សារព័ត៌មានបរទេសកាលពីថ្ងៃទី១២ កញ្ញា ផ្សាយថាអ្នកបុរាណវិទ្យារបស់អង់គ្លេស ឱ្យដឹងថាគ្រោងឆ្អឹងរបស់មនុស្សដែលប្រទះឃើញនៅបរិវេណខាងក្រោមចំណតរថយន្តកណ្តាលទីក្រុងឡេស្ទ័រ ភាគកណ្តាលនៃប្រទេសអង់គ្លេស អាចជាព្រះសពរបស់ព្រះអង្គរីឆាតទី៣ដែលបានបាត់ក្នុងយុគសម័យអន្តរកាល ។
ក្រុមអ្នកស្រាវជ្រាវផ្នែកបុរាណវិទ្យាពីមហាវិទ្យាល័យឡេស្ទ័រ ឱ្យដឹងថា ការប្រទះឃើញគ្រោងឆ្អឹងបុរាណនៅខាងក្រោមទីលានចំណតរថយន្តកណ្តាលក្រុងឡេស្ទ័រនោះ គឺជាគ្រោងឆ្អឹងបុរាណមានលក្ខណៈស្រដៀងនឹងគ្រោងឆ្អឹងដែលបានបាត់តាំងពីបុរាណកាលរបស់ព្រះអង្គម្ចាស់រីឆាតទី៣ ដែលគ្រប់គ្រងប្រទេសអង់គ្លេស ពីឆ្នាំ១៤៨៣រហូតដល់សោយទិវង្គតក្នុងសង្គ្រាមនៅឆ្នាំ១៤៨៥។
គ្រោងឆ្អឹងនោះនៅតែស្ថិតក្នុងស្ថានភាពពេញលេញ និងត្រៀមយកទៅត្រួតពិនិត្យពីDNA ជាថ្មីដើម្បីបញ្ជាក់ឱ្យច្បាស់ ។
លោករីឆាត ថៃល័រ នាយកផ្នែកស្រាវជ្រាវ ក្នុងមហាវិទ្យាល័យឡេស្ទ័រ ឱ្យដឹងថា វត្ថុដែលប្រទះឃើញនេះ ជារឿងសំខាន់បំផុត និងត្រូវត្រួតពិនិត្យបន្ថែមដើម្បីបញ្ជាក់ថា ជាគ្រោងឆ្អឹង ព្រះសពរបស់ព្រះអង្គម្ចាស់រីឆាតទី៣ ឬយ៉ាងណា ?ក្រុមបុរាណវិទ្យា បានជីករុករក នៅឯទីលានចតរថយន្តកណ្តាលក្រុងឡេស្ទ័រ អស់រយៈពេល៣សប្តាហ៍និងជួបគ្រោងឆ្អឹងក្នុងសភាពមានក្បាលព្រួញដោតនៅខ្នង និងមានស្នាមបោកប្រេះត្រង់ព្រះកេស បង្ហាញថាមានរបួសធ្ងន់ក្នុងអំឡុងពេលប្រយុទ្ធគ្នា ក្នុងសង្គ្រាម ។
គេសន្និដ្ឋានថា ព្រះសពរបស់ព្រះអង្គម្ចាស់រីឆាតទី៣ ត្រូវបញ្ចុះនៅឯវិហារ ហ្គ្រោហ្វ្រាយអឺស នៃលទ្ធិហ្វ្រានស៊ីស កាន នៅក្រុងឡេស្ទ័រ ក្រោយពីសោយទិវង្គតក្នុងសមរភូមិបូសវើត កាលពីឆ្នាំ១៤៨៥ បន្ទាប់មកវិហារនេះគេត្រូវបំផ្លិចបំផ្លាញនៅក្នុងឆ្នាំ១៥៣០ ។
ដើម្បីឱ្យដឹងច្បាស់ថា គ្រោងឆ្អឹងនោះជារបស់ព្រះអង្គម្ចាស់រីឆាតទី៣ ឬយ៉ាងណានោះ ត្រូវពិនិត្យDNA របស់ទាយាទផ្ទាល់គឺព្រះអង្គម្ចាស់អ៊ែរអហ្វ យ៉ក ហើយយកប្រៀបធៀបគ្នា៕
ចែករំលែកព័តមាននេះ