រាជធានីភ្នំពេញ ៖ ក្នុងគោលបំណងលើកកម្ពស់សុខមាលភាព ឆ្លើយតបនឹងសំណូមពរ ក៏ដូចជាការចូលរួមចំណែកការពារទប់ស្កាត់នូវហានិភ័យផ្សេងៗដែលធ្វើអោយប៉ះពាល់ដល់សុខភាព និងអាយុជីវិតដ៏មានតម្លៃរបស់ប្រជាពលរដ្ឋខ្មែរ កាលពីថៃ្ងអាទិត្យ ទី១៧ ខែធ្នូ ឆ្នាំ២០១៧ ឯកអគ្គរាជទូតប្រចាំនៅប្រទេសកូរ៉េ បានសហការជាមួយមូលនីធិគាំពារសុខភាពកូរ៉េ-អន្ដរជាតិ (KOFIH) និងសហគមន៍ខ្មែរទីក្រុងក្វាងជូតូច រៀបចំក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់មូលនីធិចុះពិនិត្យព្យាបាល សុខភាពទូទៅ ពិនិត្យជំងឺបេះដូង ចាក់វ៉ាក់សាំងការពារផ្ដាសាយ និងថត X-Ray ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋបានចំនួន១២៥នាក់ នៅមជ្ឈមណ្ឌលស្នាក់អាស្រ័យពលករបរទេសទីក្រុងក្វាងជូតូច ។
មន្ត្រីស្ថានទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េ បានឲ្យដឹងថា នេះជាលើកទី៧ហើយដែលក្រុមការងារស្ថានទូតបានសម្របសម្រួល និងបង្កលក្ខណៈជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់មូលនីធិដើម្បីចុះពិនិត្យ ព្យាលបាលជំងឺជូនប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅធ្វើការ និងសិក្សានៅសាធារណរដ្ឋកូរ៉េ បន្ទាប់ពីបានចុះអនុស្សារណៈយោគយល់គ្នារវាងស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ជាមួយនឹងមូលនីធិគាំពារសុខភាពកូរ៉េ-អន្ដរជាតិ ។
ទន្ទឹមហ្នឹងនេះ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋបន្ថែមទៀត ស្ថានទូតបាននឹងកំពុងស្វែងរកកិច្ចសហការជាមួយនឹងបណ្ដាសមាគមគ្រូពេទ្យស្ម័គ្រចិត្តបន្ថែមទៀត ដើម្បីផ្ដល់សេវាពិនិត្យ និងព្យាបាលជំងឺឲ្យកាន់តែទូលំទូលាយ និងទាន់ពេលវេលា ។
មន្ត្រីស្ថានទូតកម្ពុជាបានបញ្ជាក់ថា ស្ថានទូតសូមបន្ដលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ជាពិសេសពលករដែលបាននឹងកំពុងបំពេញការងារដោយកម្លាំង សូមបន្ដយកចិត្តទុកដាក់ថែរក្សាការពារសុខភាពដ៏មានតម្លៃរបស់បងប្អូន នឹងចូលរួមផ្សព្វផ្សាយដល់មិត្តភក្ដិបងប្អូនដើម្បីជៀសវាងកុំឲ្យមានហានិភ័យប៉ះពាល់ដល់អាយុជីវិតដ៏មានតម្លៃរបស់បងប្អូន ៕
ចែករំលែកព័តមាននេះ