ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិប្បដិសារី​មួយ​រំពេច​ក្រោយ​ពី​ទិញ​ឡាន​បាន​ពីរ​ថ្ងៃ

6 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់បានបើករថយន្ដចូលផ្ទះច្រឡំជាន់ហ្គាថាហ្វ្រាំងបណ្ដាលឲ្យស្ទុះទៅ​បុក​ម្ដាយក្មេកដែលកំពុងបើកទ្វារបងឲ្យស្លាប់ភ្លាមៗមួយរំពេច ។ ហេតុការណ៍នេះបានកើតឡើងកាល​ពីវេលាម៉ោង៤រសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ នៅនឹងផ្ទះរបស់អ្នកបើកបរផ្ទាល់ដែលស្ថិត​ក្នុងភូមិបន្ទាយដីលើ សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់…

ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់បានបើករថយន្ដចូលផ្ទះច្រឡំជាន់ហ្គាថាហ្វ្រាំងបណ្ដាលឲ្យស្ទុះទៅ​បុក​ម្ដាយក្មេកដែលកំពុងបើកទ្វារបងឲ្យស្លាប់ភ្លាមៗមួយរំពេច ។ ហេតុការណ៍នេះបានកើតឡើងកាល​ពីវេលាម៉ោង៤រសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ នៅនឹងផ្ទះរបស់អ្នកបើកបរផ្ទាល់ដែលស្ថិត​ក្នុងភូមិបន្ទាយដីលើ សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ឈ្មោះ សោម សារ៉ន ភេទស្រី អាយុ៧៩ឆ្នាំ ត្រូវជាម្តាយក្មេក ។ រីឯអ្នកបើកបរដែលជាកូនប្រសារឈ្មោះ ពៅ សុវណ្ណ ភេទប្រុស អាយុ៥០ឆ្នាំ ។

ប្រភពឲ្យដឹងថា ក្រុមគ្រួសារខាងលើបានទិញរថយន្ដម៉ាកហាយលែនឌ័រ ពណ៌ស មួយគ្រឿងកាល​​​ពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ ដោយមិនទាន់ទាំងធ្វើស្លាកលេខផង ដើម្បីទុកជិះនាំក្រុមគ្រួ​សារ​ដើរលេងក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ។ ស្អែកឡើងថ្ងៃទី១២ ឈ្មោះ ពៅ សុវណ្ណ ជាកូនប្រសារ​​បានយកទៅលាងទឹកឲ្យស្អាតដើម្បីយកមកគ្របទុកក្នុងផ្ទះព្រោះកំពុងពេញស្រលាញ់ ។ ពេល​​លាងទឹករួចបើកមកដល់មុខផ្ទះម្ដាយក្មេកដែលនៅក្បែរនោះស្រាប់ ក៏ដើរមកបើកទ្វារបងឲ្យចូល ។ ខណៈកំពុងបើកទ្វារបងជិតផុតហើយនោះស្រាប់តែអ្នកបើកបរច្រឡំជាន់ហ្គាស្មាន​ថា​ហ្វ្រាំង​បណ្ដាលឲ្យរថយន្ដស្ទុះទៅបុកបង្គោលរបងបាក់អស់មួយដើម កៀរមនុស្សផ្ទប់នឹងដើម​លៀប​​​រួចហើយជ្រុលទៅបុកជញ្ជាំងរបងខាងលិចផ្ទះធ្លុះអស់មួយទៀត ទើបអស់ល្បឿនឈប់នៅ​ទី​​នោះ​តែម្ដង ។ ចំណែកស្រ្តីរងគ្រោះរង របួសនិងសន្លប់ស្ដូកស្ដឹងនៅនឹងកន្លែងកើតហេតុហើយមិន​ទាន់ទាំងបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យផងក៏ស្លាប់បាត់ទៅ ។

សពបានតម្កល់ធ្វើបុណ្យនៅគេហដ្ឋាននៃសពក្រោមតំណក់ទឹកភ្នែក បងប្អូន កូន កូនប្រសារ និង​ចៅៗ​ជាទីស្រលាញ់ ព្រមទាំងមានការចូលរួមពីសំណាក់ញាតិមិត្តជិតឆ្ងាយដែលរាប់អានគ្នាក្នុងការ​ជួយរំលែកទុក្ខដោយក្ដីអាណិតអាសូរផងដែរ ។ នេះជារឿងវិប្បដិសារីមួយដែលយើងគ្រប់គ្នានឹក​ស្មានមិនដល់ ហើយក៍ជាមេរៀនមួយដែរសម្រាប់អ្នកផ្សេងឲ្យមានការប្រុងប្រយ័ត្នក្នុងការបើក​បរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ