ខេត្តកំពង់ធំ ៖ ឧប្បត្តិហេតុមួយបានកើតឡើងកាលពីវេលាម៉ោង០៦នឹង៤១នាទីព្រឹក ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លវជាតិលេខ៦ ស្ថិតក្នុងភូមិសំណាក ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលបង្កឡើងដោយរថយន្តហាយឡែនឌ័រ ពណ៌ស បានបើកទៅបុកជាមួយរថយន្តហ៊ីយ៉ាន់ដាយបណ្តាលឱ្យស្លាប់ទាំងពីរប្តីប្រពន្ធ ។
ជនរងគ្រោះអ្នកបើករថយន្តហាយឡែនឌ័រឈ្មោះ អៀង ភ័ណ ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាវេជ្ជបណ្ឌិតបម្រើការនៅមន្ទីពេទ្យកាលម៉ែត្រ (ស្លាប់នៅកន្លែងកើតហេតុ) អ្នករួមដំណើរជាមួយឈ្មោះ ជួន វ៉ាន់នី ភេទស្រី អាយុ២៩ឆ្នាំ ត្រូវជាប្រពន្ធ (ស្លាប់នៅកន្លែងកើតហេតុ) ។
បើយោងតាមការឲ្យដឹងពីកន្លែងកើតហេតុនិយាយថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាកហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២AF-៣៥០៤ បើកបរនៅក្នុងល្បឿនយ៉ាងលឿនក្នុងទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែរ៉េចង្កូតទៅបុកជាមួយនឹងរថយន្តហ៊ីយ៉ាន់ដាយ ក្បាលពណ៌ស ទ្រុងពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ ៣B-៧១០៨ បើកបរដោយឈ្មោះ ពៅ ម៉ៃ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិរនាមហា ឃុំវិហារសួ ស្រុកកំពង់សៀម ខេត្តកំពង់ចាម យាងពេញទំហឹងហើយអ្នកបើកបររថយន្តហ៊ីយ៉ាន់ដាយក៏បានរត់គេចខ្លួនបាត់បន្ទាប់ពីកើតហេតុ ។
សមត្ថកិច្ចបានធ្វើការសន្និដ្ឋានថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបង្កឡើងដោយអ្នកបើកបររថយន្តហាយឡែនឌ័របើកមានល្បឿនលឿនហើយសង្ស័យបែកកង់មុខក៏រ៉េចង្កូតទៅបុករថយន្តហ៊ីយ៉ានដាយ ក្នុងចំណែកផ្លូវផ្ទុយគ្នាតែម្តង បើយោងតាមការពិនិត្យក្រោយពេលកើតហេតុឃើញរថយន្តហាយឡែនឌ័របែកកង់មុខទាំងសងខាង វត្ថុតាងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសន្ទុកដើម្បីដោះស្រាយតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ