រាជធានីភ្នំពេញ ៖ នៅថ្ងៃសុក្រ ទី២១កញ្ញា ស្អែកនេះ កីឡាករជើងខ្លាំងដែលកំពុងសាងភាពល្បីល្បាញរៀងៗខ្លួន២រូប គឺចៅ ផលឌឿ មកពីក្លិបតេជៈរាជសីហ៍បង្ក្រាបគ្រឿងញៀន ខេត្តក្រចេះ នឹងឡើងរេញជួបកីឡាករសូយ យក្សតឿ មកពីក្លិបអូរដឹមកីឡា ក្នុងជំនួបលើកទី១ នៅលើសង្វៀនបាយ័នបឹងស្នោ ។ ប៉ុន្តែខុសពីការជួបប្រកួតជាមួយកីឡាករមុនៗ ជើងខ្លាំងចៅ ផលឌឿ បែរជាអះអាងថា ខ្លួន គ្មានសង្ឃឹមឈ្នះលើសូយ យក្សតឿ ទៅវិញ ។
អំណះអំណាងរបស់កីឡាករចៅ ផលឌឿ បែបនេះកំពុងធ្វើឱ្យអ្នកគាំទ្រលោករាប់ម៉ឺននាក់អាក់អន់ចិត្តក្នុងពេលដែលចៅ ផលឌឿ បាត់ទំនុកចិត្តខ្លួនឯងតាំងពីមុនឡើងរេញបែបនេះ ។ ទោះយ៉ាងណា ការបារម្ភទុកមុនរបស់លោកអាចជាយុទ្ធសាស្រ្តមួយដែលជួយឱ្យលោកកាន់តែបង្កើនការប្រឹងប្រែងដែលមិនខុសពីការត្រៀមខ្លួនឱ្យបានខ្លាំង ហើយធ្វើឱ្យគូប្រកួតរបស់លោក គឺសូយ យក្សតឿ ត្រឡប់ជាបានអំនួត ភ្លេចខ្លួននោះទេ ។ កីឡាករចៅ ផលឌឿ បានអះអាងប្រាប់ភ្នាក់ងារកោះសន្តិភាពកាលពីម្សិលមិញថា ការប្រកួតបើកឆាករវាងលោក និងកីឡាករមកពីក្លិបអូរដឹមកីឡា លោកសូយ យក្សតឿ នេះ លោកគ្មានសង្ឃឹមថាឈ្នះទាល់តែសោះ ដោយសារហេតុផលមួយចំនួនធ្វើឱ្យលោកចាញ់ប្រៀបរួចបាត់ទៅហើយ ។
បើទោះជាលោកចេញប្រកួតបានដល់ជាង៥០ដង ច្រើនជាងសូយ យក្សតឿ ដែលទើបតែឡើងរេញបានតែជាង៣០ដងតិចជាងខ្លួនក៏ពិតមែន ប៉ុន្តែស្ថានភាពមួយចំនួនកំពុងធ្វើឱ្យលោកសម្ដែងការបារម្ភតាំងពីក្នុងពេលផ្គូផ្គងដាក់ឈ្មោះប្រកួតគ្នាម៉្លេះ ។ កីឡាករមកពីខេត្តក្រចេះរូបនេះនិយាយថា លោកពិបាកសង្ឃឹមឈ្នះណាស់ ព្រោះទី១- កីឡាករសូយ យក្សតឿ មានកម្ពស់ខ្ពស់ជាងលោកខ្លាំងពេក និងទី២- គឺគេលើសលោកដល់ទៅជិត៥គីឡូក្រាមឯណោះ ។ លោកមិនដឹងពីមូលហេតុអ្វីដែលនាំឱ្យមានការផ្គូផ្គងរវាងលោកនិងកីឡាករសូយ យក្សតឿ នោះទេ ខណៈដែលលោកយល់ថាខ្លួនឯង គឺមិនខុសពីកូនក្មេងឡើងទៅប្រកួតជាមួយសូយ យក្សតឿ ជាមនុស្សធំ ដែលបានទាំងមាឌបានទាំងកម្ពស់មានប្រៀបលើខ្លួនដាច់ ប្រសិនបើមើលត្រឹមសម្បកខាងក្រៅនោះ ។
ដូចគ្នាដែរ លោកតេង សុខ គ្រូបង្វឹករបស់កីឡាករចៅ ផលឌឿ អះអាងថា ការប្រកួតគ្នាជាមួយកីឡាករដែលគេឈ្នះទាំងកម្ពស់ ទាំងទម្ងន់បែបនេះ វានឹងក្លាយជាឧបសគ្គធំមួយ ដែលពិបាកឱ្យចៅ ផលឌឿ ប្រើក្បាច់វាយលុក ខ្លាំងណាស់ ទោះបីមានក្បាច់គុនល្អយ៉ាងណាក៏ដោយ ។ លោកនិយាយថា មិនត្រឹមតែកូនសិស្សទេ សូម្បីតែលោកខ្លួនឯង ក៏មិនសង្ឃឹមដែរ ដោយសារតែសូយ យក្សតឿ មិនត្រឹមតែមានកម្ពស់ និងមាឌខ្ពស់និងធំជាងកូនសិស្សរបស់លោកប៉ុណ្ណោះទេ ថែមទាំងក្បាច់ប្រដាល់របស់គេក៏រហ័ស និងមានផ្លែកែង ផ្លែជង្គង់ល្អ ពិបាកវាយសម្រុកផងដែរ ។ ទោះយ៉ាងណា លោកអះអាងថាបានបង្វឹកចៅ ផលឌឿ ឱ្យបង្កើនក្បាច់ដើម្បីវាយលុកមួយចំនួនរួចហើយ ដើម្បីប្រើចំពោះគូប្រកួតដែលជាជើងខ្លាំង មានកម្ពស់ខ្ពស់ជាង និងគីឡូច្រើនជាងខ្លួនបែបនេះ ដើម្បីកុំឱ្យការជួបប្រកួតនៅថ្ងៃស្អែករបស់ចៅ ផលឌឿ មានភាពស្មុគស្មាញ ។
លោកនាង ស៊ីវត្ថា មិនលើកទូរស័ព្ទឆ្លើយឡើយកាលពីម្សិលមិញ ប៉ុន្តែយោងតាមលក្ខខណ្ឌដែលបានប្រកាសនៅក្នុងស្ថានីយទូរទស្សន៍បាយ័ន គឺកីឡាករខុសគ្នាត្រឹម៥គីឡូក្រាម គេអាចផ្គូផ្គងគ្នាបាន បើទោះជាអ្នកទស្សនាយល់ថា បើពួកគេមានផ្លៃកែង និងស្នៀតវាយល្អដូចគ្នា គឺប្រាកដជាកីឡាករខ្ពស់ និងមាឌធំជាង ជាអ្នកមានប្រៀបជាងក៏ដោយ ។ លោកតេង សុខ និយាយថា ការប្រកួតរបស់ចៅ ផលឌឿ កន្លងមក គឺទទួលជ័យជម្នះស្ទើរតែគ្រប់គូប្រកួត បើទោះជាគេធ្លាប់ជួបដៃគូដែលមានទម្ងន់ច្រើនជាង និងខ្ពស់ជាងបែបនេះក្តី ។ ប៉ុន្តែនោះគឺដោយសារតែគូប្រកួតទាំងនោះមិនមែនបានទាំងកម្ពស់ បានទាំងទម្ងន់ ហើយល្អទាំងក្បាច់គុនខ្លាំងពេកដូចកីឡាករសូយ យក្សតឿ ឯណា ។ អីុចឹងហើយ ទើបលោកពិបាកបង្ហាញភាពជឿជាក់ចំពោះកូនសិស្សរបស់ខ្លួនថាពិតជាឈ្នះសូយ យក្សតឿ នៅថ្ងៃស្អែក ។
ដោយឡែកចំពោះកីឡាករសូយ យក្សតឿវិញបានបង្ហាញឆន្ទៈយ៉ាងមុតមាំថា លោកពិតជាអាចផ្ដួលកីឡាកររៀមច្បងចៅ ផលឌឿ បានសម្រាប់ការជួបប្រកួតគ្នាជាលើកទី១នាថ្ងៃស្អែកនោះ ។ ទោះយ៉ាងណា គេមិនទាន់ដឹងនៅឡើយទេ ថាអ្វីដែលពួកគេបារម្ភ និងរំពឹងទុកវានឹងកើតឡើង ព្រោះនៅក្នុងសង្វៀនប្រយុទ្ធជាក់ស្ដែងគេមិនអាចកំណត់បានឡើយថា អ្នកភ័យជាអ្នកចាញ់ រីឯអ្នកអួតគឺអ្នកឈ្នះ ។ ជាក់ស្ដែងការប្រកួតរវាងកីឡាការិនីមាឌល្អិតសូយ សុធា មកពីក្លិបអូរដឹមកីឡាបានបង្ហាញហើយថា នាងបានវាយឈ្នះជើងខ្លាំងនាងវី អិុច មកពីក្លិបអេភូថងកីឡាស្ទើរមិនគួរឱ្យជឿ បើទោះជាវី អិុច ត្រូវគេមើលឃើញថា ល្អជាងសូយ សុធា ទាំងមាឌ ទាំងក្បាច់គុន និងស្នៀតប្រដាល់នាពេលកន្លងមក ។
ចៅ ផលឌឿ និយាយថា លោកមិនសង្ឃឹមឈ្នះកីឡាករសូយ យក្សតឿ ប៉ុន្តែលោកអត់ខ្លាចកីឡាកររូបនេះទេ អីុចឹងហើយ ទើបជិតមួយអាទិត្យនៅក្នុងក្លិបរបស់ខ្លួនគឺលោកប្រឹងហ្វឹកហាត់ច្រើនជាងមុន ដើម្បីកែប្រែក្ដីបារម្ភឱ្យក្លាយជាជ័យជម្នះ ហើយធ្វើឱ្យទស្សនិកជនមានការភ្ញាក់ផ្អើលវិញ ។
ដោយឡែកនៅថ្ងៃសុក្រនោះដែរ ក៏មានការជួបប្រកួតគ្នារវាងកីឡាករជួប ជាង មកពីក្លិបនិរោធមានជ័យ និងកីឡាករណាង សំរិទ្ធិ មកពីក្លិបបាត់ដំបងពាយ័ព្យ ។ កីឡាករសោម តឿទី មកពីក្លិបខ្លារខិន និងកីឡាករយុគ យក្សខួច មកពីក្លិបអប់រំកាយខេត្តបាត់ដំបង ។ កីឡាករហៀប សំណាង មកពីក្លិបឃ្លាំងមឿងខេត្តពោធិ៍សាត់ និងកីឡាករពុធ ខុនណាត មកពីក្លិបពុទ្ធសេរីវង្សកីឡា ខណៈដែលគូចុងក្រោយ គឺរវាងកីឡាករផាន់ សារុន មកពីក្លិបព្រះខ័នរាជ និងកីឡាករនួន វិចិត្រ មកពីក្លិបតាព្រហ្ម ៕
ចែករំលែកព័តមាននេះ