ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉េ​ង កែវ​ពេ​ជ្ជ​តា មាន​មោទនភាព​ចំពោះ​បទ ​«​បណ្តាំ​អង្គរ​»

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​អ្នក​នាង ម៉េ​ង កែវ​ពេ​ជ្ជ​តា ជាមួយ​ក្រុម​គ្រួសារ​របស់​នាង​មាន​មោទនភាព​ចំពោះ​បទ​«​បណ្តាំ​អង្គរ​» ដែល​ជា​ស្នាដៃ​និពន្ធ​បទ​ភ្លេង​ថ្មី​ចេញពី​ការ​ខិតខំ​របស់​ក្រុម​គ្រួសារ​នាង​ផ្ទាល់ ។ បទ​ចម្រៀង​ដែល​ប្រសូត​ចេញពី​វង្ស​ត្រកូល​គ្រួសារ​របស់​ខ្លួន​នេះ​អ្នក​នាង ម៉េ​ង…

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​អ្នក​នាង ម៉េ​ង កែវ​ពេ​ជ្ជ​តា ជាមួយ​ក្រុម​គ្រួសារ​របស់​នាង​មាន​មោទនភាព​ចំពោះ​បទ​«​បណ្តាំ​អង្គរ​» ដែល​ជា​ស្នាដៃ​និពន្ធ​បទ​ភ្លេង​ថ្មី​ចេញពី​ការ​ខិតខំ​របស់​ក្រុម​គ្រួសារ​នាង​ផ្ទាល់ ។

បទ​ចម្រៀង​ដែល​ប្រសូត​ចេញពី​វង្ស​ត្រកូល​គ្រួសារ​របស់​ខ្លួន​នេះ​អ្នក​នាង ម៉េ​ង កែវ​ពេ​ជ្ជ​តា បាន​ច្រៀង​នៅ​ក្នុង​កម្មវិធី​អបអរសាទរ​ការ​ដាក់​បញ្ចូល​ប្រាសាទសំបូរព្រៃគុក​ជា​បេ​តិ​ភណ្ឌ​ពិភពលោក​កាលពី​ពេល​កន្លង​ទៅ ។

ក្នុង​ឱកាស​នោះ​អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា បាន​ច្រៀង​ដោយ​មាន​វត្តមាន​ចូលរួម​ពី​កូន​ប្រុស​ស្រី​ទាំង​ពីរ​របស់​នាង ជាមួយនឹង​ការ​ប្រគំ​តន្ត្រី​ពី​ត្រកូល​ម៉េ​ង ។

អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា ឲ្យ​ដឹង​ថា បទ​ចម្រៀង​«​បណ្តាំ​អង្គរ​» គឺជា​ស្នាដៃ​និពន្ធ​បទ​ភ្លេង​ដោយ​ក្មួយ​ប្រុស​សេរី​វុ​ធ ទំនុកច្រៀង​ដោយ​អ្នក​នាង​ផ្ទាល់ និង​ប្រគំ​ជូន​ដោយ​ក្រុម​តន្ត្រី​ត្រកូល​ម៉េ​ង ។ រូប​នាង និង​ក្រុម​គ្រួសារ បាន​យក​អស់កម្លាំង​កាយ​ចិត្ត​ដែល​មាន​ទាំង​ប៉ុន្មាន ​បង្កើត​បទ​ចម្រៀង​នេះ​ក្នុង​រយៈពេល​ត្រឹមតែ​៣​ថ្ងៃ​ប៉ុណ្ណោះ ។ ក្នុង​នាម​ជា​កូន​ខ្មែរ​ត្រូវ​តែ​គាំទ្រ​អ្វី​ដែល​ជា​ស្នាដៃ​ខ្មែរ ដោយ​មិន​គិត​ពី​សុខភាព ធនធាន​ចំណាយ ឬ​ពេល​វេល​​ដ៏​មមាញឹក​ប៉ុនណា ។

បើ​តាម​អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា ការ​សម្រេច​ស្នាដៃ​ថ្មី​នេះ​ឡើង​គឺ​ដោយសារ​ការ​ជូនពរ​ដ៏​កក់ក្តៅ​ពី​ហ៊្វែ​ន មិត្តសម្លាញ់ និង​បងប្អូន​ទស្សនិកជន ទើប​នាង កូន​ៗ និង​ក្រុម​គ្រួ​សារ​បាន​ទទួល​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​នា​ពេល​នេះ ។ តាម​រយៈ​បទ​ចម្រៀង​នេះ អ្នក​នាង ពេ​ជ្ជ​តា និង​បងប្អូន សូម​ឲ្យ​កូន​ខ្មែរ​គ្រប់​រូប​ឱ្យ​រក្សា​អ្វី​ដែល​យើង​មាន​ឱ្យ​គង់វង្ស កុំឱ្យ​បុព្វបុរស​អស់សង្ឃឹម ។

អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា លើក​ឡើង​ថា «​បទ​ចម្រៀង​ដែល​ប្រសូត​ចេញពី​បេះដូង​នៃ​គ្រួសារ​ត្រកូល​ម៉េ​ង​មួយ​បទ​នេះ សូម​ផ្ញើ​ជូន​ដល់​បងប្អូន ជនរួមជាតិ ពិសេស​អាជ្ញាធរ​អប្សរា​ទុកជា​ការ​ចូលរួម​អភិរក្ស​ដល់​សម្បត្តិ​វប្បធម៌​ជាតិ​ផង​ដែរ​» ។

កើត​ក្នុង​ត្រកូល​ដែល​មាន​លោកឪពុក​ជា​តន្ត្រីករ​បុរាណ និង​អ្នក​ម្តាយ​ជា​អ្នកចម្រៀង​អា​យ៉ៃ​ដ៏​ល្បី តារាចម្រៀង​ម៉េ​ង កែវ​ពេ​ជ្ជ​តា មាន​បងប្អូន​ស្រី​ពីរ​នាក់​ទៀត​សុទ្ធសឹងតែ​មាន​ឈាមជ័រ​ជា​អ្នកសិល្បៈ​ដែរ ។ បងស្រី​ទី​១​ឈ្មោះ​ម៉េ​ង កែវ​ពេជ្រ​បុប្ផា ជា​អ្នកចម្រៀង និង​ជា​តន្ត្រី​ការិនី ហើយ​មាន​ស្វាមី និង​កូន​សុទ្ធតែ​ជា​តន្ត្រីករ និង​អ្នកនិពន្ធ​បទ​ភ្លេង​ដែល​បាន​បញ្ចប់​ការ​សិក្សា​ពីសា​លា​តូរ្យតន្ត្រី នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ ។ បងស្រី​ទី​២​ឈ្មោះ​ម៉េ​ង កុស​មា​ជា​នាដកា​របាំ​បុរាណ ហើយ​សព្វថ្ងៃ​បម្រើ​ការ​នៅ​នាយកដ្ឋាន​សិល្បៈ​ទស្សនីយភាព​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ។

អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា មានកូន​ប្រុស​មួយ និង​ស្រី​មួយ សុទ្ធតែ​មាន​និស្ស័យ​សិល្បៈ ។ ពួក​គេ​ទាំង​ពីរ​អាច​លេងភ្លេង​បាន​យ៉ាង​ល្អ ហើយ​ធ្លាប់​បាន​ចូលរួម​ប្រលង​លើ​ឆាក​អន្តរ​ជាតិ​ជា​ច្រើន​ទៀត​ផង ។ ក្នុង​កម្មវិធី​កម្រិត​ជាតិ ឬ​កម្មវិធី​របស់​រាជរដ្ឋាភិបាល ធំ​ៗ គេ​តែង​បានឃើញ​ក្រុម​គ្រួសារ​ត្រកូល​ម៉េ​ង​បង្ហាញ​ជូន​ការ​សម្តែង​ពិសេស​ជា​ច្រើន ហើយ​ក៏​ជា​ស្នាដៃ​បង្កើត​ថ្មី​ដែល​ច្រៀង និង​ប្រគំ​រួម​គ្នា​មួយ​ត្រកូល​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ