ជំងឺរលាកទងសួត ជាប្រភេទជំងឺផ្លូវដង្ហើមមួយដែលច្រើនតែកើតមាននៅលើកុមារអាយុក្រោម២ឆ្នាំ ។ ទារក តូចៗងាយនឹងកើតមានជំងឺនេះណាស់ ហើយវាបង្កដោយមេរោគវីរុសនិងបាក់តេរី ជំងឺនេះត្រូវបានចម្លងតាមរយៈផ្លូវដង្ហើមចេញចូលរបស់ទារក ។
នៅពេលដែលកើតមានជំងឺនេះកុមារអាចនឹងមានរោគសញ្ញាក្តៅខ្លួន ហៀរសម្បោរ តឹងច្រមុះ ហៀរទឹកមាត់ ក្អក ឈឺសន្លាក់ សាច់ដុំជាដើម ។
ក្នុងអំឡុងពេលនេះបើសិនជាការព្យាបាល មិនបានត្រឹមត្រូវ អាចនឹងធ្វើឱ្យកុមារចាប់ផ្តើមមានអាការហត់ ក្អកខ្លាំង និងញឹកញាប់ជាងមុន ជាពិសេសនៅពេលយប់ ។ កុមារអស់កម្លាំង រញ៉ាំរញូវ មិនសូវបរិភោគ ឬបៅទឹកដោះ ។ អ្នកម្តាយអាចកត់សម្គាល់ថាកុមារអាចកើតមានជំងឺជំងឺរលាកទងសួតនេះ តាមរយៈមានសំឡេងដូចឆ្មាស្រមុកនៅក្នុងសួតកុមារ និងមានស្នាមផឺតផតទ្រូង ។ បើករណីធ្ងន់កុមារអាចស្វាយ បបូរមាត់ ឈប់ដកដង្ហីម ប្តូរសម្បុរស្បែក ស្លាក់ឈាម ។ ទារក តូចៗដែលកើតមានជំងឺនេះមិនមានអាការដូចជាកុមារ ធំៗនោះទេ សញ្ញាទារក ទើបនឹងកើតមានដូចជា ហត់ ប្រតិកម្មខ្សោយ គ្មានកម្លាំងយំ ឬយំមិនចេញ មិនចង់បៅ មាត់ចេញពពុះ សៗ ដង្ហើមក្តៅ ដកដង្ហើមញាប់ មិនស្មើ ឬបាត់ដង្ហើម និងមានស្នាមខ្មៅជាំជុំវិញមាត់ជាដើម ។
ដើម្បីបង្ការទប់ស្កាត់ការលាកសួតលើទារកទើបនឹងកើត ឪពុកម្តាយគ្រប់រូបគួរតែអនុវត្តតាមវិធីខាងក្រោមនេះដូចជា ៖

-ត្រូវចាប់អារម្មណ៍រក្សាកម្តៅ និងរក្សាបរិយាកាសនៅក្នុងបន្ទប់ ត្រូវឲ្យមានខ្យល់ ចេញចូលល្អ ។
-ព្យាយាមកុំឲ្យកុមារជួបជាមួយមនុស្សចម្លែក ពិសេសមិនត្រូវឲ្យប្រាស្រ័យទាក់ទងជាមួយមនុស្សដែលកើតមានជំងឺផ្លួវដង្ហើមទេ ។
-បើសិនជាឪពុកម្តាយកើតមានជំងឺផ្លូវដង្ហើម នៅពេលព ឬបីទារកគួរតែពាក់ម៉ាស់ការពារទើបជាការប្រសើរ ។
-ទារកមួយចំនួនអាចនឹងកើតជំងឺរលាកទងសួតនៅពេលទើបនឹងកើត អាស្រ័យហេតុនេះ ត្រូវទាមទារការព្យាបាលឲ្យបានទាន់ពេលវេលា ។
ជំងឺរលាកទងសួតនៅមិនទាន់មានវិធីព្យាបាលជាក់លាក់នៅឡើយទេ ។ គ្រូពេទ្យគ្រាន់តែប្រីថ្មាំឆ្ពុងដើម្បីបន្ថយការហត់របស់កុមារ និងបន្ថែមជាតិទឹកនៅពេលកុមារមិនអាចបរិភោគបាន ។ ចំពោះថ្នាំផ្សះគ្រូពេទ្យអាចប្រើបានលុះត្រាតែគាត់សង្ស័យ ឬបូមឈាមបញ្ជាក់ថាមានឆ្លងបាក់តេរីបន្ថែមទៀត ។ លើសពីនេះការធ្វើចលនាសួតជាវិធីសាស្ត្រល្អបំផុតក្នុងការយកស្លេស្ម ចេញដើម្បីព្យាបាលជំងឺនេះ ។ ដូច្នេះឪពុកម្តាយគួរពិគ្រោះជាមួយគ្រូពេទ្យជំនាញ មិនត្រូវផ្សំថ្នាំ ឬឱ្យថ្នាំផ្សះតាមការនឹកឃើញ ឬយកថ្នាំកុមារដទៃទៀតមកបញ្ច្រកទេ ៕
ចែករំលែកព័តមាននេះ