ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឱប​កូន​តូច​ឡើង​ស្ពាន​លោត​ចុះ​ បែរជា​ថា​ខ្មោច​នាំ

6 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ អ្នក​ធ្វើ​ដំណើរ​តាម​ម៉ូតូ និង​រថយន្ត​នាំ​គ្នា​ភ្ញាក់ផ្អើល នៅ​លើ​ស្ពាន​គី​ហ្ស៊ុ​ណា​ចំណុច​សសរ​ប៉េ​១០​និង​១១ ដែល​ស្ថិត​នៅ​ក្នុង​សង្កាត់​វាលវង់ ក្រុង​កំពង់ចាម នៅ​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​២០ តុលា ដោយសារ​បានឃើញ​រថយន្ត​១​គ្រឿង​ដឹក​ទឹកបរិសុទ្ធ​ពាក់​ផ្លា​ក​លេខ​កំពង់ចាម…

ខេត្តកំពង់ចាម ៖ អ្នក​ធ្វើ​ដំណើរ​តាម​ម៉ូតូ និង​រថយន្ត​នាំ​គ្នា​ភ្ញាក់ផ្អើល នៅ​លើ​ស្ពាន​គី​ហ្ស៊ុ​ណា​ចំណុច​សសរ​ប៉េ​១០​និង​១១ ដែល​ស្ថិត​នៅ​ក្នុង​សង្កាត់​វាលវង់ ក្រុង​កំពង់ចាម នៅ​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​២០ តុលា ដោយសារ​បានឃើញ​រថយន្ត​១​គ្រឿង​ដឹក​ទឹកបរិសុទ្ធ​ពាក់​ផ្លា​ក​លេខ​កំពង់ចាម ២A-៧៧២១ មក​ឈប់​លើ​ស្ពាន​ហើយ​គេ​បានឃើញ​បុរស​ម្នាក់ អោប​កូនប្រុស​តូច​អាយុ​២​ឆ្នាំ​កន្លះ ឡើង​លើ​បង្កាន់ដៃស្ពាន​ហើយ​លោតទឹក​ទន្លេ​ធ្វើ​អត្តឃាត ។

នេះ​ជា​ហេតុការណ៍​គួរ​ឱ្យ​រន្ធត់​ចិត្ត និង​ចម្លែក​បំផុត ហើយ​ក៏​មិន​ធ្លាប់​មាន​អ្នក​ធ្វើ​អត្តឃាត​យក​កូន មក​លោតទឹក​ស្លាប់​ជាមួយ​ខ្លួន​បែប​នេះ​ទេ ។ ក្នុង​ហេតុការណ៍​នេះ​ក៏​ត្រូវ​បាន​អ្នកនេសាទ​ក្បែរ​ស្ពាន​ចេញ​ទូក​ទៅ​ជួយ​ស្រង់​បុរស​ដែល​លោត​ទឹកបាន​ភ្លាម​ៗ​ផង​ដែរ តែ​សម្រាប់​កូន​តូច​ដែល​បុរស​ជា​ឪពុក​អោប​លោតទឹក​ជាមួយ​គ្នា​នោះ បាន​បាត់​នៅ​ក្នុង​ទឹក​ទន្លេ​ដ៏​ធំ​ល្វឹងល្វើយ​នោះ​ទៅ​ហើយ ។ ពិតជា​គួរ​ឱ្យ​រន្ធត់​ចិត្ត​ពន់ពេក​ណាស់​ដែល​សាធា​​រណជន​បាន​ថ្កោលទោស​ភ្លាម​ៗ​ដល់​ជន​អគតិ​ជា​ឪពុក​ដែល​ចង់​ងាប់​ខ្លួនឯង​យក​កូន​មក​លោតទឹក​ជាមួយនឹង​ខ្លួន តើ​គ្នា​មាន​កំហុស​អ្វី ?

លោក​វរសេនីយ៍ត្រី រស់ ម៉ុង​សេង អធិការ​នគរបាល​ស្តីទី​ក្រុង​កំពង់ចាម ប្រាប់​ឱ្យ​ដឹង​ថា បុរស​រូប​នេះ​ឈ្មោះ ស៊ូ សានិ​ត អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ទួល​វិហារ ឃុំ​ជី​រោ​ទ៏​ទី​២ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ បាន​បើករថយន្ត​ដឹក​ទឹកបរិសុទ្ធ​ចេញពី​ត្រើយ​ខាងកើត​ឆ្ពោះ​មក​លិច​។ លុះ​ពេល​មក​ដល់​លើ​ស្ពាន ក៏​បាន​ឈប់​រថយន្ត​អែប​ខាង ហើយ​បាន​អោប​កូនប្រុស​តូច​ឈ្មោះ ស៊ូ ថា​នុ អាយុ​២​ឆ្នាំ​កន្លះ ចុះ​ពីលើ​រថយន្ត​បាន​បន្លែង​គ្នា​ជាមួយនឹង​កូន​ប្រហែល​ជា​៥​នាទី បន្ទាប់​មក​ក៏​បាន​ឡើង​លើ​បង្កាន់ដៃស្ពាន​លោត​ចូល​ទៅ​ក្នុង​ទឹកទន្លេ​មេគង្គ ដែល​កំពុង​តែ​ហូរ​លិច​ទាំង​ឪពុក​និង​កូន​តូច​នោះ ។

បន្តិច​ក្រោយមក​ឃើញ​ឪពុក​ផុស​អណ្តែត​ឡើង​ទំនង​ខ្លាច​ងាប់​បាន​ប្រឹង​ហែល​ចុះ​ទៅ​តាម​ខ្សែទឹក ក៏​មាន​ទូក​អ្នកនេសាទ​បានឃើញ ក៏​ចាប់​លើកដាក់​លើ​ទូក​បើក​មក​ច្រាំង​ទន្លេ ត្រើយ​ទន្លេ​បិទ ។ ចំណែក​កូន​តូច​បាន​លិច​បាត់​រសាត់​តាម​ខ្សែទឹក​មិន​អាច​ជួយ​ស្រោចស្រង់​អាយុជីវិត​បាន​ទេ ។ បុរស​ជា​ឪពុក​ត្រូវ​បាន​សមត្ថកិច្ច​ដឹក​មក​សួរនាំ​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ចាម ។

ឈ្មោះ ស៊ូ សានិ​ត បាន​ឆ្លើយ​បំភ្លឺ​ប្រាប់​សមត្ថកិច្ច​ថា ការ​អោប​កូន​លោតទឹក​នោះ​មិនមែន​ជា​ការ​ធ្វើ​អត្តឃាត​នោះ​ទេ ។ គាត់​បាន​និយាយ​យោង​ទៅ​លើ​ហេតុការណ៍​ផ្សេង ដែល​មិន​អាច​យល់​បាន គឺ​១​ខែ​មុន​នេះ​រូបគេ​បាន​ដឹក​ទឹកបរិសុទ្ធ​យក​ទៅ​លក់​ដល់​ខេត្តស្ទឹង​ត្រែង ។ លុះ​ពេល​ត្រឡប់​មក​វិញ ក៏​ចេះ​តែ​មាន​អាការ​ឈឺក្បាល និង​បាន​ប្រាប់​ប្រពន្ធ​ឱ្យ​ដឹងផង​ដែរ តែ​មិន​បាន​ទៅ​ឱ្យ​គ្រូពេទ្យ​ពិនិត្យ​នោះ​ទេ ។ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២០ តុលា បាន​បើករថយន្ត​ចេញ​មក​ដោយ​មាន​កម្មករ​ពីរ​នាក់​មក​ជាមួយ ។ គាត់​និយាយ​ថា ស្រប​ពេល​ដែល​បើករថយន្ត​មិនដឹង​បើក​មក​ដល់​ត្រង់​ណា​ទេ នៅ​លើ​ស្ពាន​គី​ហ្ស៊ុ​ណា ហើយ​មិនដឹង​ថា​ធ្វើ​អ្វី​ថែម​ទៀត​ផង ។ ស្រប​ពេល​ដែល​ដឹងខ្លួន​គឺ​នៅ​ក្នុង​ទឹកទន្លេ​មេគង្គ និង​មានការ​ភិតភ័យ​ស្រ​វេ​ស្រ​វ៉ា​ហែល បន្ទាប់​មក​មាន​ទូក​អ្នកនេសាទ​បាន​មក​ជួយ​រូបគេ ។ គាត់​ថា​មិនដឹង​ថា​អោប​កូន​លោតទឹក​ពីលើ​ស្ពាន​នោះ​ទេ ។

ស្ត្រី​ឈ្មោះ ខុន ស្រី​និ​ត អាយុ​២២​ឆ្នាំ ជា​ប្រពន្ធ​ដែល​ប៉ូលិស​ហៅ​មក​សួរនាំ​បាន​ប្រាប់​ឱ្យ​ដឹង​ថា​នៅ​ពេល​មុន​កើតហេតុ​ព្រឹក​ថ្ងៃ​ទី​២០ តុលា នាង​និង​ប្តី​មិន​បាន​ឈ្លោះប្រកែក​គ្នា​នោះ​ទេ ហើយ​បាន​យក​កូន​តូច​អាយុ​២​ឆ្នាំ​កន្លះ​ទៅ​ជាមួយ ជិះ​តាម​រថយន្ត​ដោយ​ប្រាប់​ថា​ទៅ​ហូប​គុយទាវ ។ ពេល​ចេញ​ផុត​ពី​ផ្ទះ​មិន​បាន​ប៉ុន្មាន​ផង​ស្រាប់តែ​មាន​គេ​ទូរស័ព្ទ​ប្រាប់​ថា ប្តី​បាន​បីកូន​តូច​លោតទឹក​សម្លាប់​ខ្លួន​ពីលើ​ស្ពាន​គី​ហ្ស៊ុ​ណា​បាត់​ទៅ​ហើយ ។

ចំពោះ​ការ​រៀបរាប់​ប្រាប់​ប៉ូលិស​ពី​សំណាក់​បុរស​ជា​ឪពុក​នេះ មិនដឹង​ថា​តើ​វា​អាច​កើតរឿង​ខ្មោច​នាំ​បែប​នេះ ឬ​យ៉ាងណា​នោះ​ទេ ។ ទោះជា​យ៉ាងណា ពិតជា​អាណិត​ក្មេង​តូច​ដែល​ជា​កូន​គឺ​គ្នា​គ្មាន​កំហុស​អ្វី​ទាំងអស់ បែរជា​ស្លាប់​យ៉ាង​អាណោចអាធ័ម​នៅ​ក្នុង​ទឹក​មិន​ទាន់​រក​ឃើញ​នៅឡើយ​ទេ ។ មន្ត្រី​ប៉ូលិស​បានឱ្យ​ដឹង​ថា សមត្ថកិច្ច​មិន​បាន​ឃាត់ខ្លួន​បុរស​ជា​ឪពុក​នោះ​ទេ ដែល​ក្រោយ​ពី​សាកសួរ​ធ្វើ​កំណត់ហេតុ​ហើយ ក៏​បានឱ្យ​វិល​ត្រឡប់​ទៅ​ផ្ទះ​ជាមួយ​ប្រពន្ធ​វិញ ដើម្បី​តាម​រកស​ពកូន​តូច​ដែល​ជា​កូន​ដំបូង​(​ទី​១)​របស់​ពួក​គេ មិនដឹង​ថា​រសាត់​តាម​ខ្សែទឹក​ដល់​ទីណា​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ