តាមលទ្ធផលនៃការអង្កេតរបស់រដ្ឋាភិបាលប្រេស៊ីលបង្ហាញថា ប្រជាជនប្រហែល៥៣ភាគរយនៃចំនួនសរុប១៩៤លាននាក់ ក្លាយជាជនវណ្ណៈកណ្តាល មានន័យថា ប្រជាជនជាច្រើនលាននាក់បានលើកកម្ពស់ខ្លួនផុតពីភាពក្រីក្រ ។នៅក្នុងរបាយការណ៍របស់រដ្ឋាភិបាលប្រស៊ីលឃើញថា បច្ចុប្បន្នប្រទេសនេះមានជនវណ្ណៈកណ្តាលប្រហែល១០៤លាននាក់ ដោយក្នុងចំនួននោះមានប្រហែល៣៥លាននាក់រួចផុតពីភាពក្រីក្រ ក្នុងអំឡុងពេល១០ឆ្នាំ កន្លងមក ។ នៅក្នុងចន្លោះពីឆ្នាំ២០០២ដល់ឆ្នាំ២០១២ ប្រជាជនប្រេស៊ីលប្រហែល២១ភាគរយ បានលើកកម្ពស់ខ្លួនពីវណ្ណៈទាបឆ្ពោះទៅវណ្ណៈកណ្តាល និងប្រហែល៦ភាគរយពីវណ្ណៈកណ្តាលទៅវណ្ណៈ
ខ្ពស់ ។
ជនវណ្ណៈខ្ពស់នៅក្នុងប្រទេសប្រេស៊ីលមានប្រហែល៤០លាននាក់ ឬ២០ភាគរយនៃប្រជាជននៅទូទាំងប្រទេស ខណៈពេលជនវណ្ណៈទាបមានប្រហែល៥៥លាននាក់ ឬ២៨ភាគរយនៃចំនួនប្រជាជនសរុបនៅទូទាំងប្រទេស ។ប្រេស៊ីល បានកំណត់ឱ្យក្រុមគ្រួសារវណ្ណៈកណ្តាលត្រូវមានចំណូលក្នុងម្នាក់រយៈពេល១ខែពី១៤៣ដុល្លារដល់៥០២ដុល្លារ ដោយរំពឹងថា ជនវណ្ណៈកណ្តាលក្នុងប្រេស៊ីលនឹងកើនឡើងប្រហែល៥៧ភាគរយនៅក្នុងឆ្នាំ២០២២ ។
ក្នុងអំឡុងពេលពីឆ្នាំ២០០៣ដល់ឆ្នាំ២០១០លោកលូអ៊ីស អ៊ីណាស៊ីយ៉ូ លូឡាដាស៊ីលវ៉ា អតីតប្រធានាធិបតីប្រេស៊ីល បានដំណើរការគម្រោងការគ្រួសារជាច្រើនយ៉ាង រហូតអាចលើកស្ទួយជនជាតិប្រេស៊ីលរួចផុតពីភាពក្រីក្រដល់ទៅ២៨លាននាក់ ៕
ចែករំលែកព័តមាននេះ