ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេចក្តី​ប្រកាស​ព័ត៌​មាន​របស់​គយ​កម្ពុជា

6 ឆ្នាំ មុន
  • ភ្នំពេញ

នា​ថ្ងៃទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ នៅ​សណ្ឋា​គារ​សាន់​វ៉េ រាជធានី​ភ្នំពេញ មាន​ប្រារព្ធ​ពិធី​បើក​សិក្ខា​សាលា​ស្តីពីគោល​នយោបាយ​កៀរ​គរ​ចំណូល​របស់​អង្គ​ការ​គយ​ពិភព​លោក ក្រោម​អធិ​បតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​របស់​ឯកឧត្តម​បណ្ឌិត គុណ ញឹម ប្រតិភូ​រាជ​រដ្ឋា​ភិបាល…

នា​ថ្ងៃទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ នៅ​សណ្ឋា​គារ​សាន់​វ៉េ រាជធានី​ភ្នំពេញ មាន​ប្រារព្ធ​ពិធី​បើក​សិក្ខា​សាលា​ស្តីពីគោល​នយោបាយ​កៀរ​គរ​ចំណូល​របស់​អង្គ​ការ​គយ​ពិភព​លោក ក្រោម​អធិ​បតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​របស់​ឯកឧត្តម​បណ្ឌិត គុណ ញឹម ប្រតិភូ​រាជ​រដ្ឋា​ភិបាល ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គ​នាយក​ដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា និង​ដោយ​មាន​ការ​ចូល​រួម​ពី​លោក Ian CREMER អ្នក​ជំនាញ​ការ​ជាន់​ខ្ពស់​ផ្នែក​តម្លៃ​គិត​ពន្ធ​គយ​នៃ​អង្គការ​គយ​ពិភព​លោក លោក​ស្រី Rika TOKAI អ្នក​ជំនាញ​ការ​ផ្នែក​វិធាន​ដើម​កំណើត​ទំនិញ​នៃ​អង្គ​ការ​គយ​ពិភព​លោក និង​មន្ត្រី​គយ និង​រដ្ឋាករ​នៃ​អគ្គ​នាយក​ដ្ឋាន​គយ និង​រដ្ឋា​ករ​កម្ពុជា។

សិក្ខា​សាលា​នេះ មាន​រយៈ​ពេល​ពី​រ​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ដល់​ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ​២០១៧ ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​អគ្គ​នាយក​ដ្ឋាន​គយ និង​រដ្ឋា​ករ​កម្ពុជា សហ​ការ​ជា​មួយ​អង្គ​ការ​គយ​ពិភព​លោក ក្នុង​គោល​បំណង​បង្កើន​សមត្ថ​ភាព​ដល់​មន្ត្រី​ជា​ថ្នាក់​ដឹក​នាំ និង​មន្ត្រី​បច្ចេក​ទេស​ពាក់​ព័ន្ធ​នៃ​អគ្គ​នាយក​ដ្ឋាន​គយ និង​រដ្ឋាករ ស្តីពី​​គោល​នយោ​បាយ​កៀរគរ​ចំណូល​ ដោយ​ផ្តោត​លើ​តម្លៃ​គិត​ពន្ធ​គយ និង​វិធាន​ដើម​កំណើត​ទំនិញ។ ថ្លែង​ក្នុង​ពីធី​បើក លោក Ian Cremer បាន​លើក​ឡើង​ថា សិក្ខា​សាលា​នេះ ជា​ផ្នែក​មួយ​នៃ​បេសក​កម្ម​របស់​លោក​នៅ​កម្ពុជា ក្រោយ​ពី​ការ​សិក្សា​វាយ​តម្លៃ​ភាព​បច្ចុ​ប្បន្ន​នៃ​ការ​អនុ​វត្ត​​ការ​ងារ​តម្លៃ​គិត​ពន្ធ​គយ វិធាន​ដើម​កំណើត​ទំនិញ និង​សវន​កម្ម​ក្រោយ​ពេល​បញ្ចេញ​ទំនិញ​ពីគយ​នៅតាម​បណ្តា​នាយក​ដ្ឋាន​ និង​សាខា​គយ និង​រដ្ឋា​ករ​ពាក់​ព័ន្ធ​នា​ពេល​កន្លង​ទៅ​នេះ ។

ក្នុង​សុន្ទរកថា​បើក ឯកឧត្តម​បណ្ឌិត គុណ ញឹម ប្រតិភូ​រាជ​រដ្ឋា​ភិបាល ទទួល​បន្ទុក​ជា​អគ្គ​នាយក​នៃ​អគ្គ​នាយក​ដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​ថ្លែង​អំណរ​គុណ​ដល់​អង្គ​ការ​គយ​ពិភព​លោក​ដែល​បាន​ឆ្លើយ​តប​ជា​វិជ្ជមាន​តាម​សំណើ​របស់​កម្ពុជា ដោយ​បាន​ផ្តល់​ជំនួយ​បច្ចេក​ទេស​នា​ឱកាស​នេះ ក្នុង​ខណៈ​ដែល​ អគរ កំពុង​ត្រូវ​ការ​អភិ​វឌ្ឍន៍​ខ្លួន​ឱ្យ​ទាន់​ការ​វិវដ្តនៃ​ការ​ធ្វើ​ពាណិជ្ជ​កម្ម​អន្តរ​ជាតិ ក៏​ដូច​ជា​ការ​ធ្វើ​សមាហរណ​កម្ម​សេដ្ឋ​កិច្ច​នៅ​ក្នុង​តំបន់ និង​ពិភព​លោក ។ ឯកឧត្តម​បណ្ឌិត ក៏​បាន​គូស​បញ្ជាក់​ផង​ដែរ ពី​តួនាទី​សំខាន់​របស់​រដ្ឋ​បាល​គយ​ក្នុង​ការ​ប្រមូល​ចំណូល​សម្រាប់​ថវិកា​ជាតិ ដែល​បាន​ចូល​រួម​ចំណែក​មួយ​ភាគ​ធំ​នៃ​ចំណូល​ពន្ធ​សរុប ។ នេះ​បញ្ជាក់ថា ការ​ពង្រឹង​ប្រសិទ្ធ​ភាព​ការ​ប្រមូល​ចំណូល​របស់​អគ្គ​នាយក​ដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា នៅ​តែ​ជា​ការ​ងារ​អាទិ​ភាព​ដែល​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ជា​ប្រចាំ ។

ដើម្បី​គាំទ្រ​គោល​នយោ​បាយ​សារ​ពើ​ពន្ធ​របស់​រដ្ឋា​ភិបាល អគ្គនាយក​ដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​ចាប់​ផ្តើម​អនុ​វត្ត​ផែន​ការ​កែទម្រង់ និង​ទំនើប​កម្ម​គយ តាម​រយៈ​ការ​កែលម្អ​លើ ៖ រចនា​សម្ព័ន្ធ​ស្ថាប័ន ធន​ធាន​មនុស្ស​ពាក់​ព័ន្ធ​នឹង​ការ​រៀបចំ​គោល​នយោ​បាយ និង​ការ​ងារ​បច្ចេក​ទេស​គយ ព្រម​ទាំង​ការ​អភិ​វឌ្ឍន៍​ប្រព័ន្ធ​បច្ចេក​វិទ្យា​ព័ត៌មាន​ ដើម្បី​គាំទ្រ​ដល់​កិច្ច​ប្រតិ​បត្តិ​​ការ​គយ ។ កំណែ​ទម្រង់​នេះ បាន​ទទួល​ផ្លែ​ផ្កា​គួរ​ឱ្យ​កត់​សម្គាល់​លើ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​កិច្ច​សម្រួល​ពាណិជ្ជ​កម្ម​ សាមញ្ញ​កម្ម​នីតិ​វិធី​គយ និង​អាច​ប្រមូល​ចំណូល​បាន​លើស​ផែន​ការ ។

ទន្ទឹម​នេះ ឯកឧត្តម​បណ្ឌិត​ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា សិក្ខា​សាលា​នេះ គឺ​ជា​ឱកាស​ល្អ​សម្រាប់​សិក្ខា​កាម​ទាំង​អស់​ ដើម្បី​បាន​ស្វែង​យល់ និង​បង្កើន​ចំណេះ​ដឹង តាម​រយៈ​ការ​ពិភាក្សា ផ្លាស់​ប្តូរ​មតិ​យោបល់​ដោយ​ផ្ទាល់​ជា​មួយ​ក្រុម​ជំនាញ​ការ​របស់​អង្គ​ការ​គយ​ពិភព​លោក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ