុប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្ត បាន​ដឹកនាំ​ប្រតិភូ​ចុះ​ត្រួតពិនិត្យ​សំណង់​អគារសិក្សា​មួយ​ខ្នង​មាន​៥​បន្ទប់ ធ្វើ​អំពី​ថ្ម​ប្រក់​ក្បឿង…

ខេត្តសៀមរាប ៖ លោកស្រី គួ​យ ណា​លី​ន ឃឹម ប៊ុ​ន​សុង អនុប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្ត បាន​ដឹកនាំ​ប្រតិភូ​ចុះ​ត្រួតពិនិត្យ​សំណង់​អគារសិក្សា​មួយ​ខ្នង​មាន​៥​បន្ទប់ ធ្វើ​អំពី​ថ្ម​ប្រក់​ក្បឿង ដែល​ជា​អំណោយ​របស់​សមាគម​ន៍​ពាណិជ្ជកម្ម​ចិន ផ្តល់​តាម​រយៈ​លោក ឃឹម ប៊ុ​ន​សុង អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​លោកស្រី ជូន​ដល់​សាលា​បឋម​សិក្សា សំរោង​ខ្នារ​ពោធិ៍ ក្នុងភូមិ​សំរោង ឃុំ​ខ្នារ​ពោធិ៍ ស្រុក​សូទ្រនិគម ខេត្តសៀមរាប នា​រសៀល​ថ្ងៃ​ទី​០៥ ខែមករា ឆ្នាំ​២០១៨ អមដំណើរ​ដោយ​លោក​អភិបាលស្រុក​ផង​ដែរ ។

តាម​សេចក្តីរាយការណ៍​របស់​លោកស្រី​នាយិការ​សាលា​បឋម​សិក្សា សំរោង​ខ្នារ​ពោធិ៍ បាន​ឲ្យ​ដឹង​អំពី​ផល​លំបាក ក្នុង​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​នៅ​ថ្នាក់​មូលដ្ឋាន ដោយ​កង្វះ​នូវ​អគារសិក្សា និង​គ្រូបង្រៀន ។ ដោយ​បច្ចុប្បន្ន​នេះ មាន​អគារសិក្សា​៣​ខ្នង ធ្វើ​អំពី​ថ្ម​ដែល​ជា​អំណោយ​របស់​សមាគម​ន៍​ពាណិជ្ជកម្ម​ចិន មាន​៥​បន្ទប់ និង​អគារ​ឈើ​២​ខ្នង​មាន​៣​បន្ទប់ បន្ទប់​ជា​ថ្នាក់​ម​ត្តេ​យ្យ​១ ដែល​មាន​សភាព​ចាស់​ទ្រោម និង​ទីចាត់ការ​មួយ​ខ្នង​ផង​ដែរ ។

លោកស្រី​នាយិការ​បាន​បន្ត​ទៀត​ថា ក្នុង​ការ​បង្រៀន​សិស្ស ក្នុង​មួយ​ថ្នាក់​ត្រូវ​បូក​ចូល​គ្នា ដែល​មាន​ថ្នាក់​ទី​៤​ផង និង​ថ្នាក់​ទី​៥​ផង ដែល​បង្រៀន​គ្រូ​តែ​ម្នាក់ ហើយ​ជា​គ្រូ​ជាប់កិច្ចសន្យា​ទៀត​ផង ។ ក្នុង​នោះ​លោកស្រី​នាយិការ​ក៏​បាន​សំណូមពរ​ដល់​លោកស្រី​ប្រតិភូ និង​អាជ្ញាធរ​ស្រុក ជួយ​ពាំនាំ​នូវ​ទុក្ខ​កង្វល់​ក្នុង​ការ​កង្វះ​គ្រូបង្រៀន​នៅ​តាម​សាលា​ជនបទ បើ​មិន​បាន​គ្រូ​ក្រប​ខណ្ឌ សូម​ឲ្យ​មាន​គ្រូ​កិច្ចសន្យា​បន្ថែម ក្នុង​ការ​ងាយស្រួល​បង្រៀន​សិស្ស ហើយ​សាលា​នេះ​មាន​សិស្ស​ចូល​មក​សិក្សា​រៀនសូត្រ ប្រមាណ​ជិត​២០០​នាក់ ។

មាន​ប្រសាសន៍​នោះ​ដែរ លោកស្រី គួ​យ ណា​លី​ន ឃឹម ប៊ុ​ន​សុង អនុប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្ត ក៏​បាន​បញ្ជាក់​ថា ដំណើរ​មក​កាន់​សាលារៀន​នេះ គឺ​ដើម្បី​ពិនិត្យ​មើល​ពី​គុណភាព នៃ​សំណង់ ដែល​បាន​សាងសង់​រួចរាល់ ក្នុង​ការ​រក​នូវ​ពេលវេលា​ធ្វើ ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ពេល​ខាង​មុខ ។ ក្នុង​នោះ​លោកស្រី​ក៏​បាន​ធ្វើការ​ណែនាំ​ដល់​អាជ្ញាធរ​ស្រុក ត្រូវ​ធ្វើការ​ត្រួតពិនិត្យ​ឡើង​វិញ នូវ​ដំបូល​អគារ​ទៅ​តាម​ដែល​លោកស្រី​នាយិការ​បាន​បង្ហាញ គឺ​មានការ​បែក​ប្រះ​ក្បឿង​មួយ​ចំនួន ធ្វើ​ឲ្យ​ទឹក​ស្រក់​នៅ​រដូវវស្សា ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិស្ស​កំពុង​សិក្សា​រៀនសូត្រ ។

លោកស្រី​ក៏​បាន​បន្ត​ទៀត​ថា ចំពោះ​ការ​កង្វះ​គ្រូបង្រៀន គឺជា​កាតព្វកិច្ច​របស់​អាជ្ញាធរ​ស្រុក និង ខេត្ត ហើយ​ចំពោះ​ការ​ខ្វះខាត់​អគារសិក្សា លោកស្រី​នឹង​ខិតខំ​ស្វែងរក​ដៃគូ និង​សប្បុរសជន ដើម្បី​បាន​ធ្វើការ​សាងសង់​បន្ថែម​ជូន​ដល់​កូន​ៗ ចៅ​ៗ បាន​សិក្សា​រៀនសូត្រ​សមរម្យ ជា​ថ្នាល​បណ្ដុះបណ្ដាល​មូលដ្ឋាន​គ្រឹះ​នៃ​ធនធានមនុស្ស ។

ក្នុង​នោះ​ដែរ លោកស្រី​ក៏​បាន​យល់​ច្បាស់​អំពី​ទុក្ខ​លំបាក​របស់​លោកគ្រូ​អ្នកគ្រូ​ដែល​បាន​ខិតខំ​បណ្តុះបណ្តាល​ក្នុង​ការ​ផ្ទេរ​នូវ​ចំណេះដឹង​ជូន​ដល់​កូនចៅ​ជំនាន់​ក្រោយ ។ ម្យ៉ាងទៀត​កត្តា​លំបាក​បំផុត​នោះ បន្ទប់​ថ្នាក់​មួយ​បង្រៀន​សិស្ស​កម្រិត​ខុស​គ្នា ដែល​ធ្វើ​ឲ្យ​មាន​ផល​ពិបាក​ក្នុង​ការ​បង្រៀន​ទៀត​ផង ។

លោកស្រី​ក៏​បាន​ធ្វើការ​ផ្តាំផ្ញើ​ដល់​កូន​ៗ ចៅ​ៗ​សិស្សានុសិស្ស​ទាំងអស់ ត្រូវ​ចេះ​ថែរក្សា​សុខភាព​អនាម័យ​ប្រចាំ​ថ្ងៃ​របស់​ខ្លួន គឺ​ហូប​ស្អាត ផឹក​ស្អាត មាន​អនាម័យ​ល្អ ព្រមទាំង​ត្រូវ​ខិតខំ​សិក្សា​ឲ្យ​ក្លាយជា​កូន​ល្អ សិស្ស​ល្អ មិត្ត​ល្អ ពលរដ្ឋ​ល្អ និង​ចៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន និង​ត្រូវ​ចេះ​គោរព​ច្បាប់​ចរាចរណ៍​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ