រាជធានីភ្នំពេញ ៖ នៅលើសង្វៀនស្តាតចាស់នាថ្ងៃសៅរ៍ ទី២២ កញ្ញា ខាងមុខនេះ ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ នឹងរៀបចំការប្រកួតប្រដាល់ក្បាច់ខ្មែរបុរាណជាលក្ខណៈអន្តរជាតិដ៏កក្រើកមួយដែលមិនធ្លាប់មានពីមុនមកឡើយ ។កំពូលអ្នកលេងស្នៀតជើង សេន ប៊ុនថេន មកពីសមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ នឹងជួបប្រកួតជាមួយជើងខ្លាំងមកពីថៃ ដែនសូរីយា កងឌីន, កីឡាករ បឺត ខាំ មកពីក្លិបសាលវ័ន្តកីឡា ជួបប្រកួតជាមួយកីឡាករថៃ ពេជ្រ សូរិយា ឯខ្លាចាស់កំពូលល្បិច នួន សូរិយា មកពីសមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃជួបប្រកួតជាមួយជើងខ្លាំងមកពីប្រេសីុល Jas Rodrigues Mondonca ។
សម្រាប់ប៊ុនថេន ដែលមកប៉ះ ដែនសូរិយា លើកនេះគេមិនទាន់ហ៊ានអះអាងថាយ៉ាងណានោះទេ ប៉ុន្តែលោកសេង កន្និកា អ្នករៀបចំកម្មវិធីប្រកួតស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ និយាយថា ដៃគូប្រកួតរបស់ប៊ុនថេន មិនអន់ឡើយ ល្បិចប្រយុទ្ធនៅលើសង្វៀនរបស់គេខ្ពស់ ស្នៀតកណ្តាប់ដៃ និងស្នៀតជើងអាចប្រើការបានយ៉ាងស្ទាត់ជំនាញបំផុត ។ ប៉ុន្តែសម្រាប់ទស្សនិកជនខ្មែរ ក៏ធ្លាប់បានដឹងរួចមកហើយដែរថា ប៊ុនថេនល្បីល្បាញខាងប្រើស្នៀតជើងបំផុត ទម្ងន់ស្នៀតជើងរបស់គេពេលទាត់ចេញម្តងៗមិនអាចយកដៃរងបានឡើយ ។ ចាំមើលប៊ុនថេន អាចបំបាក់ដែនសូរិយា បានដោយរបៀបណា?
រីឯការជួបគ្នារវាង បឺត ខាំ និងពេជ្រ សូរិយា ក៏មិនទាន់ដឹងថាយ៉ាងណាដែរ ពីមុនអ្នកណាក៏គេល្បីថា បឺត ខាំ គឺជាកំពូលអ្នកប្រើស្នៀតកណ្តាប់ដៃដ៏រហ័សរហួនម្នាក់ ទាំងស្នៀតកណ្តាប់ដៃឆ្វេង និងស្នៀតកណ្តាប់ដៃស្តាំ អាច
វាយចេញបានត្រង់មិនសូវជាខុសទិសដៅឡើយ ។ រីឯស្នៀតកែង និងជង្គង់របស់គេវិញទៀតនោះ ក៏សាហាវណាស់ដែរ ម្យ៉ាងទៀតបឺត ខាំ មានចិត្តអំណត់ច្រើន មិនឆេវឆាវ ប៉ុន្តែគេនៅមិនទាន់ដឹងអំពីល្បិចប្រយុទ្ធរបស់ ពេជ្រ សូរិយា ឡើយ មិនដឹងជាគេខ្លាំង ឬខ្សោយនោះទេ គ្រាន់តែមានការអះអាងបន្តបន្ទាប់មកថា សូរិយា គឺជាជើងខ្លាំងមកពីស្រុកថៃម្នាក់ ។ សម្រាប់គូនេះ នៅមិនទាន់ដឹងថាអ្នកណាខ្លាំងជាងអ្នកណាឡើយ ។
ចំណែកការជួបគ្នារវាងខ្លាចាស់នួន សូរិយា និងកីឡាករប្រេសីុល Mondonca វិញ កាន់តែធ្វើឱ្យអ្នកទស្សនាមានការចាប់អារម្មណ៍ថែមទៀត ។ សូរិយា ពីមុនអ្នកណាក៏ល្បីថា គេជាអ្នកប្រដាល់កំពូលល្បិចដែរ ស្នៀតកណ្តាប់ដៃនិងស្នៀតជើងរបស់គេខ្លាំងអាចវាយចេញបានរហ័ស ហើយត្រង់ចំគោលដៅទៀត តែចលនាវាយលុករបស់កីឡាករចាស់វស្សារូបនេះ មិនសូវជារហ័សរហួនប៉ុន្មានឡើយ ។ រីឯកីឡាករប្រេសីុល Mondonca វិញ គេមិនទាន់ដឹងថា ល្បិចប្រយុទ្ធអន់ ឬពូកែយ៉ាងណានោះទេ ដូច្នេះរវាងគូនេះមានតែរង់ចាំអ៊ុតមើលពេលការប្រកួតមកដល់សិនទើបអាចដឹងបាន ។
ក្នុងថ្ងៃដដែលនោះដែរ កីឡាករពេជ្រ សម្បត្តិ មកពីសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ជួបប្រកួតជាមួយឡុង សុវណ្ណឌឿន មកពីក្លិបសាលវ័ន្តកីឡា ។ ឡុង សុវណ្ណពៅ មកពីក្លិបសាលវ័ន្តកីឡា ជួបប្រកួតជាមួយ លួន សុខខេង មកពីក្លិបសិង្ហកីឡា ៕
ចែករំលែកព័តមាននេះ