រាជធានីភ្នំពេញ ៖ តារាចម្រៀងបែបមនោសញ្ចេតនា សំឡេងពីរោះ ទើបមានគេចាប់អារម្មណ៍ មាស អាលីស បានជួបរឿងរន្ធត់ក្នុងចិត្តរហូតស្ទើរតែទប់ចិត្តមិនបាន គ្រាដែលលោកឪពុកជាទីស្រឡាញ់ជាបង្គោលគ្រួសារម្នាក់បានទទួលមរណភាព បន្ទាប់មិនអាចតតាំងនឹងជំងឺធ្ងន់បាន។
ក្នុងពេលដែលលោកឪពុករងនូវជំងឺ គេឃើញតារាចម្រៀងស្រគត់ស្រគំ មាស អាលីសចេញទៅណាមកណាអារម្មណ៍សែនចំបែងមិននឹងនឡើយ ព្រោះនឹកបារម្ភអ្នកមានគុណ។ អាលីស រមែងបន់ស្រន់សំពះទេវតាវត្ថុស័ក្តិសិទ្ឋិទាំងឡាយធ្វើយ៉ាងណាឱ្យអាយុជីវិតឪពុកបានបន្តរស់រានរឹងមាំមើលកូនចៅ។ ប៉ុន្តែទីបំផុតមច្ចុរាជនៅតែផ្តាច់យកអ្នកមានគុណទៅ បន្សល់នូវភាពសោកស្តាយ អាឡោះអាល័យ និងសល់តែស្នាមអតីតកាលតែប៉ុណ្ណោះ។
អ្នកនាង មាស អាលីស បាននិយាយថា ឳពុករបស់នាងបានទទួលមរណភាព ដោយសារសម្ពាធឈាមឡើងខ្លាំង ហើយគាប់ជួនជាលោកក៏មានបញ្ហាបេះដូង ធ្វើទុក្ខស្របគ្នានោះផង ទើបធ្វើឲ្យលោកត្រូវបាត់បង់ជីវិតយ៉ាងរន្ធត់ ដោយធ្វើឲ្យនាងក្ដុកក្ដួលយ៉ាងខ្លាំង។
អ្នកនាងបន្តថា ឳពុករបស់ខ្លួន គឺជាមនុស្សសំខាន់ និងជាជំហរគ្រួសារនាពេលកន្លងមក តែដោយសារតែលោកមានជំងឺប្រចាំកាយ ទើបបន្ទុកគ្រួសារត្រូវធ្លាក់លើនាង និងបងប្អូនផ្សេងទៀត។
អ្នកនាងបន្តទៀតថា ឳពុករបស់នាង មានឈ្មោះថា ស៊ិន សេដា អាយុ៦៥ឆ្នាំ ដោយមុនទទួលមរណភាពជំងឺរបស់លោក ក៏បានធ្វើទុក្ខ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យប៉ុន្មានថ្ងៃដែរ ។
ហើយកាលពីយប់ថ្ងៃ១៩ ធ្នូ ឳពុកបង្កើតរបស់តារាចម្រៀង មាស អាលីស បានទទួលមរណភាពយ៉ាងរន្ធត់វេលាម៉ោង៩និង៣០នាទី ។ នេះជាការបាត់បង់សមាជិកដ៏សំខាន់ នៅក្នុងជីវិតរបស់តារាស្រីរូបនេះ ដោយអ្នកនាងប្រកាសថា រន្ធត់ណាស់ ក្នុងពេលឳពុកបង្កើត ស្រាប់តែត្រូវបាត់បង់ជីវិតយ៉ាងតក់ក្រហល់បែបនេះ។
ចែករំលែកព័តមាននេះ