ទារកដែលទើបនឹងកើត នៅចំកណ្តាលផ្នែកខាងមុខគឺមានចន្លោះហើបមួយ ហើយនៅពេលស្ទាប ឬប៉ះ វាមានសភាពទន់ និងប៉ោងផតចុះផតឡើង ។ នៅចន្លោះនោះតាមក្បួនវេជ្ជសាស្ត្រគេហៅថា «បង្ហើយ» ពីព្រោះវាស្ថិតនៅពីលើក្បាលខាងមុខ ហើយត្រូវបានគេហៅថា «បង្ហើយខាងមុខ» ។ នៅចន្លោះហើបតូចខាងក្រោយ រវាងឆ្អឹងលលាដ៍ក្បាលខាងលើ និងឆ្អឹងលលាដ៍ក្បាលខាងក្រោយហៅថា«បង្ហើយខាងក្រោយ» ហើយវាអាចជាសះមកវិញប្រហែលជា៤ខែបន្ទាប់ពីទារកបានកើត ។

បង្ហើយខាងមុខទោះបីជាតូចក៏ពិតមែន ប៉ុន្តែវាអាចសម្តែងឡើងឱ្យយើងដឹងនូវស្ថាន ភាពខាងក្នុងខ្លួនរបស់ទារក ។ ដូច្នេះឪពុកម្តាយគួរតែចាប់អារម្មណ៍បង្ហើយ កូនៗរបស់លោកអ្នកឱ្យបានច្រើន ។ ចាស់ៗជាច្រើនតែងតែយកចិត្តទុកដាក់ការពារ និងហាមមិនឱ្យជនណាម្នាក់ប៉ះពាល់ ឬកេះ និងឆ្កឹះបង្ហើយនោះទេ ព្រោះអាចបណ្តាលឲ្យទារកមានគ្រោះថ្នាក់ ។ នៅពេលទារកទើបនឹងកើតមកបង្ហើយខាងមុខ មានទំហំប្រហែល១,៥ ឬ២,៥សង្ទីម៉ែត្រ ហើយបង្ហើយនេះអាចនឹងរាបស្មើធម្មតាវិញ បន្ទាប់ពីទារកកើតមានប៉ុន្មានខែ រួមជាមួយនឹងការរីកលូតលាស់នៃទំហំក្បាលធំឡើង សន្សឹមៗ និងក្រោយពីរយៈពេល៦ខែ វានឹងរឹង ហើយរួមតូចមកវិញ ។ ជាធម្មតាបង្ហើយរឹងពិតប្រាកដក្នុងរង្វង់ចន្លោះពី១២ទៅ១៨ខែ ។ បង្ហើយរបស់ទារកឆាប់ ឬក្រផ្សះ ជាការស្តែងឡើងឲ្យដឹងពីស្ថានភាពរីកលូតលាស់ខួរក្បាល និងលលាដ៍ក្បាលរបស់ទារក ។ ប្រសិនបើបង្ហើយខាងមុខជាផ្សះមុនខែទី៦ បង្ហាញថាទារកទាំងនោះប្រាកដច្បាស់ជាមានក្បាលតូច មិនគ្រប់លក្ខណៈ ឬខួរក្បាលរីកលូតលាស់មិនបានគ្រប់គ្រាន់ ។ បើសិនជាបង្ហើយខាងក្រោយមិនទាន់ជាសះពិតជាហួសពេល នេះអាចជាសញ្ញានៃជំងឺខួរក្បាលជំងឺក្រិន ។ បើបង្ហើយខាងមុខទារកឡើងប៉ោងបង្ហាញថាអាការនៃកម្លាំងក្នុងលលាដ៍ក្បាលកើនឡើងខ្ពស់ ដែលអាចបណ្តាលឱ្យទារករងនូវជំងឺលាកផ្ទាំងខួរក្បាល រលាកខួរក្បាល និងពុលវីតាមីន ។ ចំពោះទារកទាំងឡាយណាដែលមានបង្ហើយខាងមុខត្រូវផត អាចបណ្តាលមកពីកង្វះជាតិទឹក រាករូស ឬកង្វះសារជាតិបំប៉ន ។

មាតាបិតាទាំងឡាយគួរគប្បីសង្កេតឲ្យបានហ្មត់ចត់ ប្រសិនបើបាន ឃើញបង្ហើយខាងមុខរបស់ទារកខ្លួនផ្សះយ៉ាងឆាប់រហ័ស ឬយឺតយ៉ាវនៃការប៉ោងផត ត្រូវចាប់ អារម្មណ៍ និងប្រញាប់នាំទារកទៅកាន់មន្ទីរពេទ្យទើបជាការប្រសើរ៕
សហការី
ចែករំលែកព័តមាននេះ