ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ព្រះអាទិត្យ​ដែល​រលាយ​បាត់ អាច​រះ​វិញ​ទេ?

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទោះបីជា​តុលាការ​កំពូល​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​បាន​ចាត់​ទុក​ថា​ ជា​គណបក្សប្រឆាំង​ដ៏​ធំ​មួយ​នៅ​កម្ពុជា​កាលពី​ពាក់កណ្តាល​ខែវិច្ឆិកា កន្លង​ទៅ តែ​អតីត​ប្រធាន​​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រ​ង្ស៊ី បាន​អះអាង​ថា…

រាជធានី​ភ្នំពេញ ៖ ទោះបីជា​តុលាការ​កំពូល​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​បាន​ចាត់​ទុក​ថា​ ជា​គណបក្សប្រឆាំង​ដ៏​ធំ​មួយ​នៅ​កម្ពុជា​កាលពី​ពាក់កណ្តាល​ខែវិច្ឆិកា កន្លង​ទៅ តែ​អតីត​ប្រធាន​​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រ​ង្ស៊ី បាន​អះអាង​ថា ​ជីវិត​របស់​បក្ស​ប្រឆាំង​នឹង​រស់​ឡើង​វិញ​នៅ​ដើម្បី​ឆ្នាំ​២០១៨ ខាង​មុខ ។ ប៉ុន្តែ​ការ​លើក​ឡើង​របស់​លោក សម រ​ង្ស៊ី ដែល​កំពុង​តែ​រស់នៅ​ក្រៅប្រទេស​នោះ ត្រូវ​បាន​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​ថា «​មិន​អាច​នោះ​ទេ​» ។

​លោក សម រ​ង្ស៊ី បាន​ថ្លែង​តាម​រយៈ​វិ​ដេ​អូ​ឃ្លី​ប​ដែល​បង្ហោះ​តាម​បណ្តាញ​សង្គម​ថា​គណ​បក្ស​ប្រជាជន​កាន់​អំណាច ​និង​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ល្អ មាន​អាក្រក់ ដូច្នេះ​ស្ថាន​ភាព​នឹង​មានការ​ប្រែប្រួល​។​

​អតីត​មេ​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា​៖ «​ចំពោះ ហ៊ុន សែន មាន​ល្អ​ មាន​ក្រក់​! ចំពោះ​យើង​សង្គ្រោះ​ជាតិ​មាន​ល្អ ​ក៏​មាន​អាក្រក់​! យើង​ខុស​គ្នា​បន្តិច​។ ចំពោះ ហ៊ុន សែន ​ល្អ​មុន អាក្រក់​ក្រោយ យើង​វិញ​អាក្រក់​មុន​ល្អ​ក្រោយ ។ យើង​ទាំង​ពីរ​ផ្ទុយ​គ្នា »​។ លោក​បន្ត​ថា​ស្ថានការណ៍​អាក្រក់​សម្រាប់​សមាជិក​គណបក្សប្រឆាំង​បង្ខំ​ឱ្យ​ថ្នាក់ដឹកនាំ​មួយ​ចំនួន​កំពុង​​តែ​គេចខ្លួន​នៅ​ក្រៅប្រទេស ។ លោ​កថា ​រយៈពេល​ប្រមាណ​២ ទៅ​៣ ខែ​ក្រោយ​ទៀត​សម្តេច ហ៊ុន សែន​ នឹង​ថយក្រោយ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ចូល​មក​ប​ង្កើត​គណ​បក្ស​ឡើង​វិញ ។​

​លោក សម រ​ង្ស៊ី​ បាន​បញ្ជាក់​ថា​៖ « នៅ​ឆ្នាំ​២០១៨​នេះ យើង​នឹង​ធូរ ។ យើង​នឹង​មាន​សិទ្ធិ​សេរីភាព យើង​នឹង​ចូល​ទៅ​ស្រុក​ខ្មែរ​វិញ យើង​នឹង​ទៅ​រៀបចំ​គណបក្ស​យើង​វិញ យើង​នឹង​ចូលរួម​បោះ​ឆ្នោត​ឆ្នាំ​២០១៨ ដូច​អ្វី​ដែល​យើង​បាន​កំណត់​»​។ លោក​អះអាង​ថា ​លោក​មាន​ជំនឿ​ថា ​ការ​វិល​ត្រឡប់​នា​ដើមឆ្នាំ​២០១៨ របស់​លោក​ និង​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​​មក​ស្រុក​ខ្មែរ​វិញ នឹង​មានការ​គាំទ្រ​យ៉ាងច្រើន​លើស​ពី​ឆ្នាំ​២០១៣ កន្លង​ទៅ​ទៀត។​

​ទាក់ទិន​នឹង​ការ​លើក​ឡើង​របស់​លោក សម រ​ង្ស៊ី នេះ​ត្រូវ​បាន​លោក សុខ ឥ​សាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ថា គឺជា​ក្តី​ស្រមៃ​ប៉ុណ្ណោះ ព្រោះ​អតីត​បក្ស​ប្រឆាំង​ គឺ​មិន​អាច​រស់​ឡើង​វិញ​ទេ ។ ប្រវត្តិសាស្ត្រ​កម្ពុជា​ដើ​រទៅ​មុខ មិន​វិល​ថយក្រោយ​ទេ ។ តែ​វា​គ្រាន់​តែ​ជា​ក្តី​ស្រមៃ​របស់ សម រ​ង្ស៊ី ដែល​មិន​អាច ​«​ក្លាយជា​ការ​ពិត​ឡើយ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ