បច្ចុប្បន្ននេះការកែទម្រង់មុខអក្សរវី កើនឡើងច្រើន និងពេញនិយមបំផុតនៅប្រទេសជឿនលឿន និងកំពុងអភិវឌ្ឍន៍ ពិសេសប្រទេសកូរ៉េ ប្រទេសថៃ អឺរ៉ុប រួមទាំងកម្ពុជាផងដែរ ។ វិធីសាស្ត្រអ្វីក៏ដោយឱ្យតែមិនមែនជាធម្មជាតិ សុទ្ធសឹងតែបង្កឱ្យមានផលប៉ះពាល់ទាំងអស់ ជាក់ស្តែងដូចជាការកែទម្រង់មុខអក្សរវី គឺមានច្រើនវិធី ហើយវិធី នីមួយៗ គឺតម្រូវឱ្យធ្វើឡើង ដោយអ្នកជំនាញ និងមានបទពិសោធន៍ជាច្រើនឆ្នាំ ទើបអាចចៀសផុតពីគ្រោះថ្នាក់ និងទទួលបានជោគជ័យ ។
អ្នកស្រីហូវ ដានេ អគ្គនាយិកាមជ្ឈមណ្ឌកែសម្រស់ឌែម៉ូគ្លីនិកប្រាប់ឲ្យដឹងថា ការកែទម្រង់មុខនេះ គឺទាមទារឱ្យក្រុមវេជ្ជបណ្ឌិត ដែលមានជំនាញច្បាស់លាស់ ទើបអាចធ្វើបាន និងមិនបង្កឲ្យមានផលប៉ះពាល់ តែកន្លងមកការកែទម្រង់មុខអក្សរវី មិនសូវជាមានផលប៉ះពាល់ធ្ងន់នោះទេ ហើយការកែទម្រង់មុខអក្សរវីគឺមានបីវិធីដូចជា៖
-ចាក់សារធាតុBotox ជាវិធីសាស្ត្រម្យ៉ាងដែលយើងអាចធ្វើបានក្នុងខណៈពេលដែល សាច់ដុំថ្គាមរីកធំ ឬក៏សាច់ដុំថ្គាមមានច្រើន នោះគឺការប្រើប្រាស់ប្រភេទថ្នាំម្យ៉ាង មាន ប្រសិទ្ធភាពដើម្បីធ្វើឲ្យសាច់ដុំទាំងនោះបន្ថយការកន្ត្រាក់ និងរួមតូច និងអាចក្លាយជាទម្រង់មុខអក្សរវី ។ ជាលទ្ធផលដែលទទួលបានសង្កេតឃើញរយៈពេលពី៤ទៅ៦សប្ដាហ៍ក្រោយការព្យាបាល ដើម្បីរក្សាលទ្ធផលជារៀងរហូតទាមទារឲ្យមានការព្យាបាលជាបន្តបន្ទាប់រៀងរាល់៦ខែម្ដង ។

-ការទាញសរសៃអំបោះ ត្រូវបានធ្វើឡើងសម្រាប់អ្នកដែលមានស្បែកយារធ្លាក់ ជ្រីវជ្រួញខ្លាំង វិធីនេះគឺអាចធ្វើឲ្យមានទម្រង់មុខអក្សរវីបានដូចគ្នាដែរ ។
-សម្រាប់អ្នកដែលមានថ្គាមធំខ្លាំង គឺអាចធ្វើការកែទម្រង់មុខអក្សរវីតាមរយៈការវះកាត់ ឆាបថ្គាម និងអាចមានប្រសិទ្ធភាពរហូតមួយជីវិត ។
អ្នកស្រីហូវ ដានេ បន្តថា ការកែទម្រង់មុខអក្សរវីគឺមានប្រភពចេញពីប្រទេសកូរ៉េ ។ នៅក្នុងប្រទេសកម្ពុជាយើងនេះ ក៏មានអ្នកកែច្រើនគួរសម ពិសេសគឺការចាក់បញ្ចូលសារធាតុ Botox ។
ផលវិបាកជាច្រើនដែលអាចបណ្តាលមកពីការកែទម្រង់មុខអក្សរវីនេះ មានដូចជា អាចធ្វើឱ្យមានការខ្សោយកម្លាំង សម្រាប់ទំពាចំណីអាហារ អាចមានឡើងក្រហម ឬក៏ការផតសាច់ដុំយ៉ាងខ្លាំងដែលធ្វើឲ្យលេចនូវទម្រង់ឆ្អឹងថ្គាមជាដើម ។
ការកែទម្រង់មុខអក្សរវី វេជ្ជបណ្ឌិកែសម្រស់មួយរូបសុំមិនបញ្ចេញឈ្មោះឱ្យដឹងថា កាលពី៣ឆ្នាំមុន ធ្លាប់មានតារាចម្រៀងដ៏ល្បីមួយរួបរបស់កម្ពុជា បានកែទម្រង់មុខអក្សរវីនេះ ជាមួយកន្លែងមិនសូវមានជំនាញជាលទ្ធផលបានធ្វើឲ្យទម្រង់មុខវៀច ។ ទីបំផុតតារារូបនេះបានសម្រេចចិត្តវះកាត់ និងកែទម្រង់ មុខសាជាថ្មី និងបានចំណាយប្រាប់ជិតខ្ទង់ម៉ឺនដុល្លារ ទើបមានទម្រង់មុខស្រស់ស្អាតដូចបច្ចុប្បន្ននេះ ។
ចង្កាគឺជាផ្នែកមួយសំខាន់នៃផ្នែកខាងក្រោមផ្ទៃមុខ ហើយវាដើរតួនាទីសំខាន់មួយសម្រាប់ផ្តល់ឲ្យផ្ទៃមុខរបស់យើងស្រស់ស្អាត ។ គ្មានអ្នកណាម្នាក់កើតមកមានសម្រស់ស្រស់ស្អាតឥតខ្ចោះទេ តែសម្រស់ដែលមានមកពីធម្មជាតិគឺពិតជាទ្រព្យដ៏ប្រសើរបំផុត និងមិនបង្កផលរំខានអ្វីដល់សុខភាពទេ ។ បើមិត្តនារីទាំងអស់សម្រេចចិត្តកែទម្រង់មុខ សូមគិតទៅដល់គ្រោះថ្នាក់ ឬក៏គួរតែជ្រើសរើសកន្លែងដែលមានជំនាញ និងសុវត្ថិភាពបំផុត ចៀសវាងកើតមានគ្រោះថ្នាក់ និងមិនអាចកែតម្រូវវិញបាន ៕
ចែករំលែកព័តមាននេះ