ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ហូប​អាហារ​តាម​ចិញ្ចើម​ផ្លូវ​បារម្ភ​ពី​សុវត្ថិភាព

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ពលរដ្ឋ​នៅ​រាជធានី​ភាគច្រើន​ជា​អ្នកធ្វើការ និង​រវល់​ជាមួយ​ការងារ ដែល​​មិន​អាច​ត្រឡប់​ទៅ​ចម្អិន​អាហារ​សម្រាប់​ទទួលទាន​ពេល​ថ្ងៃត្រង់​ទេ ។ ពួក​គេ​ភាគ​ច្រើន​ត្រូវ​ស្វែងរក​អាហារ​តាម​ហាង​នានា​ដើម្បី​ទទួលទាន​ឲ្យ​ទាន់​ពេលវេលា​ចូល​ធ្វើការ​វិញ ។ ក្នុង​ចំណោម​ពលរដ្ឋ​ធ្វើ​ការងារ​ទាំងនោះ មិនមែន​សុទ្ធតែ​មាន​ប្រាក់ខែ​ខ្ពស់​ទាំង​អស់​ទេ…

រាជធានី​ភ្នំពេញ ៖ ពលរដ្ឋ​នៅ​រាជធានី​ភាគច្រើន​ជា​អ្នកធ្វើការ និង​រវល់​ជាមួយ​ការងារ ដែល​​មិន​អាច​ត្រឡប់​ទៅ​ចម្អិន​អាហារ​សម្រាប់​ទទួលទាន​ពេល​ថ្ងៃត្រង់​ទេ ។ ពួក​គេ​ភាគ​ច្រើន​ត្រូវ​ស្វែងរក​អាហារ​តាម​ហាង​នានា​ដើម្បី​ទទួលទាន​ឲ្យ​ទាន់​ពេលវេលា​ចូល​ធ្វើការ​វិញ ។ ក្នុង​ចំណោម​ពលរដ្ឋ​ធ្វើ​ការងារ​ទាំងនោះ មិនមែន​សុទ្ធតែ​មាន​ប្រាក់ខែ​ខ្ពស់​ទាំង​អស់​ទេ មាន​អ្នកខ្លះ​ប្រាក់ខែ​តិច អ្នកខ្លះ​ប្រាក់ខែ​ច្រើន​ទៅ​តាម​ជំនាញ និង​សមត្ថភាព​រៀង​ៗ​ខ្លួន ដូចនេះ ការ​ទទួលទាន​អាហារ ក៏​ខុស​ៗ​គ្នា​ដែរ ។

ដោយឡែក អាហារ​នៅ​តាម​ចិញ្ចើម​ផ្លូវ​វិញ កន្លែង​ខ្លះ​ក៏​បាន​គិតគូរ​ពី​អនាម័យ ឯ​ហាង​ខ្លះ​ទៀត​ក៏​មិនសូវ​មាន​អនាម័យ ដែល​ជា​ការ​ព្រួយបារម្ភ​មួយ​សម្រាប់​អ្នក​បរិភោគ ។ រៀង​រាល់​ថ្ងៃ​ធ្វើការ ចាប់ពី​ម៉ោង​១១ ទៅ​១២​ថ្ងៃត្រង់ ជា​ពេល​សម្រាក​សម្រាប់​កម្មករនិយោជិត​ស្វែង​រក​អាហារ​ទទួលទាន​ថ្ងៃត្រង់ ។ បើ​ក្រឡេក​ទៅ​មើល​កម្មករ កម្មការិនី​នៅ​តាម​បណ្ដា​រោងចក្រ ពួក​គាត់​ហាក់ដូចជា​ប្រញាប់ប្រញាល់​ទិញ​ម្ហូប​តាម​ចិញ្ចឹម​ផ្លូវ និង​ខ្លះ​ទៀត​បរិភោគ​​នៅ​ហាង​នោះ​ផ្ទាល់​តែ​ម្ដង ។ នេះ​ក៏​ជា​បញ្ហា​មួយ ខណៈ​ការ​លក់​ចំណីអាហារ​របស់​​ពួក​គាត់​នៅ​ជាប់​នឹង​ផ្លូវ ដែល​មាន​ដី​ហុយ​ផង​នោះ ។

ជឿន ម៉ា​ឡៃ កម្មការិនី​រោងចក្រ​មួយ​រូប តែងតែ​ទិញ​ម្ហូប​ពី​តូប​អាហារ​មួយ​នៅ​ក្បែរ​រោងចក្រ​នាង​ធ្វើការ ហើយ​ត្រឡប់​ទៅ​ផ្ទះ​ជួល បាន​និយាយ​ថា នាង​គ្មាន​ពេល​ចម្អិន​អាហារ​សម្រាប់​ទទួលទាន​ថ្ងៃត្រង់​ទេ ។ ដូចនេះ នាង​ត្រូវ​ទិញ​ម្ហូបអាហារ​ស្រាប់​ដែល​ដាក់​លក់​ក្បែរ​រោងចក្រ​ទៅ​ហូប​នៅផ្ទះ ជាមួយ​បាយ​ដាំ​ទុក​ពី​ព្រឹក ។

នាង​ថា ៖« នៅ​ថ្ងៃ​ធ្វើការ ខ្ញុំ​អត់​មាន​ពេល​ចម្អិន​អាហារ​ពេល​ថ្ងៃត្រង់​ទេ អីចឹង ខ្ញុំ​ត្រូវ​ទិញ​ម្ហូប​ទៅ​ហូប​បាយ​ដែល​ដាំ​ទុក​នៅផ្ទះ​មុន​នឹង​ចេញ​ទៅ​ធ្វើការ ហើយ​បាយ​ក៏​មិន​កក​ដែរ ព្រោះ​ដាំ​ឆ្នាំងភ្លើង » ។

នាង​បន្ត​ថា តាម​ពិត នាង​ក៏​មិន​ចង់​ទិញ​អាហារ​ស្រាប់​ទៅ​បរិភោគ​ដែរ ប៉ុន្តែ​មិនដឹង​ធ្វើ​ម៉េច បើ​អត់​មាន​ពេល ហើយ​ម្ហូប​ដែល​នាង​ទិញ​ទៅ​បរិភោគ​នោះ ក៏​បាន​ជ្រើសរើស​មើល​តូប​អាហារ​​ណា​មាន​អនាម័យ និង​ទុកដាក់​ត្រឹមត្រូវ ដូច​ជា មាន​គម្រប ស្បៃ ឬ​គ្រប​ប្លា​ស្ទិ​ក​ត្រឹម​ត្រូវ​។ នាង​និយាយ​ថា ៖« ម្ហូប​ដែល​ពួក​ខ្ញុំ​ទិញ​ទៅ​ហូប មិន​ដែល​បង្ក​បញ្ហា​អី​ដល់​ខ្ញុំ​ទេ ព្រោះ​ពេល​ទិញ​ទៅ​យើង​មើល​ដែរ ម្ហូប​ហ្នឹង​គេ​ធ្វើ​យូរហើយ ឬ​ទើបនឹង​ធ្វើ ហើយ​វា​អស់​តិច​ទៀត ។ ទោះបី​យ៉ាងណា ខ្ញុំ​ក៏​បារម្ភ​ដែរ មិនដឹង​ជា​គេ​លាង​ស្អាត ឬ​ក៏​មាន​អនាម័យ​ក្នុង​ការ​ចម្អិន​គ្រប់គ្រាន់​ដែរ​ឬទេ » ។

លោក និ​ន សុខ​លី ជា​បុគ្គលិក​ក្រុមហ៊ុន​មួយ​នៅ​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា លោក​មិន​ដែល​ចម្អិន​អាហារ​ថ្ងៃត្រង់​នៅផ្ទះ​ទេ ព្រោះ​បើ​ទៅ​ចម្អិន​អាហារ និង​ទទួលទាន​នៅផ្ទះ ត្រូវ​ចំណាយពេល​យូរ ហើយ​ស្ទះចរាចរណ៍​ក្តៅ​ទៀត ប៉ុន្តែ​បើ​ទទួលទាន​អាហារ​ថ្ងៃត្រង់​នៅ​ហាង​ជិត​កន្លែងធ្វើការ គឺ​អាច​ឲ្យ​លោក​បាន​សម្រាក​ខ្លះ​មុន​ពេល​ចាប់ផ្ដើម​បំពេញ​ការ​ងារ​ជា​ថ្មី ។

លោក​បន្ត​ថា រៀងរាល់ថ្ងៃ លោក​ទទួលទាន​អាហារ​ថ្ងៃត្រង់​នៅ​ខាងក្រៅ ហើយ​ពេល​ខ្លះ​ក៏​ចូល​ហាង​ល្អ​ៗ​មាន​ម៉ាស៊ីនត្រជាក់ និង​ស្ដង់ដា​ត្រឹមត្រូវ ពេល​ខ្លះ​ទៀត លោក​ចូល​ហាង​ធម្មតា​តាម​ផ្លូវ ដែល​មាន​តម្លៃ​សមរម្យ ។ លោក​ថា ៖«​អ្នក​ណា​ៗ​ក៏​ចង់​ចូល​ហាង​ល្អ​មាន​ម៉ាស៊ីនត្រជាក់​ដែរ តែ​អ្វី​ដែល​សំខាន់​នោះ គឺ​លទ្ធភាព​របស់​យើង​។ ពេល​ខ្លះ​មាន​លុយ​ច្រើន ក៏​ចូល​ហាង​ថ្លៃ មាន​ម៉ាស៊ីនត្រជាក់ តែ​ពេល​ខ្លះ មិនសូវ​មាន​លុយ​ច្រើន ក៏​ចូល​ហាង​តាម​ផ្លូវ​សម្រាប់​អ្នក​ចំណូល​មធ្យម ដែល​មាន​តម្លៃ​ចន្លោះ​ពី​៤ ទៅ​៦​ពាន់​រៀល​។

ដូចនេះ យើង​អាច​សល់​លុយ​បាន​ខ្លះ​សម្រាប់​ដោះស្រាយ​តម្រូវការ​ផ្សេង​ៗ តែ​បើសិនជា​ចូល​តែ​ហាង​ថ្លៃ​ៗ គួប​ផ្សំ​នឹង​ប្រាក់ខែ​មិនសូវ​ខ្ពស់​ផង​នោះ ពេល​ដាច់​ខែ​ម្ដង​ៗ​គ្មាន​អ្វី​នៅ​សេសសល់​ទេ » ។

លោក​បន្ថែម​ថា អ្វី​ដែល​ព្រួយបារម្ភ​ចំពោះ​ហាង​អាហារ​នៅ​តាម​ផ្លូវ​នោះ គឺ​ខ្លាច​តែ​មិនសូវ​មាន​អនាម័យ ដូច​ជា យក​បន្លែ និង​សាច់​អន់​ៗ​មក​ចម្អិន ប៉ុន្តែ​វា​ក៏​មិន​ដែល​បង្ក​បញ្ហា​អ្វី​ដល់​​សុខភាព ដូច​ជា រាគ​រូស និង​ឈឺពោះ​អី​ដែរ ព្រោះ​ហាង​អាហារ​តាម​ផ្លូវ​ដែល​លោក​ចូល​​នោះ មើលទៅ​មានការ​រៀបចំ​ត្រឹមត្រូវ បើ​ទោះបីជា​មិន​ស្អាត​ដូច​ហាង​ថ្លៃ​ៗ​ក៏​ដោយ។

គួរ​បញ្ជាក់​ថា ទោះបីជា​អ្នកខ្លះ​ថា ហាង​អាហារ​តាម​ចិញ្ចើម​ផ្លូវ​សម្រាប់​អ្នកមាន​ចំណូល​ទាប​ក៏​ដោយ ប៉ុន្តែ​បើសិនជា​រៀបចំ​ត្រឹមត្រូវ នឹង​មានការ​គាំទ្រ​ពី​មនុស្ស​ជា​ច្រើន ។ អ្នក​លក់​ខ្លះ​មានគំនិត​អគតិ និង​អត់​សីលធម៌ ដោយ​គិត​ថា ខ្លួន​មិនមែន​ជា​អ្នក​បរិភោគ ពួក​គេ​ចង់​ធ្វើ​ម្ហូប​យ៉ាងម៉េច​ក៏​បាន ។ ជាក់ស្ដែង មាន​អ្នកលក់​ខ្លះ​ធ្វើ​ម្ហូប​លក់ ប៉ុន្តែ​មិន​ហ៊ាន​បរិភោគ​​ម្ហូប​ដែល​ខ្លួន​ធ្វើ​ទេ បែរជា​ទៅ​ទិញ​ម្ហូប​ពី​ហាង​ដទៃ​ទៅ​វិញ ។ ដូចនេះ ការ​គិតគូរ​ពី​សុខភាព​អ្នក​ដទៃ ក៏​ដូច​ជា​គិតគូរ​ពី​សុខភាព​ខ្លួន​យើង​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ