រាជធានីភ្នំពេញ ៖ ក្មេងទំនើងមួយក្រុមជាង១០នាក់មានម៉ូតូចំនួន២គ្រឿង និងរថយន្តមួយគ្រឿងក្នុងដៃកាន់ដំបង និងដុំថ្មនាំគ្នាទៅរករឿងភាគីម្ខាងទៀត ហេតុការណ៍បង្កការភ្ញាក់ផ្អើលពេញក្នុងភូមិកាលពីម៉ោង១១និង៣០នាទីយប់ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧ នៅចំណុចផ្លូវបេតុង ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
ប្រភពព័ត៌មានបានប្រាប់ថា មានបុរស៥ទៅ៦នាក់បានដាក់តុផឹកស៊ីនៅកណ្តាលដីឡូតិ៍ដែលមានបន្ទប់ជួលជាច្រើន ខណៈពេលកំពុងផឹកសប្បាយ ស្រាប់តែមានក្មេងទំនើងមួយក្រុមជាង១០នាក់ ក្នុងនោះមានម៉ូតូ២គ្រឿង និងរថយន្តកូរ៉េពណ៌ខៀវ មួយគ្រឿងផងដែរ ដោយក្នុងដៃមានកាន់ដំបង និងដុំថ្ម ។ ពេលមកដល់មុខដីឡូតិ៍ដែលមានបន្ទប់ជួលច្រើននោះ ស្រាប់តែគប់ដុំថ្មសំដៅចូលដីឡូតិ៍ខាងលើ និងយកដំបងវាយទ្វាររបងផងធ្វើឱ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិចេញមកច្រូងច្រាង ទើបក្រុមក្មេងទំនើងខាងលើភិតភ័យបានរត់ឡើងរថយន្តគេចខ្លួនអស់ដោយបន្សល់ទុកម៉ូតូចំនួន២គ្រឿងនៅកន្លែងកើតហេតុ ហើយត្រូវប្រជាពលរដ្ឋវាយកម្ទេច រួចបានប្រគល់ឱ្យសមត្ថកិច្ចមូលដ្ឋានយកទៅរក្សាទុក។
ប្រភពពីប្រជាពលរដ្ឋបានបង្ហើបប្រាប់ថា មូលហេតុដែលក្រុមក្មេងទំនើងខាងលើនាំបក្សពួកទៅរករឿងនៅម្តុំបន្ទប់ជួលនេះ គឺសង្ស័យរឿងដណ្តើមស្រីគ្នា ព្រោះមួយថ្ងៃៗឃើញតែក្មេងៗជិះម៉ូតូចេញចូលរហូត។ ក្នុងករណីខាងលើនេះ បណ្តាលឱ្យបុរសម្នាក់រងរបួសរយះជើងផងដែរ ដោយសារក្រុមក្មេងទំនើងខាងលើគប់ត្រូវ។
ក្រោយហេតុការណ៍កើតឡើងសមត្ថកិច្ចមូលដ្ឋានបានត្រឹមទៅយកម៉ូតូចំនួន០២គ្រឿងយកមករក្សាទុកនៅប៉ុស្តិ៍ប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ