ខេត្តកំពង់ស្ពឺ ៖ មេឆ្នោតល្បីឈ្មោះ២នាក់ប្តីប្រពន្ធត្រូវបានលោកចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ ចេញដីកាបង្គាប់ឲ្យសមត្ថកិច្ចឃុំខ្លួនក្នុងពន្ធនាគាររួចហើយ កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧ តែអ្វីដែលប្រជាពលរដ្ឋ និងសមត្ថកិច្ចខកចិត្តនោះ គឺក្រោយការឃុំខ្លួនមេឆ្នោតទាំង២នេះរួចមក ស្រាប់តែលេចឮព័ត៌មានថា មានអ្នករត់ការឆ្វេចឆ្វាចសុំដោះលែងឲ្យនៅក្រៅឃុំឆាប់ៗវិញ ។
ប្រភពព័ត៌មានសុំលាក់ប្រភពបានបង្ហើបឲ្យដឹងថា ជនត្រូវចោទទាំង២នាក់ប្តីប្រពន្ធបានបើកមុខរបរកត់ឆ្នោតក្បែរសាលារៀន ស្ថិតនៅភូមិដូនពេញ ឃុំទួលសាលា ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ត្រូវបានលោកចៅក្រមស៊ើបសួរចេញដីកាឃុំខ្លួន កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧ រួចហើយស្រាប់តែឃុំខ្លួនមិនទាន់បាន១២ម៉ោងផង ក៏លេចឮដំណឹងថា មានអ្នករត់ការខ្វែងដៃខ្វែងជើង ដើម្បីឲ្យទាំង២នាក់បាននៅក្រៅឃុំវិញ ។
ប្រភពព័ត៌មានពីមន្ត្រីអនុវត្តន៍ច្បាប់ម្នាក់ សុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ប្រសិនជនសង្ស័យត្រូវបានដោះលែងវិញមែននោះ សមត្ថកិច្ចរបស់លោកគ្មានកម្លាំងធ្វើការបង្ក្រាបបទល្មើសទៀតទេ ។
ឆ្លើយតបនឹងប្រតិកម្មខាងលើនេះ មន្ត្រីតុលាការម្នាក់ បានឆ្លើយបំភ្លឺវិញថា លោកទទួលស្គាល់ថា មានអ្នករត់ការដោះលែងទាំង២នាក់ឲ្យនៅក្រៅឃុំមែន តែជនត្រូវចោទមិនអាចរួចខ្លួនបានទេ គឺស្ថិតនៅដំណាក់កាលស៊ើបអង្កេតរបស់តុលាការសិន បើពិនិត្យរកឃើញមានទោសត្រូវអនុវត្តទោស មិនអាចដោះលែងបានទេគ្រាន់តែឲ្យនៅក្រៅឃុំ ។ ករណីបង្ក្រាបមេល្បែងកន្ទុយលេខនេះ ធ្វើឡើងកាលពីវេលាម៉ោង០៣និង៤០នាទីរសៀល ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចភូមិដូនពេញ ឃុំទួលសាលា ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ។
មេកន្ទុយលេខដុះស្លែ២នាក់ប្តីប្រពន្ធ ដែលកម្លាំងប៉េអឹមបង្ក្រាបមានឈ្មោះ ដូចខាងក្រោម ២.ឈ្មោះ ហៀង ឃីម ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរមេកន្ទុយលេខ មានទីលំនៅភូមិឃុំខាងលើ និង២.ឈ្មោះ ខេង ផល្លី ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរមេកន្ទុយលេខ រស់នៅជាមួយគ្នា ៕
ចែករំលែកព័តមាននេះ