រាជធានីភ្នំពេញ៖ ជាម អាដាំ អ្នកប្រដាល់មកពីក្លិបឃ្លាំងមឿងកីឡា ចង់សាកកម្លាំងជាមួយវ៉ាន់ ចាន់វៃ អ្នកប្រដាល់មកពីក្លិបសិង្ហកីឡា នៅលើសង្វៀនស្ថានីយទូរទស្សន៍រាជធានីភ្នំពេញប៉ុស្ដិ៍លេខ៣ថ្ងៃសៅរ៍ ទី ២២ កញ្ញា ខាងមុខនេះ ខណៈហេង វិឆ័យ មកពីក្លិបកងពលតូចលេខ៧០ ជួបគ្នាប្រកួតជាមួយហ៊ីម សារ៉ាន់ មកពីសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ។
កាលពីកន្លះឆ្នាំមុន ជាម អាដាំ និង វ៉ាន់ ចាន់វៃ ធ្លាប់ជួបគ្នាជាហូរហែដែរដោយមានចាញ់ និងឈ្នះទៅវិញទៅមក ដូច្នេះហើយទើបគណៈកម្មការរៀបចំការប្រកួតផ្គូផ្គងឱ្យពួកគេទាំងពីរនាក់បានជួបសាជាថ្មីម្ដងទៀត ដើម្បីចង់ដឹងថា អ្នកណាខ្លាំងជាង ។ តាមពិតទៅ អាដាំ មានប្រវត្តិឡើងសង្វៀនប្រកួតមិនច្រើនដូចចាន់វៃនោះទេព្រោះគេជាសិស្សប្អូន ប៉ុន្តែបើនិយាយពីក្បាច់គុនវិញគឺមិនចាញ់រាមច្បងឡើយ ។
អាដាំ មិនសូវពូកែស្នៀតកែងនិងជង្គង់ ប៉ុន្តែស្នៀតជើងនិងស្នៀតកណ្ដាប់ដៃរបស់គេមិនធម្មតាឡើយអាចវាយចេញបានរហ័សហើយចំគោលដៅបានល្អទៀតផង ។ អាដាំ មានចិត្តអំណត់និងចេះសន្សំកម្លាំងបានយ៉ាងល្អអាចវាយបាន៥ទឹកពេញមិនលំបាកឡើយ ។ ចំណែកចាន់វៃ ចាស់វស្សាជាងស្នៀតប្រយុទ្ធរបស់គេមានច្រើនទាំងស្នៀតកែងនិងជង្គង់គឺអាចប្រើការបានយ៉ាងស្ទាត់ជំនាញ ចលនាវាយលុកក៏រហ័សរហួនចិត្តក៏ សឿងទៀត ប៉ុន្តែលើកនេះមិនដឹងថា អាចផ្ដួលអាដាំ បានឬអត់នោះទេ ។
ហ៊ីម សារ៉ាន់ និង ហេង វិឆ័យ វិញ ពួកគេជាអ្នកប្រដាល់ចាស់វស្សាមានស្នៀតប្រយុទ្ធសម្បូរបែបដូចគ្នា ។ សារ៉ាន់ ពូកែស្នៀតជើងនិងស្នៀតកណ្ដាប់ដៃ ប៉ុន្តែអន់ស្នៀតកែងបន្តិច រីឯស្នៀជង្គង់វិញនោះមិនជាអន់ប៉ុន្មានឡើយ ម្យ៉ាងចរិតរបស់គេមិនសូវចេះកោតញញើតនរណាម្នាក់ឡើយ ។ ចំណែកវិឆ័យ វិញបើទោះជាចលនាវាយចេញរបស់គេរាងយឺតយ៉ាវបន្តិចមែនប៉ុន្តែមានកម្លាំងខ្លាំង កណ្ដាប់ដៃធ្ងន់ អាចវាយចំគោលដៅល្អ ។ គូនេះបើនិយាយពីក្បាច់ប្រយុទ្ធនៅលើសង្វៀនគឺមិនចាញ់គ្នាឡើយ ទើបគេមិនអាចទាយទុកមុនពីលទ្ធផលចាញ់ឈ្នះ មានតែរង់ចាំអ៊ុតមើលលើការប្រកួតថ្ងៃនោះមកដល់សិន ។
ក្រៅពីជើងខ្លាំង២គូនេះទៅនៅមានជើងខ្លាំងច្រើនគូទៀតដែលត្រូវឡើងមកប្រកួតសាកកម្លាំងគ្នាដូចជាកីឡាករ សូយ ភិរម្យ មកពីក្លិបអូដឹមកីឡា ជួបប្រកួតជាមួយ កីឡាករ ផុន ផុល មកពីក្លិបតាព្រហ្មមានជ័យបង្ក្រាបគ្រឿងញៀន។ កីឡាករធី តុងហ៊ី មកពីក្លិបសាលវ័ន្ដកីឡាប្រកួតជាមួយកីឡាករខុន ស៊ីចន មកពីក្លិបកងពលធំអន្តរាគមន៍លេខ៣ព្រះវិហារ និងកីឡាករហែម ថង មកពីក្លិបសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ប្រកួតជាមួយកីឡាករឈាន រស្មី មកពីក្លិបខេត្តរតនគិរី ៕
ចែករំលែកព័តមាននេះ