រាជធានីភ្នំពេញ ៖ បុរសម្នាក់ផឹកស៊ីស្រវឹងចេញពីកម្មវិធីខួបកំណើតមិនហ៊ានបើកបរទេ សុខចិត្តហៅរថយន្តតាក់ស៊ីម៉ែត្រជិះត្រឡប់ទៅផ្ទះវិញ បែរជាប៉ះចំអ្នកបើកបររថយន្តសង្ស័យស្រវឹងស្រាបើករថយន្តបុកបង្គោលភ្លើងហោះចូលក្នុងប្រឡាយទឹក បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ ត្រង់ចំណុចខាងជើងវត្តក្រាំងធ្នង់៥០០ម៉ែត្រ តាមបណ្តោយផ្លូវ២០១១ ភូមិធ្លក់ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ។
បុរសជាភ្ញៀវដែលជិះក្នុងរថយន្តមានឈ្មោះ ឈុំ ប៊ុនធឿន អាយុ៤២ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅបុរីសំបួរមាស សង្កាត់ដង្កោ ខណ្ឌដង្កោ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាក ពណ៌ក្រហម ជារថយន្តតាក់ស៊ីម៉ែត្រ ពាក់ស្លាកលេខ ភ្នំពេញ ២AA-២១១៩ បើកបរដោយបុរសម្នាក់ និងភ្ញៀវពីរនាក់រួមដំណើរជាមួយតាមបណ្តោយផ្លូវ២០១១ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿន ។ លុះមកដល់ចំណុចកើតហេតុស្រាប់តែរថយន្តខាងលើរេចង្កូតទៅខាងឆ្វេងឆ្លងផ្លូវវេកន្ទុយរថយន្តទៅបុកនឹងបង្គោលភ្លើងមួយដើមដែលនៅតាមចិញ្ចើមផ្លូវបណ្តាលឱ្យបែកប្រេះស្រាំ ហើយរថយន្តនៅមិនទាន់អស់ល្បឿនក៏ជ្រុលទៅធ្លាក់ចូលក្នុងទឹកប្រឡាយនៅជាប់នឹងរបងដីឡូត៍ ចំណែករថយន្តរងការខូចខាតបែកកញ្ចក់ និងក្រពឹតផ្នែកខាងក្រោយចំហៀងខាងស្តាំង ។ ភ្លាមៗនោះគេឃើញបុរសពីរនាក់បានចេញពីកាប៊ីនខាងមុខក្នុងស្ថានភាពស្រវឹងជោកជាំហើយឡើងមកលើគោកស្រែកជេរ និងដេញប្រជាពលរដ្ឋដែលឈប់ចោមរោមមើល ហើយស្រាប់តែមួយសន្ទុះក្រោយមកក៏មានរថយន្តតាក់ស៊ីក្រហមមួយគ្រឿងទៀតបានបើកមកយកបុរសពីរនាក់នោះគេចចេញពីកន្លែងកើតហេតុបាត់ស្រមោលបន្សល់ទុកតែបុរសម្នាក់ដែលជាភ្ញៀវម្នាក់នៅកន្លែងកើតហេតុ ។
បើតាមសម្តីពីបុរសខាងលើដែលជាភ្ញៀវបានរៀបរាប់ប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគាត់បានចេញពីកម្មពិធីខួបកំណើតនៅផ្ទះមិត្តភក្តិនៅម្តុំវត្តក្រាំងធ្នង់ហើយគាត់បានទំនាក់ទំនង់ហៅរថយន្តតាក់ស៊ីខាងលើឱ្យមកយករូបគាត់ទៅផ្ទះនៅម្តុំចំការដូង ខណៈដែលរថយន្តតាក់ស៊ីម៉ែត្រក្រហមមកដល់គាត់ឃើញអ្នកបើកបរម្នាក់ និងបុរសម្នាក់នៅក្នុងរថយន្តហើយរូបគាត់ក៏បានឡើងជិះទៅ ។ ខណៈដែលរថយន្តបើកមកដល់ចំណុចកើតហេតុមិនដឹងថា យ៉ាងម៉េចស្រាប់រថយន្តរេទៅបុកបង្គោលភ្លើងតែម្តងទៅ ។
ក្រោយពេលកើតហេតុបុរសខាងលើបានឡើងជិះរ៉ឺម៉កម៉ូតូបន្តដំណើរទៅផ្ទះបាត់ ដោយឡែករថយន្តត្រូវបានស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅដើម្បីរងចាំធ្វើការដោះស្រាយនៅពេលក្រោយ ៕
ចែករំលែកព័តមាននេះ