រាជធានីភ្នំពេញ ៖ រថយន្តម៉ាកដេវ៉ូ ពណ៌ឈាមជ្រូក ខណៈបត់ឆ្វេងក៏ត្រូវម៉ូតូសេ១២៥ ជិះគ្នា២នាក់បើកលឿនពេកចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកកង់ក្រោយរថយន្ត បណ្តាលឱ្យដួលហើយអ្នកបើកម៉ូតូបោកក្បាលនឹងកញ្ចក់រថយន្ត បែកកញ្ចក់ខ្ទេចរបួសក្បាលតិចតួច ឯអ្នកជិះពីក្រោយបោកនឹងក្បាលអ្នកឌុបបាក់ធ្មេញហូរឈាមកក្លាក់ កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី៣០ តុលា នៅចំណុចមហាវិថីព្រះនរោត្តមកែងផ្លូវលេខ៣០៦ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ។
សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តដេវ៉ូ ពណ៌ឈាមជ្រូកជិះគ្នា២នាក់ ជាជាងជួសជុលម៉ាស៊ីនត្រជាក់ ក្នុងគោលបំណងទៅលាងម៉ាស៊ីនត្រជាក់ឲ្យគេនៅជិតកន្លែងកើតហេតុ បើកតាមមហាវិថីព្រះនរោត្តម ពីជើងទៅត្បូង ចំណែកម៉ូតូសេ១២៥ ស៊េរី២០១០ ពណ៌ខ្មៅ ជិះគ្នា២នាក់ដែរក្នុងទិសដៅបញ្រ្ចាសគ្នា ខណៈមកដល់ចំណុចផ្លូវកែងរថយន្តបត់ឆ្វេងធ្វើឱ្យអ្នកបើកម៉ូតូចាប់ហ្រ្វាំងមិនទាន់ក៏ជ្រុលទៅបុកកង់ក្រោយរថយន្តបណ្តាលឲ្យកង់មុខម៉ូតូធ្លាយពោះវៀនចេញក្រៅ ឯអ្នកបើកម៉ូតូពាក់មួកការពារសុវត្ថិភាពបោកក្បាលនឹងកញ្ចក់រថយន្តបែកខ្ទេចជ្រុលក្បាលចូលក្នុងរថយន្តបែកក្បាលបន្តិច ចំណែកអ្នកជិះពីក្រោយបោកក្បាលជាមួយនឹងអ្នកបើកម៉ូតូធ្វើឲ្យបាក់ធ្មេញមុខអស់មួយ ។
ក្រោយពេលកើតហេតុប៉ូលិសចរាចរបានវាស់វែងតែភាគីទាំងពីរបានចរចាគ្នានៅកន្លែងកើតហេតុ ។ ឆ្លងកាត់ការចរចាគ្នាម្ចាស់រថយន្តបានសងសំណងទៅម្ចាស់ម៉ូតូចំនួន៩០ដុល្លារ ៕
ចែករំលែកព័តមាននេះ