រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃ ទី១៩ កញ្ញា នេះកីឡាករជើងខ្លាំង ផ្នែកកាយវប្បកម្មពីររូប នឹងធ្វើដំណើរទៅកាន់ប្រទេសចិន ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ប្រកួត បង្ហាញសាច់ដុំថ្នាក់អាសីុធំមួយ ប្រចាំឆ្នាំ២០១២ ។ កីឡាករដែលត្រូវជាបងប្អូនបង្កើតនឹងគ្នាទាំងពីរ អះអាងថាពួកខ្លួនមានសង្ឃឹមបន្ទាប់ ពីបានហ្វឹកហាត់ដល់ប្រទេសថៃ និងធ្លាប់ជាប់លេខ១ទាំងពីរនាក់រួចម្ដងហើយក្នុងការប្រកួតថ្នាក់អន្តរ ជាតិនៅក្នុងប្រទេសនោះ ។
កីឡាករសម្បូរសាច់ដុំធំៗលោកសំបូរ ណាន ជាប្អូន និងលោកសំបូរ នួន ជាបងបានចាកចេញពីប្រទេសកម្ពុជាយើងហើយនៅវេលាម៉ោងប្រមាណជា៨ព្រឹកថ្ងៃនេះ បន្ទាប់ពីពួកលោកបានបង្ហាញវត្តមានលើកចុងក្រោយក្នុងសន្និសីទសារព័ត៌មានកាលពីព្រឹកម្សិលមិញ ដែលរៀបចំឡើងដោយគណៈកម្មការកីឡាអូឡាំពិក ដើម្បីប្រកាសជាសាធារណៈពីគម្រោងចេញប្រកួតរបស់ខ្លួន។ លោកសុខ មង្គលរស្មី ប្រធាន សហព័ន្ធកីឡាកាយវប្បកម្មកម្ពុជា បានថ្លែង ប្រាប់អ្នកកាសែតកាលពីព្រឹកថ្ងៃទី១៨ កញ្ញា ក្នុងសន្និសីទនោះថា ការបញ្ជូនកីឡាករទាំងពីររូបទៅកាន់ប្រទេសចិន គឺមិនបានឆ្លងកាត់ការប្រឡងជ្រើសរើសដូចឆ្នាំមុនៗនោះទេ ដោយសារតែឆ្នាំនេះខាងសហព័ន្ធមិនមានលទ្ធភាពរៀបចំការប្រកួតឲ្យគ្រប់ជ្រុងជ្រោយ ក្នុងការសម្រាំងយកកីឡាករផ្នែកកាយវប្បកម្មនៅទូទាំងប្រទេសឲ្យមកធ្វើការប្រកួតប្រជែងគ្នា ។ ប៉ុន្តែលោកអះអាងថា ការកំណត់យកកីឡាករសំបូរ ណាន និងកីឡាករសំបូរ នួន ទៅប្រកួតនៅប្រទេសចិននេះ គឺបានឆ្លងកាត់ការវាយតម្លៃយ៉ាងម៉ត់ចត់ណាស់ពីក្រុមអ្នកជំនាញ ។
ម្យ៉ាងកីឡាករទាំងពីររូប ទើបនឹងបានទទួលចំណាត់ថ្នាក់លេខ១ក្នុងការប្រកួតថ្នាក់តំបន់នៅក្នុងប្រទេសថៃ កាលពីឆ្នាំ២០១០ និង២០១១ ម្នាក់ម្ដងផង ទើបខាងសហព័ន្ធមានទំនុកចិត្ត ហើយត្រូវតែកំណត់យកពួកលោកទាំងពីរឲ្យចេញប្រកួត។ មុនឡើងយន្តហោះចេញទៅកាន់ប្រទេសចិននេះ កីឡាករសំបូរ ណាន និងសំបូរ នួន បានចេញទៅហ្វឹកហាត់នៅក្នុងប្រទេសថៃចំនួន១០អាទិត្យដែរ ហើយទើបតែវិលចូលស្រុកវិញកាលពីថ្ងៃទី១៦ កញ្ញា មុននេះប៉ុណ្ណោះ ដើម្បីសម្រកជាតិទឹក ជាតិខ្លាញ់ក្នុងខ្លួន និងបង្កើនទំហំសាច់ដុំឲ្យមើលទៅឃើញហាប់ណែន និងចេញជាកង់ៗតាមការចង់បាន ដែលក្រុមគណៈកម្មការវាយតម្លៃអន្តរជាតិទាមទារ។
ការប្រកួតដែលមានឈ្មោះថា Asian Champoinship លើកទី៤៦ នៅក្នុងប្រទេសចិននេះ តាមគម្រោងនឹងមានប្រទេសនៅក្នុងតំបន់អាសីុចំនួនជាង៣០ចូលរួម ប៉ុន្តែការប្រកួតជាក់ស្ដែងនោះ លោកនៅមិនទាន់បានដឹងជាមុននៅឡើយទេ។ ជុំវិញការប្រកួតវិញ លោកអះអាងថា នឹងចាប់រាប់ពីថ្ងៃចាកចេញពីកម្ពុជានេះ រហូតដល់ថ្ងៃទី២៤ កញ្ញា ខាងមុខ ដោយការចេញដំណើរទៅកាន់ប្រទេសចិននេះ គឺមានតែ៣នាក់ប៉ុណ្ណោះ បូករួមទាំងលោក ដែលជាប្រតិភូដឹកនាំ ។
កីឡាករជើងខ្លាំងលោកសំបូរ ណាន វ័យ៣៣ឆ្នាំបានអះអាងថា រយៈពេលប្រមាណជា៥ឆ្នាំ ក្នុងការប្រឡូកក្នុងអាជីពជាអ្នកបង្ហាញសាច់ដុំ លោកបានចេញទៅប្រកួតនៅថៃញឹកញាប់ជាងគេ ដោយកាលឆ្នាំ២០១០ បានទទួលចំណាត់ថ្នាក់លេខ១ និងឆ្នាំ២០១១ ក៏បានទទួលចំណាត់ថ្នាក់លេខ២ត្រឡប់មកវិញ ក្នុងការប្រកួតផ្នែកកាយវប្បកម្មថ្នាក់អាសីុ ។ ដោយឡែកសម្រាប់ការប្រកួតនៅក្នុងប្រទេសចិន ដែលនឹងដំណើរការចាប់ពីថ្ងៃស្អែកនេះ បើទោះជាមានការចូលរួមដោយក្រុមបុរសសំបូរសាច់ដុំមកពីច្រើនប្រទេសជាងមុន ក៏លោកនៅតែមានជំនឿចិត្ត ដោយសារតែការប្រកួតបែបនេះ មានការចែកទៅតាមប្រភេទទម្ងន់ មិនធ្វើការប្រកួតច្របូកច្របល់គ្នាទេ ។
លោកនិយាយថា រយៈពេលជាង២ខែនៅក្នុងប្រទេសថៃ លោកបានធ្វើការហ្វឹកហាត់ជាមួយនឹងម៉ាស៊ីនទំនើបៗ និងគ្រូជំនាញច្រើន ទើបមកដល់ថ្ងៃចេញដំណើរនេះ លោកនៅសល់តែ៧៥គីឡូក្រាម បន្ទាប់ពីបានបញ្ចុះជាតិខ្លាញ់ ជាតិទឹក និងធ្វើឲ្យសាច់ដុំឡើងប៉ោងក្លាយជាកង់ៗ ហើយស្ងួតតាមការគ្រោងទុក ។ ដូចគ្នាដែរ លោកសំបូរ នួន ជាបងលោកសំបូរ ណាន ដែលមានវ័យ៣៤ឆ្នាំ ក៏បញ្ជាក់ដែរថា ក្នុងអំឡុងពេលហ្វឹកហាត់ដំឡើងសាច់ដុំនៅក្នុងប្រទេសថៃនោះ ពួកលោកទាំងពីរនាក់បងប្អូនមានការតមអាហារស្ទើររាល់ថ្ងៃដើម្បីសម្រេចផែនការសម្រកទម្ងន់នៅត្រឹម៧០គីឡូក្រាម និងហាត់ប្រាណទម្លាក់ជាតិខ្លាញ់ ជាតិទឹក ឲ្យស្បែកឃើញស្ងួត ។ ជាធម្មតាការប្រកួតផ្នែកនេះ ច្រើនឲ្យប្រកួតក្នុងចន្លោះទម្ងន់ខុសគ្នាត្រឹម៥គីឡូក្រាម ប៉ុន្តែសម្រាប់គម្រោងប្រកួតនៅក្នុងប្រទេសចិននេះ លោកមិនទាន់ដឹងថា វាដូចគ្នានឹងប្រទេសថៃ ឬអាចឈានដល់ខុសគ្នាដល់១០គីឡូក្រាម ឬយ៉ាងណាទេ ។
លោកជាកីឡាករផ្នែកកាយវប្បកម្មកម្ពុជា ដែលធ្លាប់ទទួលបានចំណាត់លេខ១ក្នុងឆ្នាំ២០១១ និងចំណាត់ថ្នាក់លេខ៣ម្ដងក្នុងឆ្នាំ២០១០ ក្នុងការប្រកួតថ្នាក់អាសីុនៅក្នុងប្រទេសថៃអីុចឹងហើយទើប លោកនៅតែមានទំនុកចិត្តមិនខុសពីប្អូនប្រុសសម្រាប់ព្រឹត្តិការណ៍សម្ញែងសាច់ដុំលើកទី១នៅក្នុងប្រទេសចិននេះទេ។ លោកនិយាយថា ទោះជាសាច់ដុំកីឡាករបរទេសធំៗ ក៏មិនប្រាកដថាឈ្នះដែរ ព្រោះសំខាន់គឺសាច់ដុំនោះមានរាងកង់ៗ និងស្ងួតល្អគ្មានជាតិខ្លាញ់ គ្មានជាតិទឹក ហើយហាប់ណែនប៉ុណ្ណោះ។
លោកហ៊ឺ ឌីណារិន្ទ ជាគ្រូបង្វឹក និងជាប្រធានក្លិបគីងកុង បានប្រាប់កោះសន្តិភាពឲ្យដឹងដែរថា ការបញ្ជូនកីឡាករសំបូរ ណាន និងសំបូរ នូន ឲ្យចេញទៅចិនជាលើកទី១ទាំងពីរនាក់បងប្អូននេះ គឺបន្ទាប់ពីយល់ថាពួកគេនៅក្មេងមានសាច់ដុំធំណែន និងគ្មានជាតិខ្លាញ់ ល្អជាងកីឡាករក្នុងស្រុក ។ លោកអះអាងថា ក្នុងឆ្នាំខាងមុខលោកចង់ឲ្យខាងសហព័ន្ធបញ្ជូនកីឡាករផ្នែកនេះឲ្យចេញបង្ហាញនៅឆាកអន្តរជាតិឲ្យបានទៀតទាត់ ដើម្បីលើកកម្ពស់ដល់កីឡាប្រភេទនេះ ៕
ចែករំលែកព័តមាននេះ