ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោង​​​​​ដំណើរ​​​ការ​​ប្រកួត​​ហែល​​ទឹក​​​កម្រិត​​​យុវ​វ័យ​​នឹង​កើត​ចេញ​ជា​រូប​រាង​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ គម្រោង​​បើក​​ការ​ប្រកួត​​ហែល​ទឹក​ក្នុង​កម្រិត​​យុវ​វ័យ​ដែល​​ធ្លាប់​​លើក​ឡើង​​អស់​រយៈ​ពេល​ជា​ច្រើន​ខែ​មក​នោះ​​នឹង​លេច​ចេញ​​ជា​រូប​រាង​​ក្នុង​ពេល​​​ដ៏​ខ្លី​​ខាង​មុខ ។ មន្ត្រី​ជាន់​ខ្ពស់​​ប្រចាំ​សហ​ព័ន្ធ​បាន​អះ​​អាង​ថា នេះ​ជា​ព្រឹត្តិ​​ការណ៍​ដំបូង​​បំផុត​​​ដែល​ផ្តល់​​ឱ​កាស​​ឱ្យ​តែ​​យុវ​ជន​​​ដែល​​មាន​អាយុ​ចន្លោះ​​ពី​​១១​ឆ្នាំ​ដល់​​១៧​ឆ្នាំ​​ប្រកួត​ដណ្តើម​​​មេដាយ​​ និង​ប្រាក់​រង្វាន់​​ដោយ​​មិន​ភ័យ​​រឿ​ង​ប៉ះ​ជា​មួ​យ​

រាជ​ធានី​ភ្នំពេញ ៖ គម្រោង​​បើក​​ការ​ប្រកួត​​ហែល​ទឹក​ក្នុង​កម្រិត​​យុវ​វ័យ​ដែល​​ធ្លាប់​​លើក​ឡើង​​អស់​រយៈ​ពេល​ជា​ច្រើន​ខែ​មក​នោះ​​នឹង​លេច​ចេញ​​ជា​រូប​រាង​​ក្នុង​ពេល​​​ដ៏​ខ្លី​​ខាង​មុខ ។ មន្ត្រី​ជាន់​ខ្ពស់​​ប្រចាំ​សហ​ព័ន្ធ​បាន​អះ​​អាង​ថា នេះ​ជា​ព្រឹត្តិ​​ការណ៍​ដំបូង​​បំផុត​​​ដែល​ផ្តល់​​ឱ​កាស​​ឱ្យ​តែ​​យុវ​ជន​​​ដែល​​មាន​អាយុ​ចន្លោះ​​ពី​​១១​ឆ្នាំ​ដល់​​១៧​ឆ្នាំ​​ប្រកួត​ដណ្តើម​​​មេដាយ​​ និង​ប្រាក់​រង្វាន់​​ដោយ​​មិន​ភ័យ​​រឿ​ង​ប៉ះ​ជា​មួ​យ​ក្រុម​ជម្រើស​​ជាតិ​ខ្លាំង​​ដូច​ការ​​ប្រកួត​លើក​មុនឡើយ​ ។

លោក​ហែម ថុន ប្រធាន​​សហ​ព័ន្ធ​​ខ្មែរ​កីឡា​​ហែល​ទឹក​ស្ម័គ្រ​ចិត្ត​​បាន​ប្រាប់​​កោះ​សន្តិ​ភាព​​ពាក់​ព័ន្ធ​​នឹង​​គម្រោង​ប្រកួត​នេះ​ថា ការ​ប្រកួត​នេះ​​មាន​ឈ្មោះ​ថា «​ការ​ប្រកួត​ជ្រើស​រើស​​ជើង​ឯក​ហែល​ទឹក​​យុវ​ជន​​ទូ​ទាំង​ប្រទេស​​ឆ្នាំ​​២០១២» ដោយ​​មិន​មាន​លក្ខណៈ​​ប្រកួត​​បែប​សេរី​​ចម្រុះ​ដោយ​​កីឡា​​ករ​​​​ កីឡា​ការិនី​​​​ជើង​ចាស់​ដែល​​មាន​អាយុ​ចាស់ៗ​នោះ​​ឡើយ ។ ទោះ​បី​ជា​យ៉ាង​ណា វេទិ​​កា​​នោះ​​ក៏​រៀប​ចំ​​ឱ្យ​មាន​​ការ​ប្រកួត​ដណ្តើម​​ប្រាក់​រង្វាន់​​​សម្រាប់​កីឡា​​​ករ​ កីឡា​ការិនី​​ដែល​​លើស​អាយុ​​១៧​​ឆ្នាំ​​ផង​ដែរ ដើម្បី​លើក​​ទឹក​ចិត្ត​ដល់​ពួក​គេ​​ឱ្យ​​ចូល​រួម​​ប្រកួត​​ប្រជែង​​​កុំ​​ឱ្យ​ស្ងប់ស្ងាត់​សកម្ម​ភាព​​ហែល​​ទឹក​​ក្នុង​ស្រុក ។ លោក​រំ​ពឹង​ថា យុវ​ជន​​​យ៉ាង​​ហោច​ណាស់​ជាង​​១០០​នាក់​នៅ​ទូ​ទាំង​ប្រទេស​​នឹង​ចូល​រួម​ក្នុង​​​ការ​ប្រកួត​​​បើក​ឆាក​នេះ បើ​​ទោះ​​ជា​ម​ក​ដល់​ពេល​នេះ​នៅ​មិន​ទាន់​​ដឹង​ពី​ចំនួន​​ពិត​ប្រាកដ​​សម្រាប់​ការ​រៀប​ចំ​​ប្រកួត​​​ជា​ផ្លូវ​ការ​​នោះ​ក៏​ដោយ ។

ពាក់​ព័ន្ធ​​នឹង​ការ​ចូល​រួម​​​ប្រកួត​នេះ​វិញ លោក​ហែម ថុន អះ​អា​​ង​ថា ខាង​សហ​ព័ន្ធ​នឹង​​ផ្តល់​លទ្ធ​ភាព​​ឱ្យ​គ្រប់​ក្លិប​​​ទាំង​អស់​​ដែល​មាន​បំណង​​ចង់​បញ្ជូន​​កីឡា​ករ​ កីឡា​ការិនី​​របស់​ខ្លួន​​មក​ធ្វើ​​ការ​ប្រកួត​​ប្រជែង​​ឱ្យ​ទទួល​​​សិទ្ធិ​ជា​​អាទិ​ភាព​តែ​ម្តង​ ដើម្បី​ងាយ​ស្រួល​ស្វែង​​រក​ជើង​ខ្លាំង​​ជា​​ធន​ធាន​អ្នក​​ហែល​ទឹក​បែប​យុវ​ជន​​ក្មេង​​ៗ ។ ដោយ​ឡែក​ចំពោះ​​ក្មេង​​ៗ​ដែល​ស្ថិត​ក្នុង​ចន្លោះ​​អាយុ​​ដែល​បាន​កំណត់​​នោះ​​ហើយ​មាន​​បំណង​​ចង់​ចូល​រួម​ប្រកួត​​ដូច​គ្នា​ ក៏​​មាន​​​សិទ្ធិ​​មក​ចុះ​ឈ្មោះ​​ចូល​ប្រកួត​​បាន​ដោយ​សេរី​ផង​ដែរ ដោយ​​ពួក​គេ​គ្រាន់​តែ​បញ្ជាក់​​ការ​​អនុញ្ញាត​​ពី​​អា​ណា​​ព្យាបាល ឬ​​ឪពុក​ម្តាយ​​ដើម្បី​​ឱ្យ​ខាង​សហ​ព័ន្ធ​​បាន​​ឃើញ​​​ប៉ុណ្ណោះ ។ ការ​ប្រកួត​នេះនឹង​ដំណើរ​​ការ​​រយៈ​ពេល៤​ថ្ងៃ ដោយ​គ្រោង​​​ធ្វើ​​ចាប់​ពី​ថ្ងៃ​​ទី​​២៣ រហូត​ដល់​ថ្ងៃ​​ទី​​២៦ ​ខែ​តុលា ខាង​មុខ ។

ដ្បិត​​តែ​ពេល​វេលា​ស្ថិត​​ក្នុង​រង្វង់​​១​ខែ​ ប៉ុន្តែ​​លោក​​​អះ​អាង​​ថា ពេល​វេលា​នេះ​​មិន​សល់​​ច្រើន​​ណាស់ណា​​ឡើយ​​​សម្រាប់​​​ការ​រៀប​ចំ​​ការ​ប្រកួត​​ហែល​ទឹក​​កម្រិត​​​យុវ​ជន​លើក​ដំបូង​​ដែល​មាន​ទ្រង់​ទ្រាយ​​ធំ​បែប​នេះ អីុច​ឹង​​ហើយ​ទើប​ខាង​​​សហ​ព័ន្ធ​ខ្មែរ​​កីឡា​ហែល​ទឹក​ស្ម័គ្រ​​ចិត្ត​កំពុងដុត​​​ដៃ​ដុត​ជើង​យ៉ាង​​ខ្លាំង​​ទាំង​ក្នុង​​យុទ្ធ​នា​ការ​​ត្រៀម​ទុក​​ និង​ការ​ផ្តល់​​ព័ត៌​​មាន​​ពី​ការ​ប្រកួត​នេះ​​ឱ្យ​មាន​លក្ខណៈ​​ទូល​ំ​​ទូ​លាយ​​​ទៅ​គ្រប់​ក្លិប​​ហែល​ទឹក​នៅ​ទូ​ទាំង​​​ប្រទេស​ និង​យុវ​ជន​​ដែល​មាន​​បំណង​​ចង់​ក្លាយ​ជា​​ជើង​ខ្លាំង​​ផ្នែក​ហែល​ទឹក​​ ។ ​ការ​ប្រកួត​​នេះ​​មាន​វិញ្ញា​សា​​​ច្រើន​​បែប​ដូចគ្នា​នឹង​​ការប្រកួត​​​ជ្រើ​ស​រើស​​​ជើង​ឯក​ប្រចាំ​ឆ្នាំ​​ដែល​ធ្លាប់​​ធ្វើ​​ជា​រៀង​​រាល់​ឆ្នាំ​នោះ​​​ផង​ដែរ ដូចជា​​ការ​ប្រកួត​​ហែល​ទឹក​​១០០​ម៉ែត្រ រហូត​ដល់​​១.០០០ម៉ែត្រ ​និង​ការ​ប្រកួត​​ហែល​​​បែប​​សេរី​​ និង​​ហែល​​បែប​​កង្កែប​​ជា​ដើម ។

ទោះ​​ជា​យ៉ាង​ណា ការ​ប្រកួត​នេះ​​នៅ​មិន​​​ទាន់​ប្រាកដ​​​ថា​​នឹង​អាច​ដំណើរ​ការ​តាម​​កាល​បរិច្ឆេទ​​កំណត់​ខាង​​លើ​នៅ​ឡើយ​ទេ ដោយ​សារ​តែ​អ្វី​ៗ​នៅ​​មិន​ទាន់​​ឆ្លង​​​ថ្នាក់​​លើ​​ជា​​គណៈ​​កម្មា​ធិ​ការជាតិ​​​​អូឡាំ​ពិក​​​ឱ្យ​ផ្តល់​​ចំណា​រ​ឯក​ភាព​​បាន​នៅ​​ឡើយ ។ ការ​ប្រកួត​នេះ​​មាន​គោល​​បំណង​តែ​មួយ​គត់​​ គឺ​ស្វែង​​រក​ទំពាំង​​​ស្នង​ឫស្សី​​ថ្មី​ៗ​ដើម្បី​​ត្រៀម​​យក​មក​ជំនួស​​កីឡា​ករ​ កីឡា​ការិនី​​ហែល​ទឹក​ចាស់ៗ​​ដែល​នៅ​ថ្ងៃ​ណា​មួយ​​ពួក​គេ​​នឹងចុះ​ខ្សោយ​​ថាម​ពល​ ឬ​លា​ឈប់​។ លោក​​​មាន​ប្រសាសន៍​​ដោយ​មាន​​ការ​ត្រៀម​​ទុក​​មុន​ថា កម្ម​វិធី​នេះ​​ ទី​១ ​​ខាង​​​សហ​ព័ន្ធ​​មាន​បំណង​​បំផុស​​ឱ្យ​ក្មេង​​​ៗ​​ងាក​មក​ស្រឡាញ់​​កីឡា​​ហែល​ទឹក​​ និង​ទី​២ ចង់​​ឱ្យ​អ្នក​មាន​ទំនោរ​​ចិត្ត​​ទាំង​នោះ​​បាន​ចាប់​​ឱកាស​​ក្លាយ​ជា​ធន​ធាន​អ្នក​ហែល​ទឹក​​ស្រករ​​ក្រោយ​ដើម្បី​ជំនួស​​អ្នក​​ចាស់ៗ ។ លោក​អះ​អាង​​ថា បើ​ទោះ​ជា​កីឡា​ករ កីឡា​ការិនី ហែល​ទឹក​​ជើង​ចាស់​មិន​លា​ឈប់​ពី​អាជីព​​នេះ​ក៏​ពួក​គេ​នឹង​មិន​​អាច​​រក្សា​ភាព​ខ្លាំង​របស់​​ខ្លួន​បាន​​ដែរ ខណៈ​ពេល​វេលា​​ចេះ​តែ​បន្ត​​ទៅ​មុខ ។

អីុចឹង​​ហេើ​​យ​ទើប​​លោក​ត្រូវ​តែ​​ជ្រើស​រើស​​យក​​ធន​ធាន​ថ្មីៗ​​ដើម្បី​ុកុំ​​ឱ្យ​វិស័យ​​នេះ​​នៅ​នឹង​ថ្កល់​​ ឬ​អាច​និយាយ​​​បាន​ថា ចេញ​​ទៅ​ប្រកួត​នៅ​ក្រៅ​​ស្រុក​លើក​ណា​​ក៏​មិន​បាន​មេដាយ​​ត្រឡប់​មក​វិញ​​នោះ ។ លោក​យល់​ថា ការ​ប្រកួត​កម្រិត​​​យុវ​ជន​​មិន​​ធ្លាប់​មាន​​ផ្នែក​​ហែល​ទឹក​នេះ ​​នឹង​ជួយ​ឱ្យខាង​​សហ​ព័ន្ធ​​សម្រាំង​​បាន​​ជើង​ខ្លាំង​ថ្មីៗ​​ដើម្បី​​បង្វឹក​ពួក​គេ​​ឱ្យ​ក្លាយ​ជា​​កីឡា​​ករ​ជម្រើស​ជាតិ​ខ្លាំង​ពូ​ក ។ ជា​មួយ​គ្នា​នោះ លោក​​​មាន​​គម្រោង​​បើក​​ការ​ប្រកួត​នេះ​​​ឱ្យ​បាន​ទៀង​ទាត់​​រាល់​ឆ្នាំ​​​ បើ​ទោះ​​ជា​ម្ចាស់​ឧបត្ថម្ភ​​លើ​​ការ​​ប្រកួត​នេះ​មិន​​ទាន់​ប្រាកដ​​ថា​នឹង​ជួយ​​សម្រាប់​ការ​​បើក​​ប្រកួត​នៅ​ឆ្នាំ​​ក្រោយ​នោះ​ក៏​ដោយ ។

មន្ត្រី​ជាន់​​ខ្ពស់​​ប្រចាំ​គណ​ៈ​កម្មា​ធិ​ការជាតិ​​​អូឡាំ​ពិក​​ដទៃ​ទៀត​​បាន​ថ្លែង​​បញ្ជាក់​​ពាក់​ព័ន្ធ​​នឹង​ការ​ប្រកួត​​នេះ​ថា ក្រោយ​​ការ​បើក​ប្រកួត​​​កម្រិត​​យុវ​ជន​លើ​ក​ទី​១​​​នេះ​ជោគ​ជ័យ ​​នោះ​ខាង​​​​សហ​ព័ន្ធ និង​គណៈ​កម្មា​ធិ​​ការ​​ជាត​ិអូឡាំពិក​​ទាំង​មូល​ពិត​ជា​ពុះ​ពារ​​ស្វែង​​រក​ម្ចាស់​​ឧបត្ថម្ភ​​ថ្មី​ដោយ​មិន​​ឱ្យ​កម្ម​វិធី​​នេះ​ខក​ខាន​​សម្រាប់​ឆ្នាំ​​ក្រោយ​​នោះ​ទេ ដើម្បី​​​លើក​ទឹក​ចិត្ត​​​យុវ​ជន​ដែល​​មាន​អាយុ​នៅ​​ចន្លោះ​​ពី​១១​ឆ្នាំ​ដល់​​១៧​ឆ្នាំ​​នោះ​​ឱ្យ​កាន់​តែ​​មាន​ទឹក​ចិត្ត​ស្រឡាញ់​​កីឡា​ហែល​​ទឹក​ និង​​​មាន​ការ​ចូល​រួម​​យ៉ាង​​ផុស​​ផុល ៕