ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្នំពេញ​មាន​តំបន់​សក្ដានុពល​ទេសចរណ៍​ចំនួន​4​កំពុង​ទាក់ទាញ​កែវភ្នែក​ទេសចរ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មិន​ត្រឹមតែ​ជា​បេះដូង​នៃ​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ ភ្នំពេញ​គឺជា​រាជ​ធានី​វ័យ​ចំណាស់​មួយ​ដែល​សម្បូរ​ដោយ​តំបន់​វប្បធម៌​ប្រវត្តិសាស្ត្រ ធម្មជាតិ និង​សំណង់​ស្ថាបត្យកម្ម​ជំនាន់​ដើម ដែល​កំពុង​ទាក់ទាញ​ទេសចរ​យ៉ាង​ខ្លាំង ។ ក្នុង​១​ឆ្នាំ​ៗ ប៉ូ​ល​សេដ្ឋ​កិច្ច​ដ៏​សំខាន់​មួយ​នេះ​បាន​ស្រូប​យក​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​ទស្សនា​សម្រាក​លម្ហែ​កាយ​​រាប់​លាន​នាក់…

រាជធានី​ភ្នំពេញ ៖ មិន​ត្រឹមតែ​ជា​បេះដូង​នៃ​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ ភ្នំពេញ​គឺជា​រាជ​ធានី​វ័យ​ចំណាស់​មួយ​ដែល​សម្បូរ​ដោយ​តំបន់​វប្បធម៌​ប្រវត្តិសាស្ត្រ ធម្មជាតិ និង​សំណង់​ស្ថាបត្យកម្ម​ជំនាន់​ដើម ដែល​កំពុង​ទាក់ទាញ​ទេសចរ​យ៉ាង​ខ្លាំង ។ ក្នុង​១​ឆ្នាំ​ៗ ប៉ូ​ល​សេដ្ឋ​កិច្ច​ដ៏​សំខាន់​មួយ​នេះ​បាន​ស្រូប​យក​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​ទស្សនា​សម្រាក​លម្ហែ​កាយ​​រាប់​លាន​នាក់ ដែល​បង្កើត​ឲ្យ​មាន​សកម្មភាព​សេដ្ឋកិច្ច​យ៉ាងច្រើន​ដល់​សង្គម​ជាតិ។

ស្ថិត​ក្នុង​គោលដៅ​ផ្សព្វផ្សាយ​ឲ្យ​កាន់តែ​ទូលំទូលាយ​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ថែម​មួយ​កម្រិត​ទៀត មន្ត្រី​ជំនាញ​បាន​បង្ហាញ​ពី​តំបន់​សក្តានុពល​ទេសចរណ៍​សំខាន់​ៗ​នៅ​រាជធានី​ភ្នំពេញ ក្នុង​នោះ​មាន​គោលដៅ​ចំនួន​៤ រួម​មាន ទេសចរណ៍វប្បធម៌ ទេសចរណ៍​ប្រវត្តិសាស្ត្រ ទេសចរណ៍ធម្មជាតិ និង​ទេសចរណ៍​ស្ថាបត្យកម្ម ។

លោកស្រី គឹ​ម វ​ណ្ណា ប្រធាន​មន្ទីរ​រាជធានី​ភ្នំពេញ បាន​ថ្លែង​ថា រាជធានី​ភ្នំពេញ ជា​តំបន់​ប៉ូ​ល​ទេសចរណ៍​មួយ​ក្នុង​ចំណោម​ប៉ូ​ល​ទេសចរណ៍​ទាំង​៤​នៅ​កម្ពុជា រួម​មាន សៀមរាប ក្រុង​ព្រះសីហនុ និង​តំបន់​ភូមិភាគ​ឦសាន ។ លោកស្រី​ថា ចំពោះ​សក្តានុពល​ទេស​ចរណ៍​ទាំង​៤ ដែល​រាជធានី​ភ្នំពេញ​មាន​ដូច​ជា តំបន់​ទេសចរណ៍វប្បធម៌ គឺ​ពោរពេញ​ដោយ​អគារ​លម្អ​ក្បូរ​ក្បាច់រចនា​ដ៏​ទាក់ទាញ​បង្កប់​ទៅ​ដោយ​អត្ថន័យ សិល្បៈ និង​សាសនា ដូច​ជា ព្រះ​បរមរាជវាំង វត្ត​ឧណ្ណាលោម និង​វត្ត​បុ​ទុម​វ​ត្តី ។​ល​។

ចំណែក​​សក្តានុពល​ទេសចរណ៍​ប្រវត្តិសាស្ត្រ គឺ​រាជធានី​ភ្នំពេញ មាន​ទីតាំង​មួយ​ចំនួន​ដែល​បាន​រំលេច​ពី​ការ​ចង​ចាំ​ផ្នែក​ប្រវត្តិសាស្ត្រ​ក្នុង​រយៈពេល​ខុស​ៗ​គ្នា ដូច​ជា រមណីយ​ដ្ឋាន​វត្ត​ភ្នំ សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ទួល​ស្លែង និង​ជើងឯក ។​ល​។ ទន្ទឹម​នឹង​នោះ រាជធានី​ភ្នំពេញ​ក៏​បង្ហាញ​នូវ​ទេសចរណ៍ធម្មជាតិ​ដ៏​ស្រស់បំព្រង និង​គួរ​ជាទី​គយគន់​ផង​ដែរ ដូច​ជា ចំណុចប្រសព្វ​នៃ​ទន្លេចតុមុខ ច្រាំង​ទន្លេ​មុខ​ព្រះ​បរមរាជវាំង និង​កោះដាច់​ជាដើម ។

លោកស្រី គឹ​ម វ​ណ្ណា បាន​បន្ថែម​ថា ៖«​ក្រៅពី​សក្តានុពល​ទាំង​៣​ខាងលើ នៅ​មាន​សក្តានុ​ពល​ទេសចរណ៍​បែប​ស្ថាបត្យកម្ម​ថែម​ទៀត ដូច​ជា អគារ​សំណង់​សម័យ​អាណា​និគម​និយម​បារាំង​នានា ដែល​ត្រូវ​បាន​អភិរក្ស និង​ឈរ​បង្ហាញ​ភ្ញៀវ​ទេសចរ​នៅ​ភាគ​ខាងជើង​នៃ​រាជធានី ។ ចំណែក​សក្តានុពល​មួយទៀត គឺ​រមណីយដ្ឋាន​ទេសចរណ៍ ក៏​ជា​ផ្នែក​មួយ​យ៉ាង​សំខាន់​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ផង​ដែរ » ។

លោកស្រី​ប្រធាន​មន្ទីរ​បាន​បញ្ជាក់​ថា តំបន់​ទេសចរណ៍​នៅ​ជុំវិញ​រាជធានី​ភ្នំពេញ ដែល​សម្បូរ​ទៅ​ដោយ​រមណីយដ្ឋាន​ដ៏​ទាក់ទាញ គឺជា​ផ្នែក​មួយ​កំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​សម្រាក​កម្សាន្ត​នៅ​រាជធានី​ភ្នំពេញ រួម​មាន​រមណីយដ្ឋាន​ភ្នំ​ឧត្តុ​ង​, សួនសត្វ​ភ្នំ​តា​ម៉ៅ​, រមណីយដ្ឋាន​ទន្លេបាទី​, រមណីយដ្ឋាន​ភ្នំ​ជី​សូរ​, រមណីយដ្ឋាន​ភ្នំ​រាប និង​រមណីយដ្ឋាន​កៀនស្វាយ​ជាដើម ។

លោកស្រី​ក៏​បាន​បង្ហាញ​នូវ​តួលេខ​ត្រួស​ៗ​នៃ​ចំនួន​ភ្ញៀវ​ទេសចរ​សម្រាប់​រាជធានី​ភ្នំពេញ ក្នុង​នោះ គិត​ត្រឹម​រយៈពេល​៥​ខែ ដើមឆ្នាំ​២០១៧ ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន​ជិត​១,២​លាន​នាក់ កើនឡើង​១៣% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​នៃ​ឆ្នាំ​២០១៦ ។ ក្នុង​នោះ​​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​ចូល​តាម​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ចំនួន​៥៥៩.៧៥៩​នាក់ កើនឡើង​១៨,៨% ។

លោកស្រី​ថា ទីផ្សារ​សំខាន់​ៗ​រួម​មាន ចិន វៀតណាម អង់គ្លេស អា​មេ​រិ​ក អូស្ត្រាលី និង​បារាំង ។​ល​។

យ៉ាងណា​ក៏​ដោយ លោកស្រី​បាន​លើក​ឡើង​នូវ​បញ្ហា​ប្រឈម​មួយ​ចំនួន​ដែល​គប្បី​ត្រូវ​យកចិត្តទុកដាក់​ផង​ដែរ​ដូច​ជា បញ្ហា​កកស្ទះ​ចរាចរណ៍​, ការ​ចត​យានយន្ត​គ្មាន​សណ្តាប់​ធ្នាប់​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ធ្វើ​ដំណើរ និង​កម្សាន្ដ​របស់​ភ្ញៀវ​ទេសចរ​, បញ្ហា​បរិស្ថាន និង​អនាម័យ ដែល​មិន​ទាន់​រៀបចំ​ឲ្យ​មាន​លក្ខណៈ​ស្តង់ដា រួម​ទាំង​បញ្ហា​សន្តិសុខ សុវត្ថិ​ភាព​សម្រាប់​ភ្ញៀវ​ទេសចរ​ផង​ដែរ ខណៈ​ពេល​ខ្លះ​ជនខិលខូច​បាន​ឆ្លៀតឱកាស​ធ្វើ​សកម្ម​ភាព​លួច និង​ឆក់​ទ្រព្យសម្បត្តិ​ភ្ញៀវ​ជាដើម ។

លោកស្រី​ប្រធាន​មន្ទីរ​រូប​នោះ​ក៏​បាន​អះអាង​ថា អាស្រ័យ​ដោយ​ការ​ដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​​រាជរដ្ឋាភិបាល​កម្ពុជា ដោយ​មាន​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី ធ្វើ​ឲ្យ​កម្ពុជា​រីក​ចម្រើន​លើ​គ្រប់​វិស័យ ជា​ពិសេស​វិស័យ​ទេសចរណ៍ ដោយ​ភ្ញៀវ​ទេសចរ​បាន​កើន​ឡើងជា​បន្តបន្ទាប់​គួរ​ជាទី​មោ​ទ​នៈ ។

លោកស្រី​បន្ថែម​ថា ៖« កត្តា​សន្តិភាព សន្តិសុខ ហេដ្ឋារចនាសម្ព័ន្ធ និង​ភាព​សម្បូរ​បែប​លើ​​ធនធានធម្មជាតិ​វប្បធម៌ ក៏​ដូច​ជា​ស្ថាបត្យកម្ម ជា​មូលដ្ឋាន​ដ៏​សំខាន់​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​មក​ទស្សនា​រាជធានី​ភ្នំពេញ » ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្នុង​ដំណាច់ឆ្នាំ​២០១៧ កម្ពុជា​បាន​ទទួល​ស្វាគមន៍​ការ​មក​ដល់​នៃ​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិប្រមាណ​៥,៦​លាន​នាក់ កើនឡើង​១១% បើ​ធៀប​នឹង​ឆ្នាំ​២០១៦ ។

ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ​បរទេស​ជាង​៥​លាន​៦​សែន​នាក់​នេះ គឺ​មាន​ភ្ញៀវ​ទេសចរ​ចិន​ជាប់​លំដាប់ថ្នាក់​លេខ​១ ដែល​មាន​ប្រមាណ​ជាង​១​លាន​នាក់​។ វៀតណាម​នៅ​លំដាប់​លេខ​២ និង​លេខ​រៀង​បន្ទាប់ គឺ​ភ្ញៀវ​ទេសចរ​មក​ពី​អឺរ៉ុប ។

លោកស្រី ឆាយ ស៊ី​វលី​ន ប្រធាន​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា បាន​បញ្ជាក់​ថា ការ​កើន​ឡើង​​នៃ​ចំនួន​ភ្ញៀវ​ទេសចរ​នេះ បាន​បង្ហាញ​ឲ្យ​ឃើញ​កាន់តែ​ច្បាស់​ពី​ការ​ខិតខំ​របស់​រាជ​រដ្ឋាភិបាល និង​ក្រសួងទេសចរណ៍ ដែល​បាន​ដាក់​ចេញ​នូវ​ផែនការ​ជាក់លាក់​ដើម្បី​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​កន្លង​មក ។ ប៉ុន្តែ​យ៉ាងណា​ក៏​ដោយ លោកស្រី​ស្នើ​ឱ្យ​ក្រសួង​ទេសចរណ៍​បង្កើត​កន្លែង​តំបន់​ទេសចរណ៍​ថ្មី​បន្ថែម​ទៀត ពង្រឹង​សេវាកម្ម​ទេសចរ និង​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​ឲ្យ​បាន​ច្រើន​ផង​ដែរ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​កំណើន​ភ្ញៀវ​ទេសចរ ។ ដោយឡែក ប្រជាពលរដ្ឋ​វិញ​ត្រូវ​ចូលរួម​ថែរក្សា​បរិស្ថាន​អនាម័យ​នៅ​តាម​តំបន់​រមណីយដ្ឋាន​ទេសចរណ៍​ទូ​ទាំង​ប្រទេស​ឲ្យ​បាន​ល្អ​ប្រសើរ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចង់​មក​ទស្សនា​កម្ពុជា​កាន់តែ​ច្រើន​ឡើង​ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ