ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​បែកញើស និង​ធុំក្លិន​ខ្លួន

6 ឆ្នាំ មុន

ញើស និង​ការ​មាន​ក្លិន​ខ្លួន កើតឡើង​នៅ​ពេល​ណា​ដែល​អ្នក​ហាត់ប្រាណ ឬ​ធ្វើការ​ខ្លាំង អ្នក​ស្ថិត​ក្នុង​ស្ថានភាព​ក្តៅ ឬ​មាន​អារម្មណ៍​ភ័យ​ខ្លាច​,​ថប់​បារម្ភ និង​មាន​ភាព​តានតឹង​អារម្មណ៍​(stress) ។ ប៉ុន្តែ​ការ​បែកញើស និង​មាន​ក្លិន​ខ្លួន​បែប​នេះ…

ញើស និង​ការ​មាន​ក្លិន​ខ្លួន កើតឡើង​នៅ​ពេល​ណា​ដែល​អ្នក​ហាត់ប្រាណ ឬ​ធ្វើការ​ខ្លាំង អ្នក​ស្ថិត​ក្នុង​ស្ថានភាព​ក្តៅ ឬ​មាន​អារម្មណ៍​ភ័យ​ខ្លាច​,​ថប់​បារម្ភ និង​មាន​ភាព​តានតឹង​អារម្មណ៍​(stress) ។ ប៉ុន្តែ​ការ​បែកញើស និង​មាន​ក្លិន​ខ្លួន​បែប​នេះ គឺជា​រឿង​ធម្មជាតិ និង​ធ្វើ​ឲ្យ​អ្នកមាន​សុខភាព​ល្អ ។ បែកញើស​គ្រាន់តែ​ជា​ផល​ប៉ះពាល់​ដ៏​តូច​មួយ​ប៉ុណ្ណោះ ។

ប៉ុន្តែ​ក្លិន​ខ្លួន​វិញ ជា​បញ្ហា​ធំ​ដែល​យើង​គួរតែ​ចាប់អារម្មណ៍ ។ ទោះបីជា​ញើស​មិន​មាន​ក្លិន​ក្តី ប៉ុន្តែ​ញើស​ជួនកាល​ក៏​អាច​បង្ក​ឲ្យ​មាន​ក្លិន​មិនល្អ នៅ​ពេល​ដែល​វា​ត្រូវ​បាន​ប៉ះ​នឹង​បាក់តេរី​នៅ​លើ​ស្បែក​របស់​អ្នក ។

វា​ជា​រឿង​មួយ​អាច​គួរ​ឲ្យ​បារម្ភ​បើសិនជា​មានការ​ប្រែប្រួល​មិនធម្មតា​នៃ​ការ​ចេញ​ញើស​(​ការ​ចេញ​ញើស​ច្រើន​ពេក ឬ​ការ​មាន​ញើស​តិច​បេ​ក ឬ​ក៏​គ្មាន​ការ​ចេញ​ញើស​សោះ​) ។ ដូច​គ្នា​ដែរ​,​ចំពោះ​ការ​ផ្លាស់​ប្តូរ​ក្លិន​ខ្លួន​វិញ ក៏​អាច​ជា​បញ្ហា​សុខភាព​ផង​ដែរ ។

ការ​រៀបចំ​ជីវិត​រស់នៅ និង​ការ​ព្យាបាល​នៅផ្ទះ អាច​ព្យាបាល​រោគ​សញ្ញា​របស់​អ្នក​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ខ្ពស់ ក្នុង​ករណី​ដែល​អ្នកមាន​ញើស និង​មាន​ក្លិន​ខ្លួន​ធម្មតា ។ ប៉ុន្តែ​ក្នុង​ករណី​ខ្លះ ការ​ប្រើប្រាស់​ថ្នាំ​ប្រឆាំង​នឹង​ការ​ចេញ​ញើស និង​ថ្នាំ​បំបាត់​ក្លិន​វា​ជា​រឿង​ចំ​បាច់ ។ មនុស្ស​ដែល​មាន​សុខភាព​ល្អ គឺ​អាច​បែកញើស ប៉ុន្តែ​តើ​បែកញើស​នៅ​ពេល​ណា​, ទីកន្លែង​ណា និង​ប៉ុន្មាន​នោះ​វា​ខុស​ប្លែក​គ្នា​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់​ទៀត ។

មូលហេតុ​ដែល​ឲ្យ​មនុស្ស​ចេញ​ញើស​រួម​មាន​៖
1.​ការ​លេង​កីឡា ជា​ពិសេស​កីឡា​ណា​ដែល​ប្រើ​កម្លាំង​ខ្លាំង
2.​អាកាសធាតុ​ក្តៅ
3.​ការ​ភ​យ័​ខ្លាច​, ថប់​បារម្ភ និង​ភាព​តានតឹង​អារម្មណ៍ (stress)

ការ​បែកញើស​ដែល​បង្ក​ឡើង​ដោយ​អារម្មណ៍​ភាគច្រើន​វា​លេច​ចេញ​នៅ​លើ​មុខ​,​ក្លៀក​,​បាតដៃ និង​បាតជើង ។ ប៉ុន្តែ​ការ​បែកញើស​ប៉ុនណា​និង​ក្លិន​ញើស​អាច​នឹង​បណ្តាល​មក​ពី​អារម្មណ៍​,​ចំណីអាហារ​,​ថ្នាំ​មួយ​ចំនួន និង​កម្រិត​នៃ​អ៊័​រ​ម៉ូ​ន​។ ប៉ុន្តែ​ជាង​នេះ​ទៀត​នោះ គឺថា​វា​ហាក់ដូចជា​អ​យុ​តិ្ត​ធម៌​បន្តិច​ដែល​មនុស្ស​ខ្លះ​បែកញើស​ខ្លាំង​ពី​កំណើត​មក​តែ​ម្តង ពិសេស​នៅ​បាតដៃ និង​បាតជើង ។

ដោយសារ​តែ​មិន​អាច​កំណត់​នូវ​និយម​ន័យ​ច្បាស់លាស់​អំពី​ញើស និង​ក្លិន​ខ្លួន​ធម្មតា​បាន​,​ដូចនេះ​អ្នក​ត្រូវ​ព្យាយាម​ស្គាល់​នូវ​អ្វី​ដែល​ជា​ភាព​ធម្មតា​របស់​អ្នក ។ ការ​ធ្វើ​ដូចនេះ​អាច​ជួយ​អ្នកដឹង​បាន​នៅ​ពេល​មាន​អ្វី​ផ្លាស់​ប្តូរ​ខុសធម្មតា ។

សូម​ទាក់ទង​ទៅ​គ្រូពេទ្យ ប្រសិនបើ​អ្នកមាន​បញ្ហា​ដូច​ខាងក្រោម​៖
1.​អ្នក​ចាប់ផ្តើម​បែកញើស​ច្រើន ឬ​តិច​ខុស​ពី​ធម្មតា​ភ្លាម​ៗ​តែ​ម្តង ។
2.​ញើស​រំខាន​ដល់​ជីវិត​ប្រចាំ​ថ្ងៃ​របស់​អ្នក ។
3.​បែកញើស​ពេល​យប់​ដោយ​គ្មាន​ហេតុផល​។

4.​អ្នក​ចាប់ផ្តើម​មាន​អារម្មណ៍​ថា​មានការ​ប្រែប្រួល​ក្លិន​ខ្លួន​របស់​អ្នក ដែល​ការ​ផ្លាស់​ប្តូរ​ក្លិន​ខ្លួន​នេះ អាច​ជា​សញ្ញា​មួយ​ចំនួន​ដែល​ទាក់ទង​ទៅ​នឹង​ជំងឺ​មួយ​ចំនួន​ដូច​ជា ទឹកនោមផ្អែម និង​ខ្សោយតម្រងនោម ។

ការ​បែកញើស​កើតឡើង​របៀប​ណា?
មូល​ហេ​តនៃ​ការ​បែកញើស និង​ក្លិន​ខ្លួន​បណ្តាល​មក​ពី​ប្រ​ព​ន្ធ័​និយ័ត​កម្ម​កម្តៅ​ក្នុង​ខ្លួន​របស់​អ្នក ជា​ពិសេស​ក្រពេញ​ញើស​របស់​អ្នក ។ ញើស​អាច​រក្សា​កម្តៅ​ក្នុង​ខ្លួន​របស់​អ្នក​,​ឲ្យ​ស្បែក​មាន​សំណើម​,​ឲ្យ​មាន​លំនឹង​រវាង​ជាតិ​ទឹក និង​អេឡិចត្រូលីត​ដែល​ជា​សារធាតុ​គីមី​មួយ​ចំនួន​នៅ​ក្នុង​ខ្លួន​របស់​អ្នក​ដូច​ជា សូ​ដ្យូ​ម និង​កាល់ស្យូម ។

ស្បែក​របស់​អ្នកមាន​ក្រពេញ​ញើស​២​ប្រភេទ​៖ ក្រពេញ​ញើស​អ៊ិ​ច​គ្រី​ន (eccrine) និង​ក្រពេញ​ញើស​អាប់​ប៉ូ​គ្រី​ន (apocrine) ។ ក្រពេញ​ញើស​អ៊ិ​ច​គ្រី​ន ជា​ក្រពេញ​ញើស​មួយ​ដែល​មាន​ច្រើន​នៅ​ក្នុង​ខ្លួន​របស់​យើង ហើយ​វា​មាន​សកម្មភាព​ផ្ទាល់​ទៅ​លើ​ផ្ទៃ​នៃ​ស្បែក ។ រីឯ​ក្រពេញ​ញើស​អាប់​ប៉ូ​គ្រី​ន​វិញ ស្ថិត​នៅ​កន្លែង​ណា​ដែល​សំបូរ​ទៅ​ដោយ​រោម ដូច​ជា​ស្បែក​ក្បាល​,​ក្លៀក និង​ក្រលៀន ដែល​វា​មាន​សកម្មភាព​ទៅ​តាម​រោម​សិន មុន​នឹង​វា​បញ្ចេញ​ទៅ​លើ​ផ្ទៃ​នៃ​ស្បែក ។

នៅ​ពេល​ដែល​កម្តៅ​ក្នុង​ខ្លួន​របស់​អ្នក​កើនឡើង​,​ប្រ​ព​ន្ធ័​ប្រសាទ​ស្វយ័ត​របស់​អ្នក​បាន​ភ្ញោ​ច​ទៅ​លើ​ក្រពេញ​ញើស​អ៊ិ​ច​គ្រី​ន ដើម្បី​បញ្ចេញ​ទឹក​មក​លើ​ផ្ទៃ​ស្បែក​របស់​អ្នក ។ ទឹក​ដែល​ចេញ​មកនេះ​គេ​ហៅ​ថា ញើស​ដែល​មាន​ធាតុ​ផ្សំ​នៃ​ទឹក និង​អំបិល​(​សូ​ដ្យូ​ម​ក្ល​រីត​) និង​អេឡិចត្រូលីត​តិចតួច ដែល​អេឡិចត្រូលីត​នេះ​អាច​រក្សា​លំនឹង​ជាតិ​ទឹក​ក្នុង​ខ្លួន​បាន ។

ក្រពេញ​ញើស​អាប់​ប៉ូ​គ្រី​ន​,​ដែល​នៅ​លើ​ដៃ​,​បញ្ចេញ​ញើស​ដែល​មាន​ជាតិ​ខ្លាញ់​ផ្ទាល់​ទៅ​ក្នុង​បំពង់​នៃ​ក្រពេញ ។ នៅ​ពេល​ដែល​អ្នកមាន​មាន​ភាព​តានតឹង​អារ​ម្មន៍ ជញ្ជាំង​នៃ​បំពង់​របស់​ក្រពេញ​នឹង​កន្ត្រាក់ ដើម្បី​បង្ខំ​ឲ្យ​ញើស​ចេញ​ទៅ​លើ​ផ្ទៃ​ស្បែក ដែល​ជា​កន្លែង​ដែល​បាក់តេរី​កម្ទេច​វា​ចោល ។ បាក់តេរី​បំផ្លាញ​ញើស​ដែល​ចេញពី​ក្រពេញ​ញើស​អាប់​ប៉ូ​គ្រី​ន​នេះ​ហើយ​ដែល​បង្ក​អោយទៅ​ជា​ក្លិន​មិនល្អ ។

ដំណោះស្រាយ
ប្រសិនបើ​អ្នក​ព្រួយបារម្ភ​អំពី​កា​បែកញើស​និង​ក្លិន​ខ្លួន​,​ដំណោះស្រាយ​ដែល​សាមញ្ញ​នោះ គឺ​ការ​ប្រើប្រាស់​ថ្នាំ​កាត់​បន្ថយ​ញើស និង​បំបាត់​ក្លិន​ខ្លួន ។

ថ្នាំ​បំបាត់​ញើស​៖​ថ្នាំ​បំបាត់​ញើស​មាន​ផ្ទុក​នូវ​សមាស​ស​ធាតុ​អាលុយមីញ៉ូម​ដែល​រារាំង​រន្ធ​ញើស​ជា​បណ្តោះ​អាស​ន្ត ដើម្បី​កុំ​ឲ្យ​វា​បញ្ចេញ ដូច្នេះ​វា​កាត់​បន្ថយ​ការ​ចេញ​ញើស​ឲ្យ​ទៅ​ដល់​ស្បែក ។

ថ្នាំ​បំបាត់​ក្លិន​ខ្លួន​៖ ថ្នាំ​បំបាត់​ក្លិន​អាច​បំបាត់​នៅ​ក្លិន​ខ្លួន ប៉ុន្តែ​មិន​អាច​រារាំង​នៃ​ការ​បញ្ចេញ​ញើស​នោះ​ទេ ។ ថ្នាំ​ទាំងនោះ​មាន​ធាតុ​ផ្សំ​ជា​អាកុល ដែល​ធ្វើ​ឲ្យ​ស្បែក​មាន​ជាតិ​អាស៊ីត ដែល​កាត់​បន្ថយ​នូវ​ការ​មក​តោង​ភ្ជាប់​របស់​បាក់តេរី​។ ថ្នាំ​បំបាត់​ក្លិន​ជា​ធម្មតា​មាន​ក្លិនក្រអូប​នៃ​ទឹកអប់​ដែល​ការពារ​ក្លិន​ញើស​,​ប្រើ​លើ​ដៃ និង​ក្លៀក​ផង​ដែរ ។

ប្រសិនបើ​ការ​ទិញ​ថ្នាំ​បំបាត់​ញើស មិន​អាច​ជួយ​ទប់ស្កាត់​ញើស​បាន​ទេ​,​គ្រូពេទ្យ​អាច​ឲ្យ​ថ្នាំ​អាលុយមីញ៉ូម ក្ល​រី​ដ (Drysol) ។ ដើម្បី​ឲ្យ​បាន​លទ្ធផល​ល្អ​បំផុត​នោះ​,​សូម​ប្រើប្រាស់​ថ្នាំ​បំបាត់​ញើស​ទៅ​គ្រប់កន្លែង​ណា​ដែល​ចេញ​ញើស​ច្រើន​នៅ​ពេល​យប់ ។ មនុស្ស​មួយ​ចំនួន​ការ​ប្រើប្រាស់​ថ្នាំ​បំបាត់​ញើស ក៏​អាច​ឲ្យ​មាន​កន្ទួល​ក្រហម ហើម និង​រមាស់​នៅ​លើ​ស្បែក​ផង​ដែរ​។ ប្រសិនបើ​មានការ​រលាក​(irritation)​កើ​t​ឡើង សូម​លាង​ជម្រះ​ថ្នាំ​នោះ​ចេញ​នៅ​ពេល​ព្រឹក ។

ក្រៅពី​នេះ អ្នក​អាច​កាត់​បន្ថយ​ការ​បែកញើស និង​ក្លិន​ខ្លួន​របស់​អ្នក​ដោយ​ខ្លួន​អ្នក​ផ្ទាល់ តាម​វិធី​ដូច​ខាងក្រោម​៖

1.​លាង​សម្អាតខ្លួន​ជា​រៀងរាលថ្ងៃ ការ​មុជ​ទឹកជា​ទៀងទាត់ ជា​ពិសេស​ជាមួយ​សាប៊ូ​កំចាត់​មេរោគ អាច​ជួយ​កម្ចាត់​មេរោគ​នៅ​លើ​ស្បែក ។

2.​ជូត​ជើង​ឲ្យ​ស្ងួត​ក្រោយ​ពី​មុជទឹក មេរោគ រស់នៅ​ក្នុង​កន្លែង សើម​ៗ​នៅ​ចន្លោះ​ម្រាមជើង​។ ប្រើប្រាស់​ម្សៅ​ដើម្បី​ស្រូប​ញើស ។

3.​ជ្រើសរើស​ស្បែកជើង និង​ស្រោមជើង​ដែល​ផលិត​ពី​វត្ថុធាតុដើម​ធម្មជាតិ ស្បែកជើង​ដែល​ផលិត​ពី​វត្ថុធាតុដើម​ធម្មជាតិ ដូច​ជា ស្បែក​សត្វ អាច​ជួយ​ការពារ​ការ​បែកញើស​ជើង​ដោយសារ​ការ​មាន​ខ្យល់​ចេញចូល ។

4.​ការ​ផ្លាស់​ប្តូរ​ស្បែកជើង ស្បែកជើង​មិន​អាច​ស្ងួត​តែ​រយៈពេល​មួយ​យប់​នោះ​ទេ ដូច្នេះ​កុំ​ប្រើប្រាស់​ស្បែកជើង​ដដែល​ក្នុង​រយៈពេល​២​ថ្ងៃ​ប្រសិនបើ​អ្នកមាន​បញ្ហា​ជើង​ចេញ​ញើស។

5.​ពាក់​ស្រោមជើង​ឲ្យ​ត្រឹមត្រូវ ស្រោមជើង​ខ្លះ​អាច​ជួយ​ឲ្យ​ជើង​អ្នក​ស្ងួត ពីព្រោះ​ពួក​វា​ស្រូប​សំណើម ពិសេស​ស្រោមជើង​ធ្វើ​ពី​ក្រណាត់​ឡែ​ន ។

6.​ឧស្សាហ៍​ផ្លាស់​ប្តូរ​ស្រោមជើង ការ​ផ្លាស់​ប្តូរ​ស្រោមជើង​ម្តង ឬ​ពី​ដង​ក្នុង​មួយ​ថ្ងៃ ការ​ជូត​ជើង​ឲ្យ​ស្ងួត​ជា​រៀង​រាល់ពេល ។

7.​ឲ្យ​ជើងមាន​ខ្យល់​ចេញចូល ដើរ​ជើង​ទទេ​ពេល​ដែល​អ្នក​អាច ឬ​ក៏​យ៉ាង​ហោច​ណាស់​ដោះ​ស្បែកជើង​របស់​អ្នក​ឥឡូវនេះ ហើយ​ពាក់​ស្បែកជើងសង្រែក ។

8.​ជ្រើសរើស​សាច់​ក្រណាត់​ដែល​អាច​ឲ្យ​ស្បែក​របស់​អ្នកមាន​ខ្យល់​ឆ្លងកាត់ ។

9.​ប្រើប្រាស់​ថ្នាំ​បំបាត់​ញើស​នៅ​ពេល​យប់ ប្រើប្រាស់​ថ្នាំ​បំបាត់​ញើស​នៅ​លើ​បាតដៃ ឬ​ក៏​បាតជើង នៅ​ពេល​ដែល​អ្នក​ចូល​គេង ឬ​សាក​ប្រើ​ទឹកអប់​ប្រឆាំង​នឹង​ការ​ចេញ​ញើស ។

10.​សាកល្បង​ប្រើ​វិធីសាស្ត្រ​ប​ន្ឋូ​រ​អារម្មណ៍​តាម​រយ​:​ការ​ហាត់ប្រាណ​យូ​ហ្កា​ជាដើម ។

11.​ការ​ផ្លាស់​ប្តូរ​អាហារ ប្រសិនបើ​ចំណីអាហារ ឬ​ក៏៏​ភេសជ្ជៈ ធ្វើ​ឲ្យ​អ្នកមាន​ញើស​ខុស​ពី​ធម្មតា ឬ​ក៏​ញើស​ធ្វើ​ឲ្យ​មាន​ក្លិន​ខ្លួន សូម​ពិចារណា កុំ​ពិសា​អាហារ​ណា​ដែល​មាន​ជាតិ​កាហ្វេ​អ៊ី​ន ព្រមទាំង​អាហារ​ណា​ដែល​មាន​ក្លិន​ខ្លាំង រួម​មាន​ខ្ទឹមស និង​ខ្ទឹមបារាំង​ជាដើម៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ