ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​អត់? អ្នកដំណើរ​ឱ្យ​តែ​មក​ដល់ទី​នេះ​គឺ​ឈប់​ទិញហូប ​ព្រោះ​វា​ឈ្ងុយ​ណាស់

6 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ «​ផ្សារ​កណ្ដុរ​អាំង​» ឬ​«​ផ្សារ​កណ្ដុរ​អាំង​អូរ​តា​គី​» គឺជា​ផ្សារ​ដែល​ទើប​មានឈ្មោះ​បោះ​សំឡេង តាម​រយៈ​ការ​ហៅ​ត​ៗ​គ្នា​របស់​អ្នក​ភូមិ និង​អ្នកដំណើរ​ដែល​និយម​ចូល​ចិត្ត​ទទួលទានសាច់​កណ្ដុរ​អាំង​ដ៏​ឈ្ងុយ​ឆ្ងាញ់​រហូត​ដល់​សព្វ​ថ្ងៃនេះ ដោយសារ​តែ​ផ្សារ​មួយ​នេះ​មានការ​ដាក់​លក់​មុខម្ហូប ឬ​គ្រឿងក្លែម​ស្ទើរ​៩០% គឺជា​«​កណ្ដុរ​អាំង​»​ដែល​មាន​តូប​លក់​ជិត​១០​កន្លែង…

ខេត្តបាត់ដំបង ៖ «​ផ្សារ​កណ្ដុរ​អាំង​» ឬ​«​ផ្សារ​កណ្ដុរ​អាំង​អូរ​តា​គី​» គឺជា​ផ្សារ​ដែល​ទើប​មានឈ្មោះ​បោះ​សំឡេង តាម​រយៈ​ការ​ហៅ​ត​ៗ​គ្នា​របស់​អ្នក​ភូមិ និង​អ្នកដំណើរ​ដែល​និយម​ចូល​ចិត្ត​ទទួលទានសាច់​កណ្ដុរ​អាំង​ដ៏​ឈ្ងុយ​ឆ្ងាញ់​រហូត​ដល់​សព្វ​ថ្ងៃនេះ ដោយសារ​តែ​ផ្សារ​មួយ​នេះ​មានការ​ដាក់​លក់​មុខម្ហូប ឬ​គ្រឿងក្លែម​ស្ទើរ​៩០% គឺជា​«​កណ្ដុរ​អាំង​»​ដែល​មាន​តូប​លក់​ជិត​១០​កន្លែង ។ ស្ពាន​អូរ​តា​គី បើ​មិន​បាន​ស្គាល់​ក៏​ពិតជា​ធ្លាប់​ឮ​ដែរ​តាម​បទ​ចម្រៀង ស្ពាន​អូរ​តា​គី ដែល​ច្រៀង​ដោយ​លោក​អធិរាជ​សំឡេង​មាស​ស៊ី​ន ស៊ី​សា​មុត ។

«​ផ្សារ​កណ្ដុរ​អាំង​អូរ​តា​គី​»​នេះ​មា​នទី​តាំងនៅ​ភូមិ​អូរ​តា​គី ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល ។ យើង​អាច​ធ្វើ​ដំណើរ​តាម​មធ្យោបាយ​យានយន្ត​ផ្សេង​ៗ ចេញពី​ក្រុង​បាត់ដំបង តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ឆ្ពោះទៅ​ទិស​ខាង​លិច ដោយ​ចំណាយពេល​ត្រឹមតែ​២២​នាទី លើ​ចម្ងាយ​ផ្លូវ​១៣​គីឡូម៉ែត្រ​យើង​នឹង​ទៅ​ដល់​«​ផ្សារ​កណ្ដុរ​អាំង​» ដែល​មាន​ក្លិន​ឈ្ងុយ​នោះ​ហើយ ។ អ្នក​ចូល​ចិត្ត​ទ​ទូល​ទាន​សាច់​កណ្ដុរ​អាំង តែង​នាំ​គ្នា​ទៅ​កាន់​ទីនោះ​នៅ​ពេល​រសៀល​ឬ​ពេល​ល្ងាច ។

អតិថិជន​ឬ​ភ្ញៀវ​ទាំងឡាយ អាច​នាំ​គ្នា​ទៅ​អង្គុយ​លំហែកាយ​ភ្លក្ស​រសជាតិ​សាច់​កណ្ដុរ​អាំង​នៅ​ក្នុង​លើ​ខ្យូ​ស​«​ទឹក​អួរ​តា​គី​»​ក៏​បាន ឬ​នៅ​ក្នុង​ខ្យូ​ស​តូច​ៗ​ដែល​ម្ចាស់​តូប​បាន​ធ្វើ​នៅ​ក្បែ​កន្លែង​លក់​នោះ​ក៏​បាន ។ គ្មាន​អ្នក​ដំណើរ​​ណា​ម្នាក់​ដែល​ថា មិន​លាន់មាត់​ភ្ញាក់ផ្អើល ឬ​មិន​លេបទឹកមាត់​នោះ​ទេ នៅ​ពេល​ដែល​បាន​ធ្វើ​ដំណើរ​ឆ្លងកាត់​ក្លិន​ដ៏​ឈ្ងុយ​ឆ្ងាញ់​នៃ​កណ្ដុរ​អាំង​ត្រៀបត្រា យ៉ាង​មាន​របៀប​នៅ​លើ​ចង្អើរ ខាង​មុខ​តូប​នីមួយ​ៗ​នោះ ដែល​គ្របដណ្ដប់​ទៅ​ដោយ​ផ្សែង ។ អ្នក​ភូមិ​អូរ​តា​គី​បាន​និយាយ​ពី​ប្រវត្តិ​នៃ​ផ្សារ​កណ្ដុរ​អាំង​នេះ​ថា តាំងពី​ជំនាន់​ដូនតា​មក នៅ​ក្នុងភូមិ​អូរ​តា​គី គ្មាន​ប្រវត្តិ​លក់​កណ្ដុរ​អាំង​ទេ ។ ប៉ុន្តែ​វា​បាន​ក្លាយជា​ទីតាំង​លក់​សត្វ​កណ្ដុរ​អាំង​ដ៏​ពេញ​និយម ចាប់តាំងពី​ចុងឆ្នាំ​២០០០ រហូត​មក​ដល់​ពេល​នេះ ដែល​ផ្ដើម​ចេញពី​បុរស​ដែល​ចូល​ចិត្ត​ហូប​សត្វ​កណ្ដុរ​អាំង​ម្នាក់​ឈ្មោះ ផ​ន កែវ អាយុ​៤១​ឆ្នាំ រស់នៅ​ភូមិ​អូរ​តា​គី នេះ​តែ​ម្ដង ។ អ្នក​ភូមិ​និយាយ​ថា ចាប់តាំងពី​ពេល​នោះ​មក អ្នក​រស់នៅ​ភូមិ​អូរ​តា​គី ស្ទើរ​ជាង​ពាក់កណ្ដាល​បាន​នាំ​គ្នា​ដើរ​ដាក់​អន្ទាក់ ឬ​ដើរ​បរបាញ់​សត្វ​កណ្ដុរ​នា​ពេល​យប់ ដើម្បី​យក​ទៅ​លក់​ពេល​ដែល​ទីផ្សារ​«​កណ្ដុរ​អាំង​»​នេះ​កាន់តែ​ពេញ​និយម​ខ្លាំង ។ រីឯ​អ្នកលក់ «​កណ្ដុរ​អាំង​»​ក៏​កាន់តែ​ពង្រីក​មុខរបរ​នេះ​កាន់តែ​ច្រើន​ទៅ​ៗ នៅ​ក្នុងភូមិ​អូរ​តា​គី ។

នៅ​ទីនោះ​គេ​ឃើញ​មាន​តូប​លក់ និង​មាន​ចង្អើរ​កណ្ដុរ​អាំង​ត្រៀបត្រា ដង្ហែ​តាម​ដងផ្លូវ​យ៉ាង​មាន​របៀប ។ ប៉ុន្តែ​គេ​ក្រឡេក​ឃើញ​តូប​មួយ​នៅ​ចុង​ខាងជើង​គេ ហាក់​មាន​សត្វ​កណ្ដុរ​អាំង​ច្រើន​ជាងគេ ។ បុរស​សម្បុរ​ខ្មៅ​ម្នាក់​កំពុង​ឱន​ងើប​ៗ​នៅ​ក្បែ​ចង្អើរ​អាំង​កណ្ដុរ​នោះ ដែល​គ្របដណ្ដប់​ទៅ​ដោយ​ផ្សែង ដែល​អ្នក​ភូមិ​ប្រាប់​ថា បុរស​នោះ​ហើយ​ដែល​ជា​ស្ថាបនិក​«​ផ្សារ​កណ្ដុរ​អាំង​អូរ​តា​គី​»​នេះ​ឈ្មោះ​លោក​ផ​ន កែវ ។ លោក ផ​ន កែវ មាន​មាឌ​ល្អិត​សក់រួញអង្គាដី និង​សម្បុរ​ខ្មៅ តែ​ទឹកមុខ​គាត់​ស្រស់ថ្លា បង្ហាញ​នូវ​ស្នាមញញឹម​ស្វាគមន៍​យ៉ាង​រាក់ទាក់ នៅ​ពេល​អតិថិជន​ដើរទៅ​កាន់​ចង្អើរ​អាំង​កណ្ដុរ​ដ៏​ធំ​របស់​គាត់ ។

ជាមួយ​ការងារ​ដ៏​មមាញឹក​បែប​នេះ លោក ផ​ន កែវ បាន​និយាយ​អំពី​ប្រវត្តិ​របស់​គាត់​បណ្ដើរ​ប្រែ​កណ្ដុរ​អាំង​បណ្ដើរ​ប្រាប់​កោះសន្តិភាព​ថា «​ដំបូង​នៅ​ក្នុងភូមិ​អូរ​តា​គី​នេះ​មាន​តែ​ខ្ញុំ​ម្នាក់​ទេ ដែល​អាំង​សត្វ​កណ្ដុរ​លក់​ក្នុង​តូប​តូច​មួយ​នៅ​ខាង​មុខ​ផ្ទះ ។ ខ្ញុំ​ជា​អ្នក​ចូល​ចិត្ត​ហូប​កណ្ដុរ​អាំង​ខ្លាំង​ណាស់ ព្រោះ​ខ្ញុំ​ជា​កូន​កសិករ​ក្រីក្រ​ធ្វើ​ស្រែ​​តិចតួច ។ ខ្ញុំ​តែងតែ​ចាប់​កណ្ដុរ​យក​មក​អាំង​ហូប ពេល​ទៅ​ស្រែ​ម្ដង​ៗ» ។ នៅ​ពេល​សួរ​ថា ដំបូង​ចាប់​កណ្ដុរ​យក​មក​អាំង​ហូប​ខ្លួនឯង​ទេ ចុះ​ហេតុ​អ្វី​បានជា​លោក​បែកគំនិត​ចាប់​កណ្ដុរ​យក​មក​អាំង​លក់​រហូត​មក​ដល់​ពេល​នេះ ? គាត់​អស់សំណើច ហើយ​ងើបមុខ​បន្តិច​រួច​និយាយ​ថា «​តាម​ពិត​ខ្ញុំ​មិនដឹង​ថា មនុស្ស​ទូទៅ​ចូល​ចិត្ត​ហូប​កណ្ដុរ​អាំង​ដូច​ខ្ញុំ​ដែរ​នោះ​ទេ តែ​ពេល​គេ​ឃើញ​ខ្ញុំ​ហូប​ស្រាប់តែ​គេ​មក​សុំ​ទិញ​ពី​ខ្ញុំ​យក​ទៅ​ហូប​ដែរ​» ។

លោក ផ​ន កែវ បាន​រៀបរាប់​ដូច្នេះ​ថា «​ក្នុង​អំឡុង​ចុងឆ្នាំ​២០០០ ខ្ញុំ​តែង​ចាប់​សត្វ​កណ្ដុរ​ពី​ស្រែ​ម្ដង​ពី​៤​ទៅ​៥​ក្បាល យក​មក​អាំង​អង្គុយ​ហូប​លេង​ជាមួយ​អ្នក​ភូមិ​ប៉ុន្មាន​នាក់ នៅ​លើ​តូប​ខាង​មុខ​ផ្ទះ ។ ពេល​នោះ​មាន​អ្នក​ភូមិ​ឬ​អ្នកដំណើរ​ចេះ​តែ​មក​សុំ​ទិញ​កណ្ដុរ​អាំង​ពី​ខ្ញុំ​យក​ទៅ​ហូប​ជា​បន្តបន្ទាប់​» ។ ទំនងជា​ខ្លាច​កណ្ដុរ​អាំង​របស់​​គាត់​ខ្លោច លោក កែវ ប្រែ​កណ្ដុរ​អាំង​បណ្ដើរ​និយាយ​បណ្ដើរ​ថា «​ដោយសារ​តែ​អាច​រក​ចំណូល​បាន​ពី​កណ្ដុរ​អាំង​នេះ​កាក់កប​គ្រាន់បើ ទើប​ខ្ញុំ​សម្រេច​ដើរ​ចាប់​កណ្ដុរ​តាម​ស្រែ​យក​មក​អាំង​លក់​ជា​អាជីពរ​ហួត​មក​ដល់​ពេល​នេះ​តែ​ម្ដង​» ។

ស្ថិត​ក្រោម​ផ្សែងហុយ​ទ្រលោម លាយឡំ​និង​ក្លិន​ឈ្ងុយ នៃ​កណ្ដុរ​អាំង លោក ផ​ន កែវ ហាក់​ស៊ាំ​នឹង​ទិដ្ឋភាព​បែប​នេះ​ទៅ​ហើយ​។ គាត់​ញញឹម​លាយឡំ​ជាមួយ​ដំណក់ញើស ដែល​ហូរ​ជោកជាំ​លើ​ផ្ទៃមុខ ។ ប្រហែលជា​ទម្លាប់​របស់​គាត់​ទៅ​ហើយ ដែល​ប្រើប្រាស់​ក្រ​ម៉ា​ធ្វើ​ជា​ខោ ។ លោក កែវ បាន​លើកដៃ​ទាញ​មួក​បន្តិច​រួច​ពោល​ថា «​ខ្ញុំ​និង​ក្រុម​គ្រួសារ​ហាក់​មានការ​ហត់នឿយ​ខ្លាំង​ណាស់ ជាមួយនឹង​មុខរប​អាំង​កណ្ដុរ​លក់​នេះ តែ​ខ្ញុំ​ពេញចិត្ត បាន​ប្រាក់​ដំណូ​ល​គួរសម ម្យ៉ាង​ខ្ញុំ​គ្មាន​មុខរប​ផ្សេង​ពី​នេះ​ទេ​» ។ គាត់​ប្រាប់​ថា «​ក្នុង​មួយ​ថ្ងៃ​គាត់​លក់​កណ្ដុរ​អាំង​អស់​ចន្លោះ​ពី​៥០​ទៅ​៨០​គីឡូក្រាម ហើយ​អាច​សល់​ប្រាក់​ចំណេញ​បាន​ពី​១០​ទៅ​១៣​ម៉ឺន​រៀល​» ។ លោក ផ​ន កែវ បាន​បញ្ជាក់​ថា «​ប្រាក់​ចំណេញ​ពីមុខរ​បលក់​កណ្ដុរ​អាំង​ជិត​២០​ឆ្នាំ​កន្លង​ទៅ​នេះ បាន​ធ្វើ​ឲ្យ​ជីវភាព​គ្រួសារ​គាត់​ធូរធារ មធ្យម និង​មានផ្ទះ​សម្បែង​រស់នៅ​សមរម្យ​គ្រាន់បើ​ដែរ​» ។

បច្ចុប្បន្ន ​«​ផ្សារ​កណ្ដុរ​អាំង​អូរ​តា​គី​»​នេះ មិនមែន​ល្បីល្បាញ​តែ​នៅ​ក្នុង​ប្រទេស​ទេ ហើយ​ក៏​មិនមែន​មាន​តែ​ជនជាតិ​ខ្មែរ​ដែរ ដែល​ចូល​ចិត្ត​ហូប​កណ្ដុរ​អាំង​នេះ សូ​ម្បី​ជនបរទេស​ក៏​តែង​ឈប់​ទិញ​កណ្ដុរ​អាំង​ហូប​ដូច​នំ​ដែរ ។ នេះ​បើ​តាម​ការ​លើក​ឡើង​ពី​អ្នកលក់​កណ្ដុរ​អាំង ។ អ្នកស្រី ពៅ វ​ណ្ណា អាយុ​២៧​ឆ្នាំ ដែល​ជា​អ្នកលក់​កណ្ដុរ​អាំង​ម្នាក់​ដែរ​បាន​និយាយ​ថា ជនបរទេស​មួយ​ចំនួន​ចូល​ចិត្ត​ហូប​កណ្ដុរ​អាំង​នេះ​ណាស់ ។ ពេល​ខ្លះ​ពួក​គេ​ទិញ​ហូប​ភ្លាម​ៗ​ដូច​ហូប​នំប៉័ង ។ អ្នកស្រី​បាន​បន្ត​ថា «​អ្នកដំណើរ​មក​ពី​តាម​បណ្ដា​ខេត្ត​ផ្សេង​ៗ​ឆ្លងកាត់ «​ផ្សារ​កណ្ដុរ​អាំង​»​នេះ តែង​ឈប់​ទិញ​ផ្ញើ​ក្រុម​គ្រួសារ​ម្នាក់​ៗ​យ៉ាងតិច​ពី​៥​ទៅ​១០​ក្បាល ឬ​ទិញ​ផ្ញើ​ទៅ​បងប្អូន​នៅ​ប្រទេស​ថៃ​ទៀត​ផង​» ។ អ្នកស្រី វ​ណ្ណា បាន​ប្រាប់​ថា​«​ខ្ញុំ​ប្រកប​មុខរប​អាំង​កណ្ដុរ​លក់​នេះ​ទើបតែ​៦​ឆ្នាំ​ប៉ុណ្ណោះ ។ ប៉ុន្តែ​ខ្ញុំ​មិន​ទាន់​ឃើញ​មានការ​ថមថយ នៃ​អតិថិជន​នោះ​ទេ​។ ក្នុង​មួយ​ថ្ងៃ​ខ្ញុំ​លក់​កណ្ដុរ​អាំង​អស់ពី​៣០​ទៅ​៤០​គីឡូក្រាម ហើយ​អាច​រក​ប្រាក់​ចំណេញ​បាន​ពី​៦​ទៅ​៧​ម៉ឺន​រៀល​ដែរ​» ។

បើ​តាម​ការ​រៀបរាប់​ពី​អ្នកលក់​កណ្ដុរ​អាំង​ដទៃ​ទៀត​នៅ​«​ផ្សារ​កណ្ដុរ​អាំង​អូរ​តា​គី​»​នេះ​ដែរ បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​អ្នក​ភូមិ​អូរ​តា​គី រក​កណ្ដុរ​មិនសូវ​បាន​ទេ តែ​មាន​ប្រជាពលរដ្ឋ​នៅ​តាម​តំបន់​ផ្សេង​ៗ ចាប់​យក​មក​លក់​ឲ្យ​អ្នក​អាំង​លក់​នៅ​ផ្សារ​នេះ ។ អ្នកលក់​បាន​បញ្ជាក់​ថា សម្រាប់​រដូវប្រាំង​បែប​នេះ​សត្វ​កណ្ដុរ​សំបូរ​ណាស់ តែ​លក់​បាន​តម្លៃ​ទាប ក្នុង​១​គីឡូ​ទិញ​ចូល​តម្លៃ​ចន្លោះ​ពី​៥០០០​ដល់​៧០០០​រៀល ។ ប៉ុន្តែ​អាំង​លក់​វិញ​គិត​ជា​ក្បាល ក្នុង​១​ក្បាល​ថ្លៃ​ចាប់ពី​៥០០​រៀល​ដល់​៥០០០​រៀល​តាម​តូច​ឬ​ធំ ។ ប៉ុន្តែ​បើ​ក្នុង​រដូវវស្សា​ដែល​មិនសូវ​សំបូរ​សត្វ​កណ្ដុរ គឺ​សត្វ​កណ្ដុរ​មាន​តម្លៃ​ខ្ពស់​ណាស់ ។

ពាក់ព័ន្ធ​នឹង​ការ​វ​វឌ្ឍន៍​នៃ​«​ផ្សារ​កណ្ដុរ​អាំង​អូរ​តា​គី​»​នេះ​វិញ បើ​តាម​លោក ផ​ន កែវ ដែល​ជា​ស្ថាបនិក​«​ផ្សារ​កណ្ដុរ​អាំង​»​នេះ​មុនគេ បាន​និយាយ​ថា បច្ចុប្បន្ន​ផ្សារ «​កណ្តុរ​អាំង​អូរ​តា​គី​» បាន​កើនឡើង​រហូត​ដល់​ជិត​១០​តូប​ហើយ ។ លោក​បាន​បញ្ជាក់​ថា «​ការ​រីក​ចម្រើន​នៃ​មុខរប​នេះ​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ក្នុង​ភូមិ​អូរ​តា​គី អាច​រស់នៅ​ជាមួយនឹង​ជីវភាព​យ៉ាង​សមរម្យ​» ។ ជុំវិញ​ភាព​ល្បីល្បាញ​នៃ​«​ផ្សារ​កណ្ដុរ​អាំង​»​នេះ​ដែរ លោក​ផ​ន កែវ បាន​បង្ហាញ​ពី​ទស្សនៈ​ផ្ទាល់ខ្លួន​របស់​លោក​ប្រាប់​កោះសន្តិភាព​ដូច្នេះ​ថា «​ខ្ញុំ​សង្កេត​ឃើញ​​ថា អ្នក​ចូល​ចិត្ត​ទ​ទូល​ទាន​សាច់​កណ្ដុរ​អាំង​នេះ​ហាក់​មាន​ចំនួន​កាន់តែ​ច្រើន​ឡើង​ៗ ។ សូ​ម្បី​តែ​ខ្មែរ​នៅ​ក្នុង​ឬ​ក្រៅប្រទេស​ក្ដី ឬ​ជនបរទេស​ចម្រុះ​ជាតិ​សាសន៍​ក្ដី ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​«​ផ្សារ​កណ្ដុរ​អាំង​អូរ​តា​គី​» ពួក​គេ​តែង​ឈប់​មួយ​ភ្លេ​ត​ទិញ​កណ្ដុរ​អាំង​ដ៏​ឈ្ងុយ​ឆ្ងាញ់​នេះ​យក​ទៅ​ហូប​មិន​ដែល​ខកខាន​ឡើយ ។ មិន​តែ​ប៉ុណ្ណោះ​លោក​ថា មាន​អតិថិជន​ខ្លះ​បាន​ទូរស័ព្ទ​ឲ្យ​លោក​វេច​ខ្ចប់​ផ្ញើ​ទៅ​ឲ្យ​ទៀត​ផង ៕ ​

អត្ថបទសរសេរ ដោយ