រាជធានីភ្នំពេញ ៖ នាយកណ្ដុរគឺជាតារាកំប្លែងមួយដួងកំពុងតែលេចឡើងក្នុងសង្គមសិល្បៈ ។ភាគច្រើនគេស្គាល់នាយកណ្ដុរតាមរយៈការសម្ដែងខារ៉ាអូខេ និងខ្សែភាពយន្ត ។ចុងក្រោយនេះនាយបានសម្ដែងក្នុងខ្សែរឿងភាគឱ្យស្ថានីយទូរទស្សបាយ័នរឿង«ពន្លកស្នេហ៍ក្បែរជាយដែន» ជាតួអង្គអនុសេនីយ៍ឈ្មោះ ចាប គុយ និងកំពុងតែចាក់បញ្ចាំងរៀងរាល់រាត្រី ។ក្រៅពីនេះនាយកណ្ដុរបានថតស្ប៉តពាណិជ្ជកម្មជាច្រើនទៀត ។
តាំងពីនាយកណ្ដុរបានចូលប្រឡូកក្នុងរង្វង់សិល្បៈមក នាយហាក់បីដូចជាមានការមមាញឹកនឹងការងារច្រើនណាស់ស្ទើររកពេលសម្រាកគ្មាន ។ ស្របពេលនេះស្រាប់តែលេចឮព័ត៌មានថា នាយកំពុងតែកើតមានជំងឺធ្ងន់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដូច្នេះត្រូវផ្អាកការងារសិល្បៈមួយ ។
អ្នកយកព័ត៌មានកោះសន្ដិភាពជួបផ្ទាល់ជាមួយនាយកណ្ដុរនៅផ្ទះរបស់នាយ ហើយឃើញនាយមានជំងឺ គឺជំងឺក្រពះ ពោះវៀនមិនមែនជាជំងឺធ្ងន់ទេ ។ នាយកើតមានជំងឺនេះចាប់តាំងពីថតខ្សែរឿងពន្លកស្នេហ៍ក្បែរជាយដែន ឱ្យស្ថានីយទូរទស្សន៍បាយ័នមកម្ល៉េះ ដោយសារនាយខំប្រឹងថតពេករហូតពេលខ្លះភ្លេចបាយភ្លេចទឹក ។នាយកណ្ដុរត្រូវសម្រាកព្យាបាលនៅផ្ទះមួួយរយៈ ខណៈការងារសម្ដែងមានច្រើន ។
មួយរយៈនេះនាយកណ្ដុរត្រូវគេសង្ស័យថា ទាក់ទងស្នេហាជាមួយនាងឃ្មឹបតារាកំប្លែង និងជាអតីតភរិយារបស់នាយហុងដា តែពុំមានការបកស្រាយឱ្យបានច្បាស់លាស់ម្ដងណាទេដូច្នេះហើយរឿងនេះក៏មិនទាន់ស្ងប់ស្ងាត់មកដល់បច្ចុប្បន្ន ។ ទាក់ទិននឹងបញ្ហានេះនាយកណ្ដុរប្រាប់ឱ្យដឹងថា រវាងរូបនាយនិងនាងឃ្មឹបគ្រាន់តែជាមិត្តរួមអាជីពសិល្បៈប៉ុណ្ណោះ ។ កន្លងមកមិនថាតែទស្សនិកជនទេដែលសង្ស័យ សូម្បីតែមិត្តភក្ដិរបស់លោកក៏យល់ច្រឡំដែរព្រោះតែពេលខ្លះនាងឃ្មឹបជិះរថយន្តជាមួយនាយ តែការពិតមិនមែនជាស្នេហាទេ គ្រាន់តែរាប់អានគ្នាក្នុងនាមជាមិត្តរួមអាជីពប៉ុណ្ណោះ ។ ចំពោះរូបនាយមិនដែលគិតថា ស្រឡាញ់នាងឃ្មឹបទេ ។
នាយកណ្ដុរ ឬ D.J កណ្ដុរមានឈ្មោះពិត ជុំ ផានិត មានស្រុកកំណើតនៅភូមិព្រៃឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង និងម្ដាយឈ្មោះ ជួប ឃឹមបានចែកឋានតាំងពីលោកមានអាយុ៥ឆ្នាំម្លេ៉ះ ។ នាយកណ្ដុរមានបងប្អូនចំនួន១០នាក់ក្នុងនោះស្រី៧នាក់សុទ្ធតែជាកសិករ និងប្រុស២នាក់ជាទាហាន ៕
ចែករំលែកព័តមាននេះ