ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាល​រាជធានី ចុះ​ពិនិត្យ​មើល​ការ​តុបតែង​ប្រទីប និង​ស្ថានភាព​កន្លែង​ស្នាក់​នៅ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែតុលា នេះ អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង បាន​ដឹកនាំ​អាជ្ញាធរ…

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែតុលា នេះ អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង បាន​ដឹកនាំ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​មើល​ការ​តុបតែង​ប្រទីប និង​មើល​ស្ថានភាព​កន្លែង​ស្នាក់​នៅ​របស់​ក្រុម​ចំណុះ​ទូក ដែល​ស្ថិត​នៅ​ត្រើយម្ខាង សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រួម​និង​ការ​ណែនាំ​ឲ្យ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ ឲ្យ​ដាក់​បង្គន់​អនាម័យ​ឲ្យ​បាន​ច្រើន​កន្លែង ។ ក្រៅពី​នេះ បញ្ហា​ការ​រៀបចំ​ឲ្យ​មាន​សន្តិសុខ សណ្តាប់ធ្នាប់​ក៏​លោក​អភិបាល ធ្វើការ​ណែនាំ​ឲ្យ​ត្រៀម​រៀបចំ​ឲ្យ​ល្អ​ប្រសើរ​ផង​ដែរ ។

គួរ​បញ្ជាក់​ថា ការ​ចុះ​ពិនិត្យ​មើល​ការ​តុបតែង​ប្រទីប និង​មើល​ស្ថានភាព​កន្លែង​ស្នាក់​នៅ​របស់​ក្រុម​ចំណុះ​ទូក​នេះ ធ្វើ​ឡើង​ក្រោយ​កិច្ចប្រជុំ​មួយ ជាមួយ​មន្ត្រី​ពាក់ព័ន្ធ កាលពី​រសៀល​ថ្ងៃ​ទី​២០ ខែតុលា ដើម្បី​ដាក់​ផែនការ សម្រាប់​ការ​ការពារ​សន្តិសុខ និង​ការ​បង្កើត​គណៈកម្មការ អនុ​គណៈកម្មការ ទទួល​បន្ទុក​រៀបចំ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ អកអំបុក និង​ការ​រៀបចំ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៤ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០១៧ និង​ទិវា​កំណើត នៃ​កង​យោធពលខេមរៈភូមិន្ទ​ឆ្នាំ​២០១៧ ដែល​រាជធានី​ភ្នំពេញ ជា​អ្នក​រៀបចំ​កម្មវិធី​ទាំងនោះ ។

ក្នុង​កិច្ចប្រជុំ​ដែល​ដឹកនាំ​ដោយ លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​មានការ​ចូលរួម​ពី​ស្នងការ​នគរបាល​រាជធានី កងរាជអាវុធហត្ថ ព្រមទាំង​មន្ត្រី​ពាក់ព័ន្ធ រដ្ឋបាល​រាជធានី​ភ្នំពេញ​ជា​ច្រើន​រូប​ទៀត​នោះ លោក ឃួ​ង ស្រេង បាន​គូសបញ្ជាក់​ថា ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក​ឆ្នាំ​នេះ នឹង​ប្រព្រឹត្ត​ទៅ​រយះ​ពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២​ដល់ទី​៤ ខែវិច្ឆិកា តាម​ដង​ទន្លេសាប​មុខ​ព្រះ​បរមរាជវាំង ដើម្បី​បើកឱកាស​ជូន​ប្រជាពលរដ្ឋ​ចូលរួម​កម្សាន្ត​សប្បាយ​រីករាយ​អបអរសាទរ​បុណ្យប្រពៃណី​ជាតិ ដោយ​មាន​បណ្តែតប្រទីប អុជ​កាំជ្រួច និង​សម្ដែង​សី​ល្បៈ​គ្រប់​ទាំង​៣​ថ្ងៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ