ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុក្កតា​រ៉ូ​បឺត​ដ៏​គួរឱ្យ​ខ្លាច​ជា​មួយ​បណ្តាសា​គ្មាន​ទីបញ្ចប់

12 ឆ្នាំ មុន

ជាមួយ​ឥរិយាបថ​អង្គុយ​សណ្តូក​ជើង​ក្នុង​ទូ​កញ្ចក់​របស់​សារ​មន្ទីរ​មួយ​នៅ​រដ្ឋ​ផ្លរីដា សហរដ្ឋ​អាមេរិក​ តុក្កតា​ឈ្មោះ​រ៉ូ​បឺត​ដឹដូល (Robert the Doll) មើល​ទៅ​ប្រហាក់​ប្រហែល​ក្មេង​អាយុ​៧​ឆ្នាំ​ បាន​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​អ្នក​ទេស​ចរ​ និង​អ្នក​ស្រាវ​ជ្រាវ​ជុំវិញ​អព្ភូត​ហេតុ​មរណៈដ៏​គួរ​ឱ្យ​ញាក់​សាច់នា​ពេល​កន្លង​មក​ ដែល​គេ​ជឿ​ថា​ជា​បណ្តាសា​របស់​វា ។ គេ​ទៅ​សារ​មន្ទីរ​នោះ​ពពាក់​

ជាមួយ​ឥរិយាបថ​អង្គុយ​សណ្តូក​ជើង​ក្នុង​ទូ​កញ្ចក់​របស់​សារ​មន្ទីរ​មួយ​នៅ​រដ្ឋ​ផ្លរីដា សហរដ្ឋ​អាមេរិក​ តុក្កតា​ឈ្មោះ​រ៉ូ​បឺត​ដឹដូល (Robert the Doll) មើល​ទៅ​ប្រហាក់​ប្រហែល​ក្មេង​អាយុ​៧​ឆ្នាំ​ បាន​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​អ្នក​ទេស​ចរ​ និង​អ្នក​ស្រាវ​ជ្រាវ​ជុំវិញ​អព្ភូត​ហេតុ​មរណៈដ៏​គួរ​ឱ្យ​ញាក់​សាច់នា​ពេល​កន្លង​មក​ ដែល​គេ​ជឿ​ថា​ជា​បណ្តាសា​របស់​វា ។ គេ​ទៅ​សារ​មន្ទីរ​នោះ​ពពាក់​ពពូន​ដើម្បី​បាន​ឃើញ​ផ្ទាល់​ភ្នែក​នូវ​តុក្កតា​បង្ក​បណ្តា​សា​មរណៈនេះ ដែល​ខុស​ពី​តុក្កតា​ឯ​ទៀត​ក្នុង​លោកដែល​គ្រាន់​តែ​​ជា​ប្រដាប់​ក្មេង​លេង​ធម្ម​តា ។

តុក្ក​តា​រ៉ូបឺត​​ដឹ​ដូល
នៅ​សារ​មន្ទីរ​ East Martello ក្នុង​តំបន់​ Key West នៃ​រដ្ឋ​ផ្លរ​រីដា សហរដ្ឋ​អាមេរិក​ មាន​រក្សា​ទុក​វត្ថុ​មួយ​ក្នុង​ទូ​កញ្ចក់​ដើម្បី​ឱ្យ​មហា​ជន​ទស្សនា​ នោះ​គឺ​តុក្កតា​ឈ្មោះ​រ៉ូបឺត​ដឹ​ដូល កម្ពស់​​៩១​សង្ទី​ម៉ែត្រ​ ស្លៀក​ពាក់​ឯក​សណ្ឋាន​ទាហាន​ជើង​ទឹក ។ គេ​រក្សា​ទុក​រ៉ូបឺត​នៅ​ទី​នោះ​មិ​ន​មែន​ព្រោះ​តែ​សំបក​ក្រៅរបស់​វា​មាន​ភាព​ចម្លែក​ទេ​ គឺ​ដោយ​សារ​អព្ភូត​ហេតុ​ចម្លែក​ៗ​កើត​ឡើង​ជុំ​វិញ​ខ្លួន​វា​នាពេល​កន្លង​មក ។ អ្នក​ខ្លះ​សន្មត​ថា​វា​មាន​ព្រលឹង​ព្រាយ​សណ្ឋិត​ទើប​អាច​បង្ក​ហេតុ​ការណ៍​មហា​ចង្រៃ​ជា​បន្ត​បន្ទាប់ ចាប់​តាំង​ពី​វា​មាន​វត្ត​មាន​រហូត​ដល់​សព្វ​ថ្ងៃ​ជិត​មួួ​យ​សត​វត្ស​ហើយ ។

​រឿង​រ៉ាវ​ពាក់​ព័ន្ធ​​តុក្ក​តា​ឈ្មោះ​រ៉ូបឺត​ដឹ​ដូល​ឬ​ហៅ​ថា​រ៉ូ​បឺត​នេះ​កើត​មាន​តាំង​ពី​ដើម​គ្រឹស្តសក រាជ​១៩០០ ។ ពេល​នោះ​មាន​​វេជ្ជ​បណ្ឌិត​មួយ​រូប​ឈ្មោះ​ថូម៉ាស់​ អូស​ហ្គូត អុត​តូ ​រស់នៅ​តំបន់​ Key West រដ្ឋ​​ផ្លរីដា ជាមួួយ​ប្រពន្ធ​ឈ្មោះ​​មីន​នី អេ​លីហ្សា​បេត និង​កូន​ប្រុស​៣នាក់​ ក្នុង​នោះ​កូន​ប្រុស​ពៅ​ឈ្មោះ​ រ៉ូបឺត​ អឺ​ចេន ចេន បាន​ឪពុក​ម្តាយ​ស្រឡាញ់​ជាង​គេ​រហូត​ដល់​ជួល​ផ្តាច់​គិលានុ​ដ្ឋា​យិកា ជន​ជាតិ​ចាម៉ាយ​កា​ម្នាក់​ឱ្យ​មើល​ថែរក្សា​ ។

គេ​តំ​ណាល​ថា ពេល​ម្តាយ​ឪពុក​រវល់​ការងារ​គឺ​គិលានុបដ្ឋាយិកា​ជន​ជាតិ​ចាម៉ាយ​កា​រូប​នោះ​នៅ​មើល​ថែ​រ៉ូបឺត​ជា​មួយ​ក្តី​ស្រឡាញ់​ពេញ​ចិត្ត​ដូច​សាច់​ញាតិ​របស់​ខ្លួន ។ ប៉ុន្តែ​ទោះ​ដូច្នេះ​ក្តី  អ្នក​ស្រី​អេលីហ្សា​បេត​ជា​មនុស្ស​ពិបាក​ផ្គាប់​ចិត្ត​បំផុត​ ចេះ​តែ​ទាស់​នេះ​​​ទាស់​នោះ​មិន​ដែល​ស្វាង ជា​ហេតុ​ធ្វើ​ឱ្យ​ទំនាក់​ទំនង​រវាង​គាត់​និង​នាង​គិលានុប​ដ្ឋាយិកា​កករ​ល្អក់​បន្ត​បន្ទាប់ រហូត​ដល់​ចុង​ក្រោយ​គាត់​​ក្រេវ​ក្រោធដេញ​នាង​ចេញ​ពី​គ្រួសារ។​

មុន​ពេល​ចាក​ចេញ​ទៅ នាង​គិលានុបដ្ឋាយិ កា​ដេរតុក្ក​តា​មួយ​មាន​កម្ពស់​៩១សង្ទី​ម៉ែត្រ​ ទុក​ឱ្យ​រ៉ូបឺត​លេង​កែ​អផ្សុក​ ។ រ៉ូបឺត​ស្រឡាញ់​តុក្កតា​នោះ​ណាស់​ ឱប​វា​ជាប់​ខ្លួន​រហូត​ មិន​តែ​ប៉ុណ្ណោះ​ថែម​ទាំង​​យក​ឈ្មោះ​រ៉ូបឺត​របស់​ខ្លួន​ដាក់​ជា​ឈ្មោះ​វា​ទៀត​ ។ ចំណែក​ខ្លួន​ឯង​ប្រាប់​ឱ្យ​អ្នក​ផង​ហៅ​ឈ្មោះ​ត្រឹម «អឺ​ចេន» បាន​ហើយ ។ អឺ​ចេន​ស្រឡាញ់​រ៉ូបឺត​ដល់​ថ្នាក់​បង្ខំ​ឱ្យ​គេ​ដេរ​សម្លៀក​បំពាក់​ឯក​សណ្ឋាន​កង​ទ័ព​ជើង​ទឹក​ពាក់​ឱ្យ​វា និ​ង​យក​វាទៅ ដេក​អោប​​ប្រឡែង​លេង​ក្នុង​បន្ទប់​របស់​ខ្លួន​ទាំង​ថ្ងៃ​ទាំង​យប់ ។ អ្នក​ផង​តែង​​ឮ​អឺ​ចេន​និយាយ​ប៉ប៉ោច​ជាមួយ​រ៉ូបឺត​ និង​ធ្វើ​​សំឡេង​មួយ​ទៀត​ឆ្លើយ​វិញ​ ដែល​ប្រសិន​បើ​អ្នក​មិន​ដឹង​រឿង​មុខ​ជា​ស្មាន​ថា​ ក្នុង​បន្ទប់​មាន​ក្មេង​២នាក់​និយាយ​គ្នា​ ។

ដំបូង​អ្វីៗ​ហាក់​ដូច​ប្រព្រឹត្ត​ទៅ​ធម្មតា ប៉ុន្តែ​គ្រប់​មួយ​ខែ​បន្ទាប់​ពី​តុក្កតា​រ៉ូបឺត​មាន​វត្តមាន ស្រាប់​តែ​មាន​រឿង​ចម្លែក​កើត​ឡើងបង្ក​ភាព​អន្ត​រាយ ។  របស់​របរ​ប្រើ​ប្រាស់​ក្នុង​ផ្ទះ​ខ្លះ​បែក​បាក់​ដោយ​គ្មាន​ហេតុ​ផល​ ខ្លះ​បាត់​ពី​ផ្ទះ​ដូច​ត្រូវ​ចោរ​លួច ។ គ្រឿង​កែវ​ គ្រឿង​ប្រាក់​ក្នុង​បន្ទប់​​ទទួល​ទាន​អាហារ ​សុខៗ​ធ្លាក់​មក​លើ​កម្រាល​ឥដ្ឋ​បណ្តាល​ឱ្យ​ខូច​ខាត​អស់​មួយ​ចំនួន ។ ខោ​អាវ​ក្នុង​​ទូ​ស្រាប់​តែ​ត្រូវ​រហែក​ជា​ចម្រៀក​ៗ ។ កម្រាល​ពូក​សុខ​ៗ​ស្រាប់​តែ​ក្រញុក​រួញ​ចូល​គ្នា​ ។ ចម្លែក​ជាង​នេះ​ទៀត​នោះ គឺ​សុខ​ភាព​អឺ​ចេន​ ចាប់​ផ្តើម​ទ្រុឌ​ទ្រោម​ មុខ​មាត់​ស្លេក​ស្លាំង មិន​តែ​ប៉ុណ្ណោះ​ ថែម​ទាំង​មាន​អាកប្ប​កិរិយា​ប្លែកៗ​ យប់​ឡើង​លួច​ចេញ​តាម​បង្អួច​ដើរ​ម៉ង់ៗ​ពេញទី​ធ្លា ។

ពេល​ឪពុក​ម្តាយ​ស្មាន​​ថា​អ្វី​គ្រប់​យ៉ាង​ជា​ស្នាដៃ​កូន​ប្រុស​ពៅ​ ហើយ​ស្តី​បន្ទោស​ខ្លាំង​ៗ អឺ​ចេន​តែង​គ្រវី​ក្បាល​បដិសេធថា ខ្លួន​អត់​មាន​ធ្វើ​អ្វី​ទាំង​អស់​  នេះ​ជា​ស្នា​ដៃ​រ៉ូបឺត​តើ ។ ដំបូង​ប្តី​ប្រពន្ធ​លោក​វេជ្ជ​បណ្ឌិត​ថូម៉ាស់ អូស​ហ្គូត​ អុត​តូ ខំលាក់​រឿង​នេះ​ខ្លាច​គេ​សើច​ចំអក តែ​ដោយ​អព្ភូត​ហេតុ​ចម្លែក​នេះ​កើត​មាន​ដដែល​ៗ​ម្តង​ហើយ​ម្តង​ទៀត​លាក់​លែង​ជិត ជា​ហេតុ​ធ្វើ​ឱ្យ​អ្នក​ជិត​ខាង​ខ្សឹប​​ខ្សៀវ​គ្នា​ថា​ គ្រួសារ​លោក​វេជ្ជ​បណ្ឌិត​ត្រូវ​តុក្កតា​ឈ្មោះ​រ៉ូបឺត​ ធ្វើ​បាប ហើយ​គេ​និយាយ​គ្នា​ទៀត​ថា​អឺ​ចេន  ដែល​សុខៗ​ស្រាប់​តែ​មាន​អាកប្បកិរិ យា​ប្លែក​ៗ​ក៏​មក​ពីតុក្កតា​រ៉ូបឺត​ដែល​វា​ដេក​ឱប​ ដើរ​អោប​នោះដែរ​ ។

សណ្តា​សា​គ្មាន​ទី​បញ្ចប់​ចំណែក​រឿង​អឺ​ចេន​ និង​រ៉ូបឺត​ និយាយ​គ្នា​ក្នុង​បន្ទប់ គេ​តំណាល​ថា​ គ្មាន​អ្នក​ណា​ដឹង​ពិត​ប្រាកដ​ថា​ អឺ​ចេន​ និយាយ​ខ្លួន​ឯង ហើយ​ធ្វើ​ខ្លួនឯង​មែន​ឬ​មិន​មែន​ទេ ព្រោះ​សំឡេងពី​រ​ស្តាប់​ទៅ​ខុស​គ្នា​ទាំង​ស្រុង​ដូច​មនុស្ស​ពី​រនាក់​ពិតៗ ។ មាន​ម្តង​នោះ​អ្នក​ស្រី​អេលីហ្សា​បេត ចូល​បន្ទប់​កូន​ប្រុស​ពៅដើម្បី​ចង់​ឃើញ​ផ្ទាល់​ភ្នែក​តើ​​វា​កំពុង​ធ្វើ​អ្វី​ក្នុង​នោះ​ ដឹង​អី​ចូល​ដល់​​ភ្លាម​គាត់​ភ្ញាក់​បើក​ភ្នែក​​ក្រឡង់​​ព្រោះ​ឃើញ​អឺ​ចេន​អង្គុយ​រួញ​ខ្លួន​ក្នុង​​កន្លៀត​មួយ​ដូច​ខ្លាច​​រឿង​អី​ម្យ៉ាង​ ចំណែក​រ៉ូបឺត​អង្គុយ​លើ​កៅ​អី​ខ្ពស់​សំឡឹង​ចុះ​ក្រោម​ចំមុខ​អឺ​ចេន ។ មិន​ដឹង​ជា​ហេតុ​ម៉េច​ស្រាប់​តែ​ពេល​នោះ​អ្ន​ក​ស្រី​អេលីហ្សាបេត ឃើញ​ដូច​រ៉ូបឺត​កំពុង​បង្ហាញ​ភាព​កាច​ខុស​ធម្ម​តា ទោះ​វា​គ្រាន់​តែ​ជា​តុក្ត​តា​ក៏​ដោយ។

ពេល​យប់​មក​ដល់ប្រដាប់​លេង​​នានា​របស់​អឺ​ចេន(លើក​លែង​តែ​តុក្កតា​រ៉ូបឺត) ​ខ្លះ​ត្រូវ​​វាយ​បាក់​បែក​ ខ្លះ​ត្រូវ​ហែក​រាយ​ប៉ាយ​ពេញ​បន្ទប់ ខណៈអ្នក​ជិត​ខាង​ឮ​ច្បាស់​​ក្នុង​បន្ទប់​មាន​សម្លេង​ក្មេង​សើច​ក្អឹកៗ ។ ស្មាន​ថា​កូន​ប្រុស​ពៅធ្វើ​រឿង​ឡប់ៗ​នេះ​ ប្តីប្រពន្ធ​លោក​វេជ្ជ​បណ្ឌិត​ខឹង​សឹង​តែ​ប្រើ​អំពោះ​ហិង្សា​លើ​កូន តែ​ពួកគាត់​ទប់​ចិត្ត​បាន​ដោយ​គ្រាន់​តែ​ចង្អុល​មុខ ​ហើយ​គំហក​សួរ​ទៅ​ហេតុ​ម៉េច​បំផ្លាញ​ប្រដាប់​លេង​រាយ​ប៉ាយ​ពេញ​បន្ទប់​? ដឹង​អីុ​អឺ​ចេនធ្វើ​ដូច​មុនៗ​គ្រវី​ក្បាល​និយាយ​បដិសេធ​ថា​ខ្លួន​អត់​មាន​បំផ្លាញ​អី​ទេ អ្វីៗ​គ្រប់​យ៉ាង​ជា​ស្នាដៃ​រ៉ូបឺត ។ ចម្លើយ​នេះ​ប្តី​ប្រពន្ធ​លោក​វេជ្ជ​បណ្ឌិត​មិន​ជឿ​ដាច់​ខាត ។ ពួកគាត់​នឹក​ឃើញ​សម្តី​ទូ​ន្មាន​របស់​ម្តាយ​មីង​ម្នាក់​ដែល​ប្រាប់​កុំ​ឱ្យ​អឺ​ចេន​លេង​តុក្តតា​រ៉ូបឺត​ទៀត ក៏​ម្នីម្នា​ដើរ​ចូល​កញ្ឆក់​តុក្តតា​រ៉ូ​បឺត​ពីដៃ​កូន​ប្រុស​ពៅ​ ហើយ​យក​ទៅ​គ្រវែងទៅ​លើ​ស្កាក ។

ស្មាន​ថា​ធ្វើ​ដូច្នេះ​នឹង​បាន​ចប់​រឿង​ព្រោះ​កូន​ប្រុស​ពៅ​គ្មាន​លេស​ដោះ​សា​ទៀត ដឹង​អី​យប់​បន្ទាប់​ម្តាយ​មីង​ដែល​ឱ្យ​យោ​បល់​នោះ​ស្រាប់​តែ​ស្លាប់​​យ៉ាង​ទាន់​ហន់​ដោយ​គ្មាន​ឈឺ​ថ្កាត់​អ្វីសោះ ធ្វើ​ឱ្យ​មាន​ការ​ឆោ​ឡោ​ពេញ​ផ្ទះ ។ រឿង​មួយ​ដែល​ធ្វើ​ឱ្យ​គេ​កាន់​តែ​តក់​ស្លុត​ គឺ​យប់​ដែល​ម្តាយ​មីង​រូប​នោះ​ស្លាប់ តុក្កតា​រ៉ូបឺត​ស្រាប់​តែ​មក​នៅក្នុង​បន្ទប់​ជាមួយ​អឺចេន​វិញ​ដដែល ។ការ​ស្លាប់​ប្រថុច​ញ៉ុច​របស​់​ម្តាយ​មីង​លោក​វេជ្ជ​បណ្ឌិត​ថូម៉ាស់​ អូស​ហ្គូត អុតតូ រឹត​តែ​ធ្វើ​ឱ្យ​អ្នក​ផង​ផ្តោត​អារម្មណ៍​ខ្លាំង​លើ​តុក្កតា​រ៉ូបឺត​ ខណៈ​គ្រោះ​ថ្នាក់​នៅ​តែ​បន្ត​កើត​មាន​ ។ ក្រោយ​ពេល​ម្តាយ​ឪពុក​អនិច្ច​កម្ម​ទៅ​ អឺ​ចេន​រស់​នៅ​ម្នាក់​ឯង​ជាមួយ​តុក្កតា​រ៉ូបឺត ។ ថ្វី​បើ​ពេល​នោះ​គេ​ធំពេញ​វ័យ​ហើយ​ក្តី គេ​ឱបតុក្កតា​រ៉ូបឺត​ជាប់​ខ្លួន​ដូច​កាល​នៅ​ក្មេង ។ មិត្ត​ម្នាក់​របស់​អឺ​ចេននិយាយ​ថា មិន​មែន​អឺ​ចេន​ចង់​ឱប​តុក្កតា​រ៉បឺត​ដូច​កាល​នៅ​ក្មេង​ទេ គឺ​មក​ពី​តុក្កតា​រ៉ូបឺត​មិន​អនុញ្ញាត​ឱ្យ​អឺ​ចេន​​នៅ​ឆ្ងាយ​ពី​វា ។ អឺចេន​ប្រាប់​ខ្លួន​អីុ​ចឹង​ពេល​ខ្លួន​ដេញ​ដោល​សួរ ។

ពេល​អឺ​ចេន​ការ​ប្រពន្ធ​ រឿង​អព​មង្គល​កើត​ឡើង​ក្នុង​គ្រួសារ​ទៀត ។ តាំង​ពី​មុន​ថ្ងៃ​រៀប​ការ​ម្លេ៉ះ​ អឺ​ចេននិង​នារី​នោះ​​បាន​ព្រ​ម​ព្រៀង​គ្នា​ឱ្យ​តុក្កតា​រ៉ូបឺត​នៅ​ជាប់​ខ្លួន​ទោះ​ពេល​ហូប​បាយ​ក៏​ដោយ​ ធ្វើ​ការ​ងារ​អី​ក៏​ដោយ ។ ប៉ុន្តែ​ទោះ​ដូច្នេះក្តី​តុក្កតា​រ៉ូបឺត​ហាក់​ដូច​ចង់​ឱ្យ​​តែ​ខ្លួន​​ម្នាក់​ប៉ុណ្ណោះ​នៅ​ក្បែរ​អឺ​ចេន ហេតុ​នេះ​ក្រោយ​រៀប​ការ​បាន​តែ​ប៉ុន្មាន​ថ្ងៃ​​ប្រពន្ធ​អឺចេន​ ស្រាប់​តែ​ធ្លាក់​ខ្លួន​ក្លាយ​ជា​មនុស្ស​ឆ្កួត​លែង​ដឹង​ខុស​ត្រូវ ហើយ​ក៏​ស្លាប់​យ៉ាង​ឆាប់​រហ័ស​មិន​អាច​សង្គ្រោះ​បាន​ ។

បន្ទាប់​ពី​ប្រពន្ធ​ស្លាប់​ចោល​ទៅ​ អឺ​ចេន​រស់​នៅ​ជា​មួយ​តុក្កតា​រ៉ូបឺត​រហូត​ដល់​ថ្ងៃ​អវសាន​ជីវិត អត់​យក​ប្រពន្ធ​ទៀត​ឡើយ ។ លុះ​អស់​ពី​អឺ​ចេន តុក្កតា​រ៉ូបឺត​ធ្លាក់​ក្នុង​ដៃ​ម្ចាស់​ថ្មី​ ។ ម្ចាស់​ថ្មី​រូប​នោះ​ដោយ​មិន​ជឿ​ពាក្យ​ចចាម​អារ៉ាម​ជុំ​វិញ​​គ្រោះ​ថ្នាក់​នានា​កន្លង​មក​បាន​យក​តុក្ក​តា​រ៉ូបឺត​ដាក់​ចូល​ហិប​មួយ​ ហើយ​បិទ​គម្រប​ជិត ។ ដឹង​អី​ភ្លាម​ៗ​នោះ​ស្រាប់​តែ​គាត់​ចាប់​ផ្តើម​ស្លន់​ស្លោ​ម្នាក់​ឯង​​ស្រមៃ​ហាក់​ដូច​​តុក្កតា​រ៉ូបឺត​អត់​នៅ​ក្នុង​ហិប ​តែ​បែរ​ជា​​មាន​វត្ត​មាន​ក្បែរ​ៗ​ខ្លួន​គាត់​ទៅវិញ​គ្រាន់​តែ​មិន​បង្ហាញ​ឱ្យ​ឃើញ​ប៉ុណ្ណោះ ។ ដំណាក់​កាល​ចុង​ក្រោយ​ដែល​ធ្វើ​ឱ្យ​គាត់​ទ្រាំ​លែង​បាន​ គឺ​ដំណាក់​កាល​ស្រមៃ​ឃើញ​រ៉ូ​បឺត​កាន់​កាំ​បិត​ឈរ​សើច​ក្អឹកៗ​ក្រោម​គ្រែ​គាត់​ ។ ចម្លែក​ដល់​ថ្នាក់​នេះ​ ទោះ​មិន​ជឿ​ក៏​ត្រូវ​តែ​ជឿ គាត់​ម្នី​ម្នា​រត់​ចោល​ផ្ទះ​ជាមួយ​សម្លៀក​បំពាក់​មួយ​ចង្កេះ​អត់​យក​អ្វី​ទៀត​បាន​ ។ គាត់​រត់​ទៅ​នៅ​កន្លែង​មួយ​ឆ្ងាយ​ដាច់​ស្រយាល​​ ដើម្បី​​កុំឱ្យ​រ៉ូបឺត​រក​ឃើញ​ ។ តាំង​ពី​ពេល​នោះ​តុក្ក​តា​រ៉ូបឺត​​ត្រូវ​គេ​យក​ទៅដាក់​តាំង​នៅ​សារ​មន្ទីរ​ East Mastello ក្នុង​តំបន់​ Key Wast វិញ។

តាម​សម្តី​អ្នក​រស់​នៅ​ក្បែរ​ផ្ទះ​លោក​វេជ្ជ​បណ្ឌិត​ថូម៉ាស់​ អូស​ហ្គូត អុតតូ តុក្កតា​រ៉ូបឺត​ថ្វី​បើ​លែង​នៅផ្ទះ​នោះ​ទៀត តែ​យូរ​ៗ​ម្តងគេ​នៅតែ​ឮ​សម្លេង​សើច​ក្អឹកៗ​លាន់​ចេញ​ពីក្នុង​ផ្ទះ​នោះ ហើយ​យប់​ឡើង​ឃើញ​មាន​ស្រ​មោល​រត់​ទៅ​រត់​មក​ដូច​កូន​ក្មេង​រត់​ប្រឡែង​គ្នា ។
ចំណែក​នៅ​សារមន្ទីរ​ដាក់​តាំង​​តុក្កតា​រ៉ូបឺត​ ក៏​ស្ថាន​ភាព​មិន​ល្អ​ប្រសើរ​ប៉ុន្មាន​ដែរ ។ គេ​កត់​សម្គាល់​បាន​ថា ស្រី្ត​ទេស​ចរ​ម្នាក់​កំពុង​ឈរ​សម្លឹង​​តុក្កតា​រ៉ូបឺត​សុខៗ​​ស្រាប់​តែ​​ស្ទុះ​ថយ​ក្រោយ​ជា មួយ​ការ​ភិត​ភ័យ​យ៉ាង​ខ្លាំង​ ។ ពេល​គេ​សួរ​ថា មាន​រឿង​អី គាត់​ប្រាប់ថា ឃើញ​តុក្កាតា​រ៉ូបឺត​ចង​ចិញ្ចើម រួច​សើច​ដាក់​គាត់ ។ រឿង​ចម្លែក​នេះ​តែង​កើត​មាន​ហែៗ​ អ្នក​ទេសចរ​ដែល​ថត​រូប​​តុក្កតា​រ៉ូបឺត​ទុក​មើល មិន​ដែល​ថត​ជាប់​ឡើយ ថត ប៉ុន្មាន​ប៉ុស្ត​ិ៍ខ្មៅ​ឃ្លីក​ប៉ុណ្ណឹង​ប៉ុស្តិ៍ ។
 ប្រការ​ចម្លែក​មួយ​ទៀត​ដែល​គេ​កត់​សម្គាល់​ឃើញ គឺ​បន្ទប់​ដែល​ដាក់​តាំង​តុក្កតា​រ៉ូបឺត​ ពេល​ណា​ក៏​មាន​ភាព​ស្រទំ​ព្រាលៗ ទោះ​មាន​ប្រព័ន្ធ​ភ្លើង​បំភ្លឺ​គ្រប់​គ្រាន់​ក៏​ដោយ ។ ដោយ​សារ​មាន​រឿង​ចម្លែក​នេះ​ បច្ចុប្បន្ន​ពួក​បុគ្គលិក​ធ្វើ​ការ​ក្នុង​សារមន្ទីរ​ East Martello គ្មាន​អ្នក​ចង់​ឱ្យ​ខ្លួន​ឯង​ត្រឡប់​ទៅ​ផ្ទះ​ពេល​យប់​ក្រោ​យគេ​ទេ ។ ឱ្យ​តែ​ដល់​​ម៉ោង​​ចប់​ការងារ​ ពួកគេ​តែ​ង​ប្រ​មូល​ផ្តុំ​គ្នា ហើយ​ដើរ​ចេញ​ទាំង​អស់​គ្នា ។ ស្ថាន​ភាព​បែប​នេះ​កើត​មាន​ជា​ប្រចាំ ពី​មួយ​ខែ​ទៅ​មួយ​ខែ​ ។ ពិសេស​ពេល​ដើរ​ចេញ​ពី​សារ​មន្ទីរ​ គ្មាន​អ្នក​ណា​ហ៊ាន​ងាក​ក្រោយ​ឡើយ ។

នៅ​សារមន្ទីរ East Martello តុក្កតា​រ៉ូបឺត​ត្រូវ​បាន​ដាក់​តាំង​ក្នុងទូ​កញ្ចក់​មួយ​ ។ អ្នក​ទេស​ចរ​ដែល​ចង់​ឃើញ​តុក្កតា​រ៉ូបឺត​តែង​បាន​ទទួល​ការ​ទូន្មាន​ពី​អ្នក​ធ្លាប់​ដឹង​រឿង​ថា​ ពេល​ឈរ​នៅ​ចំពោះ​មុខ​តុក្កតា​រ៉ូបឺត​​ កុំ​ភ្លេច​ឧទ្ទេស​នាម​ឈ្មោះ​និង​ទី​លំនៅ​របស់​ខ្លួន​ផង​ បើ​មិន​ដូច្នេះ​ទេ​ពិបាក​គេច​ផុត​គ្រោះ​ថ្នាក់​ណាស់ ។ ពាក្យ​ព្រមាន​នេះ​ដើរ​ទន្ទឹម​​នឹង​ព័ត៌​មាន​មួយ​ថា​ មាន​ស្រ្តីម្នាក់​នៅ​Orlando ឈរ​មើល​តុក្កតា​រ៉ូបឺត​​​ដោយ​អត់​ឧទ្ទេស​នាម​ឈ្មោះ និង​ទី​លំនៅ​របស់​ខ្លួន លុះ​ត្រឡប់​ទៅ ផ្ទះ​វិញ​ ពេល​ចូល​បន្ទប់​ទឹក​ស្រាប់​តែ​ឃើញ​តុក្កតា​រ៉ូបឺត​ឈរ​សើច​គ្រហាញ​ក្នុង​កញ្ចក់​បន្ទប់​ទឹក ហើយ​អំពូល​ភ្លើង​ក្នុង​បន្ទប់​ទឹក​ក៏​ដាច់​តាម​ក្រោយ​ខណៈអំពូល​ភ្លើង​នៅ​បន្ទប់​ឯ​ទៀត​​ភ្លឺ​ចែស​ដដែល ។ ស្រ្តីនោះ​ភិត​ភ័យ​ស្រែក​ស្លន់​ស្លោ​ដូច​មនុស្ស​ឆ្កួត​ ហើយ​ក៏​ស្លាប់​ក្នុង​ថ្ងៃ​បន្ទាប់ ។

អាថ៌​កំបាំង​នៅ​​តែ​អាថ៌កំបាំង​
ថ្វី​បើ​ដឹង​ឮ​នូវ​ការ​ព្រមាន​ពី​គ្រោះ​ថ្នាក់ តែ​ដោយ​ងឿង​ឆ្ងល់​​ពេក អ្នក​ស្រាវ​ជ្រាវ​មួយ​រូប​ឈ្មោះ​​ Johua P.Warren បាន​ចំណាយ​ពេល​ជា​​ច្រើន​ស្រាវ​ជ្រាវ​ស្វែង​យល់​ពី​អាថ៌កំបាំង​តុក្កតា​រ៉ូបឺត​នេះ​ ។ លោក​ Warren និយាយ​ថា​ ដំបូង​បំផុត​គាត់​ឧ​ទ្ទេស​នាម​​ឈ្មោះ​ និង​ទី​លំនៅ​ខ្លួនឯង​ប្រាប់​រ៉ូបឺត​ បន្ទាប់​មក​សុំ«​ការ​អនុញ្ញាត​»​ពី​រ៉ូ​បឺត​ទៀត​ ទើប​ហ៊ាន​ដំណើរ​ការ​ការងារ​ស្រាវ​ជ្រាវ​របស់​ខ្លួន​ ដែល​ចាប់​ផ្តើម​ដោយ​ថត​រូប​ចំនួន​៧​២​ប៉ុស្ត​ិ៍ ប៉ុន្តែ​ចម្លែក​ណាស់​មាន​តែ​៥​​ប៉ុណ្ណោះ​មើល​ឃើញ​រូប​រ៉ូបឺត ​ក្រៅពី​នោះ​ខ្មៅ​ឃ្លីក​ទាំង​អស់​ ។ ដោយ​មិន​អស់​ចិត្ត​ គាត់​ក៏​ធ្វើការ​ពិសោធ​រក​មូល​ហេតុ​ ដឹង​អី​ភ្លាម​នោះ​ឧបករណ៍​ពិសោធ​ន៍​ដែល​ដាក់​ជុំ​វិញ​ខ្លួ​ន​រ៉ូបឺត​ផ្ទុះផូងៗ​ខូច​អស់ ។
មិន​គ្រាន់​តែ​នៅ​សារមន្ទីរ​ទេ នៅ​ផ្ទះ​ប្រកាស​សញ្ញា​អាសន្ន​និង​ម៉ា​ស៊ីន​កុំ​ព្យូទ័រ​ ស្រាប់​តែ​ខូច​លែង​ដំណើរ​ការ​ ហើយ​ប្រពន្ធ​គាត់​នៅ​ឯផ្ទះ​ថែម​ទាំង​ឮ​មាន​សម្លេង​មនុស្ស​នៅ​បន្ទប់​ទទួល​ភ្ញៀវ​ តែ​លុះ​រត់​ទៅ​មើល​អត់​ឃើញ​មាន​មនុស្ស​សូម្បី​ម្នាក់ ។រឿង​ហេតុ​ចម្លែក​ជា​​បន្ត​បន្ទាប់​នេះ​ ទី​បំផុត​លោក​ Warren សន្និដ្ឋាន​ថា​ អាច​មាន​ថាម​ពល​ម្យ៉ាង​​ជុំ​វិញ​ខ្លួន​តុក្កតា​រ៉ូបឺត ។ ជាមួយ​គ្នានេះ​គួប​ផ្សំ​នឹ​ងហេតុ​ការណ៍​ពេល​បញ្ចាំ​ង​ពន្លឺ​ភ្លើពិ​សេស​ជុំ​វិញ​តុក្កតា​រ៉ូបឺត​ ឃើញ​មាន​ស្នាម​ប្រឡាក់​ជា​ច្រើន​ ដែល​ភ្នែក​ធម្ម​តា​មិន​អាច​មើល​ឃើញ​បាន គាត់​និយាយ​ក្នុង​ភាព​តក់​ស្លុត «ខ្ញុំ​គិត​ថា​ប្រហែល​មាន​ព្រលឹងពិត​ប្រាកដ​ណា​មួយ​សណ្ឋិត​ក្នុង​ខ្លួន​តុក្កតា​រ៉ូបឺត» ។

ដោយ​ហេតុ​អាថ៌​កំបាំង​ជុំ​វិញ​តុក្កតា​រ៉ូបឺត​ មិ​ន​ទាន់​មាន​ចម្លើយ​ច្បាស់​លាស់​រហូត​មក​ដល់​សព្វ​ថ្ងៃ​ ហេតុ​នេះ​តុក្កតា​រ៉ូបឺត​នៅ​តែ​ជា​មុខ​សញ្ញា​ដែល​អ្នក​ស្រាវ​ជ្រាវ​នានា​បន្ត​ចាប់​អារម្ម​ណ៍ ៕
               តាម​ The Artist Hous