រាជធានីភ្នំពេញ ៖ កីឡាការិនី សំ សំណាង ដែលជាជើងខ្លាំងម្នាក់ប្រចាំក្លិបពន្លឺសាមគ្គីខេត្តបាត់ដំបង ធ្លាប់មានប្រវត្តិប្រកួតឈ្នះច្រើនជាងចាញ់រហូតថែមទាំងអាចកាច់បំបាក់កីឡាការិនីមកពីបារាំងផងដែរនោះ មួយរយៈមុននេះបន្ទាប់ពីវិលមកកាន់សង្វៀនជាថ្មីនាងបានបំផ្លាញក្តីសង្ឃឹមរបស់អ្នកគាំទ្រ ព្រោះតែប្រកួតចាញ់ក្រោមដៃអ្នកថ្មីខុសពីពេលមុន ។ ទោះយ៉ាងណាអ្នកខ្លាំងនៅតែខ្លាំង ព្រោះកាលពីថ្ងៃសៅរ៍ទី១៥ កញ្ញា កន្លងទៅនៅសង្វៀនស្ថានីយទូរទស្សន៍បាយ័នបឹងស្នោ កីឡាការិនីរូបនេះបានយកឈ្នះលើគូប្រកួត គឺកីឡាការិនី វី ស្រីខួច មកពីក្លិបនាគមានជ័យបានយ៉ាងល្អ ទើបគេចាត់ទុកថា នាងបានលាងជម្រះភាពអាម៉ាស់កាលពីគ្រាមុនបានហើយ ។
គួរបញ្ជាក់ថា មុនពេលបាត់មុខកីឡាការិនី សំ សំណាង ត្រូវបានមហាជនកោតសរសើរពីទេពកោសល្យក្បាច់ប្រដាល់គ្មានគូប្រៀបរបស់នាង ។ ប៉ុន្តែពេលលេចមុខមកវិញ នាងបែរជាធ្វើឱ្យខ្លួនឯងបាក់មុខមិនតិចទេនៅពេលប្រកួតចាញ់កីឡាការិនី វី អិច ដែលមានប្រវត្តិប្រកួតតិចជាងកាលពីដើមខែកញ្ញានេះ ។ អីុចឹងហើយទើបម្នាក់ៗស្ទើរតែអស់ជំនឿនៅពេលឃើញនាងប្រែប្រួលក្បាច់គុន បណ្តោយឱ្យដៃគូជាជើងថ្មីបំបាក់ឱ្យដេកដួលលើសង្វៀនខុសពី សំ សំណាង កាលពីអតីតកាល។ ទំនងជាមិនចង់ឮពាក្យរិះគន់ពីអ្នកគាំទ្រទើបពេលមានឱកាសឡើងរេញបាយ័នម្តងទៀតនាងបានបញ្ចេញស្នៀតពិសេសដូចជា កែង និងជង្គង់បានយ៉ាងល្អសមជាជើងខ្លាំង និងអាចដណ្តើមជ័យជម្នះពីកីឡាការិនី វី ស្រីខួច ទាល់តែបាន ។ ក្នុងពេលប្រកួតកីឡាការិនីវី ស្រីខួច បានបញ្ចេញស្នៀតវាយលុកគួរឱ្យញាក់សាច់ព្រោះនាងនៅក្មេងមានកម្លាំងខ្លាំងបើមិនមែនសំ សំណាង ច្បាស់ជាត្រូវនាងវាយឱ្យដួលត្រឡប់ត្រឡិនមិនខាន ។
ដោយសារតែអ្នកប្រដាល់ស្រីទាំងពីរនាក់នេះ ម្នាក់ៗវាយបកគ្នាទៅវិញទៅមកមិនដកដៃធ្វើឱ្យអ្នកមើលនៅទីនោះ ស្រែកហ៊ោយ៉ាងកងរំពង ព្រោះតែជក់ចិត្តនឹងក្បាច់ប្រដាល់របស់កីឡាការិនីទាំងពីរ ។ បន្ទាប់ពីទទួលបានជ័យជម្នះ នាងសំ សំណាង បានប្រាប់កោះសន្តិភាពថា ការបើកឆាកប្រយុទ្ធសាជាថ្មីរបស់នាងប៉ះជាមួយកីឡាការិនី វី ស្រីខួច នាងពិតជាពេញចិត្តដោយសារតែទាំងទម្ងន់ និងកម្ពស់ គឺមានលក្ខណៈប្រហែលគ្នា មិនដូចកាលពីលើកមុននាងបរាជ័យមកពីដៃគូមានកម្ពស់ និងទម្ងន់លើសនាងច្រើនពេក ទើបនាំឱ្យនាងចាញ់គេយ៉ាងអាម៉ាស់ក្រោយពេលវិលមកសង្វៀនម្តងទៀត ។ ចាប់ពីពេលនេះទៅនាងនឹងពង្រឹងអាជីពប្រដាល់ឱ្យកាន់តែល្អ ក្នុងន័យរក្សាតំណែងលំដាប់ជួរមុខជាអ្នកប្រដាល់ស្រីលេចធ្លោមុនគេនៅលើសង្វៀនប្រដាល់ ។
ដោយឡែកលោកសៅ ប៊ុនធឿន គ្រូបង្វឹកប្រចាំក្លិបពន្លឺសាមគ្គីខេត្តបាត់ដំបង បានគូសបញ្ជាក់ដែរថា ដោយសារតែ សំ សំណាងអាចការពារមុខមាត់បានចាប់ពីពេលនេះទៅលោកនឹងបង្កើនការហ្វឹកហាត់ដល់នាងឱ្យកាន់តែប្រសើរជាងនេះ ម្យ៉ាងនាងមិនទៅណាចោលអាជីពទៀតទេទើបលោកជាគ្រូបង្វឹកនាងផ្ទាល់ត្រូវតែយកចិត្តទុកដាក់បង្ហាត់ ព្រោះនាងជាកីឡាការិនីដែលល្បីមុនគេឱ្យតែនិយាយពីអ្នកប្រដាល់ស្រីនោះ ៕
ចែករំលែកព័តមាននេះ