«វត្តដំរីស»ជា​ទី​ចាប់​អា​រម្មណ៍​របស់​អ្នក​ទេស​ចរ​ ពេល​ទៅ​ដល់​ក្រុង​បាត់​​ដំ​បង​


ខេត្តបាត់ដំបង ៖ វត្ត​ដំរី​ស ដែល​មានឈ្មោះ​យ៉ាង​ពីរោះ​មួយទៀត​ហៅ​ថា «​វត្ត​ស្វេត​ឆត្រ​កុញ្ជរ​ជ័យ​» ជា​អារាម​ព្រះពុទ្ធ​សាសនា​ដ៏​ចំណាស់​មួយ ក្នុង​ចំណោម​ទី​អារាម​ចំណាស់​ៗ នៅ​ខេត្តបាត់ដំបង ។វត្ត​ដំរី​សមាន​ប្រវត្តិ​តាំងពី​បុរាណកាល​ជា​ជម្រក​ដ៏​ត្រជាក់ត្រជុំ​ដល់​សិស្ស​ក្រីក្រ​ពី​ភូមិ​ជនបទ​ជាយ​ខេត្ត ដែល​ស្នាក់​នៅ​រៀនសូត្រ បំពេញវិជ្ជា​នៅ​ទីក្រុង ។ នៅ​ជំនាន់​ដើម ទីនោះ​មាន​ផ្តល់​ថ្នាក់រៀន ផ្សេង​ៗ ក្រៅ​ម៉ោង​សាលា បង្រៀន​ដោយ​សមាជិក​ស្ម័គ្រចិត្ត មាន​សិស្ស​ច្បង ឬ​គ្រូ​ពី​សាលា​រដ្ឋ ដោយ​ឥត​គិតថ្លៃ សម្រាប់​ជា ជំនួយ​បន្ថែម​ដល់​សិស្ស​ដែល​រៀន​ពុំ​ទាន់​គេ នៅ​សាលា​រដ្ឋ​ទូទៅ ។

អ្វី​ដែល​ពិសេស ​គួរ​ឲ្យ​ចាប់អារម្មណ៍​ពី​វត្ត​ដំរី​ស គឺ​ចម្លាក់​ផុស​ដ៏​រស់​រវើក​នៅ​តាម​ជើង​ជញ្ជាំង និង​បង្អួច​បញ្ឆោតរបស់​ព្រះ​វិហារ និង​ថ្វីដៃ​គំនូរ​ដ៏​វិចិត្រ ដែល​វិចិត្រករ​យក​ពណ៌​ពី​រុក្ខជាតិ​គូរ​នៅ​ខាងលើ​ជញ្ជាំង ខាងក្រៅ មួយ​ជុំ​ព្រះ​វិហារ ចម្លាក់​សត្វ​សីហៈ ដែល​ឈរ​យាម​តាម​របង​ព័ទ្ធ​ជុំវិញ​ព្រះ​វិហារ សត្វ​គ្រុឌ​ដ៏​សង្ហា​ជា​ច្រើន ដែល​លើកដៃ​ទាំង​ពីរ​ទ្រ​ចុង​ដំបូល​ព្រះ​វិហារ ។

វត្ត​ដំរី​ស មិន​ត្រឹមតែ​ជា​វត្ត​មួយ​ដែល​មាន​អាយុកាល​ចំណាស់​នោះ​ទេ ក៏​ប៉ុន្តែ​បាន​បង្កប់​នូវ​កម្រង​អនុ​ស្សាវ​រីយ៍​ក្នុង​បទ​ចម្រៀង​របស់​អធិរាជ​សំឡេង​មាស​ស៊ី​ន ស៊ី​សា​មុត កាលពី​អំឡុង​ទសវត្សរ៍​៦០ ហើយ​នៅ​ពេល​បាន​ស្តាប់​បទ​ចម្រៀង​មួយ​បទ​ដែល​មាន​ចំណងជើង​ថា «​អនុស្សាវរីយ៍​វត្ត​ដំរី​ស​» ភ្លាម​នោះ​គឺ​លោក​អ្នក​ប្រាកដ​ជា​គិត​នឹកឃើញ​ទៅ​ដល់​វត្ត​ដំរី​ស នា​ទឹកដី​ខេត្តបាត់ដំបង​ ដែល​ជាទី​អារាម​ព្រះពុទ្ធ​សាសនា​មួយ​ដែល​មាន​ចេតិយ​សម្បថ មាន​សោភ័ណ​ភាពល្អ​ប្រណីត​ស្ថិត​ក្នុង​ចំណាប់អារម្មណ៍​របស់​មហាជន និង​អ្នកទេសចរ ។

អនុប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង​លោក​ម៉ក់ ស៊ី​ណា​រ៉ា បាន​និយាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ឲ្យ​ដឹង​ថា ការ​ធ្វើ​ដំណើរ​ទៅ​កាន់​វត្ត​ដំរី​ស​របស់​អស់លោក​អ្នក​គឺ​មាន​លក្ខណៈ​ងាយស្រួល​បំផុត ព្រោះថា​វត្ត​ដំរី​សមាន​ទីតាំង​នៅ​មិន​ឆ្ងាយ​ពី​ទីរួមខេត្ត​បាត់ដំបង​នោះ​ឡើយ ពោល​គឺ​នៅ​ទល់មុខ​នឹង​បញ្ជាការដ្ឋាន​កង​រាជ​អាវុធ​ខេត្ត និង​ឆៀង​ខាងត្បូង​សាលាក្រុង​បាត់ដំបង​តែ​ម្តង ។ យើង​ទាំងអស់​គ្នា​ដឹង​ហើយ​ថា​ខេត្តបាត់ដំបង​គឺជា​ទីក្រុង​ទេសចរណ៍​មួយ​ដែល​ត្រូវ​បាន​ប្រសិទ្ធ​នាម​ថា​«​ទីក្រុង​បេតិកភណ្ឌ​ដ៏​ប្រណីត​»​ស្ថិត​នៅ​ក្នុង​ក្រសែ​ភ្នែក​អ្នកទេសចរ​គ្រប់​រូប ។

ខេត្ត​មួយ​នេះ ក៏​បាន​បន្សល់​ទុក​នូវ​ស្នាម​អនុស្សាវរីយ៍​ជា​ច្រើន​រួម​ជាមួយនឹង​សំណង់​ស្ថាបត្យកម្ម​បែប​បុរាណ​មាន​ដូច​ជា​អគារ​សាលាខេត្ត​ចាស់ ស្ពាន​ផ្ទះ​បុរាណ​ដែល​មាន​លក្ខណៈ​ល្អ​ឯក ដងស្ទឹង សង្កែ ប្រាសាទបុរាណ ភ្នំ ល្អាង​ភ្នំ ធម្មជាតិ វប្បធម៌ ទំនៀមទម្លាប់ និង​ជីវភាព​រស់នៅ​របស់​ម្ចាស់​ស្រុក រួម​ទាំង​វត្ត​អារាម​មាន​ដូច ជា​វត្ត​ដំរី​ស វត្ត​សំរោង​ក្នុង វត្ត​ឈើខ្មៅ និង​វត្ត​កែវ វត្ត​កំផែង វត្ត​ក្តុល​ជាដើម​ដែល​សុទ្ធសឹងតែ​ជា​កន្លែង​មាន​ដិត​ដាម​នូវ​ប្រវត្តិ និង​រឿងរ៉ាវ ផ្សេង​ៗ និង​មាន​សោភ័ណ​ភាព ទាក់ទាញ​សម្រាប់​វិស័យ​ទេសចរ​សម្រាប់​ខេត្ត​ដ៏​ស៊ី​វិ​ល័យ​មួយ​នេះ ។

ព្រះ​តេជគុណ​ព្រះ​នាម​ផុ​ន សុធា ចៅអធិការ​ស្តីទី​វត្ត​ដំរី​ស មាន​សង្ឃដីកា​ថា​វត្ត​ដំរី​ស ត្រូវ​បាន​កសាង​ឡើង​ក្នុង​ឆ្នាំ​១៩០៤ ដោយ​តំបន់​នេះ​មាន​ទីទួល និង​ដងអូរ ស្ទឹង​នៅ​ជុំវិញ ហើយ​គឺជា​ទីកន្លែង​រោង​ដំរី​សម័យ​លោក​ម្ចាស់ ។​ សម័យ​កាលនោះ​មាន​តែ​កុដិ និង​បោ​ដ​សម្រាប់​គោរព​តាម​បែប​ព្រះ​ពុ​ទ្ឋ​សាសនា​តែ​ប៉ុណ្ណោះ ហើយ​ជំទាវ​អុ​ឹ​ង (​ប្រពន្ធ​ក​ឋា​ថន​ឈុំ​) មាន​ជំងឺ​បួងសួង​ជា​ពី​ជំងឺ​រួច​មក​ក៏​បាន​ចាត់ចែង​កសាង​តាម​បំណន់ ហើយ​កសាង​ព្រះ​វិហារ​តាំងពី​សម័យ​នោះ​មក​ដោយ​រក​ជាង​ដែល​មាន​ថ្វីដៃ​ពូកែ​ផ្នែក​ចាក់​គ្រឹះ រូបចម្លាក់​ក្បាច់​នៃ​រូបភាព​តាម​សាច់​រឿង​ដែល​កើត​មាន​ក្នុង​សម័យ​នោះ ហើយ​ក្រោយមក​ក៏​បាន​រត់​ភៀសខ្លួន​ទៅ​តាម​ប្តី​(​ក​ឋា​ថន​ឈុំ​)​នៅ​ប្រទេស​ថៃ​តាំងពី​ពេល​នោះ​មក ។

តេជគុណ​បាន​បន្ត​ទៀត​ថា ជា​រៀង​រាល់​ឆ្នាំ ប្រជាជន​ថៃ​ដែល​មាន​សែស្រឡាយ​ពី​សម័យ​លោក​ម្ចាស់ តែងតែ​មក​ជួយ​ទំនុកបម្រុង​រៀបចំ​ជួសជុល​កន្លែង​ខូចខាត​ខ្លះ​ចំពោះ​ព្រះ​វិហារ​វត្ត​ដំរី ស ដោយសារ​តែ​មាន​ជំនឿ​បារមី​ពូកែ​សក្តិ​សិទ្ធិ​ដឹង ត​ៗ​គ្នា​ពី​ប្រទេស​ថៃ​មក ។ វត្ត​ដំរី​សមាន​ទីតាំង​ស្ថិត​នៅ​ជាប់​ផ្លូវ​ប្រប​មាត់​ស្ទឹង​សង្កែ ក្នុង​ទឹកដី​ភូមិ​កម្មករ​សង្កាត់​ស្វាយប៉ោ ដោយ​ភ្ញៀវ​ទេសចរ​ដែល​មាន​បំណង​ទៅ​ទី​អារាម​នេះ​អាច​ធ្វើ​ដំណើរ​បាន​តាម​ផ្លូវ​លេខ​៣ ក្នុង​ក្រុង​បាត់ដំបង ។ បើ​យើង​មើលទៅ​ខាងត្បូង​ព្រះ​វិហារ​ដ៏​ធំ​នេះ​វិញ​គេ​នឹង​បានឃើញ​ចេតិយ​សម្បថ​មួយ​ដែល​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​និយម​ស្បថស្បែ​ស្វែងរក​ភាព​យុត្តិធម៌ រៀង​ៗ​ខ្លួន ។

ពេល​នេះ​ត្រូវ​បាន​សាបរលាប​ព្រោះតែ​មាន​ជនខិលខូច​តែងតែ​នាំ​ស្ត្រី​រកស៊ី​ផ្លូវភេទ​មួយ​ចំនួន​ទៅ​ប្រព្រឹត្ត​នៅ​ទីកន្លែង​នោះ ចំណែកឯ​នៅ​ផ្នែក​ខាងក្រោយ​មាន​រូបសំណាក​ពុទ្ធប្រវត្តិ​ជា​ច្រើន​គួរ​ជាទី​គយគន់​ណាស់​សម្រាប់​អ្នក​ដែល​បាន​ទៅ​ដល់ទី​អារាម​ដំរី​ស ។ នៅ​ក្នុង​បរិវេណ​វត្ត​ដំរី​ស មាន​សំណង់​ព្រះ​វិហារ​ចំណាស់​មួយ​ដែល​សាងសង់​ឡើង​អំពី​ឈើ​និង​សមិទ្ធផល​ព្រះពុទ្ធ​សាសនា​ដែល​ទើប​កកើត​ឡើង ថ្មី​ៗ​ជា​ច្រើន​ទៀត ។ សមិទ្ធផល​ទាំងនោះ​កាន់តែ​បាន​ជួយ​លើក​សម្រស់​វត្ត​ដំរី​ស​ឲ្យ​កាន់តែ​ល្បី និង​មាន​ភាព​ស្រស់បំព្រង​ឡើង ។

ជា​រៀងរាល់ថ្ងៃ​គេ​តែងតែមាន​ក្រុមហ៊ុន​ផលិតកម្ម​ភាពយន្ត​ទៅ​ថត​នៅ​វត្ត​ដំរី​ស ។ មាន​មនុស្ស​មា្ន​ពី​ទី​ជិត​ឆ្ងាយ​ចូល​មក​កាន់​ទី​អារាម​ជា​ហូរហែ ជា​ពិសេស​ភ្ញៀវ​ទេសចរ​ពី ឆ្ងាយ​ៗ​រួម​ទាំង​ជនបរទេស​ផង​ដែរ ។ វត្ត​ដំរី​ស​ក្នុង​រដូវ​បុណ្យ​ទាន​ប្រពៃណី​ជាតិ​ដូច​ជា​បុណ្យ​ភ្ជុំបិណ្ឌ បុណ្យចូលឆ្នាំ​ខ្មែរ​ជាដើម​មហាជន​ពី​ទី​ជិត​ឆ្ងាយ​ទៅ​ជួបជុំ​គ្នា​លេង​កម្សាន្ត​យ៉ាង​សប្បាយ រីករាយ​នៅ​ទីធ្លា​វត្ត​ដែល​មានការ​រៀបចំ​យ៉ាង​ស្រស់បំព្រង រួម​ទាំង​ប្រារព្ធ​​ធ្វើបុណ្យ​ទាន​ទៅ​តាម​លំ​អាន​នៃ​ព្រះពុទ្ធ​សាសនា កាន់តែ​ធ្វើ​ឲ្យ​អារាម​ដ៏​ចំណាស់​មួយ​នេះ​មានឈ្មោះ​ល្បីល្បាញ​សម្រាប់​ស្រទាប់​មហាជន​ទូទៅ ។ ខេត្តបាត់ដំបង​សំបូរ​ដោយ​សំណង់​បុរាណ​ជា​ច្រើន ដែល​មាន​អាយុកាល រាប់រយ​ឆ្នាំ​កន្លង​មក ក៏​ដូច​ជា​វត្ត​អារាម​ដែល​មាន​វ័យ​ចំណាស់​ជា​ច្រើន​បន្សល់​ទុកជា​កេរដំណែល​ប្រវត្តិសាស្ត្រ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ទេសចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ